ប្រជាពលរដ្ឋជាង ៨០គ្រួសារ នៅតំបន់ចំបក់៣ដើម នៃឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានតស៊ូនឹងមន្ត្រីរដ្ឋបាលព្រៃឈើរយៈពេល ៤ឆ្នាំ ដើម្បីទាមទារយកដីចម្ការរបស់ពួកគេ មកកាន់កាប់វិញ។
ក៏ប៉ុន្តែ បន្ទាប់ពីអាជ្ញាធរខេត្តសៀមរាប សម្រេចប្រគល់ដីជាង ៩០ហិកតារ ឱ្យទៅប្រជាពលរដ្ឋវិញ ក៏ស្រាប់តែមានក្រុមអ្នកភូមិប្រមាណ ៣០០នាក់ផ្សេងទៀត បានចេញមុខទៅចាប់យកដីបង្កើតឱ្យមានបញ្ហាប្រឈមមុខដាក់គ្នា ដែលគួរឱ្យមានក្ដីព្រួយបារម្ភ។
អង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាលចំនួន២ នៅខេត្តសៀមរាប អំពាវនាវឱ្យអាជ្ញាធរខេត្តនេះ ត្រូវប្រញាប់ប្រញាល់ដោះស្រាយរឿងដីធ្លីនៅតំបន់ចំបក់៣ដើម ឃុំត្បែង ស្រុកបន្ទាយស្រី ឱ្យបានត្រឹមត្រូវ និងឆាប់រហ័ស ដើម្បីបញ្ចៀសចេញនូវអំពើហិង្សានានាដែលអាចកើតមានជាយថាហេតុ ដោយសារតែប្រជាពលរដ្ឋ២ក្រុមកំពុងប្រឈមមុខដាក់គ្នា។
ចាប់តាំងតែពីថ្ងៃទី៤ ខែកញ្ញា ក្រុមប្រជាពលរដ្ឋចំនួនជាង ៣០០នាក់ មកពីភូមិត្បែងខាងលិច បានលើកគ្នាសម្រុកចូលទៅចាប់ដីតំបន់ចំបក់៣ដើម ដែលប្រជាពលរដ្ឋចំនួន ៨៥គ្រួសារផ្សេងទៀត បានតស៊ូទាមទារពីរដ្ឋបាលព្រៃឈើរយៈពេល ៤ឆ្នាំមកហើយនោះ។
តំណាងសហគមន៍ប្រជាពលរដ្ឋចំបក់៣ដើម គឺលោក ចាន់ រិទ្ធិ។ លោកមានប្រសាសន៍ថា ចាប់តាំងពីឆ្នាំ២០១០ គឺមន្ត្រីផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី បានដកហូតយកដីចម្ការរបស់ពួកគាត់ ទៅធ្វើជាកន្លែងដាំកូនឈើ នៃទ្រនាប់ឧទ្យានជាតិភ្នំគូលែន ក៏ប៉ុន្តែ កាលពីដើមខែកញ្ញា ឆ្នាំ២០១៤ អភិបាលខេត្តសៀមរាប បានសម្រេចប្រគល់ដីទំហំជាង ៩០ហិកតារ មកឱ្យសហគមន៍របស់លោកវិញ។
លោក ចាន់ រិទ្ធិ មានប្រសាសន៍ទៀតថា បន្ទាប់ពីអាជ្ញាធរខេត្តសៀមរាប និងស្រុកបន្ទាយស្រី ប្រគល់ដីមកឱ្យសហគមន៍របស់លោកវិញ ហើយត្រៀមចុះវាស់ចែកប្រជាពលរដ្ឋចំនួន ៨៥គ្រួសារ ស្រាប់តែមានប្រជាពលរដ្ឋចំនួនប្រហែល ៣០០នាក់ មកពីតំបន់ផ្សេងៗ នាំគ្នាចូលទៅចាប់យកដីទាំងនោះដោយគ្មានច្បាប់ទម្លាប់តែម្ដង។ ទោះយ៉ាងណា លោក ចាន់ រិទ្ធិ ប្រកាន់ជំហរថា លោកនឹងមិនព្រមបែងចែកដីទាំងនោះ ទៅឱ្យអ្នកផ្សេងក្រៅពីប្រជាពលរដ្ឋនៅចំបក់៣ដើមទេ៖ «យើងបាន ៩០ហិកតារ ប៉ុន្តែនៅក្នុងប្លង់របស់ខ្ញុំវា ៩៦,០៤។ ពួកហ្នឹងគេមកដល់ គេនាំគ្នាទៅបោះបង្គោលយក គេថាដីរបស់ចាស់គេឯណា ហើយដីនោះមិនមែនរបស់ចាស់ទេ។ ពួកខ្ញុំទាំងអស់គ្នារស់លើដីនេះហើយ អត់ឱ្យទៅអ្នកណាទេ សម្រាប់ប្រជាពលរដ្ឋខ្ញុំតែប៉ុណ្ណេះ។ ខ្ញុំតស៊ូអហិង្សា ប្រជាពលរដ្ឋខ្ញុំ ហាមហើយហាមទៀត បងប្អូនខ្ញុំកាច ២-៣នាក់ ក៏ខ្ញុំមិនឱ្យទៅជិតដែរ»។
