តំណាង​សហគមន៍​ដីធ្លី​ខេត្ត​ស្វាយរៀង​ត្រូវ​អាជ្ញាធរ​ហៅ​​បំភ្លឺ​រឿង​ដាក់​ញត្តិ​នៅ​ភ្នំពេញ

0:00 / 0:00

អាជ្ញាធរ​ឃុំ​អណ្ដូង​ត្របែក ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង កោះហៅ​តំណាង​សហគមន៍​ចំនួន ៤​នាក់​ទៅ​សាកសួរ ជុំវិញ​ករណី​ប្រជាពលរដ្ឋ​ឡើង​មក​ដាក់​ញត្តិ សុំ​អន្តរាគមន៍​ដោះស្រាយ​វិវាទ​ដីធ្លី តាម​ក្រសួង​ស្ថាប័នរដ្ឋ​នៅ​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១២ មីនា។ តំណាង​សហគមន៍ និង​មន្ត្រី​សង្គម​ស៊ីវិល ⁣ យល់ថា ការ​កោះហៅ​ទៅ​សាកសួរ​នេះ​ជា​រូបភាព​បែប​គំរាមកំហែង និង​បំបាក់​ស្មារតី​សហគមន៍​ដីធ្លី ដែល​ហ៊ាន​ធ្វើ​ការ​ស្វែងរក​ដំណោះស្រាយ​បញ្ហា​ដីធ្លី។

តំណាង​សហគមន៍​ដីធ្លី​អណ្ដូងត្របែក លោក ឡូញ ⁣ថា រៀបរាប់​ថា មេឃុំ មេ​ប៉ុស្តិ៍​អណ្ដូងត្របែក និង​អាជ្ញាធរ​រមាសហែក ២​នាក់​ទៀត បាន​កោះហៅ​ពលរដ្ឋ​ចំនួន​៤​នាក់ អោយ​ទៅ​ចូល​ទៅ​ជួប​ម្នាក់​ម្ដងៗ នៅ​ក្នុង​សាលាឃុំ ដើម្បី​សួរនាំ​ជុំវិញ​ករណី​ពួកគាត់​ឡើង​ទៅ​រក​កិច្ច​អន្តរាគមន៍​ពី​អាជ្ញាធរ​ថ្នាក់​ជាតិ ជួយ​ដោះស្រាយ​វិវាទ​ដីធ្លី កាលពី​ទី​១២ ខែ​មីនា។

លោក​បន្ថែម​ថា អាជ្ញាធរ​ទាំងនោះ បាន​សួរ​ពួកគាត់​ក្នុង​ម្នាក់​ជាង​កន្លះម៉ោង ថា តើ​គាត់​ទៅ​ដាក់​ញត្តិ នោះ​មាន​គ្នា​ប៉ុន្មាន​នាក់ នរណា​ដឹកនាំ ហេតុ​អី​បានជា​ស្គាល់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ក្រសួង​ដែនដី និង រដ្ឋសភា​ជាតិ៖ «អាជ្ញាធរ​គេ​សាកសួរ​ពួក​ខ្ញុំ​ថា ពួកខ្ញុំ​ទៅ​ដាក់​ញ្ញត្តិ​ហ្នឹង​ស្គាល់​តាមរយៈ​ណា ? ខ្ញុំ​ឆ្លើយ​ថា ស្គាល់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ព្រោះ​ទៅ​ដាក់​បី​បួន​ដង​ហើយ ពេល​ទៅ​ដាក់ មន្ត្រី​ទីនោះ ចេះ​តែ​ប្រាប់​តទៅ​ទៀត។ គេសួរថា បាន​លុយ​មក​ពី​ណា ខ្ញុំ​ថា លក់​មាន់​លក់​ទា​និយាយ​រួម​គឺ​លុយ ផ្ទាល់ខ្លួន​ឯង​ដើម្បី​ទៅ​ដាក់​ញ្ញត្តិ​ពីព្រោះ បញ្ហា​វិវាទ​ដីធ្លី​របស់​ពួក​ខ្ញុំ​មិនមែន​ទើប​កើត​ឡើង ឆ្នាំ​ហ្នឹង​ទេ​គឺ​វា​យូរ​ឆ្នាំ​ហើយ»។

កាលពី​ថ្ងៃ​ទី​១២ ខែ​មីនា តំណាង​សហគមន៍​អណ្ដូងត្របែក​មួយ​ក្រុម បាន​ឡើង​ទៅ​ជួបជុំគ្នា​ជាមួយ តំណាង​សហគមន៍​រងគ្រោះ​ដីធ្លី​ចំនួន ៣៧ មកពី​ខេត្ត​ចំនួន​៤ គឺ​ខេត្ត​ត្បូងឃ្មុំ ស្វាយរៀង កណ្ដាល និង​ខេត្ត​ព្រះសីហនុ ដើម្បី​ដើរ​ដាក់​ញត្តិ​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ក្រសួង​ដែនដី និង​រដ្ឋសភា ដើម្បី​ស្នើ​សុំ​ឲ្យ​ស្ថាប័ន​ទាំង​បី ពន្លឿន​ដំណោះស្រាយ​ដីធ្លី រ៉ាំរ៉ៃ​របស់​ពួកគាត់​ឲ្យ​បាន​ឆាប់ ខណៈ​ដែល​ពួកគេ​កំពុង​ជួប​ការ​លំបាក​ក្នុង​ជីវភាព។

