ប្រជាពលរដ្ឋភូមិចក់ចារ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ចោទអភិបាលរងស្រុកមួយរូប ថាពោលពាក្យប្រមាថដល់អាយុជីវិតអ្នកភូមិ ខណៈមន្ត្រីរូបនោះខឹងនឹងអ្នកភូមិទាមទារដីនៅតំបន់ក្រុមហ៊ុនសម្បទានឈូសឆាយដាំកៅស៊ូរួចហើយ។
ការចោទប្រកាន់នេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរស្រុក និងប្រជាពលរដ្ឋ មិនឯកភាពគ្នាលើការចុះបង្ហាញទីតាំងដី ដែលអ្នកភូមិតវ៉ាទាមទារកាត់ចេញពីដីសម្បទានក្រុមហ៊ុន ប៊ិញ ភឿក ក្រចេះ រ៉ាប់ប៊ឺរ១ (Bin Phurk Kratie Rubber 1)។
កាលពីថ្ងៃទី១១ ខែមិថុនា គណៈកម្មការចម្រុះនៃអាជ្ញាធរស្រុកកែវសីមា រួមជាមួយមន្ត្រីភូមិ-ឃុំ និងប្រជាពលរដ្ឋជាង ១០០នាក់ បាននាំគ្នាទៅបង្ហាញទីតាំងដីដែលប្រជាពលរដ្ឋអះអាងថា ជាអតីតដីត្រៀមបម្រុងសហគមន៍តាមការសន្យា បន្ទាប់ពីអ្នកភូមិដាក់ញត្តិតវ៉ាទៅអាជ្ញាធរខេត្តកាលពីចុងខែឧសភា។ អ្នកភូមិអះអាងថា ដីនោះក្រុមហ៊ុនរំលោភឈូសឆាយ ហើយដាំកៅស៊ូ បើទោះបីអ្នកភូមិកំពុងតវ៉ាក្តី។
តំណាងប្រជាពលរដ្ឋភូមិចក់ចារ អ្នកស្រី ស្រួច ថែវ បញ្ជាក់ថា អាជ្ញាធរស្រុកមិនមានឆន្ទៈប្រគល់ដីឲ្យអ្នកភូមិវិញទេ ដោយសំអាងថា ទីតាំងដីដែលសហគមន៍ចង្អុលបង្ហាញ គឺជាដីចម្ការកៅស៊ូរបស់ក្រុមហ៊ុនបានដាំដុះ។ លើសពីនោះទៀត អភិបាលរងស្រុកមួយរូប គឺលោក យិន សុខឡេង ពោលពាក្យប្រមាថសម្លាប់ជីវិតប្រជាពលរដ្ឋដែលទាមទារដីមានដំណាំកៅស៊ូរបស់ក្រុមហ៊ុន។ អ្នកស្រីចាត់ទុកថា នេះជាអំពើរំលោភសិទ្ធិធ្ងន់ធ្ងរ ដែលមន្ត្រីអាជ្ញាធរមិនបានបំពេញតួនាទីបម្រើរាស្ត្រពិតប្រាកដ៖ « ម្សិលហ្នឹងគំរាម ! អភិបាលរងស្រុកថាបើចង់បានដីហ្នឹង ទាល់តែឆ្អឹងដែកស្បែកស្ពាន់។ ជួយផ្សាយផង កុំឲ្យពួកគាត់គំរាមកំហែងប្រមាថដល់អាយុជីវិតអ៊ីចឹង មិនត្រឹមត្រូវទេ។ អត់បានលទ្ធផលទេ វាខុសទីតាំង ខុសស្រឡះតែម្តង។ ប្រជាពលរដ្ឋណាព្រម ដីហ្នឹងមិនព្រមដោះស្រាយឲ្យប្រជាពលរដ្ឋទេ »។
សហគមន៍ភូមិចក់ចារ ចំនួន ២១១គ្រួសារ កាលពីចុងខែឧសភា បានប្ដឹងក្រុមហ៊ុន ប៊ិញ ភឿក១ ថាបានរំលោភកិច្ចព្រមព្រៀងសម្របសម្រួលរបស់អាជ្ញាធរដោះស្រាយវិវាទដីធ្លីខេត្តមណ្ឌលគិរី ដែលបានសម្រេចកាត់ដី ៣៧៥ហិកតារពីក្រុមហ៊ុន ប្រគល់ជូនប្រជាពលរដ្ឋ។ ខណៈចុះបង្ហាញទីតាំងដីជាក់ស្តែង អ្នកភូមិទាមទារដីនៅតំបន់អូរត្រយ៉ង់ ក៏ប៉ុន្តែអាជ្ញាធរថាដីមានជម្លោះឋិតនៅតំបន់ត្រពាំងថ្ម។
