ពលរដ្ឋ​និង​សង្គម​ស៊ីវិល​តាមដាន​វិធានការ​របស់​រដ្ឋមន្ត្រី​​លើ​អ្នកស្រី ស៊ុយ សុផាន

0:00 / 0:00

ពលរដ្ឋ​និង​សង្គម​ស៊ីវិល​ថា នឹង​តាមដាន​ចំពោះ​វិធានការ​រដ្ឋមន្ត្រី​ក្រសួង​ដែនដី ដែល​ប្រកាស​ថា នឹង​កោះ​ហៅ​អ្នកស្រី ស៊ុយ សុផាន មក​ដោះស្រាយ​បញ្ហា​ដីធ្លី​ជាង ១០០​ករណី។ ចំណែក​ភាគី​ក្រសួង​ឲ្យ​ដឹង​ថា មូលដ្ឋាន​ដែល​ក្រសួង​អាច​កោះ​ហៅ​អ្នកស្រី ស៊ុយ សុផាន មក​ឆ្លើយ​បំភ្លឺ ព្រោះ​ទទួល​បណ្តឹង​ពី​ក្រុម​ពលរដ្ឋ។

ជា​ក្តី​សង្ឃឹម​ថ្មី​របស់​ពលរដ្ឋ​នៅ​តំបន់​បុរីកីឡា និង​ក្រុម​សង្គម​ស៊ីវិល នៅ​ពេល​បាន​ឃើញ​លោក​រដ្ឋមន្ត្រី ជា សុផារ៉ា ប្រកាស​ជា​សាធារណៈ​អំពី​ការ​កោះ​ហៅ​អគ្គនាយិកា​ក្រុមហ៊ុន​ផានអ៊ីម៉ិច (Phan Imex) អ្នកស្រី ស៊ុយ សុផាន ឬ​ហៅ​ថា យាយ​ផាន មក​ដោះស្រាយ​បញ្ហា​ដីធ្លី​ក្រសួង នៅ​ពេល​ខាង​មុខ។ ក្តី​សង្ឃឹម​នោះ ព្រោះ​ពួកគេ​មាន​ជំនឿ​ទៅ​លើ​លោក ជា សុផារ៉ា ដែល​ធ្លាប់​មាន​ស្នាដៃ​កន្លង​មក​លើ​ការងារ​របស់​លោក។

ពលរដ្ឋ​សហគមន៍​បុរីកីឡា លោកស្រី ង៉ូវ ណារី ដែល​សព្វ​ថ្ងៃ​មិន​ទទួល​បាន​ផ្ទះ​ពី​ក្រុមហ៊ុន​របស់​អ្នកស្រី ស៊ុយ សុផាន ដែល​ទទួល​សិទ្ធិ​វិនិយោគ​តំបន់​នេះ​ប្រាប់​ថា ប្រសិនបើ​ការ​អះអាង​នេះ​ជា​ការ​សន្យា​របស់​សាលាក្រុង​នោះ​លោកស្រី​គ្មាន​ជំនឿ​ទេ។ ប៉ុន្តែ​នៅ​ពេល​លោកស្រី​បាន​ដឹង​ថា នោះ​ជា​ការ​សន្យា​របស់​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា លោកស្រី​មាន​ក្ដី​សង្ឃឹម​ឡើង​វិញ៖ « យើង​គ្រាន់​តែ​ជឿ​ក្នុង​ចិត្ត​យើង​ណា ប៉ុន្តែ​សេចក្តី​សម្រេច​នោះ​មិន​ថា​គាត់​បាន​ដោះស្រាយ​យ៉ាង​ម៉េច ប្រសិន​បើ​គាត់ ( លោក ជា សុផារ៉ា ) ដោះស្រាយ​បាន ខ្ញុំ​ជួយ​អរ និង​ដឹង​គុណ​គាត់»

