ប្រជាពលរដ្ឋប្រមាណ ២០នាក់ តំណាងឲ្យ ៥០គ្រួសារដែលរងផលប៉ះពាល់ពីការអភិវឌ្ឍផ្លូវរថភ្លើងនៅសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៩ ធ្នូ តវ៉ាជាថ្មីនៅមុខសាលាក្រុង ដើម្បីទាមទារឲ្យអាជ្ញាធរដោះស្រាយសំណងប៉ះពាល់ជូនពួកគាត់ឲ្យបានឆាប់។ អាជ្ញាធរពុំបានចេញទៅជួបក្រុមអ្នកតវ៉ា ដើម្បីដោះស្រាយជូនពួកគាត់ឡើយ។
ក្រុមអ្នកតវ៉ានៅក្រុងប៉ោយប៉ែត សម្ដែងការខកចិត្តជាខ្លាំងចំពោះអាជ្ញាធរក្រុងនេះ ដែលមិនគិតគូរចេញមកដោះស្រាយពីទុក្ខកង្វល់របស់ពួកគាត់។
តំណាងអ្នកតវ៉ាម្នាក់រស់នៅសង្កាត់ផ្សារកណ្ដាល លោក វន វ័ន អះអាងថា អាជ្ញាធរក្រុងប៉ោយប៉ែត គេចយករួចខ្លួន ដោយមិនព្រមដោះស្រាយសំណងប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងជូនពួកគាត់ ដែលជាប្រជាពលរដ្ឋក្រីក្ររកព្រឹកខ្វះល្ងាចនោះទេ។ លោកបន្ថែមថា ពួកគាត់នឹងមិនតវ៉ានោះឡើយ ប្រសិនបើអាជ្ញាធរពាក់ព័ន្ធសរសេរជាលាយលក្ខណ៍អក្សរថា ពួកគាត់ពិតជាបានប៉ះពាល់ ឬមិនប៉ះពាល់ ហើយត្រូវដោះស្រាយយ៉ាងណាឲ្យបានច្បាស់លាស់នោះ។
លោកអំពាវនាវឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជូនមន្ត្រីជំនាញចុះពិនិត្យមើលដល់ទីកន្លែង ហើយវាយតម្លៃការប៉ះពាល់ទៅតាមការជាក់ស្ដែង ដើម្បីដោះស្រាយពីផលប៉ះពាល់ជូនពួកគាត់ឲ្យបានឆាប់រហ័ស៖ « ដល់ពេលគាត់ធ្វើរបាយការណ៍ទៅខេត្ត ហើយដាក់បញ្ជាមកឲ្យរុះរើផ្ទះទៅតាមតែរបាយការណ៍ អាជ្ញាធរក្រុងទេ។ អាជ្ញាធរក្រុងគាត់មិនទទួលខុសត្រូវប្រជាពលរដ្ឋទេ ហើយថែមទាំងបានជំរុញពួកគាត់ ខ្ញុំទៅតវ៉ានៅកន្លែងផ្សេងទៀតផង » ។
អាស៊ីសេរី ពុំអាចទាក់ទងអភិបាលរងក្រុងប៉ោយប៉ែត ទទួលបន្ទុកដោះស្រាយវិវាទដីធ្លី លោក ម៉ែន សុភ័ណ ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី១៩ ធ្នូ។ ប៉ុន្តែកន្លងទៅ លោកធ្លាប់មានប្រសាសន៍ថា ក្រុមអ្នកតវ៉ានោះពុំមែនជាអ្នកដែលស្ថិតនៅក្នុងគម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើង ដែលត្រូវដោះស្រាយសំណងជូនពួកគាត់នោះទេ។
ទោះជាយ៉ាងនេះក្ដី មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា អះអាងថា ពលរដ្ឋដែលតវ៉ាភាគច្រើនមានប័ណ្ណកម្មសិទ្ធិដីធ្លី ស្ថិតនៅក្នុងគម្រោងសង់ផ្លូវរថភ្លើង ដែលអាជ្ញាធរត្រូវដោះស្រាយសំណងជូនពួកគាត់។ លោកសង្កត់ធ្ងន់ថា ប្រសិនបើអាជ្ញាធរក្រុងប៉ោយប៉ែត នៅតែប្រកាន់ជំហរឆ្លើយបដិសេធ ដោយមិនចេញទៅជួបដោះស្រាយជាមួយពលរដ្ឋ គឺអាចធ្វើឲ្យបញ្ហារីករាលដាលកាន់តែធំឡើងនៅថ្ងៃខាងមុខ៖ « បញ្ហាទាំងអស់នេះយើងមានការព្រួយបារម្ភ ព្រោះកាលពីឆ្នាំ២០១៥ កន្លងមក ធ្លាប់ក្រុមកម្មករអូសរទេះតវ៉ារហូតមានការប៉ះទង្គិចដោយហិង្សាដាក់គ្នាម្ដងរួចមកហើយ ដោយសារតែអាជ្ញាធរមិនដោះស្រាយជូនពួកគាត់ » ។
ក្រុមអ្នកតវ៉ា ទាមទារឲ្យអាជ្ញាធរដោះស្រាយសំណងទៅតាមតម្លៃដីទីផ្សារ និងទៅតាមការជាក់ស្ដែងដែលរងផលប៉ះពាល់។
នេះជាលើកទី៣២ ហើយ ដែលក្រុមអ្នកតវ៉ាទទូចឲ្យអាជ្ញាធរក្រុង ដោះស្រាយសំណងជូនពួកគាត់នោះ។ ការតវ៉ាដែលប្រើរយៈពេលជាង ១ម៉ោងកន្លះនេះ ពុំមានដំណោះស្រាយទេ។ ក្រុមអ្នកតវ៉ាសង្កត់ធ្ងន់ថា ប្រសិនបើអាជ្ញាធរមិនដោះស្រាយសំណងជូនពួកគាត់ទេ ពួកគាត់នឹងតវ៉ាសាជាថ្មីទៀតក្នុងពេលឆាប់ៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។