ទាក់ទិនការអះអាង និងចោទប្រកាន់របស់ពលរដ្ឋ អភិបាលរងស្រុកកែវសីមា លោក យិន សុខឡេង បដិសេធដោយកំហឹងថា គ្មានវេលាបញ្ជាក់រឿងនេះទេ៖ « ធ្វើថ្នាក់ដឹកនាំទៅប្រមាថប្រជាពលរដ្ឋ បងឯងជឿដែរ ? ខ្ញុំគ្មានទំនេរនិយាយជាមួយបងឯងទេ »។
ចំណែកអភិបាលស្រុកកែវសីមា លោក ស៊ិន វណ្ណវុឌ្ឍ បដិសេធថា មន្ត្រីស្រុកមិនបានពោលពាក្យគំរាមដូចការចោទនោះទេ គឺអ្នកភូមិទៅវិញទេ ដែលប្រើពាក្យសម្ដីមិនសមរម្យទៅលើមន្ត្រីស្រុក ខណៈអាជ្ញាធរមិនយល់ស្របចំពោះការបង្ហាញទីតាំងដីដែលអ្នកភូមិចង់បាន។ លោកថា អ្នកភូមិចង់បានដីដែលក្រុមហ៊ុនដាំកៅស៊ូរួច។ រឿងនេះមិនអាចទៅរួចឡើយ៖ « យើងចុះទៅចុចចំណុច ៣៧៥ហិកតារ គាត់ថាអាហ្នឹងមិនមែន។ គាត់ទៅចង្អុលដីដែលក្រុមហ៊ុនដាំកៅស៊ូពីរបីឆ្នាំហើយ។ អ៊ីចឹងមិនអាចដោះស្រាយបាន »។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សសមាគមអាដហុក (ADHOC) ខេត្តមណ្ឌលគិរី លោក សុក រដ្ឋា កត់សម្គាល់ថា អ្នកភូមិមានលិខិតបញ្ជាក់ពីអាជ្ញាធរភូមិ-ឃុំពីទីតាំងអតីតដីសហគមន៍ ដែលក្រុមហ៊ុនឈូសឆាយ។ ហេតុនេះ លោកអំពាវនាវសុំឲ្យអាជ្ញាធរថ្នាក់ខេត្ត ឬថ្នាក់ជាតិ ស្រាវជ្រាវករណីនេះឡើងវិញ ដើម្បីផ្តល់យុត្តិធម៌ដល់ពលរដ្ឋ។ ដោយឡែកទាក់ទិនការចោទប្រកាន់រឿងពោលប្រមាថ អ្នកភូមិអាចដាក់ពាក្យប្ដឹងតាមផ្លូវតុលាការ ប្រសិនបើអ្នកភូមិមានភស្តុតាងទាក់ទិនការជេរប្រមាថនេះ៖ « ឲ្យស៊ើបអង្កេតជាលក្ខណៈថ្នាក់ជាតិ ដោះស្រាយជូនប្រជាពលរដ្ឋទៅ។ ខ្ញុំជឿថាអាចលឿន។ ប្រសិនមានអនុសាសន៍ពីនាយករដ្ឋមន្ត្រីទៀត ខ្ញុំជឿថារឿងនេះអាចដោះស្រាយបានចប់ »។
ទោះបីជាយ៉ាងណាក៏ដោយ ភាគីប្រជាពលរដ្ឋអះអាងថា នឹងធ្វើការតវ៉ាទៅអាជ្ញាធរខេត្តជាថ្មីទៀត ប្រសិនអាជ្ញាធរមិនដោះស្រាយប្រគល់ដីឲ្យអ្នកភូមិ។ រីឯអភិបាលស្រុកវិញអះអាងថា នឹងធ្វើរបាយការណ៍ជូនអាជ្ញាធរខេត្ត និងថ្នាក់ជាតិ ជុំវិញការមិនឯកភាពគ្នានេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។