ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​៩សហគមន៍​​តវ៉ា​នៅ​មុខ​សាលា​ខេត្ត​ព្រះសីហនុ

0:00 / 0:00

ប្រជាពលរដ្ឋ ២០០​នាក់ ជា​សមាជិក​សហគមន៍ ៩ មាន​ជម្លោះ​ដីធ្លី​រ៉ាំរ៉ៃ បាន​លើក​គ្នា​ទៅ​តវ៉ា​មុខ​សាលា​ខេត្ត​ព្រះសីហនុ ​ដើម្បី​ស្នើ​ឲ្យ​ថ្នាក់ដឹកនាំ​ខេត្ត​នេះ ជួយ​អន្តរាគមន៍​ដោះ​​ស្រាយ​​ទំនាស់​​ដីធ្លី​អូស​បន្លាយ​ពេល​ជិត ១០​ឆ្នាំ​មក​ហើយ។ ការ​ទាមទារ​ឲ្យ​ដោះស្រាយ​នេះ ស្រប​តាម​អនុសាសន៍​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​លើក​ឡើង​ថា អាជ្ញាធរ​ខេត្ត​ត្រូវ​រួម​គ្នា​ដោះស្រាយ​បញ្ហា​ទំនាស់​ដី​នៅ​ក្នុង​តំបន់​ខ្លួន​គ្រប់គ្រង។

ជំនួប​ពិភាក្សា​រវាង​តំណាង​ពលរដ្ឋ​មក​ពី​សហគមន៍​រង​គ្រោះ​ដីធ្លី​ទាំង ៩ ជាមួយ​ថ្នាក់ដឹកនាំ​ខេត្ត​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​សីហា មិន​មាន​លទ្ធផល​ទេ ប៉ុន្តែ​អាជ្ញាធរ​ខេត្ត​បាន​សន្យា​ថា​នឹង​រិះរក​វិធី​ដោះស្រាយ​ទៅ​តាម​ដំណាក់កាល ឬ​ទៅ​តាម​បណ្ដឹង​របស់​ប្រជាពលរដ្ឋ​ដាក់​ជូន​អាជ្ញាធរ​នៅ​ថ្ងៃ​ខាង​មុខ។

តំណាង​សហគមន៍​ម្នាក់ គឺ​លោក ស៊ុន សុផាត ស្ថិត​ក្នុង​ចំណោម​តំណាង​សហគមន៍​ច្រើន​ទៀត នៅ​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង​ថា កិច្ចពិភាក្សា​លើ​ទំនាស់​ដីធ្លី​ជាមួយ​លោក ស៊ុន ស្រន អភិបាលរង​ខេត្ត​ព្រះសីហនុ និង​មន្ត្រី​ពាក់ព័ន្ធ​ខេត្ត​នេះ​បាន​ត្រឹម​អាជ្ញាធរ​សន្យា និង​អង្កេត​ទៅ​លើ​ទំនាស់​ដីធ្លី​ទៅ​តាម​បណ្ដឹង​ពលរដ្ឋ​ទៅ​តាម​ដំណាក់កាល។

​តំណាង​រូប​នេះ​អះអាង​ថា បើ​គ្មាន​ដំណោះស្រាយ​លើ​ជម្លោះ​ដីធ្លី​ដែល​កើត​មាន​នៅ​ខេត្ត​ព្រះសីហនុ​ទេ នៅ​អនាគត​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​ទាំង ៩​សហគមន៍ នឹង​លើក​គ្នា​ឡើង​មក​តវ៉ា​ដល់​មុខ​ស្ថាប័ន​កំពូលៗ និង​មុខ​ផ្ទះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នាទី​ក្រុង​ភ្នំពេញ បន្ត​ទៀត៖ « គេ​ថា​អ្នក​អត់​ជាប់​ពាក់ព័ន្ធ​ប្រព័ន្ធ​តុលាការ គេ​ថា​នឹង​ដោះស្រាយ​ឲ្យ តែ​ដោះស្រាយ​ចំពោះ​អ្នក​ដាក់​ពាក្យ​បណ្ដឹង​មុន អ្នក​ដាក់​បណ្ដឹង​ក្រោយ​ដោះ​ក្រោយ។ ប៉ុន្តែ​មិន​មែន​ដោះស្រាយ​នៅ​ក្នុង​រយៈពេល ២ ទៅ ៣​ថ្ងៃ​ហ្នឹង​ទេ គេ​និយាយ​ថា​អ៊ីចឹង។ ជជែក​គ្នា​ប៉ុណ្ណឹង ហើយ​ខ្ញុំ​ក៏​ស្នើ​សុំ​សំណូមពរ​ជួយ​ជំរុញ​ឲ្យ​មាន​ការ​វាស់វែង​ដី​ដែល​តំបន់​ខ្ញុំ​រស់​នៅ​ហ្នឹង គឺ​មាន​ទីតាំង​នៅ​កន្លែង​ហ្នឹង​ស្រប គឺ​ដោយសារ​តែ​គេ​បណ្ដេញ​យើង​អត់​ចេញ»

