ប្រជាពលរដ្ឋនៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ត្អូញត្អែរពីភាពលំបាកដោយសារដីសហគមន៍ដែលអ្នកភូមិ ពិសេសជនជាតិដើមភាគតិចស្ទៀង ធ្លាប់អាស្រ័យផលកន្លងមក ត្រូវបានធ្លាក់ទៅលើដៃក្រុមហ៊ុនមួយចំនួនទៅវិញ។ ពួកគេស្នើឱ្យលោកនាយករដ្ឋមន្ត្រីជួយអន្តរាគមន៍ដកហូតដីទាំងនោះប្រគល់ជូនប្រជាសហគមន៍វិញ សម្រាប់បង្កបង្កើនផលចិញ្ចឹមជីវិត។
ប្រជាពលរដ្ឋរស់នៅតំបន់ដែលជាអតីតទីតាំងអនុស្សាវរីយ៍ដ៏ជូរចត់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅឃុំទន្លូង លើកឡើងថា ជីវភាពរបស់ពួកគាត់បច្ចុប្បន្នកាន់តែពិបាកជាងទៀត ដោយសារដីធ្លីរបស់ពួកគាត់ធ្លាប់អាស្រ័យផលកន្លងមកមានក្រុមហ៊ុនមួយចំនួនរំលោភយក ហើយយកដីទាំងនោះមួយចំណែកជួលទៅឱ្យជនជាតិវៀតណាម ដាំដំណាំទៀតផង។
ក្នុងឱកាសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញទៅចូលរួមទិវារំលឹកការចងចាំនៃដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត កាលពីថ្ងៃទី២១ ខែមិថុនា នៅភូមិកោះថ្ម ឃុំទន្លូង មានអ្នកភូមិម្នាក់ គឺអ្នកស្រី អ៊ីម សំអាន ដែលធ្លាប់ស្គាល់ និងរាប់អានជាមួយលោក ហ៊ុន សែន បានឡើងទៅជួបផ្ទាល់ជាមួយលោកនាយករដ្ឋមន្ត្រី។
លោកនាយករដ្ឋមន្ត្រីបានថ្លែងទៅកាន់ស្ត្រីរូបនោះបែបលេងសើចថា កាលពីក្រមុំ គឺមានសម្រស់ស្រស់ស្អាត ប៉ុន្តែបច្ចុប្បន្ន គឺខុសពីមុនឆ្ងាយណាស់។ ស្ត្រីរូបនោះបានឆ្លើយទៅកាន់លោក ហ៊ុន សែន វិញថា សម្រស់ធ្លាក់ចុះដោយសារតែពិបាកចិត្តខ្លាំងពេក ព្រោះកូនចៅច្រើន ប៉ុន្តែមិនមានដីសម្រាប់បង្កបង្កើនផលចិញ្ចឹមជីវិតទេ ដោយសារក្រុមហ៊ុនឈូសឆាយយក។
លោកនាយករដ្ឋមន្ត្រីបានសួរនាំអំពីរឿងរ៉ាវដីធ្លី និងបានស្ដាប់ការត្អូញត្អែរពីភាពលំបាករបស់ស្ត្រីរូបនោះ ហើយគាត់ក៏បានហៅរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា មកជួប និងបញ្ជាឱ្យដោះស្រាយបញ្ហានេះ បើទោះបីជាត្រូវទិញដីដែលបាត់បង់នោះមកឱ្យអ្នកស្រី សំអាន វិញក៏ដោយ៖ «ទៅមើលដីនៅកន្លែងណា? ព្រោះដីកាលហ្នឹងវាអត់មានប្លង់មានអីទេ។ ចំណាំយើងហ្នឹង ចំណាំអី? មានបុះអីនៅខាងក្នុង? ហើយយើងហ្នឹងធ្វើបុះណា? (សំអាន៖ ខ្ញុំធ្វើគ្រប់កន្លែងកាលណោះ ព្រោះដីវាវិលជុំ)។ អើចុះដើរធ្វើគ្រប់កន្លែងអីចឹងទើបវាពិបាក»។
