ពលរដ្ឋ​៦​គ្រួសារ​នៅ​ស្ទឹងត្រែង​បារម្ភ​ករណី​ទាហាន​បោះ​ជំរំលើ​ដី​របស់​ខ្លួន

ដោយ ម៉ែន សុធីរ
2017.09.13
ទាហាន​បោះ​ជំរុំ​ដី ពលរដ្ឋ ស្ទឹងត្រែង ៦២២ កង​ទាហាន​វីរៈសេនា​ធំ​លេខ ង៤២ ចំណុះ​ឲ្យ​យោធភូមិ​ភាគ​១ ដែល​ពលរដ្ឋ​ចោទ​ថា ទៅ​បោះ​ជំរុំ​លើ​ដី​កំពុង​មាន​វិវាទ។ រូប​ថត​កាល​ពី​ថ្ងៃទី ១០ ខែ​កញ្ញា ឆ្នាំ​២០១៧។
Photo Provided

ពលរដ្ឋ ៦​គ្រួសារ រស់​នៅ​ឃុំ​អូរឫស្សីកណ្ដាល ស្រុក​សៀមបូក ខែត្រ​ស្ទឹងត្រែង ភ័យ​ព្រួយ​ករណី​ទាហាន​ប្រដាប់​អាវុធ ៣០​នាក់​បាន​ត្រៀម​បោះជំរំ​លើ​ដី​កំពុង​មាន​វិវាទ​រវាង​ពលរដ្ឋ និង​យោធា។ អ្នក​ភូមិ​ថា ទាហាន​ទាំង​នោះ​ទំនង​មក​ពី​យោធា​វរសេនាធំ ង៤២ ចំណុះ​ឲ្យ​យោធ​ភូមិ​ភាគ​១។

ពលរដ្ឋ ៦​គ្រួសារ​រស់នៅ​ស្រុក​សៀមបូក ខែត្រ​ស្ទឹងត្រែង ជាប់​ព្រំប្រទល់​ខែត្រ​ក្រចេះ ចាត់​ទុក​ការ​ដាក់​កម្លាំង​ទ័ព​ឈរ​ជើង​លើ​ដី​មាន​វិវាទ និង​ត្រៀម​បោះ​ជំរំ​ទ័ព​របស់​យោធា​វរសេនាធំ ង៤២ ថា បាន​គំរាមកំហែង​ពលរដ្ឋ ព្រោះ​ដី​កំពុង​មាន​វិវាទ​ជិត ២០​ហិកតារ​នោះ នៅ​ពុំ​ទាន់​ដោះស្រាយ​នៅ​ឡើយ។

តំណាង​ពលរដ្ឋ ៦​គ្រួសារ រស់​នៅ​ស្រុក​សៀមបូក ខែត្រ​ស្ទឹងត្រែង មាន​ដី​ឋិត​នៅ​ឃុំ​អូរគ្រឿង ស្រុក​សំបូរ ខែត្រ​ក្រចេះ លោក ហុង ចន្ថា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៣ កញ្ញា ថា ថ្មីៗនេះ ទាហាន​ប្រមាណ ៣០​នាក់ បាន​មក​រៀបចំ​ទីតាំង​ដើម្បី​ត្រៀម​បោះ​ជំរំ​ទ័ព​ក្នុង​ដី​កំពុង​មាន​វិវាទ​ជិត ១០​ឆ្នាំ​ហើយ រី​ឯ​គណៈកម្មការ​សុរិយោដី​ស្រុក និង​អាជ្ញាធរ​ពាក់ព័ន្ធ​ក៏​កំពុង​ស៊ើប​អង្កេត​រឿង​នេះ​ដែរ។

