ប្រជាពលរដ្ឋមានបញ្ហាដីធ្លីជិត ២០សហគមន៍នាខេត្តព្រះសីហនុ បញ្ចេញមតិផ្សេងៗគ្នាក្រោយចំណាយពេលពេញមួយថ្ងៃប្រាថ្នាចង់ជួបមុខលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប៉ុន្តែត្រូវបរាជ័យ ដោយប្រមុខដឹកនាំមិនទទួលជួប ហើយអាជ្ញាធរពង្រាយកម្លាំងរាប់រយនាក់រារាំងកាលពីថ្ងៃទី៣ ខែសីហា។
បញ្ហានេះ ថ្នាក់ដឹកនាំខេត្តព្រះសីហនុ អះអាងថា ការដែលប្រមុខដឹកនាំមិនទទួលជួបប្រជាពលរដ្ឋក្នុងដំណើរចុះសួរសុខទុក្ខមន្ត្រីរាជការនាមូលដ្ឋាននេះ ដោយសារមានការហត់នឿយ និងមានបញ្ហាសុខភាព។
ការទន្ទឹងរង់ចាំរបស់ប្រជាពលរដ្ឋរាប់រយនាក់មកពីសហគមន៍មានទំនាស់ដីធ្លីជិត ២០សហគមន៍ ក្រោមព្យុះភ្លៀងស្ទើរពេញមួយថ្ងៃនៅពីមុខបរិវេណសាលាខេត្តព្រះសីហនុ ចាប់ពីម៉ោងប្រមាណ ៨ព្រឹកថ្ងៃទី៣ ខែសីហា រហូតដល់ម៉ោងជិត ៧យប់ ដើម្បីរង់ចាំជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបរាជ័យ ហើយពលរដ្ឋនៅតាមសហគមន៍មួយចំនួនបង្ហាញអារម្មណ៍ខកចិត្តចំពោះសកម្មភាពរបស់ប្រមុខដឹកនាំ ដែលមិនទទួលជួបពួកគេ។
តំណាងប្រជាពលរដ្ឋសហគមន៍អូរខ្សាច់ចំនួន ២១គ្រួសារ មានទំហំផ្ទៃដី ២៧ហិកតារ លោកស្រី ឡុច ទូច រស់នៅភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បង្ហាញអារម្មណ៍ខកចិត្តពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនចេញមកជួបពលរដ្ឋក្នុងដំណើរចុះមកខេត្តព្រះសីហនុ កាលពីថ្ងៃទី៣ ខែសីហា។ លោកស្រីមានការសោកស្ដាយដែលខកខានមិនបានជួបផ្ទាល់ជាមួយប្រមុខដឹកនាំ ដើម្បីរាយការណ៍អំពីមន្ត្រីមានអំណាចឃុបឃិតរំលោភយកដីលំនៅឋាន និងដីចម្ការពួកគាត់ ដោយប្រើប្រព័ន្ធតុលាការ និងកម្លាំងប្រដាប់អាវុធចាប់ពលរដ្ឋដាក់គុកច្រវាក់កន្លងមក៖ « ពួកខ្ញុំមកប្រមូលផ្តុំគ្នានៅមុខសាលាខេត្តព្រះសីហនុ នេះ គឺក្នុងគោលបំណងចង់ជួបមុខសម្ដេច ប៉ុន្តែនៅពេលពលរដ្ឋពួកខ្ញុំចង់ជួបគាត់ តែបែរជាគាត់រត់ចោលពួកខ្ញុំ មិនជួបពួកខ្ញុំ គឺជារឿងគួរឲ្យសោកស្ដាយណាស់។ ពួកខ្ញុំចង់រាយការណ៍ទៅលើករណីរំលោភដីធ្លី តែគាត់មិនបានជួបពួកខ្ញុំ ដោយឲ្យអភិបាលខេត្តពង្វាងដានសម្ដេច មិនឲ្យជួបមុខពួកខ្ញុំ ហើយយកតំណាងពួកខ្ញុំយកទៅឃុំទុកក្នុងបន្ទប់ពេញមួយថ្ងៃ មិនឲ្យជួបសម្ដេចទេ »។
