ពលរដ្ឋរស់នៅភូមិហាន់ជ័យ ស្រុកឆ្លូង ខែត្រក្រចេះ ចោទមន្ត្រីយោធាម្នាក់ថា គំរាមកំហែងអាយុជីវិតពួកគាត់ទាក់ទិនរឿងជម្លោះដីធ្លី។ មន្ត្រីយោធានោះ បានយកកាំភ្លើងបាញ់គំរាមពួកគាត់រឿងបោះបង្គោលកំណត់ព្រំដី។ មន្ត្រីសង្គមស៊ីវិលបារម្ភថា បើករណីនេះ អាជ្ញាធររដ្ឋាភិបាលពុំចាត់វិធានការផ្លូវច្បាប់ទេ នឹងនាំឲ្យកើតមានវប្បធម៌និទណ្ឌភាពធ្ងន់ធ្ងរដែលជាប្រភពអយុត្តិធម៌សង្គម។
ពលរដ្ឋមួយគ្រួសាររស់នៅភូមិហាន់ជ័យទី២ ឃុំហាន់ជ័យ អំពាវនាវឲ្យអាជ្ញាធររដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធរកយុត្តិធម៌រឿងជម្លោះដីធ្លីជួនពួកគាត់ករណីមន្ត្រីយោធាម្នាក់ឈ្មោះ ឈូន ថាវរិន្ទ ជាទាហានឆត្រយោងមានឋានៈជាឧត្ដមសេនីយ៍ទោផ្កាយពីរបានយកកាំភ្លើងបាញ់គំរាមពួកគាត់រឿងជម្លោះដីធ្លី។
ពលរដ្ឋរស់នៅឃុំហាន់ជ័យ លោក ទ្រុយ សូនី ចោទប្រកាន់ថា មន្ត្រីយោធានោះ មានមហិច្ឆតាចង់បានដីលំនៅឋានរបស់លោក ក្បាល ២ម៉ែត្រ បណ្ដោយជាង ៩០ម៉ែត្រ ចូលសំយាបផ្ទះរបស់លោក។ ទន្ទឹមនឹងនេះមន្ត្រីយោធានោះបានគំរាមអាយុជីវិតលោកកាលពីថ្ងៃទី១២ សីហា ដោយសារខឹងលោកមិនអនុញ្ញាតឲ្យគេបោះបង្គោលព្រំដី ហើយកាលពីឆ្នាំ២០០៨ មន្ត្រីយោធានោះបានយកកាំភ្លើងខ្លីបាញ់ពីរគ្រាប់គំរាមប្រពន្ធ និងកូនរបស់លោកនៅគ្រាមន្ត្រីរូបនោះបានចាត់ឲ្យក្រុមគ្រួសាររបស់ខ្លួនបោះបង្គោលព្រំដីបំពានដីលំនៅឋានរបស់លោក។ លោករំឭកថា លោក និងប្រពន្ធលោកបានជាប់ពន្ធនាគារមួយឆ្នាំកន្លះដោយអយុត្តិធម៌ពាក់ព័ន្ធរឿងជម្លោះដីធ្លីនេះ។
លោកកត់សម្គាល់ថា គ្រួសារលោកមានដីលំនៅឋានក្បាល ១៤ម៉ែត្រ បណ្ដោយ ៩៦ម៉ែត្រគ្រប់គ្រងតាំងពីឆ្នាំ១៩៥៥ មានលិខិតទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋានតាំងពីឆ្នាំ១៩៧៩៖ «វានៅលើផ្ទះមាត់បង្អួចឈើពីលើផ្ទះបាញ់ ហើយវាឲ្យក្មួយវាយកបង្គោលជីកដាក់ដាំដល់ប្រពន្ធខ្ញុំទៅមើលវាបាញ់។ វាអយុត្តិធម៌ខ្លាំងណាស់ក្នុងសង្គមខ្មែរ ខ្ញុំមើលទៅវាពីក្រោមវាពុករលួយខាងលើក៏ពួយរលីងខ្ញុំមិនដឹងធ្វើម៉េច»។
