សកម្មជនដីធ្លី និងមន្ត្រីសិទ្ធិមនុស្សខេត្តពោធិ៍សាត់ សង្កេតឃើញថា អាជ្ញាធរមិនសូវខ្វល់ដោះស្រាយបញ្ហាដីធ្លីរ៉ាំរ៉ៃទេ ថែមទាំងបន្ធូរដៃចំពោះអ្នករំលោភចូលកាន់កាប់ដីរដ្ឋ។ ប៉ុន្តែអាជ្ញាធរខេត្តពោធិ៍សាត់ អះអាងថា អាជ្ញាធរមានសមត្ថកិច្ចនៅតែចាត់វិធានការតឹងរ៉ឹងចំពោះជនដែលរំលោភកាន់កាប់លើដីរបស់រដ្ឋ ហើយបន្តដោះស្រាយជម្លោះដីធ្លីក្នុងខេត្តដែលនៅសេសសល់។
សកម្មជនដីធ្លី និងធនធានធម្មជាតិនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ថ្លែងនៅថ្ងៃទី១១ ខែសីហា ថា បញ្ហាសង្គម ជាពិសេសបញ្ហាដីធ្លីនៅបន្តញាំញីពលរដ្ឋតាមស្រុកមួយចំនួននៅឡើយ។ ប៉ុន្តែអាជ្ញាធរមូលដ្ឋាន ឬប្រមុខរដ្ឋាភិបាល ដូចធ្វើមិនដឹងមិនឮចំពោះបញ្ហាខ្លះដែលធ្វើឲ្យអ្នករងគ្រោះអស់សង្ឃឹមចំពោះថ្នាក់ដឹកនាំ។ ជម្លោះដីធ្លីច្រើនករណីនៅតែបន្តអូសបន្លាយដូចជានៅស្រុកវាលវែង ភ្នំក្រវាញ និងស្រុកក្រគរ។
សកម្មជនដីធ្លី និងជាតំណាងសហគមន៍ព្រៃឈើឃុំក្បាលត្រាច លោកស្រី ឡោន ស៊ីវី ថ្លែងថា លោកស្រីពុំមានជំនឿទាល់តែសោះចំពោះសកម្មភាពចុះមូលដ្ឋានរបស់នាយករដ្ឋមន្ត្រីដើម្បីស្វែងយល់ និងដោះស្រាយបញ្ហាជូនពលរដ្ឋ។ ផ្ទុយទៅវិញទុក្ខលំបាករបស់ជនរងគ្រោះពិតប្រាកដ ឬអ្នកដែលមិនគាំទ្រគណបក្សកាន់អំណាច មិនត្រូវបានគេមើលឃើញ ឬយកទៅដោះស្រាយឲ្យឡើយ៖ «ចុះពាក្យប្ដឹងរឿងដីធ្លីស្រុកក្រគរ មិនទាន់ចប់ណា! ដូចនៅឃុំឈើតុំ ឃុំស្នាអន្សា អីនៅតែរឿងរ៉ាវរហូតដដែល។ ចង់ទៅជួប (លោក ហ៊ុន សែន) ក៏មិនបានជួនដែរ គ្រាន់តែអង្គរក្សគេមិនដឹងជាប៉ុន្មានសង្កាត់ទេ។ កុំថា ឡើយទៅដល់នាយករដ្ឋមន្ត្រី សូម្បីចៅហ្វាយស្រុក ចៅហ្វាយខេត្តក៏ដោយ បើគាត់មានចេតនាចង់ដោះស្រាយវាមិនយូរទេ បើមិនមានចេតនាចង់ដោះទេ វានៅតែហ្នឹងយើងហ៊ានរើបន្តិចគេរឹត»។