យ៉ាងនេះក្តី លោកស្រី ឡុច ទូច នៅតែរំពឹងថា នៅថ្ងៃណាមួយនឹងបានជួបផ្ទាល់ជាមួយប្រមុខដឹកនាំ ហើយនាំយកដំណឹងពិតពីការរំលោភដីធ្លីពីសំណាក់មន្ត្រីមានអំណាច និងឈ្មួញមួយចំនួន ឃុបឃិតរំលោភយកដីធ្លីរបស់ពួកគាត់។

តំណាងប្រជាពលរដ្ឋចំនួន ៤គ្រួសាររស់នៅក្រុម៩ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ លោកស្រី មុំ សុភា បង្ហាញអារម្មណ៍សោកស្ដាយដែលមិនបានជួបប្រមុខដឹកនាំដោយផ្ទាល់ ដើម្បីដាក់ញត្តិ ឬពាក្យបណ្ដឹងស្តីអំពីទំនាស់ដីធ្លី ដែលស្ត្រីរូបនេះអះអាងធ្លាប់រស់នៅតាំងពីឆ្នាំ១៩៩០ មកដល់ឆ្នាំ២០០២ ហើយត្រូវឈ្មួញ និងមន្ត្រីមានអំណាចធ្វើប្លង់រំលោភយក និងប្រើកម្លាំងសមត្ថកិច្ចបណ្ដេញចេញពីលំនៅឋាន។ លោកស្រី មុំ សុភា ប្រាប់ពីគោលបំណងចង់ជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺចង់ស្នើឲ្យលោកជួយសើរើសំណុំរឿងក្តីឃុបឃិតរំលោភដីធ្លីពលរដ្ឋពួកគាត់ ពីសំណាក់អតីតថ្នាក់ដឹកនាំមួយចំនួននាខេត្តព្រះសីហនុ ក្នុងអាណត្តិកន្លងទៅ៖ « ខ្ញុំមានបំណងចង់ជួបមុខសម្ដេច និងដាក់ពាក្យបណ្ដឹង ឬញត្តិស្ដីពីការរំលោភដីធ្លីជូនសម្ដេចឲ្យជួយដោះស្រាយ ព្រោះដីនៅតំបន់ខ្ញុំនេះ គឺខ្ញុំបានមករស់នៅឆ្នាំ១៩៩៦ និងមានដាំដំណាំហូបផ្លែមានដើមធំៗនៅលើដីនោះថែមទៀត ប៉ុន្តែត្រូវមន្ត្រីមួយចំនួននាខេត្តព្រះសីហនុ បានឃុបឃិតរំលោភយក និងបណ្ដេញពួកខ្ញុំចេញពីទីតាំងដីធ្លាប់រស់នៅ។ សូមឲ្យសម្ដេចជួយដល់ពួកខ្ញុំផង »។
ចំណែកប្រធានសហគមន៍អូរដំរី លោក ម៉ន ស៊ីណា តំណាងពលរដ្ឋប្រមាណ ២០០គ្រួសារ និងមានទំហំដី ១៣៥ហិកតារ រស់នៅភូមិ៤ សង្កាត់អូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ក៏បង្ហាញការខកចិត្តដែលបំណងប្រាថ្នាចង់ជួបប្រមុខដឹកនាំ ដើម្បីលើកឡើងពីការឃុបឃិតរំលោភដីធ្លីនៅសហគមន៍នេះត្រូវបរាជ័យ។ តំណាងពលរដ្ឋរូបនេះបង្ហាញការសោកស្ដាយ ដែលប្រមុខដឹកនាំមិនចេញមកជួបសួរសុខទុក្ខពលរដ្ឋដោយផ្ទាល់នៅគ្រាក្បួនរថយន្តរបស់ប្រមុខដឹកនាំ បានបើកកាត់មុខការប្រមូលផ្តុំរបស់ពលរដ្ឋខាងមុខសាលាខេត្តព្រះសីហនុ កាលពីល្ងាចថ្ងៃទី៣ ខែសីហា៖ « ឯកឧត្តមអភិបាលខេត្ត លោក