ប្រជាពលរដ្ឋនៅឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន ម៉ែន សារុន នៅតែបារម្ភចំពោះនីតិវិធីជុំវិញការផ្ដល់ប្លង់កម្មសិទ្ធិជូនពួកគាត់ ពីព្រោះអាជ្ញាធរចេះតែពន្យារពេល បើទោះបីជារាជរដ្ឋាភិបាលធ្លាប់ប្រកាសកាត់ផ្ទៃដីមានទំនាស់ជាមួយក្រុមហ៊ុនជូនពលរដ្ឋក្តី។ ជាងនេះទៀត អាជ្ញាធរមូលដ្ឋានបញ្ជាក់ប្រាប់ពលរដ្ឋនៅពេលថ្មីៗនេះ ថាដីទាំងនោះនៅតែជាដីទំនាស់ដដែល ហើយអាជ្ញាធរមិនអាចដោះស្រាយបានទេ។
ប្រជាពលរដ្ឋនៅឃុំជាំក្រវៀន ដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុន ម៉ែន សារុន ស្នើឱ្យអាជ្ញាធរពាក់ព័ន្ធជួយពន្លឿនការផ្ដល់ប្លង់កម្មសិទ្ធិស្របច្បាប់ជូនពួកគាត់ឱ្យបានមុនពេលបោះឆ្នោតឃុំ ឬសង្កាត់ចូលមកដល់។
ការស្នើនេះ ដោយពលរដ្ឋមើលឃើញថា នីតិវិធីរបស់អាជ្ញាធរចេះតែពន្យារពេល ហើយពួកគាត់ចេះតែបារម្ភថា ប្រសិនបើបញ្ហានេះ មិនអាចដោះស្រាយចប់មុនពេលបោះឆ្នោតបាននីតិវិធីក្នុងការដោះស្រាយអាចនឹងប្រែប្រួលមិនខាន។
ប្រជាពលរដ្ឋនៅឃុំជាំក្រវៀន ម្នាក់ លោក កម ស្រស់ ឱ្យដឹងថា តាំងពីរាជរដ្ឋាភិបាលប្រកាសកាត់ដីមានទំនាស់ជាមួយក្រុមហ៊ុន ប្រគល់ជូនពួកគាត់កាលពីខែសីហា ឆ្នាំ២០១៦ ប៉ុន្តែបច្ចុប្បន្នពលរដ្ឋនៅមិនទាន់ទទួលបានប្លង់កម្មសិទ្ធិទេ។ បន្ថែមពីនេះ អាជ្ញាធរមូលដ្ឋានធ្លាប់បានហៅតំណាងពលរដ្ឋចូលរួមជជែកអំពីវិធីដោះស្រាយ និងប្រាប់ពលរដ្ឋម្ដងហើយម្ដងទៀត ថារាជរដ្ឋាភិបាលបានកាត់ដីមានទំនាស់ជូនពួកគាត់ហើយ ប៉ុន្តែថ្មីៗ នៅពេលអ្នកភូមិត្រូវការបញ្ជាក់កម្មសិទ្ធិដីធ្លីដើម្បីអាចយកទៅខ្ចីប្រាក់ពីគ្រឹះស្ថានហិរញ្ញវត្ថុ អាជ្ញាធរមិនព្រមបញ្ជាក់ឱ្យឡើយ ក្រោមហេតុផលថា ដីទាំងនោះកំពុងមានទំនាស់។ លើសពីនេះ នៅពេលក្រុមហ៊ុនទៅជីកផ្ដាច់ផ្លូវធ្វើដំណើរកាលពីខែកញ្ញា ឆ្នាំ២០១៦ អាជ្ញាធរក៏មិនអាចដោះស្រាយអ្វីជូនពលរដ្ឋបានដែរ៖ «ខ្ញុំភ័យខ្លាចណាស់ដោយសារតែកន្លងទៅខ្ញុំធ្លាប់ឃើញហើយ ព្រោះតែឥឡូវនេះដោយសារជិតបោះឆ្នោតទេ ទើបពួកគាត់មិនហ៊ានមកគំរាមកំហែងពលរដ្ឋ»។
ជម្លោះដីធ្លីរវាងក្រុមហ៊ុន ម៉ែន សារុន ជាមួយពលរដ្ឋ គឺកើតឡើងខ្លាំងតាំងពីឆ្នាំ២០១៤។
