ពលរដ្ឋ​នៅ​ស្រុក​មេមត់​ស្នើ​ឱ្យ​អាជ្ញាធរ​ជួយ​អន្តរាគមន៍​លើ​ករណី​សំណង់​បំពាន​ដី​ផ្លូវ

0:00 / 0:00

ប្រជាពលរដ្ឋ​រស់​នៅ​ជាប់​ផ្សារ​មេមត់ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ លើក​ឡើង​ថា ម្ចាស់​ផ្ទះល្វែង​មួយ​កន្លែង​កំពុង​សាងសង់​ផ្ទះល្វែង​របស់​ខ្លួន​រំលោភ​លើ​ដី​ផ្លូវ​សាធារណៈ។ ពួកគេ​លើក​ឡើង​ថា ការ​សាងសង់​បែប​នេះ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ​មិន​ខាន​ឡើយ។ យ៉ាង​ណា​អភិបាល​ស្រុក​មេមត់ បញ្ជាក់​ថា លោក​បាន​បញ្ជា​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ​ចុះ​ស្រាវជ្រាវ​ជុំវិញ​បញ្ហា​នេះ​រួច​ហើយ។

ប្រជាពលរដ្ឋ​លើក​ឡើង​ថា ការ​ដាក់​ពាក្យ​ប្តឹង​ទៅ​អាជ្ញាធរ​មូលដ្ឋាន ឬ​មន្ត្រី​ពាក់ព័ន្ធ គឺ​នៅ​មិន​ទាន់​ទទួល​លទ្ធផល​វិជ្ជមាន​ឡើយ ព្រោះ​មិន​ដែល​ឃើញ​មន្ត្រី​ទាំង​នោះ​ចុះ​ទៅ​ដោះស្រាយ​បញ្ហា​ស្រប​តាម​ពាក្យ​បណ្ដឹង​របស់​ពលរដ្ឋ​ជុំវិញ​ការ​សាងសង់​ផ្ទះល្វែង​រំលោភ​នៅ​ដី​ផ្លូវ​សាធារណៈ​នោះ។

​ពលរដ្ឋ​រស់​នៅ​ភូមិ​មេមត់ផ្សារ ជាប់​ផ្ទះល្វែង​ដែល​កំពុង​សាងសង់​លោក អ៊ឹង សុខផេង មាន​ប្រសាសន៍​ថា ការ​សាងសង់​ផ្ទះល្វែង​រំលោភ​ដី​ផ្លូវ​នោះ នឹង​បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់​ការ​ធ្វើ​ដំណើរ​ចេញ​ចូល​របស់​អ្នកភូមិ ពិសេស​ពលរដ្ឋ រស់​នៅ​ក្បែរ​តំបន់​នោះ​មិន​ខាន។ លោក​បន្ត​ថា ប្រជាពលរដ្ឋ​បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​មន្ត្រី​អាជ្ញាធរ ប៉ុន្តែ​មិន​ទាន់​ឃើញ​ចំណាត់​ការ​ណា​មួយ​លើ​ម្ចាស់​ផ្ទះល្វែង ដែល​ប្រជាពលរដ្ឋ​ស្គាល់​ថា ជា​របស់​លោក លី គឹមឡេង៖ «តាម​ពិត​ទៅ សំណង់​លោក លី គឹមឡេង គាត់​សាងសង់​លើ​ទ្រូងផ្លូវ​តែម្ដង»

​កាល​ពី​ថ្ងៃ​ទី​៨ ខែ​មករា ពលរដ្ឋ​ជាង ៤០​នាក់ បាន​ប្រមូល​ស្នាម​មេដៃ ហើយ​ដាក់ពាក្យ​ប្ដឹង​ទៅ​អភិបាល​ស្រុក​មេមត់ ចំពោះ​ម្ចាស់​ផ្ទះល្វែង​ដែល​កំពុង​សាងសង់​សម្រាប់​ជួល ឬ​លក់ ថា​បាន​បំពាន​លើ​ដី​ផ្លូវ​សាធារណៈ ចំណុច​ក្រោយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​មេមត់ ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន។ ក្នុង​ពាក្យ​បណ្ដឹង​បញ្ជាក់​ថា ដំណើរ​ការ​សាងសង់​ផ្ទះ​ល្វែង​នោះ បាន​រំលោភ​ដី​ផ្លូវ​ជាង ១​មួយ​ម៉ែត្រ។ ពលរដ្ឋ​ទាំង​នោះ​ចង់​ឱ្យ​អាជ្ញាធរ​ជួយ​ទប់ស្កាត់​ការ​សាងសង់ ព្រមទាំង​ទាមទារ​ដី​ផ្លូវ​នោះ​ត្រឡប់​មក​វិញ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​លោក លី គឹមឡេង ដែល​ពលរដ្ឋ​អះអាង​ថា ជា​ម្ចាស់​ផ្ទះល្វែង​នោះ​បាន​ទេ នៅ​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ។

បើ​ទោះ​ជា​យ៉ាង​ណា អភិបាល​ស្រុក​មេមត់ លោក ចេង ប៊ុណ្ណារ៉ា មាន​ប្រសាសន៍​ថា ខាង​លោក​បាន​ឱ្យ​មន្ត្រី​សុរិយោដី​ចុះ​ពិនិត្យ​បញ្ហា​នេះ ប៉ុន្តែ​មិន​ទាន់​មាន​របាយការណ៍​ត្រឡប់​វិញ​ថា យ៉ាង​ណា​ទេ។

