ប្រជាពលរដ្ឋជនជាតិដើមភាគតិចទំពួន ភូមិសាមុទ្រលើ ក្នុងឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី កំពុងស្វែងរកកិច្ចអន្តរាគមន៍បន្ថែមទៀតពីអាជ្ញាធរពាក់ព័ន្ធ និងមន្ត្រីអង្គការសង្គមស៊ីវិលដើម្បីដោះស្រាយការតវ៉ារបស់អ្នកភូមិ ខណៈក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច រ័ត្ន សាខន បានឈូសឆាយទៅលើដីត្រៀមបម្រុងសហគមន៍កាន់តែច្រើន។
ដីត្រៀមបម្រុងសម្រាប់ចុះបញ្ជីដីសមូហភាពសហគមន៍ភូមិសាមុទ្រលើ ប្រមាណ ១ពាន់ហិកតារ ត្រូវបានអ្នកភូមិចោទប្រកាន់ទៅលើក្រុមហ៊ុន រ័ត្ន សាខន ថាបានឈូសឆាយយកជាដីសម្បទានសេដ្ឋកិច្ច។
ការអះអាងនេះធ្វើឡើងនៅក្នុងជំនួបរវាងតំណាងសហគមន៍ជាមួយក្រុមការងារដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ នៅថ្ងៃទី៧ ខែឧសភា នៅសាលប្រជុំភូមិសាមុទ្រលើ។
ប្រធានសហគមន៍ភូមិសាមុទ្រលើ លោក ទុយ ញ៉េប រៀបរាប់ថា អ្នកភូមិរង់ចាំដំណោះស្រាយជិតមួយឆ្នាំហើយ ដែលមន្ត្រីរាជរដ្ឋាភិបាល និងក្រុមហ៊ុនបានសន្យាថា នឹងវាស់វែងកាត់ចេញដីត្រៀមបម្រុងសហគមន៍ដែលបានស្នើសុំប្រមាណ ១ពាន់ហិកតារសម្រាប់ជាដីត្រៀមបម្រុង ខណៈក្រុមហ៊ុនបានឈូសឆាយដី ៤០០ហិកតារក្នុងតំបន់សហគមន៍កាលពីពាក់កណ្ដាលឆ្នាំ២០១៥ ដោយមិនបានផ្ដល់ដំណឹង ឬពិភាក្សាជាមួយសហគមន៍។
លោកថា សហគមន៍បានធ្វើការតវ៉ាច្រើនលើកឲ្យក្រុមហ៊ុនផ្អាកការឈូសឆាយ និងស្វែងរកដំណោះស្រាយជាមួយគ្នា៖ «ទំហំគាត់យកប្រហែល ១ពាន់ហិកតារ ប៉ុន្តែកន្លែងសហគមន៍ចង់បាន ៥០០ហិកតារ ចាប់ពីអូរណាងណង ទៅដល់ត្រពាំងណងខ្នីង ហ្នឹងសហគមន៍គេចង់បានដើម្បីថែរក្សាវប្បធម៌ប្រពៃណីជនជាតិដើមភាគតិច»។

នៅព្រឹកថ្ងៃទី៧ ខែឧសភា តំណាងសហគមន៍ និងក្រុមការងារមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍បានធ្វើដំណើរទៅការដ្ឋានក្រុមហ៊ុនដើម្បីស្វែងរកវិធីជួបពិភាក្សាគ្នាបញ្ហានេះ ប៉ុន្តែនាយកក្រុមហ៊ុនមិនមានវត្តមាននៅការដ្ឋាននោះទេ។
យ៉ាងនេះក្ដី ប្រធានផ្នែកដាំដុះក្រុមហ៊ុន រ័ត្ន សាខន គឺជាជនជាតិចិន ទទួលស្គាល់ថា ក្រុមហ៊ុនពិតជាកំពុងមានបញ្ហាជាមួយសហគមន៍ពាក់ព័ន្ធដីសម្បទានរបស់ក្រុមហ៊ុន ក៏ប៉ុន្តែលោកបដិសេធថា មិនមានតួនាទីដោះស្រាយបញ្ហានេះបានទេ។ លោកថា ក្រុមហ៊ុនមានចេតនាដោះស្រាយបញ្ហាជាមួយពលរដ្ឋដោយសន្តិវិធី ហេតុនេះការដោះស្រាយយ៉ាងណាអាស្រ័យលើនាយកក្រុមហ៊ុនជាអ្នកសម្រេច៖ «បញ្ហាហ្នឹងគាត់ជ្រាបដូចគ្នា ប៉ុន្តែបញ្ហាហ្នឹងគាត់កំពុងទាក់ទងខាងនគរបាលឃុំស្រុកដោះស្រាយការងារហ្នឹង»។
មន្ត្រីជាន់ខ្ពស់នៃកម្មវិធីអភិបាលកិច្ចល្អនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក គិត ទូច ថ្លែងថា សហគមន៍បានស្នើឲ្យមន្ត្រីគម្រោងជួយរកលទ្ធភាពធ្វើយ៉ាងណាដោះស្រាយបញ្ហាដែលកំពុងកើតមានចំពោះសហគមន៍។ លោកបន្តថា គម្រោងកំពុងស្វែងរកលទ្ធភាពជួបពិភាក្សាជាមួយក្រុមហ៊ុនឲ្យចូលរួមវេទិកាតុសន្តិភាពមួយនៅពេលខាងមុខដើម្បីដោះស្រាយបញ្ហានេះ៖ «យើងនឹងកសាងសំណុំរឿងមានព័ត៌មានគ្រប់គ្រាន់ដាក់ជូនថ្នាក់ខេត្តលោកពិនិត្យ និងសំណើជំនួបក្រោមរូបភាពតុសន្តិភាពដែលយើងធ្លាប់អនុវត្តតាំងពីឆ្នាំ២០០៨»។
ក្រុមហ៊ុន រ័ត្ន សាខន ទទួលបានដីសម្បទានសេដ្ឋកិច្ចជាង ៨ពាន់ហិកតារនៅក្នុងតំបន់ដែនជម្រកសត្វព្រៃលំផាត់ ក៏ប៉ុន្តែដីមួយផ្នែកដែលរដ្ឋបានផ្ដល់ទៅឲ្យក្រុមហ៊ុន គឺជាដីសហគមន៍ភូមិសាមុទ្រលើ បានគ្រប់គ្រង និងអាស្រ័យផលជាលក្ខណៈប្រពៃណីជនជាតិដើមភាគតិច ជាពិសេសដីជិតពីរពាន់ហិកតារ អ្នកភូមិរក្សាទុកជាដីត្រៀមបម្រុងសម្រាប់ចុះបញ្ជីដីធ្លីជាកម្មសិទ្ធិសមូហភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។