តំណាងប្រជាសហគមន៍ជនជាតិដើមភាគតិចស្ទៀង នៅភូមិចង្គុំទី១ ជាប់គ្នានឹងភូមិកោះថ្ម លោក សៃ តាយ មានប្រសាសន៍ថា វិបត្តិដីសហគមន៍របស់ពួកគាត់ គឺមិនមែនកើតឡើងតែមួយគ្រួសារឡើយ ពោលគឺកើតឡើងចំពោះពលរដ្ឋទាំងពីរភូមិ ដែលមានចំនួនជាង ៣០០គ្រួសារ។ លោកបញ្ជាក់ថា ដីសហគមន៍នៅចំណុចត្បុល ដែលជាតំបន់អនុស្សាវរីយ៍ដ៏ជូរចត់របស់លោកនាយករដ្ឋមន្ត្រីធ្លាប់ធ្វើដំណើរឆ្លងកាត់ទៅប្រទេសវៀតណាម គឺមានទំហំជាង ៤ពាន់ហិកតារ(៤.២៧១) ហើយអ្នកភូមិ ពិសេសជនជាតិដើមភាគតិចស្ទៀង បានអាស្រ័យជាលក្ខណៈចម្ការវិលជុំតាំងពីដើមមក៖ «ពួកខ្ញុំហ្នឹង គឺពេញចិត្តណាស់ដែលអ្នកមីងបានស្នើសុំផ្ទាល់ ដែលគាត់បានជួបជាមួយសម្ដេចលោកនាយករដ្ឋមន្ត្រី។ រូបខ្ញុំបន្ថែមដើម្បីឱ្យសម្ដេចហ្នឹងឱ្យក្រុមការងារនាយករដ្ឋមន្ត្រីមើលឱ្យពិតប្រាកដ ដីហ្នឹងដើម្បីប្រគល់ឱ្យជនជាតិដើមភាគតិចពួកខ្ញុំ»។
ប្រភពដដែលអះអាងថា ចាប់តាំងពីឆ្នាំ២០១៤ ដីតំបន់នោះ ត្រូវបានក្រុមហ៊ុនមួយចំនួន ដូចជាក្រុមហ៊ុន កុយ សុខងួន ក្រុមហ៊ុន ឆន ថារី ក្រុមហ៊ុន ស្រ៊ុន ហាំងឡេង និងក្រុមហ៊ុនផ្សេងទៀតឈូសឆាយយក ក្រោមហេតុផលថាបានទទួលសិទ្ធិវិនិយោគពីរាជរដ្ឋាភិបាល។ ពលរដ្ឋរូបនេះមិនឃើញក្រុមហ៊ុនទាំងនោះដាំដំណាំអ្វីទេ គឺទុកដីទំនេរចោល ហើយយកចំណែកដីមួយចំនួនទៅជួលឱ្យជនជាតិវៀតណាម ដាំអំពៅថែមទៀត។
លោកបញ្ជាក់ថា ចាប់តាំងពីដីរបស់ពួកគាត់ត្រូវបានក្រុមហ៊ុនរំលោភយក អ្នកភូមិកាន់តែជួបបញ្ហាប្រឈមក្នុងជីវភាពរស់នៅ ដូចជាជំពាក់បំណុលគ្រឹះស្ថានហិរញ្ញវត្ថុ ហើយខ្លះនាំគ្នាស៊ីឈ្នួលធ្វើការឱ្យក្រុមហ៊ុន ឬជនជាតិវៀតណាម ជាដើម៖ «បាទ! ពួកខ្ញុំជីវភាពរាល់ថ្ងៃហ្នឹង កំពុងក្រលំបាកវេទនាយ៉ាងខ្លាំង ព្រោះអីពួកខ្ញុំទម្លាប់គឺមានដីចម្ការវិលជុំ»។
ទាក់ទងបញ្ហានេះ អភិបាលរងខេត្តត្បូងឃ្មុំ ទទួលបន្ទុកដីធ្លី លោក ហាក់ សុខមករា មានប្រសាសន៍នៅថ្ងៃទី២៣ មិថុនា ថា អាជ្ញាធរមិនបានព្រងើយកន្តើយបញ្ហាប្រឈមរបស់ពលរដ្ឋទេ ហើយកំពុងពិនិត្យលទ្ធភាពដោះស្រាយបញ្ហាដីធ្លីជូនពលរដ្ឋ។ ការលើកឡើងនេះ ក្រោយពេលអាជ្ញាធរខេត្តទទួលបានលិខិតស្នើសុំកាន់កាប់ដីធ្លីរបស់ពលរដ្ឋជិត ២០០គ្រួសារនៅភូមិកោះថ្ម។ លោកថា កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលសម្រេចដកហូតដីសម្បទានសេដ្ឋកិច្ចពីក្រុមហ៊ុនចំនួន ២ រួមមានក្រុមហ៊ុន ស្រ៊ុន ហាំងឡេង និងក្រុមហ៊ុន ឆាយ លីហៀង ដែលមានទំហំដីជាង ១ពាន់ហិកតារ។
