ពលរដ្ឋ​ជាង​២០​គ្រួសារ​នៅ​ស្រុក​សៀមប៉ាង​ផ្ដិត​មេដៃ​ប្ដឹង​មន្ត្រី​បរិស្ថាន​ដែល​រុះរើ​ផ្ទះ​ពួកគាត់

ដោយ ម៉ែន សុធីរ
2017.07.04
មន្ទីរ​បរិស្ថាន ស្ទឹងត្រែង ៨៥៥ មន្ទីរ​បរិស្ថាន ខែត្រ​ស្ទឹងត្រែង។ រូបថត​ថ្ងៃ​ទី​៤ ខែ​កក្កដា ឆ្នាំ​២០១៧
RFA/Men Sothyr

មន្ត្រី​បរិស្ថាន​ស្រុក​សៀមប៉ាង រង​ការ​ចោទ​ថា រុះរើ​លំនៅឋាន និង​បណ្ដេញ​ពលរដ្ឋ​ឲ្យ​ចាកចេញ​ពី​ដី​ដែល​ពួកគេ​ធ្លាប់​រស់​នៅ និង​បង្កបង្កើនផល​ជា​ច្រើន​ឆ្នាំ​ទាំង​បង្ខំ។ ការ​ចោទ​ប្រកាន់​នេះ ធ្វើ​ឡើង​ក្រោយ​ពី​មន្ត្រី​បរិស្ថាន និង​នគរបាល​មួយ​ក្រុម​បាន​នាំ​គ្នា​រុះរើ​ផ្ទះ​ពលរដ្ឋ​ចំនួន ៤​ខ្នង កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មិថុនា ដោយ​លើក​ហេតុផល​ថា ពលរដ្ឋ​មក​តាំង​ទី​លំនៅឋាន​ក្នុង​តំបន់​អភិរក្ស​ខុស​ច្បាប់។

ពលរដ្ឋ​ជាង ២០​គ្រួសារ​រស់នៅ​ឃុំ​ថ្មកែវ ស្រុក​សៀមប៉ាង ខែត្រ​ស្ទឹងត្រែង បាន​ផ្ដិត​មេដៃ​ដាក់​ញត្តិ​ស្នើ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​សង្គម​ស៊ីវិល​អន្តរាគមន៍​ទៅ​មន្ត្រី​បរិស្ថាន ឲ្យ​បញ្ឈប់​បំផ្លាញ​ទ្រព្យសម្បត្តិ​របស់​អ្នក​ភូមិ និង​ឈប់​គំរាម​បង្ខំ​ឲ្យ​ពួកគាត់​ចុះ​ចេញ​ពី​ដី​ដែល​​រស់​នៅ​សព្វថ្ងៃ។

តំណាង​ពលរដ្ឋ​រស់​នៅ​ឃុំ​ថ្មកែវ លោក គីម ចាន់ឌី ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​០៤ ខែ​កក្កដា ថា ក្រុម​ពលរដ្ឋ​ជាង ២០​គ្រួសារ នៅ​តែ​បន្ត​រស់​នៅ​ទី​នោះ​ទាំង​អារម្មណ៍​ភ័យ​ខ្លាច ដោយសារ​មន្ត្រី​បរិស្ថាន​ធ្លាប់​គំរាម​ដុត​ផ្ទះ ប្រសិនបើ​អ្នក​ភូមិ​នៅ​តែ​រឹងរូស​មិន​ព្រម​ចាក​ចេញ។ លោក​កត់សម្គាល់​ថា ពលរដ្ឋ ២៦​គ្រួសារ បាន​ទៅ​តាំង​ទី​លំនៅ​ចំណុច​ញ៉ាងស៊ុមធំ ជាប់​មាត់​ទន្លេ​សេកុង ក្នុង​ស្រុក​សៀមប៉ាង តាំង​ពី​ឆ្នាំ​២០១០ បាន​ដាំ​ដំណាំ និង​ធ្វើ​ស្រែ​ចិញ្ចឹម​ជីវិត។

