ប្រជាពលរដ្ឋខេត្តព្រះសីហនុ កំពុងទន្ទឹងរង់ចាំថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធ ពិសេសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយសង្គ្រោះដីព្រៃកោងកាងនៅជុំវិញបរិវេណបឹងកង្កែប នាស្រុកព្រៃនប់ ដែលឈ្មួញមានទ្រព្យ និងមន្ត្រីមានអំណាច បានឃុបឃិតជាមួយមន្ត្រីមន្ទីរសុរិយោដីខេត្តព្រះសីហនុ រំលោភធ្វើប្លង់កម្មសិទ្ធិ។
បញ្ហានេះ មន្ត្រីជំនាញពាក់ព័ន្ធខេត្តនេះអះអាងថា កំពុងប្រមូលរបាយការណ៍ផ្សេងៗទាក់ទងការចេញប្លង់កម្មសិទ្ធិទៅលើដីចំណីមាត់បឹង និងផ្ទៃបឹងកង្កែបដែលមានដុះព្រៃកោងកាងរាប់រយពាន់ហិកតារនេះ ដោយយកចិត្តទុកដាក់។
អ្នកនេសាទសមុទ្រមានទីលំនៅក្នុងឃុំបិតត្រាំង និងឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បង្ហាញកង្វល់ជាថ្មីទៀត នៅពេលដែលមានឈ្មួញបានដើរប្រមូលទិញដីព្រៃកោងកាងនៅជុំវិញបរិវេណបឹងកង្កែប មានទីតាំងជាប់ឆ្នេរសមុទ្ររាម ដោយមេខ្យល់ដើរប្រមូលទិញដីព្រៃកោងកាងទាំងនោះ បានប្រើឈ្មោះសាច់ញាតិរបស់ប្រមុខដឹកនាំរដ្ឋាភិបាល។
ប្រជាពលរដ្ឋស្នើមិនបង្ហាញអត្តសញ្ញាណ រស់នៅភូមិគគីរ ឃុំបិតត្រាំង ស្នើដល់អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន និងរដ្ឋមន្ត្រីក្រសួងកសិកម្ម ក្រសួងបរិស្ថាន និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាដើម ជួយបញ្ជូនមន្ត្រីចុះអង្កេតពីសកម្មភាពដើររកទិញដីព្រៃកោងកាងនៅជុំវិញផ្ទៃបឹងកង្កែបឲ្យបានឆាប់។
ជាងនេះ ក្រុមប្រជាពលរដ្ឋបានសំណូមពរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យជួយសង្គ្រោះដីព្រៃកោងកាង និងផ្ទៃបឹងកង្កែប មានទីតាំងនៅជាប់ឆ្នេរសមុទ្ររាម ក្បែរព្រលានយន្តហោះកងកេង មកដាក់ជាសម្បត្តិរដ្ឋគ្រប់គ្រង និងអភិរក្សឡើងវិញ។ ពលរដ្ឋអះអាងថា សព្វថ្ងៃនេះ ដីព្រៃកោងកាង និងផ្ទៃបឹងទាំងមូល ត្រូវឈ្មួញមានទ្រព្យ មន្ត្រីមានអំណាច និងប្រជាពលរដ្ឋមួយចំនួន ឃុបឃិតធ្វើប្លង់កម្មសិទ្ធិ និងចាក់ដីលុបបឹងធម្មជាតិមួយនេះស្ទើរទាំងស្រុងអស់ទៅហើយ។
ក្រុមប្រជាពលរដ្ឋស្រុកព្រៃនប់ ខេត្តព្រះសីហនុ គាំទ្រប្រមុខដឹកនាំរដ្ឋាភិបាល និរាករណ៍ ឬលុបប័ណ្ណកម្មសិទ្ធិ ឯកសារបញ្ជាក់កម្មសិទ្ធិដីធ្លី ដែលជាប់ពាក់ព័ន្ធដីព្រៃកោងកាងតាមខេត្តជាប់ឆ្នេរសមុទ្រចំនួន៤ ហើយស្នើឲ្យអាជ្ញាធរអនុវត្តមានប្រសិទ្ធភាព។