លោកបញ្ជាក់ថា ការដកហូតនេះ ដោយមើលឃើញពីតម្រូវការចាំបាច់របស់ពលរដ្ឋភូមិកោះថ្ម និងភូមិផ្សេងទៀត ម្យ៉ាងក្រុមហ៊ុនទាំងនោះបានធ្វើខុសទៅនឹងកិច្ចសន្យាវិនិយោគផង។ អភិបាលរងខេត្តរូបនេះអះអាងថា ដីដែលបានដកហូត នឹងពិនិត្យលទ្ធភាពប្រគល់ជូនពលរដ្ឋក្រោមទម្រង់ដីសម្បទានសង្គមកិច្ច៖ «ខាងមុខនេះយើងខ្ញុំ នឹងចុះពិនិត្យលើដីដែលដកហូតពីក្រុមហ៊ុនទាំងពីរនេះលើទំហំជាង ១ពាន់ហិកតារនេះ ដើម្បីរៀបចំធ្វើអត្តសញ្ញាណកម្ម និងវាស់វែងដើម្បីចាត់ចែងជូនប្រជាពលរដ្ឋស្នើសុំដែលខ្វះខាតដីពិតប្រាកដ ជាទម្រង់ដីសម្បទានសង្គមកិច្ច»។
លោកបន្ថែមថា ចំពោះក្រុមហ៊ុនមួយចំនួនទៀតដែលបានអនុវត្តត្រឹមត្រូវតាមកិច្ចសន្យាវិនិយោគ គឺគ្មានបញ្ហាចោទឡើងទេ។
ក្រុមហ៊ុនដែលទទួលបានដីសម្បទានសេដ្ឋកិច្ចនៅឃុំទន្លូង និងឃុំជាំក្រវៀន លើទំហំផ្ទៃដីរាប់ពាន់ហិកតារ គឺមានក្រុមហ៊ុនមួយចំនួន ដូចជាក្រុមហ៊ុន ម៉ែន សារុន ក្រុមហ៊ុន កុយ សុខងួន ជាដើម ត្រូវបានប្រជាសហគមន៍ និងសង្គមស៊ីវិលមើលឃើញថា មិនបានគោរពតាមកិច្ចសន្យាវិនិយោគរបស់រដ្ឋាភិបាលទេ ដូចជាទុកដីទំនេរចោលរាប់ឆ្នាំ ព្រមទាំងយកដីរបស់ខ្លួនទៅជួលឱ្យប្រជាពលរដ្ឋ ពិសេសជនជាតិវៀតណាម តែម្ដង ប៉ុន្តែកន្លងមកតំណាងក្រុមហ៊ុន ម៉ែន សារុន ធ្លាប់បដិសេធការចោទប្រកាន់នេះ។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (ADHOC) ខេត្តត្បូងឃ្មុំ លោក នាង សុវ៉ាត មើលឃើញថា ក្រៅពីក្រុមហ៊ុនវិនិយោគក៏មានដែរ ក្រុមយោធា និងអ្នកមានអំណាចបានកាន់កាប់ដីតំបន់នោះ ដែលបណ្ដាលឱ្យពលរដ្ឋម្ចាស់ស្រុករងទឹកភ្នែក។ លោកយល់ថា រាល់តំបន់អនុស្សាវរីយ៍ដ៏ជូរចត់របស់លោកនាយករដ្ឋមន្ត្រី ដែលធ្លាប់ស្រក់ទឹកភ្នែករួចទៅហើយក្នុងសម័យការតស៊ូរំដោះជាតិ មិនគួរបណ្ដោយឱ្យតំបន់ទាំងនោះមានទឹកភ្នែកប្រជាពលរដ្ឋបន្តស្រក់ទឹកភ្នែកទៀតទេ៖ «អ៊ីចឹងហើយប្រសិនបើឯកឧត្ដម ជា សុផារ៉ា ចង់ឱ្យស្អាត គណៈកម្មការគឺថ្មី កុំឱ្យមានអ្នកចាស់នៅហ្នឹង។ អាហ្នឹងបានអាចដោះស្រាយបាន។ ប្រសិនបើដាក់អ្នកចាស់ទៅ គឺស្តោះទឹកមាត់លើទ្រូងឯង គាត់មិនដោះទេ»។
លោក នាង សុវ៉ាត បន្ថែមថា រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា គប្បីពិនិត្យទៅលើកិច្ចសន្យាវិនិយោគរបស់ក្រុមហ៊ុនទាំងឡាយដែលមានវត្តមាននៅស្រុកមេមត់ ពិសេសក្រុមហ៊ុន ម៉ែន សារុន តែម្ដង ពីព្រោះលោកកត់សម្គាល់ថា ក្រុមហ៊ុននេះបានអនុវត្តផ្ទុយទៅនឹងកិច្ចសន្យាវិនិយោគរបស់រាជរដ្ឋាភិបាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។