ក្រសួង​និង​អង្គការ​ពាក់ព័ន្ធ​ចូល​រួម​វគ្គ​បណ្ដុះបណ្ដាល​ពី​អភិបាល​កិច្ច​ដី​ធ្លី

0:00 / 0:00

មន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក្រសួង​បរិស្ថាន អង្គការ​ស្ដារ​កម្ពុជា និង​សហគមន៍​រងគ្រោះ​ដីធ្លី ពិភាក្សា​គ្នា​៣​ថ្ងៃ​ក្នុង​វគ្គ​បណ្តុះបណ្តាល ស្ដីពី​អភិបាល​កិច្ច​ដីធ្លី។

គ្រប់​ភាគី​ពាក់ព័ន្ធ​ចូលរួម​ផ្តល់​យោបល់​លើ​គោល​នយោបាយ​កែ​ទម្រង់​ដីធ្លី​របស់​រាជ​រដ្ឋាភិបាល​អាណត្តិ​ទី​៥ ដើម្បី​ពង្រឹង​ប្រព័ន្ធ​គ្រប់គ្រង បែង​ចែក ប្រើប្រាស់ ធានា​សុវត្ថិភាព​នៃ​កម្មសិទ្ធិ​ដី លុប​បំបាត់​ភាព​អនាធិបតេយ្យ​កាន់​កាប់​ដី​ដោយ​ខុស​ច្បាប់ និង​ទប់ស្កាត់​ការ​ប្រមូល​ដី​ទុក​ចោល។

មន្ត្រី​រាជការ មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​ជន​រងគ្រោះ​ដីធ្លី​ប្រមាណ ៣០​នាក់ ពិភាក្សា​អំពី​ការ​គ្រប់គ្រង​ដី ការ​បែង​ចែក​ដី ការ​ចុះ​បញ្ជី​ដីធ្លី រដ្ឋ និង​ឯកជន ដែល​ពាក់ព័ន្ធ​ដី​សម្បទាន​សេដ្ឋកិច្ច និង​ដី​សង្គមកិច្ច ដើម្បី​កាត់​បន្ថយ​ជម្លោះ​ដីធ្លី ក្នុង​កំណែ​ទម្រង់​ដីធ្លី​នា​ពេល​អនាគត។

រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក សរ សុវណ្ណ ថ្លែង​ថា គោល​នយោបាយ​ដីធ្លី គឺ​ជា​ការ​គ្រប់គ្រង រៀបចំ​ប្រើប្រាស់ និង​បែង​ចែក​ដី​ប្រកប​ដោយ​សមធម៌ តម្លាភាព ប្រសិទ្ធភាព និង​ចីរភាព។ កំណែ​ទម្រង់​ដីធ្លី​នេះ ធ្វើ​ឡើង​នៅ​ក្នុង​គោល​បំណង​កាត់​បន្ថយ​ភាព​ក្រីក្រ ធានា​សន្តិសុខ​ស្បៀង ការពារ​បរិស្ថាន និង​ធម្មជាតិ ការពារ​ជាតិ អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម ដែល​ត្រង់​ទិស​ទៅ​រក​សេដ្ឋកិច្ច​ទីផ្សារ។

លោក​បន្ត​ថា ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដី​ប្រមាណ ៣,៥​លាន​ប័ណ្ណ ប្រហែល ៥០% នៃ​ផ្ទៃដី​សរុប គិត​ត្រឹម​ខែ​ឧសភា ឆ្នាំ​២០១៤៖ «ដើម្បី​សម្រេច​បាន​គោលដៅ​នេះ រាជ​រដ្ឋាភិបាល​ផ្តល់​អាទិភាព​ទៅ​លើ ១ ការ​បន្ត​ជំរុញ​រៀបចំ​គោល​នយោបាយ​ដីធ្លី​ទូលំទូលាយ​សៀវភៅ "ស"។ ទី​២ ជំរុញ​រៀបចំ​ច្បាប់​ស្ដីពី​ការ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ច្បាប់​ស្ដីពី​ដី​កសិកម្ម។ ទី​៣ បន្ត​ជំរុញ​ល្បឿន​នៃ​ការ​ចុះ​បញ្ជី​ដីធ្លី និង​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​សម្រាប់​ដី​រដ្ឋ​ដី​ឯកជន និង​ដី​សហគមន៍​ជនជាតិ​ភាគ​តិច»

