ប្រជាពលរដ្ឋជិត ១៥០គ្រួសារ នៅសហគមន៍អូរដំរី ស្រុកស្ទឹងហាវ បន្តស្វែងរកកិច្ចអន្តរាគមន៍ពីស្ថាប័នសាលាដំបូងខេត្តព្រះសីហនុ ឲ្យជួយសើរើសំណុំរឿងដីធ្លីដែលមានវិវាទជាមួយភាគីមានទ្រព្យ ដើម្បីឲ្យពួកគេទទួលបានយុត្តិធម៌ពិតប្រាកដ។
ក្រុមមន្ត្រីសង្គមស៊ីវិល ក៏បានទទូចដល់មន្ត្រីតុលាការខេត្តព្រះសីហនុ ឲ្យជួយចាត់ការសំណុំរឿងក្ដីរបស់ពលរដ្ឋសហគមន៍អូរដំរី ដោយឈរលើភាពយុត្តិធម៌ និងឯករាជ្យ ឲ្យស្របតាមក្រមសីលធម៌ និងវិជ្ជាជីវៈតុលាការឲ្យបានត្រឹមត្រូវ ដើម្បីលើកកម្ពស់កិត្តិយសស្ថាប័នតុលាការដែលរងការរិះគន់ពីសាធារណជននៅពេលកន្លង។
តំណាងពលរដ្ឋ លោក ម៉ន ស៊ីណា ផ្ដល់បទសម្ភាសន៍ដល់វិទ្យុ និងទូរទស្សន៍អាស៊ីសេរី បន្ទាប់ពីបានចូលខ្លួនទៅឆ្លើយបំភ្លឺនៅសាលាដំបូងខេត្តព្រះសីហនុ ទៅលើបណ្ដឹងទាមទារឲ្យតុលាការមោឃភាព និងបដិសេធនូវប័ណ្ណសំគាល់សិទ្ធិរបស់តំណាងប្រជាពលរដ្ឋចំនួន ១៤៩គ្រួសារ រស់នៅក្រុម៥ ភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ កាលពីថ្ងៃទី៣ ខែកុម្ភៈ។ លោកបានស្នើឲ្យតុលាការជួយផ្ដល់យុត្តិធម៌លើទំនាស់ដីធ្លីដែលឈ្មួញមានទ្រព្យឃុបឃិតជាមួយស្ថាប័នពាក់ព័ន្ធមួយចំនួន នាខេត្តព្រះសីហនុ ប្ដឹងរំលោភយកដីលំនៅឋាន និងដីចម្ការ ដែលប្រជាពលរដ្ឋខ្លះបានមកតាំងទីលំនៅលើដីនេះតាំងពីឆ្នាំ១៩៩៦ មក។
លោក ម៉ន ស៊ីណា ឲ្យដឹងថា ប្រជាពលរដ្ឋទាំង ១៤៩គ្រួសារ ដែលមានទំនាស់ជាមួយភាគីលោកស្រី ហ៊ឹម សុវណ្ណរី និងលោកស្រី ម៉ី ឌីន្ទណាត្យាយា គឺមានផ្ទៃសរុបចំនួន ១៣៥ហិកតារ ហើយការរស់នៅរបស់ពលរដ្ឋនៅសហគមន៍នេះ គឺស្ថិតក្នុងមូលដ្ឋានស្រុកស្ទឹងហាវ មិនមែនស្ថិតក្នុងក្រុងព្រះសីហនុ នោះទេ។ លោកទទូចឲ្យតុលាការខេត្តនេះកោះអញ្ជើញភាគីជាប់ពាក់ព័ន្ធក្នុងសំណុំរឿងក្តីនេះឲ្យចុះដល់មូលដ្ឋាន ដើម្បីចង្អុលបង្ហាញទីតាំងដីជាក់ស្ដែង និងត្រូវបង្ហាញឯកសារពាក់ព័ន្ធឲ្យបានច្បាស់លាស់៖ «ខ្ញុំសំណូមពរឲ្យតុលាការកោះអញ្ជើញអាជ្ញាធរពាក់ព័ន្ធនានា ខេត្តព្រះសីហនុ ពិសេសមន្ត្រីសុរិយោដីខេត្ត ឲ្យចុះដល់ទីតាំងសហគមន៍អូរដំរី ហើយបញ្ជាក់ថា តើទីតាំងនេះស្ថិតក្នុងមូលដ្ឋានស្រុកស្ទឹងហាវ ឬក៏ស្ថិតក្នុងក្រុងព្រះសីហនុ ដើម្បីឲ្យដឹងការពិតជាក់ស្ដែង»។