លោក​បញ្ជាក់​ទៀត​ថា ដី​ផ្លូវ​នៅ​តំបន់​ផ្សារ​មេមត់ ពី​មុន​មក​ប្រជាពលរដ្ឋ​នៅ​ទី​នោះ​នាំ​គ្នា​ធ្វើ​រំលោភ​លើ​ដី​ផ្លូវ​ដូច​គ្នា គឺ​មុន​ពេល​លោក​ទៅ​កាន់​តំណែង​ជា​អភិបាល​ស្រុក​ទៅ​ទៀត។ ជាមួយ​គ្នា​នេះ ករណី​សាងសង់​ផ្ទះល្វែង​រំលោភ​លើ​ដី​ផ្លូវ​ថ្មីៗ​នេះ អាជ្ញាធរ​ក៏​បាន​ហាមឃាត់​ដែរ តែ​គេ​មិន​ព្រម​ស្ដាប់ ហើយ​លោក​ថា នឹង​អាច​មាន​វិធានការ​ផ្លូវ​ច្បាប់​ទៀត​ផង៖ «បើ​ធ្វើ​រំលោភ​លើ​ដី​ថ្នល់​មាន​តែ​រុះរើ ប៉ុណ្ណឹង បើ​យើង​អនុវត្ត»

យ៉ាង​ណា ប្រជាពលរដ្ឋ​នៅ​ទី​នោះ​អះអាង​ថា ពួកគេ​ធ្វើ​ផ្ទះ​ប៉ះពាល់​លើ​ដី​ផ្លូវ​ពី​មុន គឺ​តាំង​ពី​មិន​ទាន់​មាន​ផ្លូវ​ច្បាស់លាស់​​ម្ល៉េះ ហើយ​ជា​តំបន់​នៅ​មាន​ព្រៃឈើ​នៅ​ឡើយ។ បន្ថែម​ពី​នេះ មន្ត្រី​សុរិយោដី​ពេល​នោះ​ក៏​បាន​យល់ព្រម​ឱ្យ​ពលរដ្ឋ​សាងសង់​ទៀត​ផង។ លោក អ៊ឹង សុខផេង យល់​ថា អាជ្ញាធរ​ហាក់​ច្រណែន​ទៅ​នឹង​ប្រជាពលរដ្ឋ​ដែល​បាន​រស់​នៅ​មុនៗ ទៅ​វិញ។

ទោះបីជា​យ៉ាង​ណា​ក៏ដោយ សមាជិក​ក្រុមប្រឹក្សា​ស្រុក​មេមត់ គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​តាម​ដាន​រឿង​នេះ លោក គង់ សំអាន យល់​ថា ពលរដ្ឋ​សាងសង់​ផ្ទះ​ប៉ះពាល់​លើ​ដី​ចំណី​ផ្លូវ​កាល​ពី​គ្រា​មុន អាច​ដោយសារ​អាជ្ញាធរ​មិន​បាន​ដឹង ប៉ុន្តែ​នៅ​ពេល​ថ្មីៗ​នេះ មាន​បណ្ដឹង​របស់​ពលរដ្ឋ​ច្បាស់លាស់ ហើយ​អាជ្ញាធរ​នៅ​តែ​មិន​ព្រម​ចាត់​វិធានការ​ទៀត។

លោក​យល់​ថា មូលហេតុ​បណ្ដោយ​ឱ្យ​ម្ចាស់​ផ្ទះ​ល្វែង​អាច​សាងសង់​រំលោភ​លើ​ដី​ផ្លូវ គឺ​អាច​មាន​ការ​ឃុបឃិត​គ្នា​តែម្ដង៖ «ព្រោះ​យើង​ជំនាញ យើង​ត្រូវ​តែ​ប្រាប់ យើង​ត្រូវ​ដឹង ព្រោះ​គ្មាន​ច្បាប់​ណា​មក​ឱ្យ​ធ្វើ​លើ​ផ្លូវ​ទេ»

​លោក​បន្ថែម​ទៀត​ថា បញ្ហា​នេះ លោក​ក៏​បាន​លើក​ឡើង​នៅ​ក្នុង​អង្គប្រជុំ​ថ្នាក់​ស្រុក​ទៀត​ផង ប៉ុន្តែ​គ្មាន​ដំណោះស្រាយ។ សមាជិក​ក្រុមប្រឹក្សា​ស្រុក​គណបក្ស​ប្រឆាំង​រូប​នេះ នឹង​រង់ចាំ​មើល​ដំណោះស្រាយ​របស់​មន្ត្រី​ពាក់ព័ន្ធ​បន្ត​ទៀត ហើយ​ប្រសិនបើ​នៅ​គ្មាន​លទ្ធផល ខាង​លោក​រួម​នឹង​ប្រជាពលរដ្ឋ គឺ​ត្រូវ​យក​ពាក្យ​បណ្ដឹង​ដាក់​ទៅ​ថ្នាក់​ខេត្ត​បន្ថែម​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។