មេ​ប៉ុស្តិ៍​អណ្ដូងត្របែក លោក កឹង ប៊ុនធឿន បដិសេធ​ថា លោក​មិន​បាន​ដឹង​រឿង​ហៅ​ពលរដ្ឋ​សួរនាំ នេះ​ទេ។ ចំណែក​មេឃុំ​អណ្តូងត្របែក លោក គង់ វិត ប្រាប់​អាស៊ីសេរី​យ៉ាង​ខ្លី​ថា ការ​ដែល​អាជ្ញាធរ ហៅ​តំណាង​សហគមន៍​ទាំងនោះ​ទៅ​សួរនាំ មក​ពី​លោក មិន​បាន​ដឹង​ថា ប្រជាពលរដ្ឋ​ទាំងនោះ​ទៅ​ណា រួច​ហើយ​លោក​ក៏​បិទ​ទូរស័ព្ទ​វិញ​ភ្លាម៖ «យ៉ែ ... បាន​ជា​ហៅ​មក​សួរ​ហ្នឹង ព្រោះ​ចេញ​ពី​ភូមិ​ទៅ​ដោយ​អត់​ដឹង​មូលហេតុ។ អ៊ីចឹង​ទើប​ហៅ​មក​សួរ»

តំណាង​ពលរដ្ឋ​ឲ្យ​ដឹង​ថា ទំនាស់​ដីធ្លី​នៅ​ឃុំ​អណ្តូងត្របែក គឺ​មាន​ពលរដ្ឋ​ប្រមាណ ៥៣៤​គ្រួសារ បាន រង​ផល​ប៉ះពាល់​ដី​ជាង ៥៥​ហិកតារ​ជាមួយ​គម្រោង​ផ្ដល់​ដី​សង្គមកិច្ច​របស់​រដ្ឋាភិបាល។

អគ្គលេខាធិការ​អគ្គលេខាធិការ​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង សាវឿន ចាត់​ទុក​ករណី អាជ្ញាធរ​ហៅ​ពលរដ្ឋ​ទៅ​សួរនាំ​នេះ​ជា ការ​បំភិតបំភ័យ និង​ជា​ការ​គំរាមកំហែង​មក​ឲ្យ​ពលរដ្ឋ​ចេញ​តវ៉ា​រឿង​បញ្ហា​នានា ដែល​អាជ្ញាធរ​ថ្នាក់ក្រោម​មិន​អាច​ដោះស្រាយ​បាន៖ «រឿង​អាជ្ញាធរ ហៅ​ពលរដ្ឋ​ទៅ​សួរនាំ​នេះ វា​គឺ​ជា​រូបភាព​បែប​គំរាមគំហែង និង​ហាក់ដូចជា​មាន​ចេតនា​ចង់​បិទបាំង​រឿងរ៉ាវ​ទំនាស់​ដីធ្លី​នៅ​ក្នុង​មូលដ្ឋាន មិន​អោយ​អាជ្ញាធរ​ថ្នាក់​ជាតិដឹ​ង និង​ជួយ​អន្តរាគមន៍​ដោះស្រាយ។ មួយ​វិញទៀត អាជ្ញាធរ​មូលដ្ឋាន ហាក់ដូចជា​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ករណី​វិវាទ​ដីធ្លី​ដែល​បរាជ័យ ក្នុង​ការ​ដោះស្រាយ ហើយ​ប្រជាពលរដ្ឋ ខំ​ស្វះស្វែង​រក​ដំណោះស្រាយ​ទៅ​ដល់​អាជ្ញាធរ​ថ្នាក់​ជាតិ »

លោក ថេង សាវឿន ជំរុញ​អោយ​អាជ្ញាធរ​មូលដ្ឋាន បញ្ឈប់​សកម្មភាព​គំរាម​កំហែង​គ្រប់​រូបភាព​និង​ចូលរួម​ដោះស្រាយ​ទំនាស់​ដីធ្លី​ដោយ​សន្តិវិធី ជាមួយ​ប្រជាពលរដ្ឋ ដើម្បី​អោយ​ប្រជាពលរដ្ឋ ឆាប់​បាន​ដីធ្លី សម្រាប់​បង្កបង្កើនផល​ចិញ្ចឹម​ជីវិត ខណៈ​ពេល​នេះ ជីវភាព​របស់​ពួកគាត់​កំពុងតែ​លំបាក​ខ្លាំង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។