ប្រជាពលរដ្ឋមានលំនៅឋាននៅតំបន់ពយកំពេញ ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ សាទរចំពោះដំណោះស្រាយរបស់រដ្ឋបាលខេត្តទេសចរណ៍មួយនេះ ក្នុងការងារពន្លឿនសកម្មភាពចុះវាស់ក្បាលដីផ្តល់ប្លង់កម្មសិទ្ធិជូនពួកគាត់ ឲ្យទទួលបានសិទ្ធិកាន់កាប់ដីតំបន់នេះស្របច្បាប់។
បញ្ហានេះ មន្ត្រីឃ្លាំមើលការអភិវឌ្ឍសង្គមបានស្នើដល់ប្រជាពលរដ្ឋ ឬក្រុមហ៊ុនដែលនឹងទទួលបានសិទ្ធិកាន់កាប់ដីនៅតំបន់ឆ្នេរពយកំពេញ មិនត្រូវចាក់ដីរំលោភចូលសមុទ្រ ធ្វើឲ្យប៉ះពាល់ដល់ផ្កាថ្ម និងបរិស្ថានឆ្នេរនោះទេ។
ប្រជាពលរដ្ឋមានលំនៅឋាននៅតំបន់ពយកំពេញ ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ស្វាគមន៍ចំពោះការជួយជ្រោមជ្រែងរបស់មន្ត្រីជំនាញស្ថាប័នពាក់ព័ន្ធ ពិសេសរដ្ឋបាលខេត្តជាប់ឆ្នេរសមុទ្រមួយនេះ ដែលត្រៀមចេញប្លង់កម្មសិទ្ធិស្របច្បាប់ជូនពលរដ្ឋរស់នៅតំបន់នេះ។
ពលរដ្ឋអះអាងថា ក្តីទន្ទឹងរង់ចាំទទួលបានប្លង់កម្មសិទ្ធិពីអាជ្ញាធរ ទៅលើដីលំនៅឋានរបស់ពួកគាត់ គឺមានអ្នកខ្លះបានរង់ចាំជាង ២០ឆ្នាំមកហើយ ហើយទើបតែនៅក្នុងអាណត្តិដឹកនាំរបស់លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ទើបឈានដល់បញ្ជូនមន្ត្រីចុះវាស់ក្បាលដីចេញប្លង់កម្មសិទ្ធិក្នុងពេលដ៏ឆាប់ខាងមុខ។
ទោះបីជាយ៉ាងណា មិនទាន់មានចំនួនស្ថិតិពិតប្រាកដនៃចំនួនគ្រួសាររបស់ប្រជាពលរដ្ឋមកតាំងទីលំនៅ ឬមកទិញដីហ៊ុមព័ទ្ធរបងជាឡូៗនៅតំបន់ពយកំពេញ ថាតើមានចំនួនប៉ុន្មានឲ្យពិតប្រាកដទេ ព្រោះមន្ត្រីស្ថាប័នជំនាញកំពុងចុះស្រង់ស្ថិតិជាក់ស្តែង។
ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ លោក នួន ប៉ុក ទទួលស្គាល់ថា រដ្ឋបាលខេត្តនេះត្រៀមចេញប្លង់កម្មសិទ្ធិស្របច្បាប់ជូនពលរដ្ឋរស់នៅតំបន់ពយកំពេញ ដែលទន្ទឹងរង់ចាំប្លង់កម្មសិទ្ធិស្របច្បាប់ពីមន្ត្រីជំនាញជាយូរមកហើយ។ លោកបន្តថា ពេលនេះមន្ត្រីជំនាញកំពុងចុះពិនិត្យ និងវាស់ចំណែកដីជាក់ស្តែង មុននឹងឈានដល់ចេញប្លង់កម្មសិទ្ធិឲ្យស្របតាមនីតិវិធី៖ «ពេលនេះមន្ត្រីពួកខ្ញុំរង់ចាំលិខិតពីថ្នាក់លើមកសិន មុននឹងឈានដល់ចេញប្លង់កម្មសិទ្ធិជូនពលរដ្ឋរស់នៅម្តុំពយកំពេញ ស្ថិតក្នុងសង្កាត់លេខ៣ ជូនពលរដ្ឋជាក់ស្ដែង។ មន្ត្រីជំនាញខ្ញុំបានចុះវាស់ចំណែកក្បាលដី និងបញ្ជូនទៅថ្នាក់លើពិនិត្យរួចហើយ»។