បន្ទាប់ពី​តំណាង​របស់​ពួកគេ​ជួប​ពិភាក្សា​មិន​ទទួល​បាន​លទ្ធផល​លើ​ជម្លោះ​ដីធ្លី​ដែល​កើត​មាន​នៅ​ខេត្ត​ព្រះសីហនុ ក្រុម​ប្រជាពលរដ្ឋ​ជាង ២០០​នាក់ ក៏​បាន​រំសាយ​ការ​ប្រមូល​ផ្តុំ​នៅ​វេលា​ថ្ងៃត្រង់ ដោយ​ត្រៀម​ប្រមូល​ផ្តុំ​តវ៉ា​ទ្រង់ទ្រាយ​ធំ​នៅ​ថ្ងៃ​ខាង​មុខ។

លោក ថេង សាវឿន អ្នក​សម្របសម្រួល​បណ្ដាញ​កសិករ​ដែល​តាម​ឃ្លាំមើល​សកម្មភាព​តវ៉ា​របស់​ប្រជា​សហគមន៍​មាន​ទំនាស់​ដីធ្លី​ខេត្ត​ព្រះសីហនុ។ លោក​បាន​ទទូច​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ខេត្ត​នេះ ត្រូវ​ដោះស្រាយ​បញ្ចប់​ជម្លោះដីធ្លី​រ៉ាំរ៉ៃ​នៅ​ខេត្ត​ព្រះសីហនុ ឲ្យ​ស្រប​តាម​អនុសាសន៍​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​១៨ ខែ​សីហា។

​លោក​បន្ត​ថា ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ទាំង ៩​សហគមន៍ មាន​គម្រោង​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​ដល់​ទី​ក្រុង​ភ្នំពេញ​ជាថ្មី ក្នុង​ពេល​ដ៏​ឆាប់ បើ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ មិន​មាន​វិធានការ​ដោះស្រាយ​ជម្លោះ​ដីធ្លី ឬ​វាស់ដី​ផ្ដល់​ប្លង់​កម្មសិទ្ធិ​ជូន​ពលរដ្ឋ​ឲ្យ​បានជា​ស្ថាពរ​ទេ៖ « ក្នុង​ការ​ដោះស្រាយ​បញ្ហា​ហ្នឹង​ដែរ ក៏​សុំ​ឲ្យ​ក្រសួង ឬ​មន្ទីរ​ឈរ​លើ​ភាព​ឯករាជ្យ និង​គិត​ផល​ប្រយោជន៍​ជា​ចម្បង ហើយ​សុំ​កុំ​គិត​ក្រុមហ៊ុន អ្នក​មាន​អំណាច ឬ​ក៏​ឈ្មួញ​ដែល​ធ្វើ​ការ​រំលោភ​យក​ដី​ពី​ប្រជាពលរដ្ឋ​ហ្នឹង​ជា​កត្តា​សំខាន់»

​លោក ថេង សាវឿន បន្ត​ថា ទំនាស់​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ទាំង ៩​សហគមន៍ នៅ​ខេត្ត​ព្រះសីហនុ​នេះ គឺ​ទំនាស់​ខ្លះ​បាន​កើត​មាន​តាំង​ពី​ឆ្នាំ​២០០៧ មក​ម្ល៉េះ ហើយ​បាន​ប៉ះពាល់​ប្រជាពលរដ្ឋ​ជាង ៤​ពាន់​គ្រួសារ។

