ប្រជាពលរដ្ឋប្រមាណ ២០នាក់ តំណាងឲ្យ ៥០គ្រួសារដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី៦ ខែតុលា តវ៉ានៅមុខសាលាក្រុងទាមទារឲ្យអាជ្ញាធរដោះស្រាយសំណងប៉ះពាល់ជូនពួកគាត់ឲ្យបានឆាប់រហ័ស។ ប៉ុន្តែការតវ៉ានេះពុំមានអាជ្ញាធរណាចេញមុខទៅជួបពិភាក្សាជាមួយប្រជាពលរដ្ឋឡើយ។
នេះជាលើកទី២៣ហើយ ដែលក្រុមអ្នកតវ៉ាទាមទារឲ្យអាជ្ញាធរក្រុងប៉ោយប៉ែត និងមន្ត្រីពាក់ព័ន្ធដោះស្រាយសំណងប៉ះពាល់ជូនពួកគាត់នោះ។
តំណាងក្រុមអ្នកតវ៉ាម្នាក់រស់នៅសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត លោក វន វ័ន ថ្លែងនៅថ្ងៃទី៦ ខែតុលា ថា អាជ្ញាធរក្រុងប៉ោយប៉ែត និងមន្ត្រីពាក់ព័ន្ធគ្មានចេតនារកដំណោះស្រាយជូនពួកគាត់នោះទេ។ លោកអះអាងថា មូលហេតុដែលពួកគាត់តវ៉ាសាជាថ្មីនេះ ដោយសារពួកគាត់ជាពលរដ្ឋក្រីក្រ ហើយបានមករស់នៅអមផ្លូវរថភ្លើងនៅសង្កាត់ផ្សារកណ្ដាល តាំងពីឆ្នាំ១៩៩៧ មក គឺអាជ្ញាធរពុំទាន់ផ្ដល់សំណងប៉ះពាល់ពាល់ពីគម្រោងសាងសង់ផ្លូវដែកជូនពួកគាត់នៅឡើយទេ៖ «ខ្ញុំមិនសុខចិត្តដោយសារខ្លាចនៅពេលដែលគេធ្វើផ្លូវរថភ្លើងទៅ ធ្វើឲ្យពួកខ្ញុំលំបាករស់នៅ។ ខ្ញុំមិនចង់តវ៉ាទេ ប្រសិនបើអាជ្ញាធរដោះស្រាយសំណងសមរម្យដូចពលរដ្ឋដទៃទៀតនោះ»។

អាស៊ីសេរី ពុំអាចទាក់ទងអភិបាលរងក្រុងប៉ោយប៉ែត គឺលោក ម៉ែន សុភ័ណ និងអភិបាលរងខេត្តបន្ទាយមានជ័យ ទទួលបន្ទុលដោះស្រាយវិវាទដីធ្លី លោក លី សារី ដើម្បីសុំអត្ថាធិប្បាយជុំវិញការតវ៉ានេះបានទេ នៅថ្ងៃទី៦ ខែតុលា។ ប៉ុន្តែ កន្លងទៅ អភិបាលរងក្រុងប៉ោយប៉ែត ទទួលបន្ទុកដោះស្រាយវិវាទដីធ្លី លោក ម៉ែន សុភ័ណ ធ្លាប់មានប្រសាសន៍ថា អាជ្ញាធរពាក់ព័ន្ធបានដោះស្រាយសំណងជូនពលរដ្ឋដែលរងផលប៉ះពាល់រួចមកហើយ។ លោកបន្ថែមថា ក្រុមអ្នកតវ៉ាកន្លងមកនោះ ភាគច្រើនរស់នៅក្រៅគម្រោងដែលត្រូវផ្ដល់សំណង គឺចម្ងាយ ៧ម៉ែត្រពីផ្លូវរថភ្លើង។ ប៉ុន្តែពលរដ្ឋអះអាងថា ពួកគាត់រស់នៅអមផ្លូវរថភ្លើងក្នុងគម្រោង ៧ម៉ែត្រ តែអាជ្ញាធរមិនផ្ដល់សំណងជូនពួកគាត់។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មានប្រសាសន៍ថា អាជ្ញាធរពាក់ព័ន្ធត្រូវបង្កើតគណៈកម្មការស៊ើបអង្កេតបញ្ហានេះឡើងវិញ ឲ្យបានច្បាស់លាស់ ហើយពិនិត្យនិងដោះស្រាយជូនប្រជាពលរដ្ឋទៅតាមភាពជាក់ស្ដែង។ លោក បន្ថែមថា អាជ្ញាធរក្រុងប៉ោយប៉ែត មិនចេញទៅជួបក្រុមអ្នកតវ៉ា គឺពុំមែនជាដំណោះស្រាយឡើយ៖ «យ៉ាងហោចណាស់ក៏ធ្វើការផ្សព្វផ្សាយដល់ពួកគាត់ឲ្យបានដឹងថា ចំណុចណាដែលពួកគាត់អាចទាមទារ និងទទួលយក ហើយចំណុចណាដែលអាជ្ញាធរមិនអាចដោះស្រាយជូន ធ្វើឲ្យពួកគាត់បានយល់អំពីគោលនយោបាយនៃការដោះស្រាយសំណងផ្លូវរថភ្លើងនេះ»។
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្ដល់ជំនួយលើគម្រោងអភិវឌ្ឍន៍ផ្លូវដែកនៅកម្ពុជា ចំនួន ២ខ្សែ គឺពីភ្នំពេញ ទៅក្រុងព្រះសីហនុ និងពីភ្នំពេញ ទៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្រុមអ្នកតវ៉ាទាមទារឲ្យអាជ្ញាធរផ្ដល់សំណងទៅតាមតម្លៃដីនៅលើទីផ្សារបច្ចុប្បន្ន។ ទោះជាយ៉ាងណាការតវ៉ាលើកទី២៣នេះ មានអាជ្ញាធរណាចេញមកដំណោះស្រាយជូនប្រជាពលរដ្ឋនោះឡើយ។ក្រុមអ្នកតវ៉ាបញ្ជាក់ថា ប្រសិនបើអាជ្ញាធរមិនបានដោះស្រាយសំណងជូនពួកគាត់ទេ នោះពួកគាត់នឹងតវ៉ាសាជាថ្មីទៀតក្នុងពេលឆាប់ៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។