បច្ចុប្បន្នដីរាប់ពាន់ហិកតាររបស់សហគមន៍ព្រៃឈើអណ្ដូងបេង ដុងបរ ក្នុងស្រុកបន្ទាយអំពិល និងព្រៃសហគមន៍រំដួលវាសនា នៅសង្កាត់បន្សាយរក្ស ក្រុងសំរោង ខេត្តឧត្តរមានជ័យ ត្រូវបានសហគមន៍ព្រៃឈើឲ្យដឹងថា បានបាត់បង់អស់ដោយសារតែទាហានចូលទៅកាន់កាប់ធ្វើមូលដ្ឋានយោធា និងប្រជាពលរដ្ឋខ្លះចូលទៅរុករានសង់ទីលំនៅខុសច្បាប់។
ចំណែកឯសហគមន៍ព្រៃឈើមួយទៀតឈ្មោះភ្នំដងរែក សម្រែកព្រៃស្រស់ នៅភូមិឈើស្លាប់ ជាប់ព្រំប្រទល់គ្នា និងព្រៃសហគមន៍រំដួលវាសនា ក៏កំពុងទទួលរងការរំលោភយកដីធ្លីដូចគ្នានេះដែរ។
តំណាងសហគមន៍ព្រៃឈើភ្នំដងរែកសម្រែកព្រៃស្រស់ នៅឃុំគោកខ្ពស់ នៃស្រុកបន្ទាយអំពិល ព្រមទាំងអង្គការក្រៅរដ្ឋាភិបាល អំពាវនាវឱ្យអាជ្ញាធរខេត្តឧត្តរមានជ័យ និងក្រសួងពាក់ព័ន្ធខ្លះទៀត ត្រូវចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងមន្ត្រីមួយចំនួនដែលកំពុងតែឃុបឃិតគ្នារំលោភយកដីព្រៃសហគមន៍ភ្នំដងរែក សម្រែកព្រៃស្រស់ជាបន្ទាន់។
ការអំពាវនាវនេះ ធ្វើឡើងនៅស្របពេលដែលមន្ត្រីថ្នាក់មូលដ្ឋានខ្លះ កំពុងឃុបឃិតគ្នារំលោភយកដីព្រៃរបស់សហគមន៍ការពារព្រៃឈើ ភ្នំដងរែក សម្រែកព្រៃស្រស់ ជាច្រើនហិកតារ ទៅចែកជូនអ្នកចំណូលថ្មី និងខ្លះទៀតបានលក់ដូរមិនស្របច្បាប់។
ប្រធានសហគមន៍ការពារព្រៃឈើភ្នំដងរែក សម្រែកព្រៃស្រស់ ដែលទើបតែជាប់ឆ្នោតថ្មី គឺលោក ត្រេន ត្រៃ។ លោកអះអាងកាលពីព្រឹកថ្ងៃអង្គារ ទី២៣ ខែកុម្ភៈ ថា តាំងតែពីឆ្នាំ២០០៤ មក សហគមន៍របស់លោកបានចុះកិច្ចព្រមព្រៀងជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលការពារព្រៃឈើទំហំជាង ១.៦០០ហិកតារ។ ប៉ុន្តែជាច្រើនខែមកនេះ អាជ្ញាធរភូមិនៅសង្កាត់បន្សាយរក្ស បានរំលោភយកដីព្រៃទាំងនោះទៅចែកឱ្យប្រជាពលរដ្ឋខ្លះ និងលក់ដូរខុសច្បាប់ខ្លះ។
ប្រធានសហគមន៍ដដែលបញ្ជាក់ថា រហូតមកដល់ពេលនេះ សហគមន៍ព្រៃឈើភ្នំដងរែក សម្រែកព្រៃស្រស់ ដែលជាប់ព្រំប្រទល់គ្នាជាមួយសហគមន៍រំដួលវាសនា កំពុងមានប្រជាពលរដ្ឋចូលទៅរស់នៅថ្មីប្រហែលជាង ៦០គ្រួសារ។ សហគមន៍បានដាក់ពាក្យប្ដឹងទៅអាជ្ញាធរខេត្តឧត្តរមានជ័យ ឱ្យជួយដោះស្រាយជាច្រើនខែមកហើយ ក៏ប៉ុន្តែមិនទាន់មានការឆ្លើយតបអ្វីទេ៖ «សហគមន៍គាត់មានការព្រួយបារម្ភការពារដីមិនបាន ចេះតែមានការរំលោភមកពីភូមិត្រពាំងត្រាវ ឃុំបន្សាយរក្ស គេស៊ីញ៉េ»។