កាលពីខែសីហា ឆ្នាំ២០១៦ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា បានសរសេរនៅលើគេហទំព័រហ្វេសប៊ុក (Facebook) របស់លោក ដោយបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រី សម្រេចប្រគល់ដីជិត ២ពាន់ហិកតារ (១.៩៦០) ដែលជាដីពាក់ព័ន្ធក្រុមហ៊ុន ម៉ែន សារុន ឱ្យទៅពលរដ្ឋ ៦៤៣គ្រួសារ នៅឃុំជាំក្រវៀន ឃុំទន្លូង ឃុំចាន់មូល ឃុំរូង ឃុំត្រមូង និងឃុំជាំ ក្រោមទម្រង់ដីសម្បទានសង្គមកិច្ច។ ប៉ុន្តែមកទល់ពេលនេះ ពលរដ្ឋនៅមិនទាន់ទទួលបានប្លង់កម្មសិទ្ធិដីទាំងនោះជាផ្លូវការឡើយ ហើយទំនាស់រវាងពលរដ្ឋ និងក្រុមហ៊ុនចេះតែកើតមានបន្តបន្ទាប់។
អាស៊ីសេរី មិនអាចទាក់ទងអភិបាលរងខេត្តត្បូងឃ្មុំ ទទួលបន្ទុកដីធ្លី លោក ហាក់ សុខមករា បានទេ នៅថ្ងៃទី៤ ខែមេសា។
តំណាងប្រជាពលរដ្ឋនៅឃុំជាំក្រវៀន លោក ផុន សុផល មានប្រសាសន៍ថា ប្រសិនបើអាជ្ញាធរចេះតែពន្យារពេលមិនព្រមផ្ដល់ប្លង់កម្មសិទ្ធិជូនពួកគាត់ទៀត គឺបង្ហាញពីការបោកប្រាស់អ្នកភូមិដើម្បីបានសំឡេងឆ្នោតប៉ុណ្ណោះ។ លោកបន្តថា ប្រជាពលរដ្ឋនឹងរៀបចំពាក្យបណ្ដឹង ហើយយកទៅដាក់នៅថ្នាក់ស្រុក ខេត្ត និងថ្នាក់ជាតិម្ដងទៀតនៅពេលឆាប់ៗនេះ៖ «ការបោកប្រាស់យកសំឡេងឆ្នោត គឺគ្រាន់តែជារូបភាពថា កាត់ឱ្យៗៗ ដើម្បីទិញទឹកចិត្តពីពលរដ្ឋដើម្បីឱ្យពលរដ្ឋហ្នឹងបោះឆ្នោតឱ្យ ព្រោះជិតរដូវកាលបោះឆ្នោតហើយ»។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (ADHOC) ខេត្តត្បូងឃ្មុំ លោក នាង សុវ៉ាត មានប្រសាសន៍ថា ការព្រួយបារម្ភរបស់ពលរដ្ឋគឺជារឿងត្រឹមត្រូវម្យ៉ាង ដោយសារពួកគាត់ធ្លាប់មើលឃើញថា ច្បាប់គឺមានភាពទន់ខ្សោយជាងអណ្ដាតរបស់អ្នកធំ៖ «ដល់អ៊ីចឹងហើយការបារម្ភរបស់គាត់ហ្នឹង គឺអត់ខុសទេ។ បើយើងនិយាយរឿងច្បាប់វិញ គឺអត់អាចបារម្ភបានទេ កាលណារបស់គាត់ គឺរបស់គាត់ហើយ»។
មន្ត្រីសង្គមស៊ីវិលដដែលយល់ថា ដើម្បីឱ្យប្រជាពលរដ្ឋមានភាពកក់ក្ដៅ រាជរដ្ឋាភិបាល ឬអាជ្ញាធរត្រូវអនុវត្តតាមច្បាប់ និងគោរពការសន្យារបស់ខ្លួន ហើយផ្ដល់ប្លង់កម្មសិទ្ធិជូនពលរដ្ឋ ស្របតាមច្បាប់ដោយមិនប្រកាន់បក្ខពួក និងមិនត្រូវធ្វើឡើងដោយគិតប្រយោជន៍រឿងនយោបាយឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។