ចំណែកប្រជាពលរដ្ឋរស់នៅសហគមន៍អូរដំរី ដែលបានមកប្រមូលផ្ដុំគ្នានៅពីមុខសាលាដំបូងខេត្តព្រះសីហនុ ក៏បានអំពាវនាវដល់មន្ត្រីតុលាការដែលមានគំនិតស្អាតស្អំ ពិសេសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យជួយរកយុត្តិធម៌ ដើម្បីអាចឲ្យពួកគាត់បានដីសម្រាប់សង់លំនៅឋាន និងធ្វើចម្ការឡើងវិញ។ ពលរដ្ឋដដែលនេះអះអាងថា កាលពីឆ្នាំ២០១៥ ភាគីលោកស្រី ហ៊ឹម សុវណ្ណរី និងលោកស្រី ម៉ី ឌីន្ទណាត្យា បានបញ្ជូនកម្លាំងមករុះរើផ្ទះ និងបំផ្លាញដំណាំពលរដ្ឋអស់គ្មានសល់ តាមអំណាចសាលក្រមស្ថាពររបស់សាលាដំបូងខេត្តព្រះសីហនុ។
តំណាងប្រជាពលរដ្ឋរស់នៅភូមិ៤ សង្កាត់អូរត្រេះ ខណ្ឌស្ទឹងហាវ នៃសហគមន៍អូរដំរី បានអះអាងថា គាត់បានមកតាំងទីលំនៅលើដីនេះជាង ១០ឆ្នាំមកហើយ និងមានការដឹងឮពីអាជ្ញាធរមូលដ្ឋានថែមទៀតផង៖ «សំណូមពរដល់សម្ដេច ហ៊ុន សែន ជួយអន្តរាគមន៍លើករណីជម្លោះដីធ្លីដ៏រ៉ាំរ៉ៃនៅសហគមន៍អូរដំរី របស់ខ្ញុំមិនទាន់ដោះស្រាយចប់សោះ។ ពលរដ្ឋរស់នៅសហគមន៍នេះបានរងទុក្ខវេទនាគ្រប់បែបយ៉ាង គឺខ្វះជម្រកទៅជួលផ្ទះគេរស់នៅ និងធ្វើសំណង់ដើម្បីចិញ្ចឹមជីវិតគ្រួសារជាដើម។ ដូច្នេះសូមសម្ដេច ហ៊ុន សែន ជួយរកយុត្តិធម៌ផ្ដល់ដីនៅក្រុម ៥ ភូមិ ៤ ឃុំអូរត្រេះ ជូនពលរដ្ឋបានសង់ផ្ទះ និងធ្វើចម្ការឡើងវិញ ព្រោះកាលពីឆ្នាំ២០១៥ ត្រូវតុលាការខេត្តព្រះសីហនុ ចុះអនុវត្តសាលក្រមស្ថាពរឲ្យឈ្មួញមានទ្រព្យរុះរើផ្ទះ និងបំផ្លាញចម្ការដំណាំពលរដ្ឋអស់គ្មានសល់ទេ»។
ទាក់ទិនបញ្ហានេះ មន្ត្រីសង្គមស៊ីវិលមួយចំនួននៅខេត្តព្រះសីហនុ បានរិះគន់សកម្មភាពចុះអនុវត្តសាលក្រមស្ថាពររបស់តុលាការ កាលពីឆ្នាំ២០១៥ ថា មានភាពមិនប្រក្រតី និងមិនបានជូនដំណឹងឲ្យពលរដ្ឋដឹងជាមុនទេលើសំណុំរឿងនេះ។
មន្ត្រីសម្របសម្រួលអង្គការលីកាដូ (LICADHO) ខេត្តព្រះសីហនុ លោក ប៊ួន ណារិទ្ធិ ចាត់ទុកសកម្មភាពនៃការចុះអនុវត្តសាលក្រមស្ថាពររបស់តុលាការខេត្តនេះ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៥ ថា ខុសទីតាំងដីទំនាស់ដែលភាគីដើមបណ្ដឹងប្ដឹងប្រជាពលរដ្ឋជាចុងចម្លើយរវាងភូមិសាស្ត្រស្រុកស្ទឹងហាវ និងក្រុងព្រះសីហនុ។
