អតីត​អ្នក​​​បឹងកក់​តវ៉ា​​ដាក់​ញត្តិ​ជូន​ស្ថានទូតសិង្ហបុរី

អតីត​ប្រជាពលរដ្ឋ​ជា​ភូមិ​បឹងកក់ ដែល​កន្លង​មក​បាន​ចាក​ចេញពី​តំបន់​បឹងកក់ ប្រមាណ ៥០​នាក់ ស្ថិត​ក្នុង​ចំណោម​ពលរដ្ឋ​រាប់​ពាន់​គ្រួសារ បាន​លើកគ្នា​មក​តវ៉ា​លើក​បដា និង​ដាក់​ញត្តិ​ជូន​មន្ត្រី​ស្ថានទូត​ប្រទេស​សិង្ហបុរី ឬ​សាំងហ្គាពួរ ប្រចាំ​កម្ពុជា ដើម្បី​ស្នើ​ឲ្យ​ក្រុមហ៊ុន​ឈ្មោះ​មួយ​ដែល​បាន​ចុះ​បញ្ជី​ក្នុង​ផ្សារ​ហ៊ុន​សិង្ហបុរី ផ្អាក​ទិញ​ដី​ដើម្បី​អភិវឌ្ឍន៍​នៅ​តំបន់​បឹងកក់ ដែល​កំពុង​មាន​ទំនាស់​ដីធ្លី​ជាមួយ​ពលរដ្ឋ។

តំណាង​អតីត​អ្នកភូមិ​បឹងកក់​ម្នាក់ គឺ​អ្នកស្រី សាត ផា បាន​បញ្ជាក់​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​៤ ខែ​សីហា នេះ ថា កន្លង​មក​នេះ ពលរដ្ឋ​ពួក​គាត់​រាប់​ពាន់​គ្រួសារ ត្រូវ​អាជ្ញាធរ​បង្ខំ​ឲ្យ​រុះរើ​លំនៅឋាន​ចាក់​ចេញ​ពី​ទីតាំង​ធ្លាប់​រស់​នៅ​ជា​ថ្នូរ​ផ្ដល់​សំណង​ចំនួន ៨​ពាន់​ដុល្លារ​សហរដ្ឋអាមេរិក និង​ប្រាក់ ២​លាន​រៀល។

អ្នកស្រី​បន្ត​ថា ពលរដ្ឋ​អតីត​អ្នក​ភូមិ​បឹងកក់ បាន​យល់​ព្រម​ទទួល​យក​សំណង​នេះ​ដោយ​បង្ខំ និង​មាន​ការ​គំរាមកំហែង​នៅ​ពេល​កន្លង​មក។

តំណាង​អតីត​អ្នក​ភូមិ​បឹងកក់ បញ្ជាក់​ថា ពួកគាត់​បាន​ទាមទារ​សំណង​ពី​រដ្ឋាភិបាល ឬ​សាលា​រាជធានី​ភ្នំពេញ ក្នុង​មួយ​គ្រួសារៗ ចំនួន​ចន្លោះ​ពី ២​ម៉ឺន ទៅ ៣​ម៉ឺន​ដុល្លារ​បន្ថែម​ទៀត ទើប​បញ្ឈប់​សកម្មភាព​តវ៉ា៖ «ពួក​ខ្ញុំ​អតីត​អ្នក​ភូមិ​បឹងកក់ ចាក​ចេញ​គឺ​គេ​បាន​បង្ខំ គឺ​គេ​បាន​បង្ខំ​ឲ្យ​ចេញ​ដោយ​ឲ្យ​លុយ ៨​ពាន់​ដុល្លារ និង​ប្រាក់ ២​លាន​រៀល ហើយ​បើ​យើង​មិន​យក ក៏​គេ​ដេញ​យើង​ដែរ។ យើង​ទាមទារ​ដំណោះស្រាយ​បន្ត​ទៀត វា​អត់​សមស្រប អ្នក​នៅ​ក្រោយ​គេ​បាន​សំណង​ច្រើន​ជាង។ ពួក​ខ្ញុំ​ចាកចេញ​គឺ​ខ្ញុំ​បាន​ជួល​ផ្ទះ​គេ​ស្នាក់នៅ វេទនា​ខ្លាំង​ណាស់ វេទនា​មែន​ទែន! ពួក​ខ្ញុំ​ទាមទារ​សំណង​បន្ថែម​ហ្នឹង​មិន​ច្រើន​ប៉ុន្មាន​ទេ គឺ​ពី ២ ទៅ ៣​ម៉ឺន​ដុល្លារ​ទេ​ក្នុង​ម្នាក់ ឬ​មួយ​គ្រួសារ»

​មន្ត្រី​ស្ថានទូត​ប្រទេស​សិង្ហបុរី ឬ​សាំងហ្គាពួរ បាន​ចេញ​មក​ទទួលយក​ញត្តិ​របស់​អតីត​អ្នកភូមិ​បឹងកក់ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ដោយ​សន្យា​ថា នឹង​ពិនិត្យ​ទៅ​លើ​សំណើ​ទាំង​នោះ និង​ឆ្លើយ​តប​ទៅ​អ្នក​ភូមិ​បឹងកក់ នៅ​ពេល​ក្រោយ។

កាល​ពី​ឆ្នាំ​២០០៧ រដ្ឋាភិបាល​កម្ពុជា បាន​ជួល​ដី​នៅ​ក្នុង​បរិវេណ តំបន់​បឹងកក់ រយៈពេល ៩៩​ឆ្នាំ ទៅ​ឲ្យ​លោក ឡៅ ម៉េងឃីន សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ម្ចាស់​ក្រុមហ៊ុន​ស៊ូកាគូ ដើម្បី​ធ្វើការ​អភិវឌ្ឍន៍​ផ្ទៃដី នៅ​តំបន់​បឹងកក់​ចំនួន ១៣៣​ហិកតារ ក្នុង​តម្លៃ ៧៩​លាន​ដុល្លារ​សហរដ្ឋអាមេរិក។

​មន្ត្រី​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ចាត់​ទុក​ការ​អភិវឌ្ឍ​នេះ ថា​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការ​រស់​នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​បឹងកក់ ជាង ៤​ពាន់​គ្រួសារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។