ពលរដ្ឋ​ដដែល​បន្ត​ថា កន្លង​មក​សាលាក្រុង​ភ្នំពេញ ធ្លាប់​កោះ​ហៅ​អ្នកស្រី ស៊ុយ សុផាន និង​ក្រុម​ពលរដ្ឋ​បុរីកីឡា មក​ដោះស្រាយ​ដែរ ប៉ុន្តែ​ទទួល​បាន​លទ្ធផល​ទេ។

ចំណែក​លោក សៀ ភារម្យ នាយក​លេខាធិការដ្ឋាន​នៃ​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន ឲ្យ​ដឹង​ថា លោក​នឹង​តាម​ឃ្លាំមើល​ការ​អនុវត្ត​របស់​ការងារ​របស់​លោក ជា សុផារ៉ា ហើយ​លោក​ថែម​ទាំង​ក្តី​រំពឹង​ថា ការ​ហ៊ាន​ប្រកាស​ថ្កោលទោស​អ្នកស្រី ស៊ុយ សុផាន ជា​សាធារណៈ​បែប​នេះ លោក​នឹង​ហ៊ាន​ធ្វើ​ដោយ​ការ​អះអាង។

មន្ត្រី​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការងារ​ទាក់ទង​ជម្លោះ​ដីធ្លី​រូប​នេះ​ប្រាប់​ទៀត​ថា កន្លង​មក​លោក​មិន​ដែល​ឃើញ​រដ្ឋមន្ត្រី​ក្រសួង​ដែនដី ពោល​ទាំង​រដ្ឋមន្ត្រី​ចាស់ និង​រដ្ឋមន្ត្រី​ថ្មី គឺ​លោក ជា សុផារ៉ា កោះ​ហៅ​ឈ្មួញ​រក​ស៊ី​ដីធ្លី​មក​ដោះស្រាយ​នៅ​ក្រសួង ឬ​មាន​វិធានការ​លើ​ក្រុម​ទាំង​នោះ​ទេ ប៉ុន្តែ​លោក​សង្កេត​ឃើញ​ថា ចាប់​ពី​លោក ជា សុផារ៉ា ឡើង​កាន់​តួនាទី ឃើញ​មាន​មន្ត្រី​ក្រសួង​ដែនដី ចុះ​ទៅ​អង្កេត​នៅ​ពេល​មាន​ករណី​ជម្លោះ​ដីធ្លី « យើង​នឹង​តាម​ឃ្លាំ​មើល​ទៀត ថា​តើ​អ្វី​ដែល​ប្រកាស​ហ្នឹង គាត់​ធ្វើ​តាម​អត់ ពីព្រោះ​នេះ​ជា​រឿង​មួយ​មាន​ការ​ទាក់ទាញ​ដែរ បើ​សិន​គាត់​ប្រកាស​ហើយ មិន​ធ្វើ​តាម​ការ​ប្រកាស​ហ្នឹង​ទេ នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​កាន់​តែ​មិន​ទុក​ចិត្ត​ទៀត​ហើយ»

ក្នុង​ពេល​ជួប​ប្រជុំ​ពិភាក្សា​ស្តីពី​គម្រោង​អភិវឌ្ឍន៍​អគារ​ស​ប៊ូឌីង កាល​ពី​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា មាន​ប្រសាសន៍​ថា កាល​ពី​លោក​នៅ​ធ្វើ​ជា​អភិបាល​ក្រុង​ភ្នំពេញ អ្នកស្រី ស៊ុយ សុផាន ធ្លាប់​លោក​បោក​លោក​ម្តង​រឿង​យក​លុយ​ភាស៊ី​ផ្សារ​ធំថ្មី ជា​ថ្នូរ​នឹង​ការ​សាងសង់​ផ្លូវ​តំបន់​នោះ​តែ​ទី​បំផុត អ្នកស្រី ស៊ុយ សុផាន មិន​ធ្វើ​តាម​សន្យា។ លោក​ឲ្យ​ដឹង​ទៀត​ថា សព្វ​ថ្ងៃ​នេះ លោក​មាន​ករណី​ជម្លោះ​ដីធ្លី​ជាង ១០០​ករណី ទាក់ទង​អ្នកស្រី ស៊ុយ សុផាន ហើយ​លោក​នឹង​កោះ​ហៅ​នាយិកា​ក្រុមហ៊ុន ផានអ៊ីម៉ិច រូប​នេះ មក​ក្រសួង ដើម្បី​ដោះស្រាយ « ស្រី​បោក​បាន​ខ្ញុំ​នេះ​លើក​ទី​១ ខ្ញុំ​គឺ​គាត់​បោក​ខ្ញុំ​បាន​មុន​គេ​បង្អស់។ ពូកែ​ណាស់ ! ពូកែ​តាំង​ពី​និយាយ ! ពូកែ​តាំង​ពី​អី ឥឡូវ​មក​ដល់​ក្រសួង​រៀបចំ​ដែនដី នេះ មាន​ជាង ១០០​រឿង ដែល​គាត់​ប៉ះពាល់​វិវាទ​ដីធ្លី។ ខ្ញុំ​ថា​ឲ្យ​តែ​ស្រឡះ​បន្តិច គឺ​ដល់​ម៉ោង​ហើយ »