ចំណែកសកម្មជនម្នាក់ទៀត លោក គុជ វ៉េង ឲ្យដឹងថា អ្នកស្រឡាញ់យុត្តិធម៌សង្គម ឬផលប្រយោជន៍រួមត្រូវបានគេរករឿងចោទប្រកាន់ ហើយនិន្ទាថា ជាមនុស្សខូចដើម្បីបង្វែរសាច់រឿងផ្សេង។ លោកថា ជាក់ស្ដែងសកម្មភាពឈូសឆាយ និងដុតព្រៃយកធ្វើកម្មសិទ្ធិនៅស្រុកភ្នំក្រវាញ កំពុងកើតមានច្រើនករណី ប៉ុន្តែអាជ្ញាធរមិនខ្វល់ដែលធ្វើឲ្យអ្នកស្រលាញ់ធនធានធម្មជាតិអស់សង្ឃឹម៖ «បញ្ហាត្រូវបានលាក់បាំងទាំងអស់ ដោយសារប្រជាពលរដ្ឋរាល់ថ្ងៃនេះលែងតវ៉ាហើយគាត់ថា ពេលតវ៉ាទាមទារផលប្រយោជន៍រួម វាធ្វើឲ្យគាត់មានបញ្ហាលើគាត់ដដែលៗ។ គេមិនលើកកម្ពស់អ្នកដែលការពារទេ គេបែរគាបសង្កត់អ្នកការពារ ហើយលើកស្ទួយអ្នកដែលកាប់បំផ្លាញទៅវិញ។ ខ្ញុំអត់ចង់ឲ្យយកចំណុចការពារព្រៃឈើ ឬបង្កើតសហគមន៍ព្រៃឈើដោយទៅគំរាមកំហែងយកដីពលរដ្ឋមកធ្វើដូចនៅឃុំស្នាអន្សាអីទេ ខ្ញុំអត់ចង់បានទេបើធ្វើអ៊ីចឹង»។
ឆ្លើយតបបញ្ហានេះ អភិបាលរងខេត្តពោធិ៍សាត់ លោក ចេង ឡៃ បញ្ជាក់ថា ករណីជម្លោះដីធ្លីគេមិនអាចកំណត់ចំនួន ឬកំណត់ពេលវេលាជាក់លាក់ថា នឹងដោះស្រាយចប់នៅពេលណាទេ ព្រោះករណីជម្លោះដីធ្លីកើតមានឡើងថ្មីៗទៀត។
លោកថា អាជ្ញាធរមិនចង់អូសបន្លាយរឿងដីធ្លី ឬរក្សាភាពស្ងប់ស្ងាត់មិនចាត់វិធានការចំពោះអ្នករំលោភកាន់ដីរដ្ឋ ដើម្បីកេងចំណេញសន្លឹកឆ្នោតនោះទេ៖ «ការពិតអ្នកថាចេះតែថាទេ! នៅតែមានវិធានការក្ដៅ ព្រោះរាជរដ្ឋាភិបាល សម្ដេចមកម្សិលមិញក៏ដាក់វិធានការក្ដៅដែរ ចំពោះអ្នកដែលរំលោភដោយគ្មានការទទួលស្គាល់តាមរយៈអាជ្ញាធរ ឬគណៈកម្មការគ្រប់គ្រងដីធ្លី។ ករណីចាស់នៅតែឃុំថ្មដា (ស្រុកវាលវែង) យើងកំពុងដោះមីន រៀបចំដីជូនគាត់ហើយ ហើយរឿងទី២ នៅភូមិជ្រៃក្រឹម (ស្រុកភ្នំក្រវាញ) នៅសល់ជាង ២០គ្រួសារ ដោយសារគាត់មិនទាន់ពេញចិត្តតាមអាជ្ញាធរដែលបានផ្ដល់ដីជូន»។
ទោះជាយ៉ាងណាមន្ត្រីសម្របសម្រួលអង្គការលីកាដូ (LICADHO) ខេត្តពោធិ៍សាត់ លោក អេង ឈុនហាន សង្កេតឃើញថា វិធានការក្ដៅចំពោះអ្នករំលោភកាន់កាប់លើដីរបស់រដ្ឋ ហើយល្បឿននៃការដោះស្រាយវិវាទដីធ្លីក្នុងខេត្តបានធ្លាក់ចុះ នៅមុនពេលរដូវឃោសនាបោះឆ្នោតចូលមកដល់ម្ដងៗ។ ប៉ុន្តែការអនុវត្តច្បាប់ ឬប្រើវិធានការក្ដៅជាជាងការសម្របសម្រួល នឹងកើតមានក្រោយបោះឆ្នោតចប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។