មន្ត្រីជំនាញផ្នែករដ្ឋបាលព្រៃឈើ ឱ្យដឹងថា គេទើបតែបានទទួលបណ្ដឹងជុំវិញករណីរំលោភដីធ្លីនេះ។
នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តឧត្តរមានជ័យ លោក ទៀង ដាវិទ្យ មានប្រសាសន៍ថា លោកបានចាត់មន្ត្រីឱ្យចុះទៅពិនិត្យមើលនៅតំបន់ព្រៃសហគមន៍ភ្នំដងរែកសម្រែកព្រៃស្រស់នោះម្ដងមកហើយ ដោយឃើញមានប្រជាពលរដ្ឋខ្លះចូលទៅសង់លំនៅ និងកាប់គាស់ធ្វើចម្ការមែន ក៏ប៉ុន្តែលោកមិនទាន់ប្រាកដថា តើតំបន់នោះស្ថិតនៅក្នុងសហគមន៍ភ្នំដងរែកសម្រែកព្រៃស្រស់ដែរ ឬក៏យ៉ាងណាទេ ពីព្រោះវាមិនមានទិន្នន័យនៅក្នុងជី.ភី.អេស (GPS) របស់រដ្ឋបាលព្រៃឈើ៖ «យើងទទួលបានហើយពាក្យបណ្ដឹងហ្នឹង ក៏ប៉ុន្តែយើងអត់ទាន់ច្បាស់ថា ដីហ្នឹងតើវាស្ថិតនៅក្នុងដីសហគមន៍ដែរឬទេ? តែបើវាមានមែនយើងនឹងធ្វើលិខិតទៅក្រសួងកសិកម្ម ឱ្យប្រមូលយកដីហ្នឹងមកវិញ»។
មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើ ឱ្យដឹងថា យ៉ាងហោចណាស់គេត្រូវការពេល ២ ឬ ៣សប្ដាហ៍ទៅមុខទៀត ដើម្បីផ្ទៀងផ្ទាត់ទិន្នន័យ ជី.ភី.អេស រួមគ្នាជាមួយសហគមន៍ មន្ត្រីសុរិយោដី ព្រមទាំងរដ្ឋបាលព្រៃឈើ ឱ្យប្រាកដជាមុនសិនមុននឹងឈានទៅរកវិធានការរឹបអូសយកដីមកវិញ។
ទោះយ៉ាងណា អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តឧត្តរមានជ័យ លោក ស្រី ណារ៉េន យល់ថា ការឆ្លើយរបស់ខណ្ឌរដ្ឋបាលព្រៃឈើបែបនេះ គឺគ្រាន់តែជាការដោះយករួចខ្លួន ពីព្រោះដីនេះក្រសួងកសិកម្ម បានចុះកិច្ចព្រមព្រៀងឱ្យសហគមន៍ការពារជាង ១០ឆ្នាំមកហើយ ហេតុអ្វីក៏មិនមានទិន្នន័យក្នុង ជី.ភី.អេស? បញ្ហាម្យ៉ាងទៀត គឺអាជ្ញាធរសង្កាត់បន្សាយរក្ស ក្រុងសំរោង បែរជាហ៊ានស៊ីញ៉េ ប្រគល់ដីនៅឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ឱ្យទៅប្រជាពលរដ្ឋនោះ គឺវាបានរំលោភលើដែនរដ្ឋបាលទៅហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។