មន្ត្រីសម្របសម្រួលសមាគមអាដហុក (ADHOC) ខេត្តព្រះសីហនុ អ្នកស្រី ជៀប សុធារី សាទរចំពោះការពន្លឿនសកម្មភាពការងាររបស់ថ្នាក់ដឹកនាំខេត្តព្រះសីហនុ ឈានដល់ចុះវាស់ចំណែកដី និងឈានដល់ចេញប្លង់កម្មសិទ្ធិជូនប្រជាពលរដ្ឋរស់នៅតំបន់ពយកំពេញ និងសហគមន៍ផ្សេងៗទៀតដែលពួកគាត់ទន្ទឹងរង់ចាំប្លង់កម្មសិទ្ធិអស់រយៈពេលច្រើនឆ្នាំមកហើយនោះ។ អ្នកស្រីសំណូមពរដល់ប្រជាពលរដ្ឋ ពិសេសក្រុមហ៊ុន ឬឈ្មួញដែលទទួលបានសិទ្ធិកាន់កាប់ដីស្របច្បាប់នៅតំបន់ឆ្នេរពយកំពេញ ស្ថិតក្នុងសង្កាត់លេខ៣ មិនត្រូវដឹកដីចាក់ចូលសមុទ្រ ដើម្បីពង្រីកទំហំផ្ទៃដី ឬស្ថាបនាទីតាំងអ្វីមួយបំផ្លាញបរិស្ថានឆ្នេរ និងផ្កាថ្មដែលមាននៅតំបន់នោះទេ ព្រោះតាមការសង្កេតឃើញមានបុគ្គល ឬក្រុមហ៊ុនខ្លះ បានធ្វើសកម្មភាពចាក់ដីចូលសមុទ្រនៅម្តុំពយកំពេញ នាំឲ្យប៉ះពាល់ដល់បរិស្ថានឆ្នេរតំបន់នេះជាបណ្ដើរៗរួចហើយ៖ «ផ្លូវច្បាប់ រាល់ការចាក់ដីលុបសមុទ្រ គឺជារឿងខុសច្បាប់ ព្រោះឆ្នេរជាតំបន់សាធារណៈ សូម្បីតែការកាន់កាប់ដើម្បីឲ្យក្លាយទៅជាម្ចាស់អចលនវត្ថុទៅលើដី តំបន់ឆ្នេរ ក៏ត្រូវច្បាប់បានហាមឃាត់ដោយច្បាប់ភូមិបាលផងដែរ»។
ត្រង់ចំណុចនេះ អ្នកស្រី ជៀប សុធារី សំណូមពរដល់រដ្ឋបាលខេត្តព្រះសីហនុ ត្រូវពិនិត្យឲ្យបានច្បាស់លាស់ទៅលើការងារថែរក្សាបរិស្ថានឆ្នេរសមុទ្រនៅតំបន់ពយកំពេញ ឲ្យបានត្រឹមត្រូវ រវាងមន្ត្រីមានអំណាច ឈ្មួញមានងារជាឧកញ៉ា ឬប្រជាពលរដ្ឋសាមញ្ញនោះទេ គឺត្រូវអនុវត្តច្បាប់ឲ្យបានស្មើភាពគ្នា បន្ទាប់ពីពួកគេជាម្ចាស់ដីនៅតំបន់នោះ ទទួលបានប្លង់កម្មសិទ្ធិស្របច្បាប់ ហើយមានគម្រោងអភិវឌ្ឍន៍ទៅលើវិស័យអ្វីមួយ ដោយមិនត្រូវឲ្យធ្វើសកម្មភាពនាំឲ្យប៉ះពាល់ដល់បរិស្ថានឆ្នេរនោះទេ។

អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន មានប្រសាសន៍ថា ការទន្ទឹងរង់ចាំរបស់ប្រជាពលរដ្ឋរស់នៅតំបន់ពយកំពេញ នឹងទទួលបានប្លង់កម្មសិទ្ធិស្របច្បាប់ពីអាជ្ញាធរក្នុងពេលឆាប់ៗនេះ។ លោកទទួលស្គាល់ថា ក្រុមហ៊ុនឧកញ៉ា ទ្រី ភាព ពិតជាបានមកវិនិយោគលើវិស័យសណ្ឋាគារនៅតំបន់ពយកំពេញ ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ។ លោកអះអាងថា សកម្មភាពក្រុមហ៊ុននេះទំនងជាមិនធ្វើឲ្យប៉ះពាល់ដល់បរិស្ថានឆ្នេរ ឬជីវចម្រុះក្នុងបាតសមុទ្រនោះទេ៖ «យើង ខ្ញុំទាំងអស់គ្នា ដែលជាប្រជាពលរដ្ឋ ក៏ដូចជាសង្គមស៊ីវិល ខេត្តព្រះសីហនុ សំណូមពរដល់អាជ្ញាធរខេត្ត ប្រជាពលរដ្ឋទូទៅ មិនថាបុគ្គលនោះជាមន្ត្រីមានអំណាច ឈ្មួញមានទ្រព្យ ឬជាពលរដ្ឋសាមញ្ញនោះទេ គឺត្រូវតែពិនិត្យទៅលើការកាន់កាប់ឆ្នេរ និងការអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ និងស្មើភាពគ្នា»។
អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន មានប្រសាសន៍ថា ការទន្ទឹងរង់ចាំរបស់ប្រជាពលរដ្ឋរស់នៅតំបន់ពយកំពេញ នឹងទទួលបានប្លង់កម្មសិទ្ធិស្របច្បាប់ពីអាជ្ញាធរក្នុងពេលឆាប់ៗនេះ។ លោកទទួលស្គាល់ថា ក្រុមហ៊ុនឧកញ៉ា ទ្រី ភាព ពិតជាបានមកវិនិយោគទៅលើវិស័យសណ្ឋាគារនៅតំបន់ពយកំពេញ ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ។ លោកអះអាងថា សកម្មភាពក្រុមហ៊ុននេះ ទំនងជាមិនធ្វើឲ្យប៉ះពាល់ដល់បរិស្ថានឆ្នេរ ឬជីវចម្រុះក្នុងបាតសមុទ្រនោះទេ៖ «តំបន់ពយកំពេញ ក្នុងសង្កាត់លេខ៣ ត្រូវបានរដ្ឋាភិបាលអនុញ្ញាតឲ្យចេញជាកម្មសិទ្ធិ ព្រោះពលរដ្ឋបានកាន់កាប់យូរឆ្នាំមកហើយ គឺត្រូវតែវាស់ចេញប្លង់ជូនពួកគាត់ទៅតាមគោលនយោបាយរបស់រដ្ឋាភិបាល ហើយករណីនេះ ខ្ញុំក៏បានចូលរួមជំរុញឲ្យមានប្លង់កម្មសិទ្ធិនេះដែរ»។
លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ អះអាងថា រដ្ឋបាលខេត្តនេះបានបែងចែកការងារទទួលខុសត្រូវជូនអភិបាលរងខេត្តទាំងអស់ ឲ្យទទួលបន្ទុកការងារចុះវាស់កាត់ឆ្វៀលដីជូនប្រជាពលរដ្ឋនៅតាមសហគមន៍ ឬតំបន់នីមួយៗ ដើម្បីជំរុញឲ្យសកម្មភាពចុះវាស់ក្បាលដីឈានដល់ចេញប្លង់កម្មសិទ្ធិជូនប្រជាពលរដ្ឋឲ្យបានយ៉ាងហោច ៧០ភាគរយ នៅមុនដំណាច់ឆ្នាំ២០១៦ នេះ។
បញ្ហានេះដែរ ក្រុមប្រជាពលរដ្ឋរស់នៅតំបន់ពយកំពេញ បាននិយាយប្រាប់អាស៊ីសេរី ថា បុគ្គលមានដីនៅតំបន់ពយកំពេញ ភាគច្រើនគឺជាមន្ត្រីមានអំណាច ឬជាឈ្មួញមានទ្រព្យធនជាដើម មានឈ្មោះកាន់កាប់ចំណែកដីភាគច្រើននៅតំបន់ពយកំពេញ ស្ថិតក្នុងសង្កាត់លេខ៣ ក្នុងនោះក៏មានលោកឧកញ៉ា ទ្រី ភាព ដែលល្បីល្បាញរឿងធ្វើជំនួញព្រៃឈើនាពេលកន្លងទៅ ក៏មានឈ្មោះកាន់កាប់ចំណែកដីនៅតំបន់នេះមានផ្ទៃដីធំទូលាយ។ អាជ្ញាធរខេត្តព្រះសីហនុ ឲ្យដឹងថា បច្ចុប្បន្ន លោក ទ្រី ភាព ដែលមានចំណែកដីនៅក្នុងបរិវេណពយកំពេញ ដែលរដ្ឋបាលខេត្តនេះត្រៀមចេញប្លង់កម្មសិទ្ធិស្របច្បាប់ បានត្រៀមអភិវឌ្ឍប្រែក្លាយតំបន់នេះសម្រាប់បម្រើដល់វិស័យទេសចរណ៍មានសណ្ឋាគារ ជាដើម។ ប៉ុន្តែគម្រោងអភិវឌ្ឍន៍នេះ ត្រូវមន្ត្រីសង្គមស៊ីវិល និងប្រជាពលរដ្ឋភាគច្រើនរស់នៅខេត្តព្រះសីហនុ ព្រួយបារម្ភខ្លាចនាំឲ្យប៉ះពាល់ដល់បរិស្ថានឆ្នេរសមុទ្រ និងជីវចម្រុះក្នុងបាតសមុទ្រមានផ្កាថ្ម ជាដើម ហើយបានសំណូមពរដល់មន្ត្រីជំនាញថ្នាក់ជាតិ ពិសេសប្រមុខដឹកនាំរដ្ឋាភិបាល ជួយយកចិត្តទុកដាក់ចំពោះបញ្ហានេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។