នាយិកា​ប្រតិបត្តិ​នៃ​អង្គការ​ស្ដារ​កម្ពុជា អ្នកស្រី ជេត ចរិយា ថ្លែង​ថា វគ្គ​បណ្តុះបណ្តាល​ស្ដីពី​អភិបាល​កិច្ច​ដីធ្លី ដើម្បី​ឲ្យ​សហគមន៍​រងគ្រោះ​ដីធ្លី និង​អ្នក​ពាក់ព័ន្ធ​លើ​វិស័យ​ដីធ្លី បាន​ចូលរួម​ចំណែក​ផ្តល់​យោបល់​ទៅ​ក្នុង​ដំណើរ​ការ​រៀបចំ​ផែនការ​គោល​នយោបាយ​ដីធ្លី ចាប់​ពី​ឆ្នាំ​២០១៣ ដល់​ឆ្នាំ​២០១៥។ អ្នកស្រី​បន្ត​ថា បច្ចុប្បន្ន​ការ​គ្រប់គ្រង​ដីធ្លី​របស់​រាជ​រដ្ឋាភិបាល​នៅ​ខ្សោយ ទើប​ជម្លោះ​ដីធ្លី​បាន​កើត​ឡើង ដោយសារ​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច និង​ការ​បំពាន​យក​ដី​សម្បទាន​សង្គមកិច្ច៖ «គឺ​ប្រជាពលរដ្ឋ​ត្រូវ​តែ​ហ៊ាន​ទាមទារ។ បើ​សិន​ណា​ជា​យើង​ហ៊ាន​ទាមទារ គឺ​អ្វីៗ​តិចតួច ឬ​ក៏​ច្រើន វា​បាន​ទៅ​តាម​គោល​នយោបាយ ឬ​ក៏​ទៅ​តាម​ច្បាប់​ជា​អ្នក​កំណត់។ ប៉ុន្តែ​ទន្ទឹម​ហ្នឹង ខ្ញុំ​គិត​ថា រាជ​រដ្ឋាភិបាល​យើង​គួរ​តែ​ពង្រឹង​ការ​អនុវត្ត​តួនាទី​របស់​ខ្លួន»

តំណាង​សហគមន៍​សាមគ្គី​រមាសហែក ខេត្ត​ស្វាយរៀង កញ្ញា រស់ ម៉ៅ អាយុ ២៨​ឆ្នាំ ថ្លែង​ថា ពលរដ្ឋ ៧​ភូមិ​ក្នុង​សហគមន៍​នោះ បាន​រងគ្រោះ​ពី​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ឆ្នាំ​២០១០ ឲ្យ​ក្រុមហ៊ុន​ឥណ្ឌា និង​ក្រុមហ៊ុន​ឧកញ៉ា អាន ម៉ារឌី។ កញ្ញា​បន្ត​ថា ក្រុមហ៊ុន​ឥណ្ឌា បាន​ដាំ​អំពៅ។ នៅ​ឆ្នាំ​២០១៤ ក្រុមហ៊ុន​នោះ​បាន​ផ្ទេរ​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឲ្យ​ក្រុមហ៊ុន​វៀតណាម ដាំ​ដំឡូងមី។ ដោយសារ​តែ​មាន​ការ​ទាមទារ​ដីធ្លី​ពី​ឆ្នាំ​២០១០ មក ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បាន​បញ្ជូន​ក្រុម​និស្សិត​ស្ម័គ្រ​ចិត្ត ចុះ​វាស់​ដី​កាត់​ពី​ក្រុមហ៊ុន​វៀតណាម ដាំ​ដំឡូង ប្រគល់​ឲ្យ​ប្រជាពលរដ្ឋ​ម្ចាស់​ដី​បាន​ខ្លះ​មក​វិញ។ ប៉ុន្តែ​មិន​បាន​គ្រប់​គ្រួសារ​ដែល​បាត់​បង់​ដី​នៅ​ក្នុង​ដី​សម្បទាន​សេដ្ឋកិច្ច​នោះ​ទេ។ ដោយ​ឡែក​ដី​ពាក់ព័ន្ធ​ក្រុមហ៊ុន អាន ម៉ារឌី ព័ទ្ធ​យក​ដី​អ្នក​ភូមិ​ចំនួន ៣​ឃុំ ក្រុម​និស្សិត​មិន​បាន​វាស់​ឲ្យ​មក​ប្រជាពលរដ្ឋ​វិញ​ទេ បែរ​ជា​ឲ្យ​ចាប់​ឆ្នោត។ ហើយ​ការ​ចាប់​ឆ្នោត​នោះ ដី​ភាគ​ច្រើន​បាន​ទៅ​ជន​ចំណូល​ថ្មី ដែល​មិន​មាន​ដី​ព័ទ្ធ​យក​ពី​សំណាក់​ក្រុមហ៊ុន អាន ម៉ារឌី ពី​មុន​ទេ។ ចំណែក​អ្នក​ដែល​ចាប់​ឆ្នោត​បាន​ដី​នោះ គេ​លក់​ដី​ទៅ​ក្រុមហ៊ុន​វិញ។ ដោយ​ឡែក​រូប​គាត់​ជា​ម្ចាស់​ដី​ជាង ៣​ហិកតារ អត់​មាន​ឈ្មោះ​ក្នុង​សន្លឹក​ឆ្នោត​ទេ ដោយសារ​គាត់​ឡើង​តវ៉ា​ដី៖ «ភាគ​ច្រើន គឺ​ជា​មន្ត្រី​នៅ​តាម​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ ព្រំដែន​អី​ហ្នឹង គាត់​អត់​ធ្លាប់​ធ្វើ​ចម្ការ​ទេ តែ​ដល់​ពេល​ចាប់​ឆ្នោត គាត់​មាន​ឈ្មោះ​ចាប់​ឆ្នោត។ មាន​ឈ្មោះ​ចាប់​ឆ្នោត​បាន​ដី​ហ្នឹង​មាន​ប្លង់​កម្មសិទ្ធិ​កាន់​នៅ​លើ​ដៃ​គាត់។ ជួន​ទៅ​អ្នក​ខ្លះ​ក៏​គាត់​មក​បង្កបង្កើនផល ឲ្យ​ប្រពន្ធ​គាត់​មក​ធ្វើ​ទៅ ខ្លះ​ក៏​លក់ ខ្លះ​ក៏​ជួល​ឲ្យ​ជនជាតិ​ផ្សេង វៀតណាម អ៊ីចឹង។ ហើយ​វៀតណាម គាត់​ក៏​មាន​សិទ្ធិ​មក​ទិញ​ដី​អ្នក​មាន​ប្លង់​គេ​អត់​ធ្វើ គេ​អត់​ធ្លាប់​មាន​ដី​គេ​លក់​ទៅ ជនជាតិ​វៀតណាម គេ​មក​ទិញ​បាន​ដែរ»

