តំណាងសហភាពអឺរ៉ុប កាលពីព្រលប់ថ្ងៃទី២១ ខែឧសភា បានជួបពិភាក្សាបញ្ហាមួយចំនួនជាមួយមន្ត្រីសង្គមស៊ីវិលចំនួន ៣ស្ថាប័ន និងប្រជាពលរដ្ឋមានបញ្ហាដីធ្លីប្រមាណជា ៣០នាក់ នៅខេត្តពោធិ៍សាត់។
ក្រុមប្រជាពលរដ្ឋស្កាត់ជួបតំណាងសហភាពអឺរ៉ុប បន្ទាប់ពីពួកគាត់ដឹងថា សមាគមអាដហុក (Adhoc) អង្គការលីកាដូ (Licadho) អង្គការស្ពានយុត្តិធម៌អន្តជាតិ (IBJ) ប្រចាំខេត្តនេះ ត្រូវបានតំណាងសហភាពអឺរ៉ុបណាត់ជួបដើម្បីពិភាក្សាអំពីការអភិវឌ្ឍ និងបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា។
ប្រជាពលរដ្ឋទាំងនោះមកពីស្រុកក្រគរ ស្រុកកណ្ដៀង និងស្រុកវាលវែង នៃខេត្តពោធិ៍សាត់ នាំគ្នាអង្គុយចាំតំណាងសហភាពអឺរ៉ុប នៅខាងមុខសណ្ឋាគារ សេនជូរី (Century) ខេត្តពោធិ៍សាត់ ដើម្បីបង្ហាញអំពីទុក្ខលំបាករបស់ខ្លួន ដែលកើតចេញពីទំនាស់ដីធ្លី ព្រៃសហគមន៍ និងការបណ្ដេញចេញពីផ្ទះសម្បែង។
ប្រជាពលរដ្ឋមកពីស្រុកវាលវែង អ្នកស្រី យ៉ុង រ៉ាន់ មានប្រសាសន៍ថា អ្នកភូមិសង្គមថ្មី និងភូមិឯកភាពនៃឃុំថ្មដា ចំនួន ១១នាក់ បានចំណាយប្រាក់ផ្ទាល់ខ្លួនក្នុងម្នាក់ជិត ៥ម៉ឺនរៀល ដើម្បីធ្វើដំណើរមកជួបតំណាងសហភាពអឺរ៉ុប។
អ្នកស្រីបន្តថា ពលរដ្ឋមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុន អឹម.ឌី.អេស (MDS) ចំនួន ២៣គ្រួសារ សង្ឃឹមថា នឹងមានដំណោះស្រាយច្រើន បន្ទាប់ពីសហភាពអឺរ៉ុបទទួលយកញត្តិរបស់ខ្លួន៖ «បង្កបង្កើនផលដូចជាដំណាំហូបផ្លែដាំចេកដាំអីហូបអត់បានទេ ដាំដក តាំងពីឆ្នាំ២០១០ រហូតដល់ឥឡូវហ្នឹង ធ្វើអីក៏អត់បានដែរលើដីហ្នឹង។ ចិញ្ចឹមកូនខ្ញុំ ម៉ែឪខ្ញុំក៏ចាស់ជរាទៀតម៉ែខ្ញុំក៏មេម៉ាយ។ ទុកដល់អនាគតកូនខ្ញុំមានដល់ចៅតទៅមុខទៀត ខ្ញុំចង់បានដីខ្ញុំមកវិញ»។
ជាការឆ្លើយតបតំណាងសហភាពអឺរ៉ុប លោក ឌែបមីហ្គេន (Debmigan) ព្រមទទួលយកញត្តិពីពលរដ្ឋ និងសន្យាថា លើកយកបញ្ហាទាំងនេះដាក់ជូនរដ្ឋាភិបាលដើម្បីដោះស្រាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។