ចំណែកឯក្រុមប្រជាពលរដ្ឋចំនួន ៣០០នាក់ ដែលសម្រុកចូលទៅចាប់យកដីនោះ ហាក់ដូចជាមានអ្នកមានអំណាច ឬក៏មានអ្នករៀបចំផែនការណាមួយ ឱ្យចូលទៅធ្វើដូច្នេះ ក៏ប៉ុន្តែពួកគេមិនបានបង្ហាញឱ្យដឹងពីគោលការណ៍អ្វីមួយឡើយ ដោយគ្រាន់តែប្រាប់ថា ពួកគេទាំងអស់ គឺជាអ្នកភូមិត្បែងខាងលិច នៃឃុំត្បែង ស្រុកបន្ទាយស្រី ដែរ។
បុរសចំណាស់ឈ្មោះ អៀម ណុក គឺជាមនុស្សម្នាក់ក្នុងចំណោម ៣០០នាក់ ដែលសម្រុកចូលទៅចាប់ដីនៅតំបន់ចំបក់៣ដើម នោះ មានប្រសាសន៍ថា ពួកគាត់លើកគ្នាមកនេះ មិនមានការចាត់តាំងពីអាជ្ញាធរណាមួយទេ គឺគ្រប់គ្នាបានឮថា គេចែកដីថ្មី ក៏នាំគ្នាមកតែម្ដង។ លោក អៀម ណុក បញ្ជាក់ទៀតថា រូបគាត់ និងអ្នកភូមិត្បែងខាងលិច ធ្លាប់ជាម្ចាស់ដីនៅតំបន់ចំបក់៣ដើម នេះ ក៏ប៉ុន្តែបានបោះបង់ចោល កាលពីឆ្នាំ២០០៦ នៅពេលដែលរដ្ឋបាលព្រៃឈើដកហូតយកទៅដាំកូនឈើ។ ដូច្នេះ នៅពេលដែលឮថា អាជ្ញាធរប្រគល់ដីនេះមកឱ្យអ្នកចំបក់៣ដើម គឺរូបគាត់ និងអ្នកភូមិ ក៏មកយកដីវិញ៖ «អានេះអត់មានអ្នកណាប្រាប់ឱ្យមកទេ មកខ្លួនឯង ឮថាគេចែកដី មកតាមគ្នា។ ដីនេះសុទ្ធតែដីអ្នកត្បែងលិចទាំងអស់! ដល់គេយកបានយ៉ាងម៉េច យើងក៏យកមិនបាន? ព្រោះអ្នកត្បែងខាងលិច កាលពីមុន ជាអ្នកទាមទារដីនេះខូចឈ្មោះ ថាដីនេះសុទ្ធតែដីអ្នកត្បែងខាងលិច តាមការពិតអត់មានទេ នេះទើបបានអ្នកត្បែងខាងលិចសុទ្ធសាធទាំងអស់គ្នាហើយ»។
កាលពីថ្ងៃទី៤ ខែកញ្ញា កន្លងទៅ ក្រុមប្រជាពលរដ្ឋតំបន់ចំបក់៣ដើម និងក្រុមមនុស្ស ៣០០នាក់ មកពីតំបន់ផ្សេង បានប្រឈមពាក្យសម្ដីដាក់គ្នាយ៉ាងតឹងតែង ដែលគួរឱ្យព្រួយបារម្ភចំពោះអំពើហិង្សាដែលអាចនឹងកើតឡើងនៅពេលណាមួយ។
បើទោះបីជាប្រជាពលរដ្ឋ២ក្រុម កំពុងប្រឈមមុខដាក់គ្នាយ៉ាងតឹងតែងយ៉ាងនេះក្ដី ក៏សមត្ថកិច្ចប៉ូលិស និងកងរាជអាវុធហត្ថ ជាដើម មិនឃើញមានបញ្ជូនទៅការពារនៅតំបន់ដីទាំងនោះទេ ផ្ទុយទៅវិញ គេឃើញកម្លាំងប៉ូលិសឃុំត្បែងខ្លះ គឺដាក់ប្រចាំការតែនៅជិតរង្វង់មូលផ្លូវទៅភ្នំគូលែន។
ក្រុមអង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាល ដែលចុះស៊ើបអង្កេតករណីនោះ បានរកឃើញថា ក្នុងចំណោមប្រជាពលរដ្ឋ ៣០០នាក់ ដែលលើកគ្នាចូលទៅចាប់យកដីតំបន់ចំបក់៣ដើម ក៏មានអនុប្រធានភូមិត្បែងខាងលិច ម្នាក់ ឈ្មោះ យាប់ វណ្ណៈ មានវត្តមាននៅទីនោះដែរ ក៏ប៉ុន្តែលោកអនុប្រធានភូមិ បានបដិសេធថា រូបលោកមិនមែនជាអ្នកដឹកនាំប្រជាពលរដ្ឋ ៣០០នាក់នោះទេ គឺគ្រាន់តែរូបលោក ក៏ដូចជាប្រជាពលរដ្ឋ ចង់បានដីនោះ ពីព្រោះសុទ្ធតែជាដីរបស់អ្នកត្បែងខាងលិច។