បញ្ហានេះដែរ លោក ប៊ួន ណារិទ្ធិ មន្ត្រីសម្របសម្រួលអង្គការលីកាដូ (LICADHO) ខេត្តព្រះសីហនុ បានទទូច និងអំពាវនាវដល់ប្រមុខដឹកនាំរាជរដ្ឋាភិបាល ឲ្យជួយសង្គ្រោះបឹងកង្កែប និងព្រៃកោងកាងរាប់រយហិកតារ ដែលត្រូវមន្ត្រីមានអំណាច និងមន្ត្រីមន្ទីរសុរិយោដីខេត្តនេះ ឃុបឃិតរំលោភធ្វើកម្មសិទ្ធិឯកជនកន្លងមក។ មន្ត្រីសិទ្ធិមនុស្សរូបនេះទទួលស្គាល់ថា ថ្មីៗនេះមានលេចឮព័ត៌មានពីប្រជាពលរដ្ឋមានលំនៅឋាននៅជុំវិញបឹងកង្កែប អះអាងថា មានភរិយារបស់មន្ត្រីម្នាក់បម្រើការងារនៅពន្ធនាគារខេត្តព្រះសីហនុ បានដើរប្រមូលទិញដីពីបុគ្គលផ្សេងៗដែលមានដីនៅជុំវិញបរិវេណបឹងកង្កែប ដោយយកឈ្មោះសាច់ញាតិរបស់ប្រមុខដឹកនាំធ្វើជាខ្នងបង្អែក។

មន្ត្រីអង្គការលីកាដូ លោក ប៊ួន ណារិទ្ធិ ដែលបានចុះពិនិត្យផ្ទាល់ដល់ទីតាំងបឹងកង្កែប ស្នើឲ្យលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ជួយអង្កេតស្រាវជ្រាវទៅលើបញ្ហាទើបកើតឡើងថ្មីៗ ជុំវិញការប្រមូលទិញដីព្រៃកោងកាងនៅជុំវិញបឹងកង្កែបនេះឲ្យបានឆាប់៖ « សម្ដេចនាយករដ្ឋមន្ត្រីដាក់បទបញ្ជាឲ្យមន្ត្រីក្រោមឱវាទ ដកហូតដីព្រៃកោងកាងដែលមានប្លង់កម្មសិទ្ធិ ដោយលុបចោល ឬនិរាករណ៍ប្លង់កម្មសិទ្ធិទាំងនោះចោល ប៉ុន្តែបែរជាពេលនេះ មានស្ត្រីភរិយាមន្ត្រីពន្ធនាគារខេត្តព្រះសីហនុ ម្នាក់ បានយកឈ្មោះកូននាយករដ្ឋមន្ត្រីមក ទៅដើរប្រមូលទិញដីព្រៃលិចទឹកដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋទៅវិញ។ ខ្ញុំគិតថា ទង្វើនេះ គឺជាការផ្គើនទៅនឹងសេចក្តីសម្រេចរបស់សម្ដេចនាយករដ្ឋមន្ត្រី »។
ស្រដៀងគ្នានេះដែរ លោក សុខ សុខុម ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា ឬហៅកាត់ថា ស៊ី.អ៊ិន.រ៉ូ (CNRO) សាខាខេត្តព្រះសីហនុ ជាថ្មីម្តងទៀត សំណូមពរឲ្យលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោករដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន ពិសេសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យជួយសង្គ្រោះបឹងធម្មជាតិ គឺបឹងកង្កែប មករដ្ឋគ្រប់គ្រង និងអភិរក្សឡើងវិញ។ លោកអះអាងថា សព្វថ្ងៃនេះ ដីព្រៃកោងកាងដែលដុះនៅជុំវិញបឹងកង្កែប និងផ្ទៃបឹងកង្កែបទាំងមូលមានទីតាំងនៅឃុំបិតត្រាំង និងឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបុគ្គលមានអំណាចក្នុងជួរកងទ័ពជើងទឹក និងឈ្មួញមានងារជាឧកញ៉ា និងមន្ត្រីក្រោមឱវាទរដ្ឋបាលខេត្តព្រះសីហនុ ខ្លះ បានឃុបឃិតជាមួយអតីតប្រធានមន្ទីរសុរិយោដីខេត្តនេះ ធ្វើប្លង់កម្មសិទ្ធិរំលោភយក។ លោកសង្កត់ធ្ងន់ថា បច្ចុប្បន្ននេះ បឹងធម្មជាតិនៃបឹងកង្កែបត្រូវគេចាក់ដីលុបព្រៃកោងកាង និងលុបផ្ទៃបឹងជាបន្តបន្ទាប់ ដោយបានបោះបង្គោលកំណត់ព្រំដីម្ចាស់រៀងៗខ្លួន ខ្លះចាប់ពីដីគោករហូតដល់ផ្ទៃក្នុងទឹកបឹង ដើម្បីដាំចម្ការដូង