យន្ត មីន បានអញ្ជើញតំណាងពួកខ្ញុំទាំងជិត ២០សហគមន៍ឲ្យទៅអង្គុយរង់ចាំក្នុងបន្ទប់មួយក្នុងបរិវេណសាលាខេត្ត ចាំជួបសម្ដេច ប៉ុន្តែពួកខ្ញុំមិនបានជួបទេ គឺជួបតែលោក ឈិន សេងងួន ជាអភិបាលរងបានមកជួបជជែកជាមួយពួកខ្ញុំពីរឿងឥតប្រយោជន៍ផ្សេងៗ។ ខ្ញុំសោកស្ដាយណាស់ដែលមិនបានជួបសម្ដេចផ្ទាល់ ដើម្បីរ៉ាយរ៉ាប់អំពីកង្វល់ពលរដ្ឋពួកខ្ញុំ ដែលត្រូវឈ្មួញឃុបឃិតជាមួយមន្ត្រីមានអំណាច ហើយប្រើប្រព័ន្ធតុលាការដើម្បីរំលោភយកដីនៅសហគមន៍អូរដំរីរបស់ប្រជាពលរដ្ឋប្រមាណ ២០០គ្រួសារ »។
ការទន្ទឹងរង់ចាំជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប៉ុន្តែត្រូវខកខាននេះ ធ្វើឲ្យស្ត្រីអាយុជិត ៦០ឆ្នាំម្នាក់ឈ្មោះ ស្វាយ វ៉ាន់ មកពីសហគមន៍ក្បាលហុងទឹក ខ្យល់គ ហើយត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ដោយសារអង្គុយអត់បាយក្រហាយទឹក ដើម្បីរង់ចាំជួបប្រមុខដឹកនាំ ស្នើឲ្យជួយអន្តរាគមន៍លើបញ្ហាដីធ្លី។
ចំណែកលោក សេន ចន្ថា តំណាងសហគមន៍ព្រែកត្របែក អណ្ដូងទឹក និងថ្មធំ ចំនួនជាង ១០០គ្រួសារ និងមានទំហំផ្ទៃដីជាង ៣០០ហិកតារ រស់នៅឃុំរាម ស្រុកព្រៃនប់ ក៏បង្ហាញការហួសចិត្ត កាលបើប្រមុខដឹកនាំមិនទទួលជួបពលរដ្ឋដែលអង្គុយសំកុករង់ចាំនៅពីមុខសាលាខេត្តព្រះសីហនុ ចាប់ពីម៉ោង ៨ព្រឹករហូតដល់ម៉ោង ៧យប់ ថ្ងៃទី៣ ខែសីហា។ លោកបញ្ជាក់ថា ប្រសិនបានជួបប្រមុខដឹកនាំ រូបលោកនឹងស្នើឲ្យជួយអន្តរាគមន៍ទៅអាជ្ញាធរខេត្តព្រះសីហនុ ឲ្យជួយពន្លឿនសកម្មភាពចុះវាស់ដីចេញពីគម្រោងវិនិយោគរបស់ក្រុមហ៊ុនឈ្មោះ យិះ ជៀ ឈានដល់ផ្តល់ប្លង់កម្មសិទ្ធិជូនពួកគាត់ឲ្យបានឆាប់។ លោក សេន ចន្ថា ថ្លែងថា លោកធ្លាប់ឃើញការបង្ហោះរូបភាព និងវីដេអូនៃដំណើរចុះជួបប្រជាពលរដ្ឋរបស់ប្រមុខដឹកនាំនៅតាមបណ្ដាខេត្តនានា តាមបណ្ដាញសង្គមហ្វេសប៊ុក (facebook) ហើយឃើញប្រមុខដឹកនាំមានភាពស្និទ្ធស្នាលជាមួយពលរដ្ឋ ឬឈានដល់ថតរូបអនុស្សាវរីយ៍ដ៏សាមញ្ញយ៉ាងរីករាយ ប៉ុន្តែផ្ទុយទៅវិញ ដំណើរចុះមកខេត្តព្រះសីហនុ ផ្ទុយស្រឡះពីការរំពឹងទុករបស់ប្រជាពលរដ្ឋទៅវិញ៖ « ឯកឧត្តមអភិបាលខេត្តហាក់មិនមានឆន្ទៈដោះស្រាយទំនាស់ដីធ្លីពិតប្រាកដជូនប្រជាពលរដ្ឋរងគ្រោះដីធ្លីនៅតាមសហគមន៍នានា