ប្រជាពលរដ្ឋសហគមន៍ផ្លូវដែកដែលរស់នៅសងខាងផ្លូវរថភ្លើងក្នុងរាជធានីភ្នំពេញ ប្រមាណ ៧០នាក់ ប្រមូលផ្ដុំគ្នានៅសាលារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៧ កក្កដា។ ការប្រមូលផ្ដុំគ្នានេះ គឺចង់ដឹងអំពីគម្រោងអភិវឌ្ឍន៍របស់សាលារាជធានីភ្នំពេញ ដែលនាំឲ្យប៉ះពាល់ពួកគាត់។
តំណាងពលរដ្ឋ ១១នាក់នៃប្រជាពលរដ្ឋមកពី ៨សហគមន៍ ដែលរស់នៅសងខាងផ្លូវរថភ្លើងក្នុងរាជធានីភ្នំពេញ ត្រូវបានមន្ត្រីសាលារាជធានីភ្នំពេញ អនុញ្ញាតឲ្យជួបពិភាក្សាខ្លីអំពីសំណើសុំដែលចង់បានការអភិវឌ្ឍនៅនឹងកន្លែងដែលគាត់កំពុងរស់នៅសព្វថ្ងៃ។
អ្នកសហគមន៍ភូមិ២៣ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ លោកស្រី នី សន្ដោស ថ្លែងក្រោយជំនួបរយៈពេលខ្លីនោះថា អភិបាលរងរាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា បានប្រាប់ឲ្យពួកសហគមន៍លោកស្រីស្ងៀមស្ងាត់សិន ព្រោះមិនទាន់ប៉ះពាល់ទេ៖ «ការអភិវឌ្ឍហ្នឹង គឺគាត់និយាយថា គាត់នឹងធ្វើឲ្យដូចស្ទឹងមានជ័យដែរ គឺយើងត្រូវការជជែកគ្នាជាមួយប្រជាពលរដ្ឋឲ្យត្រូវគ្នាហើយ បានមានការអភិវឌ្ឍ។ ក៏ប៉ុន្តែពួកខ្ញុំនៅតែមានការព្រួយបារម្ភ ដោយសារនៅតំបន់នាងខ្ញុំហ្នឹង គឺមានខាងសុរិយោដីអីគាត់ចុះទៅវាស់វែងហើយ។ អ៊ីចឹងអ្នកដែលក្រោម ១០ម៉ែត្រហ្នឹង គាត់អាចធ្វើប្លង់កម្មសិទ្ធិអីបានហើយ។ តែសម្រាប់ពួកខ្ញុំប៉ះពាល់រយៈចម្ងាយពី ១០ម៉ែត្រហ្នឹង អត់អាចធ្វើបានទេ។ អ៊ីចឹងវានៅតែជាការព្រួយបារម្ភរបស់ពួកខ្ញុំអ៊ីចឹង»។
ដោយឡែកអ្នកសហគមន៍ភូមិ១៦ ម្នាក់ទៀត គឺលោកស្រី ទិត សៀប ហៅស្រីស មានប្រសាសន៍ថា សហគមន៍លោកស្រីខុសពីសហគមន៍ភូមិ២៣ ដែលចង់ឲ្យអភិវឌ្ឍផ្លូវទំហំ ១៤ម៉ែត្រពីអ័ក្សផ្លូវរថភ្លើងចាស់។ ខាងលោកស្រីចង់ឲ្យអភិវឌ្ឍតែ ៨ម៉ែត្រកន្លះពីអ័ក្សផ្លូវរថភ្លើងទេ ព្រោះដីតូច ហើយខ្លាចបាត់បង់ផ្ទះ៖«អភិបាលក្រុងរង គាត់បានលើកពីគម្រោងពី ១០ម៉ែត្រកន្លះ ១៥ម៉ែត្រ ទៅ ៣០ម៉ែត្រហ្នឹងដែរ។ អ៊ីចឹងខ្ញុំក៏បានលើកពីបញ្ហាខ្ញុំ ខ្ញុំថាខាងសហគមន៍ខ្ញុំក៏មានប្លង់ឲ្យពូសិក្សាដែរ។ អ៊ីចឹងលោកពូយកប្លង់ខ្ញុំទៅសិក្សាទៅ ប្លង់ខ្ញុំត្រឹមតែ ៨ម៉ែត្រកន្លះទេ ដោយសារមានផ្លូវរទេះភ្លើង ៣ម៉ែត្រ ហើយផ្លូវឡានទៅមក ៦ម៉ែត្រ និងផ្លូវដើរ ១ម៉ែត្រ (ចិញ្ចើមផ្លូវ ១ម៉ែត្រ)។ អ៊ីចឹងខ្ញុំសិក្សាពីភូមិ ២ ទៅដល់អភិវឌ្ឍន៍ថ្មី»។
ពលរដ្ឋទាំងនេះតែងតែព្យាយាមជួបអភិបាលរាជធានីភ្នំពេញតាំងពីជំនាន់លោក ប៉ា សុជាតិវង្ស ដោយសារតែការព្រួយបារម្ភអំពីការបាត់បង់ផ្ទះពីការអភិវឌ្ឍផ្លូវរថភ្លើង។ ពួកគាត់បារម្ភព្រោះតែទទួលដំណឹងថា គម្រោងអភិវឌ្ឍន៍នេះមានទំហំពី ១០ម៉ែត្រទៅ ៣០ម៉ែត្រ។
ញត្តិរបស់ពលរដ្ឋរងផលប៉ះពាល់ដែលដាក់ជូនសាលារាជធានីភ្នំពេញ កាលពីខែឧសភា មានបំណងស្នើសុំទៅសាលារាជធានីភ្នំពេញ ៣ចំណុច គឺទី១ ធ្វើផ្លូវត្រឹម ១៤ម៉ែត្រ ដោយមានទ្រូងផ្លូវ ៦ម៉ែត្រ និងមានចិញ្ចើមផ្លូវ ១ម៉ែត្រសងខាងផ្លូវរថភ្លើង។ ទី២ ស្នើសុំប័ណ្ណកម្មសិទ្ធិកាន់កាប់ដី និងទី៣ ស្នើសុំឲ្យសាលារាជធានីភ្នំពេញ អភិវឌ្ឍនៅនឹងកន្លែងដោយគ្មានការបណ្ដេញ។
អភិបាលរងរាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា មិនអាចមានប្រសាសន៍អំពីបញ្ហានេះបានទេ ព្រោះលោកជាប់រវល់រៀបចំពិធីអបអរការដាក់បញ្ចូលប្រាសាទសំបូរព្រៃគុក ជាបេតិកភណ្ឌពិភពលោកនៅឯពហុកីឡដ្ឋានជាតិអូឡាំពិក នៅថ្ងៃទី១៧ កក្កដា។
ពលរដ្ឋសហគមន៍ផ្លូវដែកថ្លែងថា សាលារាជធានីភ្នំពេញ បានទទួលការស្នើសុំរបស់ពលរដ្ឋហើយ ប៉ុន្តែមិនអាចសន្យាអ្វីទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។