យ៉ាងណាក៏ដោយចុះ លោក ប៊ួន ណារិទ្ធ បានស្នើដល់តុលាការខេត្តព្រះសីហនុ ត្រូវពិនិត្យលើសំណុំរឿងក្ដីរវាងតំណាងពលរដ្ឋចំនួន ១៤៩គ្រួសារ មានទំនាស់ជាមួយភាគីម្ខាងទៀត គឺលោកស្រី ហ៊ឹម សុវណ្ណរី និងលោកស្រី ម៉ី ឌីន្ទណាត្យា ជាថ្មីឡើងវិញ ដើម្បីផ្ដល់យុត្តិធម៌ពិតប្រាកដជូនពលរដ្ឋ៖ «តុលាការ ខេត្តព្រះសីហនុ គឺកន្លងមកបានចេញសាលក្រមស្ថាពរជាន់គ្នាមួយលើកជាពីរលើកនៅលើដី ជម្លោះតែមួយកន្លែងនេះ។ ម្ដងចេញសាលក្រមជូនលោក លី ហង្ស ស៊ីន និងម្ដងទៀតចេញសាលក្រមជូនលោកស្រី ហ៊ឹម សុវណ្ណរី ជាដើម។ ប៉ុន្តែទីតាំងដីមានទំនាស់នេះ គឺខុសគ្នាឆ្ងាយណាស់ គឺទីតាំងក្រុងព្រះសីហនុ និងភូមិសាស្ត្រស្រុកស្ទឹងហាវ»។
ដោយឡែក លោកស្រី ហ៊ឹម សុវណ្ណរី ជាភាគីទំនាស់ដែលពលរដ្ឋសហគមន៍អូរដំរី ជិត ១៥០គ្រួសារ ចោទថា បានឃុបឃិតរំលោភយកដីលំនៅឋាន និងចម្ការដំណាំ ថ្លែងថា ពួកគាត់មានឯកសារគ្រប់គ្រាន់តតាំងនៅចំពោះមុខតុលាការ និងផ្នែកពាក់ព័ន្ធ។ ស្ត្រីរូបនេះប្រកាសសហការជាមួយផ្នែកពាក់ព័ន្ធទាំងអស់ បើចង់បានឯកសារ ឬព័ត៌មាននានា ជុំវិញជម្លោះដីធ្លីនៅសហគមន៍អូរដំរី៖ «ប្រជាពលរដ្ឋ ដែលគាប់ប្ដឹងខ្ញុំហ្នឹង គឺអត់មានពាក់ព័ន្ធនៅលើដីកម្មសិទ្ធិរបស់ខ្ញុំទេ ដីខ្ញុំនៅក្រុងព្រះសីហនុ ចំណែកដីពួកគាត់ស្ថិតក្នុងស្រុកស្ទឹងហាវ។ បញ្ហានេះ ខ្ញុំនឹងត្រៀមបំភ្លឺជូនគ្រប់ស្ថាប័នពាក់ព័ន្ធលើបញ្ហាទំនាស់នេះ»។
យ៉ាងនេះក្តី តំណាងប្រជាពលរដ្ឋសហគមន៍អូរដំរី បានអំពាវនាវដល់មន្ត្រីតុលាការដែលទើបផ្លាស់ប្តូរតួនាទីមកបំពេញភារកិច្ចការងារនៅសាលាដំបូងខេត្តព្រះសីហនុ ពិសេសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងស្ថាប័នប្រឆាំងអំពើពុករលួយ ឲ្យបញ្ជូនមន្ត្រីឯករាជ្យចុះអង្កេតលើករណីមានមន្ត្រីនៅតាមស្ថាប័នមួយចំនួននាខេត្តព្រះសីហនុ បានឃុបឃិតគ្នារំលោភយកដីលំនៅឋាន និងដីចម្ការដំណាំរបស់ប្រជាពលរដ្ឋទាំង ១៤៩គ្រួសារ ដើម្បីផ្ដល់យុត្តិធម៌ដល់ពួកគាត់។
ការចុះអនុវត្តសាលក្រមស្ថាពររបស់តុលាការ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៥ ក៏ឃើញមានវត្តមានលោក ស្រ៊ុន ស្រ៊ន់ អភិបាលរងខេត្តព្រះសីហនុ ទទួលបន្ទុកដោះស្រាយទំនាស់ដីធ្លីខេត្តនេះ បានបង្ហាញវត្តមាននៅទីតាំងកើតមានទំនាស់នេះដែរ។ ការចុះអនុវត្តសាលក្រមស្ថាពរនេះ ដឹកនាំដោយលោកចៅក្រម ញឹម ពិសាល ហើយមានកម្លាំងនគរបាល និងកងរាជអាវុធហត្ថរាប់សិបនាក់បានដាក់ពង្រាយក្នុងការចុះអនុវត្តសាលក្រមស្ថាពរនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។