លោក​ថា អ្នក​ភូមិ​ក្នុង​មួយ​គ្រួសារ​មាន​ដី​ទទឹង ២០​ម៉ែត្រ ទៅ ៣០​ម៉ែត្រ បណ្ដោយ ៤០​ម៉ែត្រ ទៅ ៥០​ម៉ែត្រ សរុប​ជិត ១០​ហិកតារ។ លើស​ពី​នេះ ពលរដ្ឋ​រស់​នៅ​ទី​នោះ​សុទ្ធសឹងតែ​ជា​ពលរដ្ឋ​ក្រីក្រ គ្មាន​ដី​ធ្វើ​ស្រែ​ចិញ្ចឹម​ជីវិត ហេតុនេះ​ពួកគាត់​ទាមទារ​ឲ្យ​អាជ្ញាធរ​បញ្ឈប់​ការ​បណ្ដេញ​ពួកគាត់​ដោយ​បង្ខំ ខណៈ​តំបន់​នោះ​ជាប់​មាត់​ទន្លេ​ងាយស្រួល​រស់​នៅ និង​នេសាទ​ត្រី​ចិញ្ចឹម​ជីវិត៖ «អត់​ឲ្យ​ទេ សុខ​ចិត្ត​ស្លាប់​លើ​ដី​ហ្នឹង​ហើយ ដើម្បី​ព្រោះ​ដី​ហ្នឹង​ពុំ​មែន​សម្រាប់​ធ្វើ​អាជីវកម្ម​ធំ​ដុំ​ទេ គឺ​ធ្វើ​ជា​លក្ខណៈ​គ្រួសារ​តិចតួច​ម៉េច​ឲ្យ។ ចាត់​ទុក​ថា អ្នក​ហ្នឹង​គឺ​ជា​អ្នក​បំផ្លាញ​របស់​កសិករ ហើយ​លោក​មិន​ល្អ​ទេ បើ​ចេះ​ដឹក​នាំ​ប្រជាពលរដ្ឋ​ថា ឥឡូវ​កាប់​ត្រឹម​នេះៗ​ទៅ ធ្វើ​អី​ក៏​ធ្វើ​ដែរ ត្រឹម​នេះៗ ប៉ុន្តែ​ពង្រីក​ត្រឹម​នេះ ខ្ញុំ​មិន​ឲ្យ​ពង្រីក​ទេ តែ​អា​នេះ​មក​គំរាម​បណ្ដោយ»

អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​មន្ទីរ​បរិស្ថាន​ខែត្រ​ស្ទឹងត្រែង លោក អេង ភីរុង ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​៤ ខែ​កក្កដា ព្រោះ​ទូរស័ព្ទ​ហៅ​ចូល​ពុំ​មាន​អ្នក​ទទួល។

មេ​ឃុំ​ថ្មកែវ លោក ស៊ីម ដាម បញ្ជាក់​យ៉ាង​ខ្លី​ថា អាជ្ញាធរ​ឃុំ​បាន​ទទួល​ពាក្យ​បណ្ដឹង​ពី​ពលរដ្ឋ​រួច​ហើយ និង​បាន​ចាត់​ឲ្យ​អាជ្ញាធរ​ឃុំ​ចុះ​ស៊ើប​អង្កេត​រឿង​នេះ​នៅ​ពេល​ឆាប់ៗ ព្រោះ​ពលរដ្ឋ​នៅ​តំបន់​នោះ​មួយ​ចំនួន​ជា​ពលរដ្ឋ​ចំណាក​ស្រុក​បាន​ទៅ​តាំង​ទីលំនៅ​ខុស​ច្បាប់​តាម​ដង​ទន្លេ។ តែ​យ៉ាងណា​អាជ្ញាធរ​មាន​ផែនការ​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​ជូន​ពលរដ្ឋ​ដែល​គ្មាន​ដី​ពិត​ប្រាកដ៖ «ខាង​បរិស្ថាន​ថ្ងៃ​នេះ​គាត់​មក​ជួប​ខ្ញុំ ដើម្បី​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ ស៊ើប​ផ្ទាល់​ជាមួយ​អាជ្ញាធរ និង​បញ្ហា​ប្រឈម​របស់​ប្រជាពលរដ្ឋ​តាម​ដង​ទន្លេ»

