ជនជាតិដើមភាគតិចរស់នៅភូមិភិ ឃុំសេសាន ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី អំពាវនាវជាថ្មីទៀ សុំឲ្យតំណាងការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ (អ.ស.ប) ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ជួយអន្តរាគមន៍ទៅអាជ្ញាធរពាក់ព័ន្ធជួយដោះស្រាយការតវ៉ាករណីក្រុមហ៊ុនសម្បទានឈូសឆាយដីប៉ះពាល់ដីកប់សព ព្រៃតំណម និងដីចម្ការវិលជុំរបស់អ្នកភូមិសម្រាប់ចុះបញ្ជីដីជាកម្មសិទ្ធិសមូហភាព។
ជនជាតិដើមភាគតិចចារ៉ាយ រស់នៅភូមិភិ ជាង ១៦០គ្រួសារ ទាមទារឲ្យអាជ្ញាធរពាក់ព័ន្ធពន្លឿនការដោះស្រាយបញ្ហាដីធ្លី ដោយស្នើឲ្យក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច ៧មករា ផារី (7 Makara Phari) កាត់ចេញដីកប់សព ដីព្រៃតំណម ដីចម្ការវិលជុំដែលអ្នកភូមិអាស្រ័យផលតាមប្រពៃណីជនជាតិដើមភាគតិច។
ការទាមទារនេះ ធ្វើឡើងនៅថ្ងៃទី២៧ ខែកក្កដា នៅសាលាប្រជុំភូមិភិ បន្ទាប់ពីមន្ត្រីការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅរាជធានីភ្នំពេញ ចុះទៅកាន់តំបន់នោះ ដើម្បីពិគ្រោះយោបល់ជាមួយអ្នកភូមិដែលបានដាក់ពាក្យប្ដឹងមកស្ថាប័ននេះឲ្យជួយផ្ដល់យុត្តិធម៌ដល់អ្នកភូមិដែលកំពុងរងការរំលោភសិទ្ធិដីធ្លីនេះ។
តំណាងសហគមន៍ លោក សល់ តូច បញ្ជាក់ថា សហគមន៍បានដាក់ពាក្យប្តឹងពីថ្នាក់មូលដ្ឋាន រហូតដល់ថ្នាក់ជាតិ តាំងពីឆ្នាំ២០១៣ រហូតបច្ចុប្បន្ន ក៏ប៉ុន្តែមិនឃើញមានការដោះស្រាយអ្វីអាចឲ្យពលរដ្ឋជឿទុកចិត្តបានឡើយ។ លោកថា ការដោះស្រាយរបស់អាជ្ញាធរស្រុក មិនអាចធ្វើឲ្យអ្នកភូមិទទួលយកបានទេ ពីព្រោះអ្នកភូមិត្រូវបានក្រុមហ៊ុនចោទថា ជាអ្នករំលោភដីរបស់ក្រុមហ៊ុនទៅវិញ៖ «កិច្ចសន្យារបស់គាត់តាំងពីចម្ការវិលជុំ អូរ តាំងពីចំណីទន្លេ ហើយសព្វថ្ងៃនេះ ក្រុមហ៊ុន ៧មករា ផារី នៅតែបន្តឈូសឆាយដាំដុះទៅលើចម្ការវិលជុំបងប្អូន»។
ពលរដ្ឋភូមិភិ ឲ្យដឹងថា ចាប់ពីឆ្នាំ២០១៣ រហូតបច្ចុប្បន្នក្រុមហ៊ុនឈូសឆាយដីព្រៃកប់សព ព្រៃគោរពបូជា និងចម្ការវិលជុំអ្នកភូមិនៅតំបន់នោះអស់ប្រមាណ ៦០០ហិកតារ ក្នុងនោះដែរ ក្រុមហ៊ុនឈូសឆាយដីច្រាំងទន្លេ ឬដីមាត់ទន្លេ និងចំណីអូរ អស់គ្មានសល់។ លើសពីនេះទៀត ក្រុមហ៊ុនកាប់ឈើប្រណិតដឹកជញ្ជូនឆ្លងដែនទៅប្រទេសវៀតណាម តាមច្រករបៀងព្រំដែនខុសច្បាប់។
មន្ត្រីសមាគមខ្មែរលើ លោក ឌិត កាវែល ចាត់ទុកការតវ៉ារបស់អ្នកភូមិថា ជាការត្រឹមត្រូវ ពីព្រោះអ្នកភូមិគឺជាជនជាតិដើមភាគតិចមានសិទ្ធិប្រើប្រាស់អាស្រ័យផលដីធ្លី ព្រៃឈើនៅតំបន់សហគមន៍អភិរក្ស។ លោកថា ការយឺតយ៉ាវដោះស្រាយបញ្ហាជូនពលរដ្ឋនឹងធ្វើឲ្យមានផលប៉ះពាល់ជីវភាពរស់នៅ និងវប្បធម៌ប្រពៃណីរបស់ជនជាតិដើមភាគតិច៖ «យោងលើច្បាប់ភូមិបានគាត់មានសិទ្ធិគ្រប់គ្រងហើយមួយទៀតការសន្យារបស់អាជ្ញាធរមិនមានការដោះស្រាយឲ្យគាត់ដោយសមរម្យ»។
ទាក់ទងរឿងនេះ អភិបាលស្រុកអូរយ៉ាដាវ លោក ម៉ា វិចិត្រ បញ្ជាក់ថា អាជ្ញាធរស្រុកបានជួបប្រជុំជាមួយអ្នកភូមិ និងបានធ្វើរបាយការណ៍ទាក់ទិនការតវ៉ាជូនអាជ្ញាធរបន្ថែមទៀតហើយ៖ «ការសម្រុះសម្រួលបែបណា ចាំមើលខេត្តឆ្លើយតបសិន»។
ឆ្លើយតបនឹងសំណើរបស់អ្នកភូមិ មន្ត្រីការិយាល័យឧត្តរស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ដែលបានចុះជួបពលរដ្ឋភូមិភិ លោក គឹម សម្បត្តិ ថ្លែងថា ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ចាត់ទុកកង្វល់របស់ពលរដ្ឋថាជាករណីត្រូវតែមានដំណោះស្រាយសមស្រប ការពារសិទ្ធិរស់នៅរបស់សហគមន៍។ លោកថា អ្នកភូមិត្រូវរក្សាភាពអត់ធ្មត់ គ្មានអំពើហិង្សា ខណៈការិយាល័យសិទ្ធិមនុស្សកំពុងស្វែងរកលទ្ធភាពដោះស្រាយបញ្ហាជូនអ្នកភូមិ៖ «អ្នករាយការណ៍ពិសេសស្ដីពីសិទ្ធិជនជាតិដើមភាគតិចគាត់ក៏ចាប់អារម្មណ៍ខ្លាំងណាស់ អ៊ីចឹងហើយបានជាខ្ញុំធ្វើដំណើរមកថ្ងៃនេះ ដើម្បីចង់ស្ដាប់ ចង់ឃើញផ្ទាល់ពីពុកម៉ែបងប្អូន ថាតើនៅភូមិមានបញ្ហាអ្វីខ្លះ?»។
មន្ត្រីអាជ្ញាធរស្រុកក៏បានអះអាងដែរថា ទន្ទឹមនឹងគ្នានេះ អ្នកភូមិត្រូវរង់ចាំការដោះស្រាយរបស់អាជ្ញាធរខេត្ត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។