ពលរដ្ឋម្នាក់ក្នុងចំណោមសហគមន៍ទាំងនោះ គឺលោក សុទ្ធ កុសល បានថ្លែងថ្ងៃទី១២ កក្កដា នៅខាងមុខសាលាឧទ្ធរណ៍ថា ពលរដ្ឋមកពីសហគមន៍ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន ឧត្ដរមានជ័យ និងខេត្តបន្ទាយមានជ័យ បាននាំយកញត្តិដាក់ជូនរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សាលាឧទ្ធរណ៍ តុលាការកំពូល និងឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម។ លោកថា ពលរដ្ឋមានបំណងស្នើសុំឲ្យស្ថាប័នទាំងនេះជំរុញទៅសាលាដំបូងខេត្តពោធិ៍សាត់ ឲ្យបើកសវនាការដើម្បីរកការពិត ព្រោះសកម្មជនដីធ្លី និងធនធានធម្មជាតិ លោក គុជ វេង មិនបានប្រព្រឹត្តដូចការចោទប្រកាន់ពីបទឆបោកនោះទេ។
លោក សុទ្ធ កុសល៖ «ពួកខ្ញុំឡើងមកភ្នំពេញដោយសារតុលាការខេត្តពោធិ៍សាត់ ដែលបានកំណត់ថ្ងៃទី១០ បើកសវនាការរឿងលោក គុជ វេង នេះ ទៅជាការពន្យារពេលបញ្ជូនសំណុំរឿងលោក គុជ វេង មកសាលាឧទ្ធរណ៍ ដោយមិនបានជូនដំណឹងឲ្យពួកខ្ញុំដឹងមុន។ ពួកខ្ញុំចាំរហូតដល់ទៅ ៣ថ្ងៃ ដើម្បីចាំស្ដាប់បើកសវនាការហ្នឹង។ ផ្ទុយទៅវិញ ចៅក្រមព្រះរាជអាជ្ញា ក្រឡាបញ្ជីហ្នឹង ពិសេសលោកចៅក្រម លោកបានឆ្លើយថា គេបញ្ជូនមកភ្នំពេញ សាលាឧទ្ធរណ៍ ហើយពួកខ្ញុំជាសាក្សីផ្ទាល់មិនបានអីក៏គាត់ប្រាប់ពីរបីថ្ងៃមុន»។
កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៣ តុលាការខេត្តពោធិ៍សាត់ បានពន្យារពេលសវនាការម្ដងរួចមកហើយ។
លោក គុជ វេង ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៣ បញ្ជូនទៅដាក់ពន្ធនាគារខេត្តពោធិ៍សាត់ ដែលចោទប្រកាន់ពីបទឆបោក តាមបណ្ដឹងរបស់អ្នកស្រី អ៊ុំ ធារី នៅភូមិខ្សាច់ល្អិត ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ អ្នកស្រី អ៊ុំ ធារី បានចោទលោក គុជ វេង ថាបានឆបោកប្រាក់ចំនួន ៤.៥០០ដុល្លារ ជាថ្នូរនឹងការសន្យារកតួនាទីជាប៉ូលិសសក្ដិ២ ឲ្យប្ដីរបស់អ្នកស្រី កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១០។ ប៉ុន្តែ បណ្ដាញសហគមន៍មកពីខេត្តនានា បានអះអាងថា លោក គុជ វេង ជាសកម្មជនការពារដីធ្លី និងធនធានធម្មជាតិ ដែលហ៊ានតវ៉ាដើម្បីប្រយោជន៍សហគមន៍ ហើយពួកគេមានភស្តុតាងថា សកម្មជនរូបនេះមិនបានប្រព្រឹត្តដូចការចោទប្រកាន់ទៀតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
