ក្រុមហ៊ុន ថេត អែន ឡាល៍ (Tate & Lyle) ដែលមានមូលដ្ឋានក្នុងទីក្រុងឡុង (London) ប្រទេសអង់គ្លេស បានដកខ្លួនចេញពីសមាជិកភាពនៃសមាគមស្ករសល្អ ឬហៅថា Bonsucro។
ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមនេះបានទាមទារឲ្យក្រុមហ៊ុន ថេត អែន ឡាល៍ ដោះស្រាយសំណងជូនពលរដ្ឋខ្មែរក្នុងខេត្តកោះកុង ដែលរងគ្រោះដោយសារការវិនិយោគចំការអំពៅរបស់ក្រុមហ៊ុនឯកជនមួយរបស់ថៃ។
អ្នកគ្រប់គ្រងទូទៅនៃសមាគមស្ករសល្អ Bonsucro បានជូនដំណឹងទៅអង្គការសមធម៌កាលពីពេលថ្មីៗនេះថា ក្រុមហ៊ុនទិញស្ករសដ៏ធំបំផុតឈ្មោះ ថេត អែន ឡាល៍ បានលាឈប់ពីសមាជិកភាពរបស់សមាគមដើម្បីគេចវេះពីបណ្ដឹងទាមទារឲ្យមានការទទួលខុសត្រូវដោះស្រាយករណីសំណងជំងឺចិត្ត និងសំណងដីធ្លីដល់ពលរដ្ឋជាង ២០០គ្រួសារ ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង។
សមាគមស្ករសល្អ Bonsucro ជាសមាគមមួយដែលមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ ហើយជាសមាគមមួយដែលអនុញ្ញាត ឬបោះត្រាបញ្ជាក់លើផលិតផលស្ករសទាំងឡាយណាដែលនាំចូលទៅលក់ក្នុងបណ្តាប្រទេសនានា ក្នុងសហគមន៍អឺរ៉ុប។ សមាគមនេះតម្រូវឲ្យក្រុមហ៊ុនទទួលទិញស្ករស ឬក្រុមហ៊ុនផលិតស្ករសទាំងអស់ គោរពសិទ្ធិមនុស្ស ស្តង់ដារការងារ និងការពារបរិស្ថាន។
ប្រធានអង្គការសមធម៌កម្ពុជា លោក អៀង វុទ្ធី មានប្រសាសន៍ថា កាលពីឆ្នាំ២០១១ អង្គការរបស់លោកបានប្ដឹងទៅសមាគម Bonsucro ប្រឆាំងក្រុមហ៊ុន ថេត អែន ឡាល៍ ដោយសារក្រុមហ៊ុននោះទិញស្ករសរពីក្រុមថៃ ឈ្មោះ KSL ដែលដាំអំពៅផលិតស្ករសក្នុងខេត្តកោះកុង ហើយកំពុងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។
លោក អៀង វុទ្ធី បន្តថា ទោះបីក្រុមហ៊ុន ថេត អែន ឡាល៍ លាឈប់ពីសមាជិកភាពរបស់សមាគម Bonsucro ក៏ដោយ ក៏ក្រុមហ៊ុននេះមិនអាចរួចផុតពីបណ្ដឹងតាមផ្លូវច្បាប់នៅតុលាការក្នុងប្រទេសអង់គ្លេសនោះដែរ។
ក្រុមហ៊ុនដាំអំពៅផលិតស្ករសរបស់ថៃ KSL បានទទួលដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលកម្ពុជា ក្នុងឆ្នាំ២០០៦ ទំហំជិត ២ម៉ឺនហិកតារ ដែលដីទាំងនោះបានប៉ះទង្គិចដល់ដីចម្ការ និងដីភូមិទំហំជាង ១ពាន់ហិកតាររបស់ពលរដ្ឋជាង ២០០គ្រួសារ។
ក្រុមអ្នកស្រាវជ្រាវរបស់អង្គការសមធម៌កម្ពុជា រកឃើញថា រហូតមកដល់ពេលនេះ ក្រុមហ៊ុន ថេត អែន ឡាល៍ បានចំណេញពីផលិតផលស្ករសនៅកម្ពុជា ក្នុងតម្លៃជាង ១០លានដុល្លារសហរដ្ឋអាមេរិក។
ក្រុមមេធាវីអន្តរជាតិបានប្ដឹងក្រុមហ៊ុន ថេត អែន ឡាល៍ ទៅតុលាការពាណិជ្ជកម្មនៅប្រទេសអង់គ្លេស ឲ្យសងលុយចំណេញពីស្ករសជាង ១០លានដុល្លារសហរដ្ឋអាមេរិកនោះមកឲ្យអ្នកភូមិវិញ ដោយសារការជួញដូរផលិតផលស្ករសនេះធ្វើឡើងខុសពីក្រមសីលធម៌ពាណិជ្ជកម្ម និងច្បាប់អន្តរជាតិ។
វិទ្យុអាស៊ីសេរីនៅមិនអាចសុំការបំភ្លឺពីក្រុមហ៊ុន ថេត អែន ឡាល៍ បានទេ កាលពីថ្ងៃច័ន្ទ ទី៩ មិថុនា ទាក់ទិននឹងការលាឈប់របស់ក្រុមហ៊ុន ថេត អែន ឡាល៍ ពីសមាគមស្ករសល្អ Bonsucro នេះ។
មេធាវីអាមេរិកាំង លោក ម៉ាក ម័រស្ទែន (Mark Moorstein) នៃក្រុមហ៊ុនមេធាវី រីស៍ ប្រួន (Rees Broome) ហើយដែលជាអ្នកសកម្មធ្វើកិច្ចការក្នុងករណីទំនាស់របស់ពលរដ្ឋស្រុកស្រែអំបិល មានប្រសាសន៍ថា ក្រុមហ៊ុន ថេត អែន ឡាល៍ កំពុងលាក់កំបាំងមិនហ៊ានប្រឈមមុខក្នុងការដោះស្រាយ ឬបង្ហាញសកម្មភាពរកស៊ីជាមួយក្រុមហ៊ុនដែលកំពុងរំលោភសិទ្ធិមនុស្សពីការវិនិយោគចម្ការអំពៅនៅខេត្តកោះកុង។
លោក ម៉ាក ម័រស្ទែន៖ «ខ្ញុំគិតថា នេះជាសញ្ញាដ៏ច្បាស់លាស់មួយដែលក្រុមហ៊ុន ថេត អែន ឡាល៍ ខ្លួនឯងមានការភ័យខ្លាចក្នុងការឆ្លើយតបហើយមិនហ៊ានចូលរួមដោះស្រាយ និងបង្ហាញអំពីសកម្មភាពរបស់ខ្លួន»។
អង្គការសមធម៌កម្ពុជា ឲ្យដឹងថា ប្រសិនបើក្រុមហ៊ុន ថេត អែន ឡាល៍ មិនចូលខ្លួនដោះស្រាយសងសំណងដល់ពលរដ្ឋជាង ២០០គ្រួសារ ក្នុងស្រុកស្រែអំបិល ប្រកបដោយតម្លាភាពទេ នោះក្រុមហ៊ុននេះនឹងប្រឈមមុខក្នុងសវនាការនៃតុលាការពាណិជ្ជកម្មក្នុងឆ្នាំ២០១៤នេះ ដោយជៀសមិនរួច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។