ប្រជាពលរដ្ឋប្រមាណ២០នាក់តំណាងឲ្យ ៥០គ្រួសារ ដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៧ ខែតុលា នាំគ្នាតវ៉ានៅមុខសាលាក្រុង ដើម្បីឲ្យអាជ្ញាធរដោះស្រាយសំណងជូនពួកគាត់ឲ្យបានឆាប់រហ័ស។ មន្ត្រីសាលាក្រុងប៉ោយប៉ែត បញ្ជាក់ថា អាជ្ញាធរក្រុងបាននាំរឿងនេះជម្រាបទៅមន្ត្រីថ្នាក់លើកដើម្បីដោះស្រាយជូនពួកគាត់ហើយ តែលទ្ធផលសម្រេចថាយ៉ាងណាពុំទាន់ទទួលបាននៅឡើយ។
នេះជាលើកទី២៥ ហើយ ដែលប្រជាពលរដ្ឋតវ៉ាទាមទារឲ្យអាជ្ញាធរក្រុងប៉ោយប៉ែត ដោះស្រាយសំណងប៉ះពាល់ជូនពួកគាត់នោះ។ ក្រុមអ្នកតវ៉ាលើកឡើងថា ការតវ៉ាលើកនេះ គឺថ្នាក់ដឹកនាំសាលាក្រុងមិនបានចេញមកជួបដោះស្រាយជាមួយពួកគាត់ឡើយ។
តំណាងក្រុមអ្នកតវ៉ាម្នាក់ គឺលោក វន វ័ន រស់នៅសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ឲ្យដឹងនៅថ្ងៃទី២៧ ខែតុលា ថា អាជ្ញាធរក្រុងបញ្ជូនមន្ត្រីតូចតាចដែលគ្មានសិទ្ធិសម្រេចឲ្យមកជួបពួកគាត់គឺគ្មានដំណោះស្រាយអ្វីឡើយ។ លោកអះអាងថា មូលហេតុដែលពួកគាត់តវ៉ា ដោយសារកន្លងមកអាជ្ញាធរក្រុង និងមន្ត្រីពាក់ព័ន្ធពុំបានផ្ដល់សំណងប៉ះពាល់ពីគម្រោងសង់ផ្លូវដែកដល់ពួកគាត់។ ក្រុមអ្នកតវ៉ាទាមទារឲ្យអាជ្ញាធរពាក់ព័ន្ធដោះស្រាយសំណងទៅតាមតម្លៃដីទីផ្សារ៖ «អាជ្ញាធរអត់ដោះស្រាយ និងបង្ហាញផែនទីដើម្បីឲ្យច្បាស់ថា អ្នកណាប៉ះពាល់ និងមិនប៉ះពាល់។ ពួកខ្ញុំបានឃើញរូបថតផែនទីនៅឆ្នាំ២០០៦ គឺមានរូបដំបូលផ្ទះ ខ្ញុំចង់ឲ្យអាជ្ញាធរបង្ហាញផែនទីនោះ ហើយដោះស្រាយទៅតាមគម្រោងរបស់ធនាគារអេ.ឌី.ប៊ី (ADB)»។
ឆ្លើយតបនឹងបញ្ហានេះ អភិបាលរងក្រុងប៉ោយប៉ែត ទទួលបន្ទុកដោះស្រាយវិវាទដីធ្លី លោក ម៉ែន សុភ័ណ មានប្រសាសន៍ថា មូលហេតុដែលថ្នាក់ដឹកសាលាក្រុងមិនបានទៅជួបប្រជាពលរដ្ឋផ្ទាល់ដោយយល់ឃើញថា អាជ្ញាធរបានជម្រាបពួកគាត់ឲ្យយល់ពីការដោះស្រាយជាច្រើនលើកមកហើយ។ លោកអះអាងថា ក្រុមអ្នកតវ៉ាពុំបានរស់នៅប៉ះពាល់ពីគម្រោងសាងសង់ផ្លូវរថភ្លើងនោះទេ៖ «ដូចខ្ញុំធ្លាប់ប្រាប់ពីមុនមកហើយ គឺបើគាត់រស់នៅចម្ងាយ ៧ម៉ែត្រពីផ្លូវរថភ្លើងអាចរស់នៅបន្តបានដោយរង់ចាំដោះស្រាយពេលក្រោយ ហើយបើគាត់ចេះតែមកទាមទារយើងក៏មិនដឹងធ្វើយ៉ាងមិចដែរ»។
ទោះជាយ៉ាងនេះក្ដី មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា កត់សំគាល់ថា អាជ្ញាធរក្រុងប៉ោយប៉ែត គ្មានចេតនាដោះស្រាយសំណងប៉ះពាល់ជូនប្រជាពលរដ្ឋនោះទេ។ លោកពន្យល់ថា អាជ្ញាធរគួរតែពន្យល់ប្រជាពលរដ្ឋឲ្យបានច្បាស់លាស់ ថាតើចំណុចដែលត្រូវដោះស្រាយជូនពួកគាត់ ហើយមិនអាចដោះស្រាយបានបណ្ដាលមកពីបញ្ហាអ្វីជាដើម៖ «ហេតុអីបានជាអាជ្ញាធរចេះតែទុកឲ្យប្រជាពលរដ្ឋតវ៉ា ដោយមិនដោះស្រាយ ហើយចេះតែថា ការតវ៉ាធ្វើខូចមុខមាត់ក្រុង។ បើអាជ្ញាធរមិនចង់ឲ្យពលរដ្ឋតវ៉ា គឺដោះស្រាយជូនពួកគាត់ទៅ»។
ក្រុមអ្នកតវ៉ាបានរំសាយត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីពួកគាត់ទាមទារឲ្យអាជ្ញាធរដោះស្រាយប្រមាណ ១ម៉ោង។ ការតវ៉ានេះ ពុំទទួលបានលទ្ធផលឡើយ។ ពួកគាត់បញ្ជាក់ថា ប្រសិនបើអាជ្ញាធរក្រុងប៉ោយប៉ែត មិនដោះស្រាយសំណងសមស្របជូនពួកគាត់ទេ នោះពួកគាត់នឹងតវ៉ាសាជាថ្មីទៀតក្នុងពេលឆាប់ៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។