ប្រធាន​សហគមន៍​ដីធ្លី​ភូមិ​សីលា ឃុំ​អូរ៣ជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ លោក សៀន វី ថ្លែង​ថា គាត់​បាន​រស់នៅ​ក្នុង​ភូមិ​សីលា ឃុំ​អូរ៣ជាន់ តាំង​ពី​ឆ្នាំ​១៩៩៣ អត់​បាន​ប្ដូរ​លំនៅ​ទេ។ អាជ្ញាធរ​មូលដ្ឋាន​បាន​ចែក​ទំហំ​ដី​ឲ្យ​ពលរដ្ឋ​រស់នៅ ដើម្បី​បែង​ចែក​ជា​ភូមិ​ឃុំ បាន​សិទ្ធិ​បោះ​ឆ្នោត។ ប៉ុន្តែ​ដី​ដែល​អាជ្ញាធរ​ចែក​ឲ្យ​ជាង ៤០០​គ្រួសារ​នោះ ត្រូវ​អ្នក​មាន​អំណាច​រំលោភ​យក ហើយ​ក៏​មាន​ការ​បាញ់​សម្លាប់​ម្ចាស់​ដី​ស្លាប់ ២​នាក់​ក្នុង​ការ​តស៊ូ​ដណ្ដើម​ដី នៅ​ឃុំ​អូរ៣ជាន់។ នៅ​ពេល​អត់​មាន​ដី​រស់នៅ អ្នក​ភូមិ​ធ្លាក់​ខ្លួន​ទីទ័លក្រ ប្រថុយ​ឆ្លង​ដែន​ខុស​ច្បាប់​ទៅ​រក​ស៊ី​នៅ​ថៃ។ លោក​ថា បច្ចុប្បន្ន​អ្នក​តវ៉ា​ដី​នៅ​ឃុំ​អូរ៣ជាន់ នៅ​សល់​តែ​ជាង ៧០​គ្រួសារ​ទេ កំពុង​តែ​តស៊ូ​ទាមទារ​ដី។