លោក​រំឭក​ថា កាល​ពី​ឆ្នាំ​២០១០ យោធា នៃ​យោធភូមិភាគ១ បាន​ខ្ចី​ដី​ពួក​គាត់​ជិត ២០​ហិកតារ​ ដើម្បី​បង្ហាត់​កងទ័ព​ហាត់​បាញ់​ជា​បណ្ដោះអាសន្ន បន្ទាប់​មក​យោធា​ទាំង​នោះ​មិន​ព្រម​ប្រគល់​ដី​នោះ​ឲ្យ​ពលរដ្ឋ​វិញ​ទេ ដោយ​ចោទ​ប្រកាន់​ពលរដ្ឋ​វិញ​ថា កាន់​កាប់​ដីធ្លី​ខុស​ច្បាប់។ លើស​ពី​នេះ យោធា​ទាំង​នោះ បាន​កាប់​បំផ្លាញ​ផលដំណាំ​របស់​ពួកគាត់​ជា​បន្តបន្ទាប់ និង​ហាម​មិន​ឲ្យ​ពួកគាត់​អាស្រ័យផល​លើ​ដី​នៅ​តំបន់​នោះ​ទេ។

លោក​បញ្ជាក់​ថា ពលរដ្ឋ ៦​គ្រួសារ​បាន​កាន់​កាប់​ដី​នេះ​តាំង​ពី​ឆ្នាំ​១៩៩៧ និង​មាន​អាជ្ញាធរ​មូលដ្ឋាន​ដឹង​ឮ​ផង៖ «ខ្ញុំ​ចង់​និយាយ​ថា អាជ្ញាធរ​ហាម​មិន​ឲ្យ​ភាគី​ណា​ចូល​ធ្វើ​អី​ទេ ដល់​ពេល​ខាង​ទាហាន​គេ​ចូល​បំពាន​បាន។ ពួកខ្ញុំ​ចូល​ធ្វើ​ស្រែ​ចម្ការ​ក៏​អត់​បាន ឥឡូវ​ចេក​របស់​ខ្ញុំ​គេ​កាប់​បង្ហើយ។ គេ​គំរាមកំហែង​យើង​ហើយ ព្រោះ​គេ​ទៅ​មាន​ទាំង​ប្រដាប់​អាវុធ​ទៀត»

កាល​ពី​​ខែ​សីហា ឆ្នាំ​២០១៥ អាជ្ញាធរ​មូលដ្ឋាន រួម​ទាំង​អាវុធហត្ថ និង​យោធា បាន​ចុះ​ដាក់​ស្លាក​ហាម​ឃាត់​មិន​ឲ្យ​ពលរដ្ឋ​ធ្វើ​ចម្ការ ឬ​អាស្រ័យ​ផល​នៅ​ទីតាំង​នោះ ដោយ​សំអាង​ថា អាជ្ញាធរ​ខែត្រ​សម្រេច​ប្រគល់​សិទ្ធិ​ឲ្យ​ទៅ​យោធា​ភូមិ​ភាគ​១ កាល​ពី​អតីត​អភិបាល​ខែត្រ​ក្រចេះ លោក ខាំ ភឿន ជា​អភិបាល​ខែត្រ។

មេ​ឃុំ​អូរគ្រៀង ស្រុក​សំបូរ ខែត្រ​ក្រចេះ លោក កែវ បុប្ផា ឲ្យ​ដឹង​ថា វិវាទ​ដីធ្លី​នោះ​កំពុង​ឋិត​ក្រោម​ការស៊ើបអង្កេត​ពី​មន្ត្រី​ជំនាញ​នៅ​ឡើយ ហេតុ​នេះ​ប្រសិនបើ​មាន​ការ​សាងសង់​អ្វីមួយ​នៅ​តំបន់​នោះ​គឺ​ជា​រឿង​មិន​ត្រឹមត្រូវ។ លោក​បដិសេធ​ថា បច្ចុប្បន្ន​ដី​នៅ​តំបន់​នោះ ពុំ​មាន​មន្ត្រី​យោធា​បោះ​ជំរំទ័ព​នោះ​ទេ ហើយ​អាជ្ញាធរ​ឃុំ​ធ្លាប់​ចេញ​លិខិត​ហាម​ឃាត់​មិន​ឲ្យ​ភាគី​ណា​សាងសង់ ដោយ​រង់ចាំ​មន្ត្រី​ជំនាញ​ដោះស្រាយ​សិន៖ «ឧទាហរណ៍ ពលរដ្ឋ​សាងសង់​លំនៅឋាន​ខ្ញុំ​អត់​ឲ្យ​គាត់​សាងសង់ ហើយ​ខាង​ទ័ព​ក៏​អត់​ធ្វើ​អី​ដែរ ដី​ហ្នឹង​កន្លង​មក​អ៊ីចឹង»