ឬសង់សំណង់ផ្សេងៗ ក្នុងនោះ លោក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្ររាម ក៏មានចំណែកដីនៅជាប់បរិវេណបឹងកង្កែប ដោយបានដាំចម្ការដូងនៅលើដីនោះជាភស្តុតាង៖ « ក្នុងនាមខ្ញុំជាសង្គមស៊ីវិលចង់មើលឃើញការអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាព ជៀសវាងការអនុវត្តច្បាប់នេះ នៅតែធូររលង់។ ទោះបីជាមានសេចក្តីសម្រេចរបស់រដ្ឋាភិបាលរួចហើយក៏ដោយ ក៏ស្ថាប័នដែលទទួលបន្ទុកដឹកនាំការស្រាវជ្រាវ និងពិនិត្យឈានដល់និរាករណ៍ប្លង់កម្មសិទ្ធិទៅលើដីចំណីព្រៃកោងកាង ឬព្រៃលិចទឹកទាំងនោះ នៅតែមិនទាន់មានចំណាត់ការទៅតាមផ្លូវច្បាប់នោះទេ។ ដូច្នេះ សូមមន្ត្រីជំនាញត្រូវពន្លឿនសកម្មភាពចុះស្រាវជ្រាវឈានដល់និរាករណ៍ ឬលុបចោលប័ណ្ណកម្មសិទ្ធិទាំងឡាយណាដែលចេញរំលោភទៅលើដីព្រៃលិចទឹកទាំងនោះកន្លងមក ឲ្យបានឆាប់ ហើយត្រូវអនុវត្តឲ្យមានប្រសិទ្ធភាព និងត្រូវប្រកាសជាសាធារណៈឲ្យពលរដ្ឋបានដឹងឲ្យបានទូលំទូលាយ »។
ការបង្ហាញការព្រួយបារម្ភរបស់ប្រជាពលរដ្ឋខេត្តព្រះសីហនុ ដូច្នេះ កើតឡើងជាថ្មីទៀតនៅគ្រាពួកគេទទួលបានព័ត៌មានមកថា ថ្មីៗនេះមានឈ្មួញដើរទិញដីព្រៃកោងកាងនៅជុំវិញបរិវេណបឹងកង្កែបពីបុគ្គលដែលអះអាងជាម្ចាស់ដី បានបន្តកើតមានចាប់តាំងពីដើមខែសីហា មក។
យ៉ាងនេះក្តី អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន ថ្លែងថា មិនទាន់បានព័ត៌មានមេខ្យល់ដើរប្រមូលទិញដីព្រៃកោងកាងនៅជុំវិញបរិវេណបឹងកង្កែប ហើយប្រើឈ្មោះសាច់ញាតិប្រមុខដឹកនាំដែលប្រជាពលរដ្ឋលើកឡើងនេះទេ។ លោកបន្តថា រដ្ឋបាលខេត្តព្រះសីហនុ កន្លងមក បានឲ្យនាយខណ្ឌជលផលខេត្តនេះចុះស្រង់ស្ថិតិនៃចំនួនផ្ទៃដីព្រៃកោងកាង ដែលត្រូវកាន់កាប់ដោយបុគ្គលឯកជន និងដីព្រៃកោងកាង ដែលបានចេញប្លង់កម្មសិទ្ធិដោយមន្ទីរស្ថាប័នជំនាញ ដើម្បីដាក់ជូនថ្នាក់ដឹកនាំថ្នាក់ជាតិពិនិត្យ និងមានវិធានការបន្ត។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីពេលថ្មីៗនេះ បានចេញបទបញ្ជាឲ្យលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន ពិនិត្យសើរើឡើងវិញចំពោះការចេញប្លង់ប័ណ្ណកម្មសិទ្ធិជូនបុគ្គលឯកជនទៅលើដីព្រៃកោងកាងនៅតាមខេត្តជាប់ឆ្នេរសមុទ្រទាំង៤ ដើម្បីឈានដល់និរាករណ៍ ឬលុបប័ណ្ណកម្មសិទ្ធិ និងឯកសារបញ្ជាក់កម្មសិទ្ធិដីធ្លីផ្សេងទៀតដែលមានការពាក់ព័ន្ធដីព្រៃកោងកាង។ ប៉ុន្តែគិតមកដល់ពេលនេះ មិនទាន់មានលទ្ធផលចេញជាដុំកំភួន ត្រូវបានថ្នាក់ដឹកនាំក្រសួងទាំងពីរប្រកាសឲ្យប្រជាពលរដ្ឋបានដឹងជាសាធារណៈនៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។