លោក សៀន វី៖ «ពី​ដំបូង​មក​យើង​មាន​ពលរដ្ឋ​ចំនួន ៤៧០​គ្រួសារ ដែល​មេ​ភូមិ មេ​ឃុំ​បាន​បែង​ចែក​ដី​ឲ្យ រួច​ក៏​គេ​ទៅ​រំលោភ​យក ក៏​ក្តី​ក្ដាំ​គ្នា គេ​ដោះ​គោល​នយោបាយ​ឲ្យ​យើង​១​ហិកតារ ៣​ពាន់​បាត​ប្រាក់​ថៃ។ ពលរដ្ឋ​ក៏​មិន​ព្រម ក្រោយ​មក​គេ​គំរាម បើ​អ្នក​ណា​មិន​យក​ទេ ក៏​គេ​យក​ដី។ ដល់​អ៊ីចឹង​ទៅ ពលរដ្ឋ​ខ្លាច​គេ ព្រម​យក ៣​ពាន់​បាត ប៉ុន្តែ​គេ​យក​លុយ​នោះ​ឲ្យ​អត់​ទាន់​គ្រប់​ទេ បាន​តែ​ពាក់​កណ្ដាល នៅ​បាត់​ពាក់​កណ្ដាល ហើយ​ពាក់​កណ្ដាល​ហ្នឹង ក៏​ប្ដឹង​តាំង​ពី​២០០៤ មក​រហូត។ អ្នក​ខ្លះ​ក៏​គ្មាន​លុយ ដាច់​ប្ដឹង។ ឥឡូវ​នៅ​សល់​តែ ៧១​គ្រួសារ ដែល​ដាក់​ពាក្យ​បណ្ដឹង​សព្វថ្ងៃ​ហ្នឹង ហើយ​ដី​នៅ​សល់ ១៦៨​ហិកតារ សព្វថ្ងៃ​ហ្នឹង​ដែល​ប្ដឹង​ហ្នឹង ព្រោះ​ចេះ​តែ​ដកៗ​ទៅ អស់​គ្នា​វា​គ្មាន​ផ្ទះ​សម្បែង​នៅ អ្នក​ខ្លះ​ក៏​រត់​ទៅ​ថៃ អី​អស់​ហើយ ឥឡូវ​ថៃ គេ​ចាប់​ចង​ដេញ​មក​វិញ រឹត​តែ​គ្មាន​ដី​នៅ​ទៀត»

ប្រធាន​នាយកដ្ឋាន​នីតិកម្ម នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក កុសល សុពិន្ឃ ពន្យល់​ថា រាជ​រដ្ឋាភិបាល​អាណត្តិ​ទី​៥ ធ្វើ​កំណែ​ទម្រង់​ដីធ្លី​លើ​រដ្ឋបាល​ដីធ្លី ក្នុង​បំណង​ចុះ​បញ្ជី​កម្មសិទ្ធិ និង​សិទ្ធិ​ផ្សេងៗ​ទៀត​លើ​អចលនវត្ថុ​រដ្ឋ និង​ឯកជន​ឲ្យ​បាន​លឿន ដើម្បី​បន្ថយ​ការ​លួច​ចូល​កាន់​កាប់​ដី​រដ្ឋ​ទាំង​ដី​សាធារណៈ​របស់​រដ្ឋ និង​ដី​កម្មសិទ្ធិ​ឯកជន​របស់​រដ្ឋ ដើម្បី​ពង្រឹង​សុវត្ថិភាព​នៃ​ការ​កាន់​កាប់​ដី​ឲ្យ​មាន​ការ​ផ្ទេរ​សិទ្ធិ​លើ​អចលនវត្ថុ​ជា​ផ្លូវ​ការ ទប់ស្កាត់ និង​ដោះស្រាយ​វិវាទ​ដីធ្លី ធានា​នូវ​ទំនុក​ចិត្ត និង​ប្រសិទ្ធភាព​នៃ​ទីផ្សារ​ដីធ្លី៖ «បង្កើត​ឲ្យ​មាន​បញ្ជីសារពើភណ្ឌ​អចលនទ្រព្យ ដី និង​អគារ​របស់​រដ្ឋ​ជា​ជំហានៗ​ឲ្យ​បាន​ច្បាស់​លាស់ និង​ពេញ​លេញ ក្នុង​ប្រព័ន្ធ​ទិន្នន័យ​ឯកភាព​តែ​មួយ ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការ​គ្រប់គ្រង​អចលនទ្រព្យ​របស់​រដ្ឋ»

វគ្គ​បណ្តុះបណ្តាល​អភិបាល​កិច្ច​ដីធ្លី ចាប់​ផ្ដើម​ពិភាក្សា​ពី​ថ្ងៃ​ទី​១១ ខែ​មិថុនា ដល់​ថ្ងៃ​ទី​១៣ ខែ​មិថុនា នៅ​ការិយាល័យ​របស់​អង្គការ​ស្ដារ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។