ភ្លាមៗ​នោះ​ដែរ អ្នកស្រី ស៊ុយ សុផាន ផ្តល់​បទសម្ភាសន៍​ឲ្យ​អាស៊ីសេរី​ដឹង​ថា ប្រសិនបើ​ក្រសួង​ដាក់​លិខិត​មក​អ្នកស្រី​ជា​ផ្លូវការ អ្នកស្រី​នឹង​ទៅ​ឆ្លើយ​បំភ្លឺ។ ឈ្មួយ​ល្បី​ឈ្មោះ​រូប​នេះ​បន្ត​ទៀត​ថា អ្នកស្រី​ពិត​ជា​មាន​បញ្ហា​ទំនាស់​ដីធ្លី​ជាមួយ​ពលរដ្ឋ​មែន គឺ​ប្រមាណ ១០០​គ្រួសារ ដែល​នៅ​ជាប់​នឹង​ព្រំប្រទល់​ដី​របស់​ខ្លួន​នៅ​សង្កាត់​វាលស្បូវ ក្រុង​ភ្នំពេញ។ ប៉ុន្តែ​ចំពោះ​បញ្ហា​ដីធ្លី​ជាមួយ​ពលរដ្ឋ​បុរីកីឡា អ្នកស្រី​អះអាង​ថា អ្នកស្រី​បាន​ដោះស្រាយ​ចប់​សព្វគ្រប់​អស់​ហើយ។

ប៉ុន្តែ​ពលរដ្ឋ​សហគមន៍​បុរីកីឡា លោកស្រី ង៉ូវ ណារី ដែល​មិន​ទទួល​បាន​ផ្ទះ​ក្រោយ​ការ​បណ្តេញ​ចេញ​របស់​អ្នកស្រី ស៊ុយ សុផាន ឲ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់ ពេល​នេះ​មាន​ជិត ៤០​គ្រួសារ​ទៀត​នៅ​មិន​ទាន់​ទទួល​ផ្ទះ​នៅ​ឡើយ។

កាល​ពី​ឆ្នាំ​២០១២ អាជ្ញាធរ​ក្រុង​ភ្នំពេញ និង​ក្រុមហ៊ុន​ផានអ៊ីម៉ិច បាន​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​លំនៅឋាន​ដើម្បី​យក​តំបន់​បុរីកីឡា មក​អភិវឌ្ឍ ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ប្រមាណ ១៤០​គ្រួសារ​បាត់បង់​ផ្ទះសំបែង។

អ្នក​នាំ​ពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក សារុន ឫទ្ធា ឲ្យ​អាស៊ីសេរី ដឹង​នៅ​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ថា ការ​ដែល​រដ្ឋមន្ត្រី​គ្រោង​កោះ​ហៅ​អ្នកស្រី ស៊ុយ សុផាន មក​ដោះស្រាយ​ដូច​នេះ ព្រោះ​ក្រសួង​ទទួល​បាន​បណ្តឹង​ពី​ពលរដ្ឋ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។