លោក ទ្រុយ សូនី បន្ថែមថា នៅគ្រាមន្ត្រីយោធានោះយកកាំភ្លើងបាញ់គំរាមគ្រួសារលោក លោកបានដាក់ពាក្យប្ដឹងទៅសាលាដំបូងខែត្រក្រចេះ និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀតតែរហូតមកទល់ពេលនេះ ពុំទទួលបានលទ្ធផលឡើយ។ លោកបារម្ភថា ប្រសិនបើលោកចាញ់រឿងក្តីនេះ គ្រួសារលោកប្រឈមរុះរើផ្ទះ៖ «ដំបូងឡើយសុំទិញខ្ញុំតែពីរតឹកទេ។ សុំទិញអស់ពីសុំទិញបានកូនឡើងធ្វើអធិរាជផ្កាយពីរ យកតាមចិត្ត បាញ់សម្លាប់អ៊ីចឹងៗអីធ្វើម៉េច»។
អាស៊ីសេរី មិនអាចរកប្រភពទាក់ទងលោក ឈូន ថាវរិន្ធ ដើម្បីសុំបំភ្លឺជុំវិញការចោទប្រកាន់នេះបានទេ នៅថ្ងៃទី១៥ ខែសីហា។
មេឃុំហាន់ជ័យ លោក ទិត្យ ឌីម៉ត់ បញ្ជាក់យ៉ាងខ្លីថា អាជ្ញាធរបានហៅភាគីសងខាងសម្របសម្រួលករណីនេះច្រើនសាដែរ តែពុំទទួលលទ្ធផល ដូច្នេះករណីនេះហួសពីសមត្ថភាពអាជ្ញាធរឃុំ៖ «ពិភាក្សាទៅឈ្លោះគ្នា អ៊ីចឹងបានឃុំអស់លទ្ធភាព ក៏បញ្ជូនតាមសំណើទៅរឿងហ្នឹង»។
ប្រធានសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) លោក សន ជ័យ កត់សម្គាល់ថា ជម្លោះដីធ្លីរវាងពលរដ្ឋ និងអ្នកមានអំណាចច្រើនតែអ្នកមានអំណាចមានប្រៀបជាងភាគីម្ខាង ហើយរូបភាពនេះបានកើតឡើងច្រើនក្នុងសង្គមដែលជាចំណុចចាប់ផ្ដើមនៃអយុត្តិធម៌សង្គម។
លោកថា ប្រសិនបើរដ្ឋាភិបាលបណ្ដោយឲ្យករណីនេះកើតឡើងដដែលទៀត គឺជាការជាន់ឈ្លីយុត្តិធម៌សង្គមដោយក្រុមមានអំណាចកាន់តែខ្លាំងទៅៗ បង្កប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពពលរដ្ឋ៖ «រឿងនេះយើងចង់ឲ្យសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការធ្វើម៉េចផ្ដល់សុវត្ថិភាពជូនពលរដ្ឋ។ អ្នកដែលមានទំនាស់ដីធ្លីហ្នឹង ធ្វើម៉េចកុំឲ្យមានការរំលោភបំពាន ឬក៏គំរាមកំហែងរបស់ភាគីណាមានប្រៀបដូចជាភាគីក្រុមដែលមានអំណាចមានបុណ្យស័ក្ដិ ឬក៏មានអាវុធ»។
លោក ទ្រុយ សូនី អះអាងថា កាលពីចុងឆ្នាំ២០០៨ មន្ត្រីយោធារូបនោះបានប្តឹងលោក និងប្រពន្ធលោកទៅសាលាដំបូងខែត្រក្រចេះ ពីបទបង្ករបួសស្នាមដោយចេតនា ហើយលោក និងប្រពន្ធត្រូវបានតុលាការឃុំខ្លួនមួយឆ្នាំកន្លះដោយអយុត្តិធម៌៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។