ក្នុងខេត្តព្រះសីហនុ ទេ បានជាបង្វែងដានពួកខ្ញុំមិនឲ្យជួបសម្ដេច ហ៊ុន សែន ដោយផ្ទាល់។ ពួកខ្ញុំអស់ជំនឿ ហើយទំនងជាលែងគាំទ្រទៅលើសម្ដេច និងអភិបាលខេត្តនេះទៀតហើយ បើកង្វល់ពួកខ្ញុំមិនបានជួយដោះស្រាយ និងគេចមិនជួបពួកខ្ញុំពេលពួកខ្ញុំត្រូវការឲ្យជួយអន្តរាគមន៍លើកង្វល់ដីធ្លីពេលនេះ »។
ការប្រមូលផ្តុំគ្នារបស់ពលរដ្ឋមានទំនាស់ដីធ្លីជិត ២០សហគមន៍នៅពីមុខបរិវេណសាលាខេត្តព្រះសីហនុ កាលពីថ្ងៃទី៣ ខែសីហា គេសង្កេតឃើញមានវត្តមានអភិបាល អភិបាលរង និងស្នងការនគរបាលខេត្តនេះ បានចេញមកជួបពលរដ្ឋ ហើយទទួលយកញត្តិពលរដ្ឋដើម្បីដាក់ជូនប្រមុខដឹកនាំ និងបានណែនាំឲ្យពលរដ្ឋរំសាយការប្រមូលផ្តុំ ប៉ុន្តែពលរដ្ឋមិនព្រម។ ជាងនេះទៀត ម្តងជាពីរដង ក៏ឃើញវត្តមានអភិបាលរងខេត្តព្រះសីហនុ លោក ស្រ៊ុន ស្រ៊ន់ បានមកណែនាំពលរដ្ឋមិនឲ្យប្រមូលផ្តុំគ្នានៅតាមចិញ្ចើមផ្លូវទល់មុខសាលាខេត្តទេ នៅមុនពេលប្រមុខដឹកនាំអញ្ជើញមកដល់សាលប្រជុំសាលាខេត្ត ដើម្បីជួបសំណេះសំណាលជាមួយមន្ត្រីរាជការនៅល្ងាចថ្ងៃទី៣ ខែសីហា។
ត្រង់ចំណុចនេះ អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន មានប្រសាសន៍ថា មូលហេតុដែលលោកនាយករដ្ឋមន្ត្រីមិនទទួលជួបប្រជាពលរដ្ឋ និងតំណាងពលរដ្ឋ ដែលចាត់ឲ្យទៅអង្គុយសំកុកក្នុងបន្ទប់រង់ចាំជាស្រេចកាលពីល្ងាចថ្ងៃទី៣ ខែសីហា ដោយសារប្រមុខដឹកនាំមានសុខភាពមិនសូវល្អ និងមានការហត់នឿយពេលធ្វើដំណើរជួបសួរសុខទុក្ខពលរដ្ឋនៅតាមផ្លូវធ្វើដំណើរឆ្លងកាត់ខេត្តមួយចំនួន។ ទោះយ៉ាងណា លោក យន្ត មីន បានអះអាងថា ប្រមុខដឹកនាំបានរំឭកដល់អាជ្ញាធរខេត្តព្រះសីហនុ ឲ្យយកចិត្តទុកដាក់ ឬជួយពន្លឿនដោះស្រាយទំនាស់ដីធ្លីជូនប្រជាពលរដ្ឋដោយយកចិត្តទុកដាក់ និងឲ្យស្របតាមកង្វល់ពលរដ្ឋនៅតាមសហគមន៍នីមួយៗឲ្យបានឆាប់។
ទាក់ទិនបញ្ហានេះ មន្ត្រីសង្គមស៊ីវិលក្រៅរដ្ឋាភិបាលមួយចំនួននាខេត្តព្រះសីហនុ ក៏បង្ហាញការហួសចិត្តនៅគ្រាប្រជាពលរដ្ឋនៅតាមសហគមន៍មានទំនាស់ដីធ្លីរាប់រយនាក់ ដែលទន្ទឹងរង់ចាំជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយផ្ទាល់ ប៉ុន្តែត្រូវប្រមុខដឹកនាំបដិសេធមិនចេញមកជួបពួកគាត់ដែលអង្គុយរង់ចាំពេញមួយថ្ងៃក្រោមព្យុះភ្លៀង។ មន្ត្រីសង្គមស៊ីវិលទាំងនោះអះអាងថា ក្រុមប្រជាពលរដ្ឋដែលខកខានមិនបានជួបផ្ទាល់ជាមួយប្រមុខដឹកនាំ ពួកគេម្នាក់ៗហាក់បង្ហាញអារម្មណ៍ខកចិត្តដែលកន្លងមកពួកគេបានបោះឆ្នោតគាំទ្រចំពោះការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប៉ុន្តែបែរជានៅពេលពួកគាត់មានកង្វល់ ឬចង់ផ្តល់ដំណឹងពិតពីការឃុបឃិតរំលោភដីធ្លីពីសំណាក់បុគ្គល ឬមន្ត្រីមានអំណាចមួយចំនួន ត្រូវប្រមុខដឹកនាំបដិសេធទៅវិញ។
អ្នកស្រី ជៀប សុធារី មន្ត្រីសម្របសម្រួលសមាគមអាដហុក ខេត្តព្រះសីហនុ ក៏បង្ហាញការសោកស្ដាយដែលប្រជាពលរដ្ឋមិនបានជួបផ្ទាល់ជាមួយប្រមុខដឹកនាំពេលនេះ៖ « ពលរដ្ឋនៅតាមសហគមន៍មានទំនាស់ដីធ្លីជិត ២០សហគមន៍ហ្នឹង ពួកគាត់បានអះអាងថាបានបោះឆ្នោតជូនសម្ដេច ហ៊ុន សែន ចំនួន ៥អាណត្តិមកហើយ ហើយពួកគាត់មិនដែលបានជួប ឬឃើញសម្ដេច ហ៊ុន សែន ដោយផ្ទាល់ទេ ទើបតែពេលនេះពួកគាត់មកចង់ជួបសួរសុខទុក្ខ និងលើកយកកង្វល់ពីការរំលោភដីធ្លីដាក់ជូនសម្ដេចជួយអន្តរាគមន៍ ប៉ុន្តែបែរជាត្រូវខកខានទៅវិញ។ ពលរដ្ឋទាំងនោះហាក់បង្ហាញការខកបំណង និងអស់ជំនឿទៅលើការដឹកនាំរបស់រដ្ឋាភិបាលសព្វថ្ងៃនេះ »។
កាលពីថ្ងៃទី៣ ខែសីហា ប្រជាពលរដ្ឋមកពីតាមសហគមន៍មានទំនាស់ដីធ្លីជិត ២០សហគមន៍ បានមកប្រមូលផ្តុំគ្នារង់ចាំជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ពីម៉ោង ៨ព្រឹកដល់ម៉ោង ៧យប់ នៅពីមុខសាលាខេត្តព្រះសីហនុ។ តំណាងសហគមន៍ទាំងនោះ ពួកគេម្នាក់ៗរំពឹងបានជួបផ្ទាល់ជាមួយប្រមុខដឹកនាំ ដើម្បីស្នើឲ្យជួយអន្តរាគមន៍លើករណីទំនាស់ដីធ្លីដែលពួកគាត់អះអាងថា ត្រូវបានឈ្មួញ និងមន្ត្រីមានអំណាចរំលោភយក។
តំណាងសហគមន៍ខ្លះទៀតក៏មានបំណងសំណូមពរដល់លោកនាយករដ្ឋមន្ត្រី ឲ្យជួយជំរុញទៅមន្ត្រីពាក់ព័ន្ធក្រោមឱវាទ ជួយពន្លឿនសកម្មភាពចុះវាស់ឆ្វៀលដីចេញពីគម្រោងវិនិយោគរបស់ក្រុមហ៊ុនដែលទទួលបានសិទ្ធិវិនិយោគពីរដ្ឋាភិបាល ឈានដល់ផ្ដល់ប្លង់កម្មសិទ្ធិជូនពួកគាត់ឲ្យបានឆាប់ ប៉ុន្តែក្តីរំពឹងរបស់ប្រជាសហគមន៍ទាំងនោះត្រូវបរាជ័យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។