នៅ​ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​តំណាង​សហគមន៍​ទាំង ៩​សហគមន៍ លោក ស៊ុន ស្រ៊ន អភិបាល​រង​ខេត្ត​ព្រះសីហនុ បាន​លើក​ឡើង​ថា ករណី​ទំនាស់​ដីធ្លី​ខ្លះ គឺ​កំពុង​ស្ថិត​ក្នុង​ដៃ​របស់​តុលាការ គឺ​មិន​អាច​លូកដៃ​ចូល​បានទេ គឺ​ត្រូវ​ទុក​ឲ្យ​តុលាការ​អនុវត្ត​ទៅ​តាម​នីតិវិធី​តុលាការ។ ប៉ុន្តែ​បើ​ទំនាស់​ផ្សេង​ទី​នេះ អាជ្ញាធរ​ពាក់ព័ន្ធ​ខេត្ត​នឹង​រក​វិធី​ដោះស្រាយ​ជូន​ពលរដ្ឋ​ទៅ​តាម​ដំណាក់កាលៗ នៅ​ពេល​អាជ្ញាធរ​បាន​ទទួល​ពាក្យ​បណ្ដឹង​របស់​ពលរដ្ឋ​រង​គ្រោះ។

ទាក់ទិន​ទំនាស់​ដីធ្លី​នេះ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​សីហា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ដក​តំណែង ឬ​តួនាទី​ពី​រដ្ឋមន្ត្រី ឬ​អភិបាល​រាជធានី​ខេត្ត​ទាំង​ឡាយ​ណា​ដែល​ព្រងើយ​ក្នុង​ការ​ដោះស្រាយ​កង្វល់ ឬ​បញ្ហា​ជូន​ពលរដ្ឋ ពិសេស​ទំនាស់​ដីធ្លី៖ « នយោបាយ​ដីធ្លី​យើង​ផ្តល់​ឱកាស​ធ្វើ​ដូច្នេះ។ ប៉ុន្តែ​មន្ត្រី​របស់​យើង​ហាក់​ដូច​ជា​ស្តាប់​មិន​បាន យល់​គ្នា​មិន​បាន។ ខ្ញុំ​សូម​ដាស់​តឿន​សា​ជា​ថ្មី​ម្តង​ទៀត។ ទំនាស់​ដីធ្លី​ចេញ​ពី​ខេត្ត​ណា ខេត្ត​ហ្នឹង​ត្រូវ​ទទួល​ខុស​ត្រូវ»

​ប្រកាស​នេះ​ទទួល​បាន​ការ​សាទរ​ពី​ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី និង​មន្ត្រី​អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ​ចំនួន​នៅ​កម្ពុជា។

បញ្ហា​នេះ មន្ត្រី​សង្គម​ស៊ីវិល​ខ្លះ​កំពុង​រង់ចាំ​មើល​វិធានការ​ក្តៅ​របស់​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល ដោះស្រាយ​បញ្ចប់​ជម្លោះ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​នៅ​តាម​ខេត្ត​នានា ដោយ​យក​ចិត្ត​ទុក​ដាក់។

យ៉ាង​ណា​ក្តី មន្ត្រី​សិទ្ធិ​មនុស្ស​អះអាង​ថា ពលរដ្ឋ​រងគ្រោះ​ដីធ្លី​មកពី​តាម​ខេត្ត​មួយ​ចំនួន​ដែល​លើក​គ្នា​មក​តវ៉ា​ដល់​រាជធានី​ភ្នំពេញ នៅ​មិន​ទាន់​ឃើញ​រដ្ឋាភិបាល ឬ​ផ្នែក​ពាក់ព័ន្ធ​ណា​មួយ​ជួយ​ដោះស្រាយ​បញ្ចប់​ជម្លោះ​នេះ​នៅ​ឡើយ​ទេ​រហូត​មក​ដល់​ពេល​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។