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខែត្រ​ស្ទឹងត្រែង លោក ហូ សំអុល  ចាត់​ទុក​ការ​រុះរើ​លំនៅឋាន​របស់​ពលរដ្ឋ​ដោយ​បង្ខំ​ជា​ករណី​ខុស​នីតិវិធី ប្រសិនបើ​មន្ត្រី​បរិស្ថាន និង​នគរបាល​ទាំង​នោះ​ពុំ​មាន​ដីកា​ពី​តុលាការ​ទេ។ លោក​ថា បើ​ការ​តាំង​ទីលំនៅ​របស់​ពលរដ្ឋ​ដើម្បី​ចិញ្ចឹម​ជីវិត​លក្ខណៈ​គ្រួសារ មិន​ប៉ះពាល់​ដី​ចំណី​មាត់​ទន្លេ អាជ្ញាធរ​គួរ​តែ​មាន​ការ​យោគយល់ ហើយ​អាជ្ញាធរ​រដ្ឋាភិបាល​គួរ​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​នៅ​កន្លែង​ណា​មួយ​សមរម្យ ប្រសិន​មាន​គម្រោង​បណ្ដេញ​ពួកគេ​ចេញ​ពី​តំបន់​នោះ៖ «បើសិនជា​គាត់​អត់​មាន​ទេ អាជ្ញាធរ​គួរ​​​ប្រាប់ ស្នើ​សុំ​ដី​សម្បទាន​សង្គមកិច្ច​ដើម្បី​ឲ្យ​គាត់​រស់​នៅ។ យើ​ង​មិន​កាន់​ជើង​អ្នក​ខូច​ទេ តែ​បើ​គាត់​អត់​ពិត​ប្រាកដ​មែន អាជ្ញាធរ​ដែនដី​ហ្នឹង​គាត់​គួរ​តែ​មើល​ចំណុច​ខ្វះខាត​របស់​ពួកគាត់។ តើ​​គាត់​កាន់​កាប់​ដី​យ៉ាង​ម៉េច​ឲ្យ​ស្របច្បាប់? បើ​អត់​មាន​ទេ អាច​ស្នើ​សុំ​ដី​សម្បទាន​សង្គមកិច្ច​ឲ្យ​ពួកគាត់»

លោក ហូ សំអុល ចាត់​ទុក​ការ​មក​តាំង​ទី​លំនៅ​របស់​ពលរដ្ឋ​ចំណូល​ស្រុក​លើ​ដី​ចំណី​ទន្លេ ថា​ជា​ការ​កាន់​កាប់​ដី​សាធារណរដ្ឋ​ខុស​ច្បាប់ ក៏ប៉ុន្តែ​លោក​ជំរុញ​ឲ្យ​ពលរដ្ឋ​ណា​គ្មាន​ដី​ពិតប្រាកដ ប្រញាប់​ដាក់​ពាក្យ​ស្នើ​សុំ​ដី​សម្បទាន​សង្គមកិច្ច​តាម​រយៈ​អាជ្ញាធរ​មូលដ្ឋាន សាមីជន​រស់​នៅ​ដើម្បី​អាជ្ញាធរ​ស្រុក-​ខែត្រ​ពិនិត្យ ហើយ​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ពន្លឿន​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​ជូន​ពលរដ្ឋ​ក្រីក្រ​ពិត​ប្រ​ប្រាកដ ដើម្បី​ស្របតាម​យុទ្ធសាស្ត្រ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រមុខ​រដ្ឋាភិបាល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។