ពលរដ្ឋជាង ៤០គ្រួសារ រស់នៅឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខែត្រស្ទឹងត្រែង ចោទថា អ្នកមានប្រាក់មានអំណាចម្នាក់បណ្ដេញពួកគាត់ចេញពីលំនៅឋាន។ ការចោទប្រកាន់នេះ ធ្វើឡើងបន្ទាប់ពីពលរដ្ឋម្នាក់ ឈ្មោះ មាស មិត្ត បានលក់ដីធ្លីដែលជួលអោយពួកគាត់អាស្រ័យផលទៅឲ្យអ្នកភូមិផ្សេងទៀត ដោយបំពានកិច្ចសន្យា។
ពលរដ្ឋ ៤២គ្រួសារ រស់នៅភូមិវាលដេញ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ បារម្ភពីការបណ្ដេញចេញពីលំនៅឋាន បន្ទាប់ពីអ្នកមានប្រាក់ មានអំណាចម្នាក់ជាអតីតម្ចាស់កំពង់ចម្លងថាឡាបរិវ៉ាត់ ឈ្មោះ មាស មិត្ត រំលោភយកដីពួកគាត់កំពុងអាស្រ័យផលលក់ឲ្យអ្នកភូមិផ្សេងទៀត។
តំណាងពលរដ្ឋ លោក ឈឿន សុភា រៀបរាប់ថា កាលពីឆ្នាំ២០១៣ លោក មាស មិត្ត បានជួលពួកគាត់ ៤២គ្រួសារ ឲ្យសំអាតដី ៨៤០ហិកតារ ឋិតនៅតំបន់វាលដេញ ឃុំអន្លង់ជ្រៃស្រុកថាឡាបរិវ៉ាត់ ដោយក្នុងមួយហិកតារ តម្លៃ ៣៥ម៉ឺនរៀល និងឲ្យពលរដ្ឋអាស្រ័យផលរយៈពេល ៣ឆ្នាំ។ លោកថា ពលរដ្ឋអាស្រ័យផលទើបតែបានពីរឆ្នាំ លោក មាស មិត្ត បានលក់ដីទាំងនោះ ឲ្យអ្នកភូមិផ្សេងទៀត៖ «ទង្វើរបស់លោក មាស មិត្ត គឺគាត់កំពុងបោកប្រាស់ប្រជាជន ៤២គ្រួសារឲ្យសំអាតដីនោះឲ្យវាល ដើម្បីគាត់យកដីលក់។ សម្រាប់នៅតំបន់មូលដ្ឋាននេះលោក មាស មិត្ត គាត់មានឥទ្ធិពលគ្មានអ្នកណាធ្វើអីគាត់បានទេ ព្រោះគាត់គំរាមកំហែងគ្រប់រូបភាពទាំងអស់»។
អ្នកភូមិម្នាក់ទៀត លោកស្រី គី សាគុណ ត្អូញត្អែរថា ពលរដ្ឋ ៤២គ្រួសារ កំពុងជំពាក់បំណុលធនាគារ បន្ទាប់ពីពួកគាត់បានខ្ចីប្រាក់មកដាំដំណាំកសិកម្ម៖ «ខ្ញុំខ្វះមុខខ្វះក្រោយ តា មិត្ត (មាស មិត្ត) ដកដីមានតែខ្ញុំលក់ដីផ្ទះចេញ បានខ្ញុំបង់អង្គការដាច់។ តែខ្វះអង្គការ ហើយអង្គការគេមិនមែនចាំយើងទេ។ បើខ្ញុំថា និយាយថា ដីគាត់ គាត់ដេញខ្ញុំចេញ គាត់ចាប់ខ្ញុំដាក់គុកទៀត»។
កាលពីខែមេសា ឆ្នាំ២០១៣ ពលរដ្ឋ ៤២គ្រួសារ រស់នៅឃុំស្រែឫស្សី ស្រុកថាឡាបរិវ៉ាត់ និងមួយចំនួនមកពីខែត្រផ្សេង បានមកសំអាតដីចំនួន ៨៤០ហិកតារ ឋិតនៅចំណុចភ្នំម្លូ ភូមិវាលដេញ ឃុំអន្លង់ជ្រៃ ទៅឲ្យឈ្មោះ មាស មិត្ត ជាអតីតម្ចាស់កំពង់ចម្លងថាឡាបរិវ៉ាត់ ក្នុង ១ហិកតារ ៣៥ម៉ឺនរៀល និងអាស្រ័យផលរយៈពេល ៣ឆ្នាំ ហើយរហូតមកដល់បច្ចុប្បន្នពលរដ្ឋបានសំអាតដីបានជាង ២០០ហិកតារក្នុងនោះមួយផ្នែកបានដាំដំណាំដំឡូងមី។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទង អតីតម្ចាស់កំពង់ចម្លងថាឡាបរិវ៉ាត់ លោក មាស មិត្ត ដើម្បីសុំការបំភ្លឺជុំវិញការចោទប្រកាន់នេះបានទេ នៅថ្ងៃទី១២ ខែកុម្ភៈ ព្រោះទូរស័ព្ទមិនអាចទាក់ទងបាន។
ចំណែកលោកមេភូមិវាលដេញ លោក យស់ ម៉ៅ ទទួលស្គាល់លោក មាស មិត្ត ពិតជាមានដីនៅតំបន់នោះមែន ប៉ុន្តែមានមិនដល់រាប់រយហិកតារនោះទេ៖ «គាត់ជួលឲ្យធ្វើប៉ុន្មានឆ្នាំៗ»។
អ្នកភូមិអះអាងថា ព្រៃនៅតំបន់ភ្នំម្លូ ឋិតនៅភូមិវាលដេញ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ គឺជាផ្នែកមួយនៃព្រៃឡង់ កាលពី ៣ឆ្នាំមុនសំបូរដោយព្រៃស្រោង ឬព្រៃក្រាស និងជាជម្រកសត្វកម្រដូចជាខ្ទីង និងប្រើសជាដើម។ ចាប់តាំងពីឆ្នាំ២០១២ រហូតបច្ចុប្បន្ន អ្នកមានអំណាចមួយចំនួនឃុបឃិតជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ត្រីរដ្ឋបាលព្រៃឈើ បានជួលកម្មករកាប់រានដើម្បីយកដីប្រើប្រាស់ជាកម្មសិទ្ធិឯកជនអស់រាប់ពាន់ហិកតារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។