សមត្ថកិច្ចចាប់ខ្លួនតំណាងប្រជាពលរដ្ឋម្នាក់ដែលមានទំនាស់ដីធ្លីនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៤ ធ្នូ បន្ទាប់ពីពួកគាត់តវ៉ាដោយដើរអូសរូបទីងមោងតាមដងផ្លូវ ដើម្បីឲ្យអាជ្ញាធរដោះស្រាយ និងផ្ដល់សំណងសមរម្យឲ្យបានឆាប់រហ័ស។ ទាក់ទិននឹងបញ្ហានេះ អធិការនគរបាលក្រុងប៉ោយប៉ែត បញ្ជាក់ថា ការចាប់ខ្លួននេះ ដោយសារប្រជាពលរដ្ឋមិនអនុវត្តតាមការណែនាំរបស់សមត្ថកិច្ច។
ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល ដែលឃ្លាំមើលការតវ៉ារបស់ពលរដ្ឋនៅក្រុងប៉ោយប៉ែត បានប្រតិកម្មភ្លាមៗទៅនឹងសមត្ថកិច្ច ដែលចាប់ខ្លួនតំណាងអ្នកតវ៉ានោះ ថាជាទង្វើមួយគំរាមកំហែង និងបិទសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ។
តំណាងប្រជាពលរដ្ឋដែលសមត្ថកិច្ចចាប់ខ្លួននោះឈ្មោះ លោក ឆេង ប៊ុនហាក់ អាយុ ៣៨ឆ្នាំ រស់នៅសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លោក ឆេង ប៊ុនហាក់ ឲ្យដឹងមុនសមត្ថកិច្ចចាប់ខ្លួនកាលពីព្រឹកថ្ងៃទី១៤ ធ្នូ ថា ប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លី និងអ្នករងផលប៉ះពាល់ពីគម្រោងសាងសង់ផ្លូវរថភ្លើងនៅក្រុងប៉ោយប៉ែត ប្រមាណ ៤០នាក់ នាំគ្នាតវ៉ាដោយធ្វើរូបទីងមោងតំណាងឲ្យអ្នកស្លាប់ ជានិមិត្តរូបមន្ត្រីពុករលួយមួយចំនួន ហើយអូសរូបនោះតាមផ្លូវជាតិលេខ៥ ពីសង្កាត់ផ្សារកណ្ដាល ឆ្ពោះទៅរង្វង់មូលច្រកទ្វារអន្តរជាតិប៉ោយប៉ែត ចំនួន ៣ជុំ។ លោកបញ្ជាក់ថា ការតវ៉ានេះ ដើម្បីឲ្យអាជ្ញាធរក្រុងប៉ោយប៉ែត ដោះស្រាយ និងផ្ដល់សំណងជូនពួកគាត់ពីការប៉ះពាល់ដោយការសាងសង់ផ្លូវរថភ្លើងទៅតាមតម្លៃដីទីផ្សារ៖ «ការតវ៉ានេះ ដោយសារការឈឺចាប់កន្លងមក ដែលអាជ្ញាធរបានរំលោភបំពានដីធ្លីរបស់អ្នកភូមិ ដើម្បីដាក់បណ្ដាសាទៅមន្ត្រីពុករលួយទាំងនោះ ឲ្យស្លាប់ដូចរូបទីងមោងដែលបានអូសនោះ»។
ឆ្លើយតបនឹងបញ្ហានេះ អធិការនគរបាលក្រុងប៉ោយប៉ែត លោក អ៊ុំ សុផល មានប្រសាសន៍ថា លោកមិនជំទាស់ទេចំពោះការតវ៉ារបស់ប្រជាពលរដ្ឋដោយអហិង្សានោះ ប៉ុន្តែការតវ៉ាដោយអូសរូបមនុស្សស្លាប់បែបនេះ ពុំមែនជាដំណោះស្រាយសមរម្យសម្រាប់អ្នកតវ៉ាទាំងនោះឡើយ៖ «រឿងទំនាស់ដីធ្លីជារឿងរបស់អាជ្ញាធរ។ ក្នុងករណីនេះ ខ្ញុំបានហាមប្រជាពលរដ្ឋឲ្យតវ៉ាអូសរូបទីងមោង និងដាក់រូបក្ដារមឈូសជាច្រើនលើកមកហើយ តែប្រជាពលរដ្ឋមិនស្ដាប់។ ម្យ៉ាងទៀតការឃាត់ខ្លួននេះ ខ្ញុំបានសហការជាមួយព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងស្នងការនគរបាលខេត្តបន្ទាយមានជ័យ ទេ»។
មន្ត្រីសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា ដែលបានឃ្លាំមើលការតវ៉ារបស់ប្រជាពលរដ្ឋនោះ មានប្រសាសន៍ថា ប្រជាពលរដ្ឋតវ៉ាអូសរូបខ្មោចសិប្បនិមិត្តនេះ ពុំមានកំហុសដូចដែលសមត្ថកិច្ចត្រូវចាប់ខ្លួនតំណាងពួកគាត់នោះទេ។ លោកថា ប្រជាពលរដ្ឋជ្រើសយកការតវ៉ាបែបនេះ ដោយសារខឹងសម្បានឹងអាជ្ញាធរក្រុងប៉ោយប៉ែត បន្ទាប់ពីតវ៉ាសុំឲ្យដោះស្រាយអស់ជាច្រើនលើកច្រើនសាមកហើយ តែពុំទទួលបានលទ្ធផល៖ «ការតវ៉ារបស់ប្រជាពលរដ្ឋនោះ គ្រាន់តែជាការតស៊ូបញ្ចេញមតិអត់មានខុសច្បាប់អ្វី ដែលត្រូវដាក់ទោសទណ្ឌពួកគាត់ធ្ងន់ធ្ងរនោះទេ»។
គម្រោងសាងសង់ផ្លូវរថភ្លើងពីភ្នំពេញទៅក្រុងប៉ោយប៉ែត ជាជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី អេ.ឌី.ប៊ី (ADB)។ គម្រោងនេះ ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត ប្រមាណ ៤០០គ្រួសារដែលរងផលប៉ះពាល់ ពុំទាន់ទទួលបានសំណងតាមតម្លៃដីទីផ្សារនៅឡើយ។
បច្ចុប្បន្ន តំណាងពលរដ្ឋដែលចាប់ខ្លួននោះ ត្រូវបានសមត្ថកិច្ចឃុំខ្លួននៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់នៅសាលាដំបូងខេត្តបន្ទាយមានជ័យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។