ក្រសួងសាធារណការ និងដឹកជញ្ជូន យល់ព្រមធ្វើវេទិកាសាធារណៈមួយ ដើម្បីជជែកផ្តល់សំណងដល់ពលរដ្ឋដែលប៉ះពាល់ពីការសាងសង់ផ្លូវល្បឿនលឿននៅតាមបណ្តោយផ្លូវរថភ្លើងក្នុងរាជធានីភ្នំពេញ។ ការសន្យាបែបនេះ បន្ទាប់ពីក្រុមប្រជាពលរដ្ឋប្រមាណ ១០០នាក់ ប្រមូលផ្តុំគ្នានៅមុខក្រសួងនេះ នៅថ្ងៃទី២៨ ខែមករា។
ក្រៅពីសន្យាបើកវេទិកាសាធារណៈ ក្រសួងអះអាងថា មិនឈូសឆាយប៉ះពាល់ដល់ដីធ្លីប្រជាពលរដ្ឋ មុនពេលពលរដ្ឋមិនយល់ព្រមទទួលយកសំណងឡើយ ប៉ុន្តែគម្រោងផ្តល់សំណង ក្រសួងមិនទាន់បង្ហើបឲ្យដឹងនៅឡើយទេ។
រដ្ឋលេខាធិការនៃក្រសួងសាធារណការ និងដឹកជញ្ជូន លោក លីម ស៊ីដនីន ថ្លែងប្រាប់ពលរដ្ឋក្រោយមានជំនួបរវាងតំណាងពលរដ្ឋថា លោកគាំទ្រសកម្មភាពទាមទាររបស់ពលរដ្ឋ ហើយលោកនឹងផ្តល់ព័ត៌មានពីការវិវឌ្ឍទៅពលរដ្ឋ។ លោកថា ប្រសិនបើដំណើរការល្អ ការសាងសង់ផ្លូវនេះ នឹងធ្វើនៅឆ្នាំ២០១៦ នេះ៖ «បើមានព័ត៌មាន ខ្ញុំទាក់ទងភ្លាមៗហើយ បងប្អូនត្រូវគិតថា ខ្ញុំគាំទ្រសកម្មភាពបង បើខ្ញុំថាគាំទ្រសកម្មភាព ខ្ញុំនៅខាងបងដែរហ្នឹង»។
តំណាងពលរដ្ឋ លោកស្រី នី សន្ដោស ឲ្យដឹងថា ពលរដ្ឋទាំងអស់នឹងស្នើសំណងមួយសមរម្យនៅក្នុងវេទិកាសាធារណៈនៅពេលខាងមុខ ហើយអ្វីដែលពលរដ្ឋចង់បាននៅពេលនេះ គឺការអភិវឌ្ឍនៅនឹងកន្លែង។ ទោះបែបនេះក្តី លោកស្រីមិនទាន់ជឿជាក់លើការសន្យារបស់ក្រសួងនៅពេលនេះទេ ព្រោះកន្លងមក ក្រសួងមិនដែលធ្វើតាមសន្យាឡើយ៖ «មិនមែនថាយើងមិនជឿជាក់លើសម្ដីរបស់គាត់ ប៉ុន្តែភាគច្រើនមិនសូវបានដូចអ្វីដែលគាត់សន្យា»។
តាមការបញ្ជាក់ពី លោក លីម ស៊ីដនីន ការវិនិយោគផ្លូវល្បឿនលឿននេះ មានក្រុមហ៊ុនក្នុងស្រុកមួយ និងក្រុមហ៊ុនរបស់ប្រទេសចិន មួយទៀត កំពុងប្រជែងគ្នាដើម្បីបានសិទ្ធិវិនិយោគ។ ការផ្តល់សំណងយ៉ាងណា គឺអាស្រ័យលើគោលការណ៍របស់ក្រុមហ៊ុន និងរដ្ឋាភិបាល។
ក្រសួងសាធារណការ មិនទាន់បញ្ជាក់ថា ការធ្វើផ្លូវនេះមានទទឹងប៉ុន្មាននោះទេ ប៉ុន្តែកាលពីថ្ងៃទី៥ ខែមករា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា ការសាងសង់ផ្លូវល្បឿនលឿនលើគន្លងផ្លូវរថភ្លើងទទឹងប្រវែង ១៩ម៉ែត្រ និងបណ្ដោយប្រវែងជាង ១៣គីឡូម៉ែត្រ។ ផ្លូវប្រភេទលឿនពីភ្នំពេញទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ជាផ្លូវគិតលុយ ត្រូវរដ្ឋាភិបាលរំពឹងថា ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍។
ទាក់ទងរឿងនេះដែរ នាយកសមាគមធាងត្នោត លោក អ៊ី សារ៉ុម ស្នើឲ្យមានការបើកវេទិកាសាធារណៈ មានពលរដ្ឋ និងសង្គមស៊ីវិល ដោយអនុញ្ញាតឲ្យពួកគេបានបញ្ចេញមតិយោបល់ ឬក៏លើកជាសំណូមពរផង មិនអង្គុយចាំតែស្តាប់ការពន្យល់របស់មន្ត្រីរដ្ឋាភិបាលនោះទេ។ លោកបន្តថា រដ្ឋាភិបាលត្រូវផ្តល់សំណងសមរម្យ មានតម្លាភាព និងអាចទទួលយកបានទាំងអស់គ្នា ទើបការអភិវឌ្ឍនេះមិនធ្វើឲ្យពលរដ្ឋរងគ្រោះ៖ «ខ្ញុំគិតថា រដ្ឋាភិបាលមិនត្រូវបណ្ដេញចេញដូចកាលពីមុនទេ ត្រូវទទួលយកការពិភាក្សាមួយប្រកបដោយការចូលរួម យោគយល់គ្នាទៅវិញទៅមក»។
តាមការស្រាវជ្រាវរបស់សមាគមធាងត្នោត ពលរដ្ឋដែលអាចប៉ះពាល់នៅតាមបណ្តោយផ្លូវមានជាង ១.០០០គ្រួសារ នៅពេលមានការសាងសង់ផ្លូវល្បឿនលឿន។ សមាគមធាងត្នោត រកឃើញថា កន្លងមក រដ្ឋាភិបាលធ្លាប់បណ្ដេញពលរដ្ឋរស់នៅតាមបណ្តោយផ្លូវរថភ្លើងចេញម្តងហើយ ព្រោះការអភិវឌ្ឍផ្លូវ ហើយពលរដ្ឋមិនទទួលបានដូចអ្វីដែលរដ្ឋាភិបាលបានសន្យានោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។