កាលពីថ្ងៃទី៤ ខែកញ្ញា នៅពេលដែលក្រុមប្រជាពលរដ្ឋ ៣០០នាក់ សម្រុកចូលទៅចាប់យកដីតំបន់ចំបក់៣ដើម គឺអាជ្ញាធរខេត្តសៀមរាប និងស្រុកបន្ទាយស្រី មិនមានវិធានការដោះស្រាយជាបន្ទាន់អ្វី ក្រៅតែពីហៅតំណាងអ្នកចំបក់៣ដើម និងអាជ្ញាធរពាក់ព័ន្ធមួយចំនួន ទៅរួមប្រជុំនោះទេ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទង លោក ស៊ិន រុន អភិបាលរងខេត្តសៀមរាប ដែលជាអ្នកចុះទៅដោះស្រាយបញ្ហានោះបានថាយ៉ាងណានៅឡើយ ដោយសារតែលោកមិនទទួលទូរស័ព្ទ។
ចំណែកអភិបាលស្រុកបន្ទាយស្រី លោក សូរ សុន មានប្រសាសន៍ថា លោកមិនដឹងពីដំណោះស្រាយរឿងនោះយ៉ាងណាទេ ដោយសារតែលោកមានជំងឺ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយប្រគល់សិទ្ធិបណ្ដោះអាសន្នទៅឱ្យអភិបាលរងឈ្មោះ ណុល លីវណ្ណៈ៖ «ទូរស័ព្ទទៅលេខអភិបាលរងខ្ញុំ ណុល វណ្ណៈ ដែលខ្ញុំផ្ទេរសិទ្ធិឱ្យ គេដឹងរឿងហ្នឹង។ ម្សិលមិញអភិបាលខេត្តរង គាត់មកប្រជុំការងារដោះស្រាយបញ្ហានោះដែរនៅសាលាស្រុក»។
ចំណែកអង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាល កំពុងព្រួយបារម្ភខ្លាចកើតមានអំពើហិង្សា ប្រសិនអាជ្ញាធរមិនរួសរាន់ដោះស្រាយ ហើយទុកឱ្យប្រជាពលរដ្ឋ២ក្រុមប្រឈមមុខដាក់គ្នា ក្នុងរឿងដីធ្លីនោះ។
អ្នកស៊ើបអង្កេតសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តសៀមរាប លោក ចាន់ ចំរើន មានប្រសាសន៍ថា តាមការចុះពិនិត្យ លោករកឃើញប្រជាពលរដ្ឋតំបន់ចំបក់៣ដើម គឺមានឯកសាររឹងមាំជាងក្នុងការកាន់កាប់ដីទីនោះ។ ចំណែកប្រជាពលរដ្ឋ ៣០០នាក់ ដែលអះអាងថា មកពីភូមិត្បែងខាងលិច នោះ គឺមិនមានឯកសារអ្វីជាក់ស្ដែងទេ៖ «ការប្រឈមមុខដាក់គ្នានេះ វាអាចបង្កនូវអំពើហិង្សាណាមួយ អាចកើតឡើង ហើយជាភាពស្មុគស្មាញ។ អ៊ីចឹងមានតែអាជ្ញាធរត្រូវប្រើច្បាប់ដោះស្រាយ បញ្ហានេះរួសរាន់។ អត់អាចព្រងើយកន្តើយបានទេ ពីព្រោះកាលណាបណ្ដែតបណ្ដោយ មិនព្រមចាត់វិធានការផ្លូវច្បាប់ឱ្យបានលឿនទេ បញ្ហាអាចកើតមាន»។
អ្នកសម្របសម្រួលអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) ខេត្តសៀមរាប លោក នូ ពុទ្ធិ បានហៅក្រុមប្រជាពលរដ្ឋប្រមាណ ៣០០នាក់ ដែលលើកគ្នាទៅចាប់យកដីតំបន់ចំបក់៣ដើម នោះ ភាគច្រើន គឺមិនធ្លាប់សកម្មក្នុងការទាមទារដីធ្លីពីរដ្ឋបាលព្រៃឈើទេ។ លោក នូ ពុទ្ធិ បញ្ជាក់ថា ជាច្រើនឆ្នាំមកនេះ អាជ្ញាធរខេត្តសៀមរាប ពិតជាបានប្រឹងប្រែងក្នុងការដោះស្រាយរឿងជម្លោះដី រវាងអ្នកចំបក់៣ដើម ជាមួយមន្ត្រីរដ្ឋបាលព្រៃឈើ ហើយលោកសូមលើកទឹកចិត្តឱ្យអាជ្ញាធរខេត្ត កុំដាក់ដៃក្នុងរឿងនោះ ព្រមទាំងខិតខំដោះស្រាយឱ្យចប់ជាស្ថាពរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។