មេ​បញ្ជាការ​រង​ភូមិ​ភាគ​១ លោក នាម អៀង ធ្លាប់​បញ្ជាក់​ថា ទីតាំង​ដី​ដែល​យោធា​ហាត់​បាញ់​កាំភ្លើង​នោះ គឺ​មេ​បញ្ជាការ​ភូមិ​ភាគ​១ បាន​ស្នើ​សុំ​ទៅ​អាជ្ញាធរ​ខែត្រ​ក្រចេះ ដោយ​មាន​ការ​ឯកភាព​ពី​អគ្គ​មេបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ លោក ប៉ុល សារឿន។ ចំណែក​អភិបាល​ខែត្រ​ក្រចេះ ក៏​សម្រេច​យល់​ព្រម​ប្រគល់​ដី​នោះ​ដល់​វរសេនា​ធំ ង៤២ ចំណុះ​ឲ្យ​ភូមិ​ភាគ​១។

មន្ត្រី​ស៊ើប​អង្កេត​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខែត្រ​ក្រចេះ ដែល​ចុះ​អង្កេត​ករណី​នេះ លោក ប៊ី វ៉ាន់នី យល់​ថា ដី​ដែល​ពុំ​ទាន់​ដោះស្រាយ​ចប់ ស្រាប់​តែ​មាន​ភាគី​ម្ខាង​មក​សាងសង់ គឺ​ករណី​ខុសច្បាប់​ដែល​ទាមទារ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ដោះស្រាយ​ដោយ​យុត្តិធម៌។

លោក​រក​ឃើញ​ថា ពលរដ្ឋ ៦​គ្រួសារ​មាន​លិខិត​កាន់​កាប់​ដីធ្លី​របស់​​មេ​ឃុំ​ចាស់ តាំង​ពី​ឆ្នាំ​២០០៥ និង​មាន​សលាកបត្រ​របស់​ក្រុម​និស្សិត​វាស់វែង​កាល​ពី​ឆ្នាំ​២០១២ ហេតុ​នេះ​បើ​យោធា​ចង់​គ្រប់គ្រង​ដី​នោះ​ជា​សម្បត្តិរដ្ឋ​គួរ​តែ​មាន​ការ​ដោះដូរ​ឲ្យ​បាន​សមរម្យ៖ «ធ្វើ​បែប​ហ្នឹង​វា​រំលោភ​នីតិវិធី​នៃ​ការ​ដោះស្រាយ ហើយ​ការ​ព្យាយាម​បំបាត់​ភស្តុតាង​លើ​ដី វា​ជា​ការ​មួយ​ដែរ​មាន​ន័យ​ថា ការ​ដោះស្រាយ​ហ្នឹង​វា​អត់​មាន​ភាព​ស្មើគ្នា​ចំពោះ​មុខ​ច្បាប់»

កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៥ ពលរដ្ឋ​ជាង ៣០​នាក់ រស់​នៅ​ឃុំ​អូរឫស្សីកណ្ដាល បាន​ផ្ដិត​មេដៃ​ធ្វើ​ជា​សាក្សី​ដឹង​ឮ​ថា​ដី​នោះ​ឋិត​នៅ​ភូមិ​អូរកណ្ដៀរ ឃុំ​អូរគ្រៀង ជាប់​ផ្លូវ​ជាតិ​លេខ ៧​អា ពិត​ជា​ដី​កម្មសិទ្ធិ​គ្រប់គ្រង​របស់​ពលរដ្ឋ​ចំនួន ៦​គ្រួសារ​ពិត​មែន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។