សមាជិកក្រុមប្រឹក្សាស្រុកចិត្របុរី មកពីគណបក្សសង្គ្រោះជាតិ ចោទអភិបាលស្រុកចិត្របុរី ថា បានរំលោភបំពានសិទ្ធិពលរដ្ឋដោយចាប់ខ្លួនពលរដ្ឋមានជម្លោះដីធ្លីម្នាក់។ ការចោទប្រកាន់នេះ បន្ទាប់ពីពលរដ្ឋរារាំងមិនឲ្យអាជ្ញាធរឈូសឆាយដីដែលកំពុងមានជម្លោះ ដោយរង់ចាំដំណោះស្រាយជាមុនសិន។ ចំណែកអភិបាលស្រុកចិត្របុរី អះអាងថា ពលរដ្ឋត្រូវសមត្ថកិច្ចឃាត់ខ្លួនដោយសាររារាំងមិនឲ្យសមត្ថកិច្ចអនុវត្តកាតព្វកិច្ច។
សមាជិកក្រុមប្រឹក្សាស្រុកចិត្របុរី មកពីគណបក្សជំទាស់ អ្នកស្រី ឃុត ម៉ុម ឲ្យដឹងនៅថ្ងៃទី១ ខែកញ្ញាថា អភិបាលស្រុកចិត្របុរី លោក ហង្ស ចាន់ឌី អមដោយសមត្ថកិច្ចចម្រុះប្រដាប់អាវុធជាង ២០នាក់ បានយកគ្រឿងចក្រឈូសឆាយដីកំពុងមានជម្លោះ ហើយសមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់ក្រោមហេតុផលរារាំងប្រតិបត្តិការសមត្ថកិច្ច។ អ្នកស្រីចាត់ទុកការចាប់ខ្លួននោះជាទង្វើរំលោភសិទ្ធិពលរដ្ឋ ខណៈអ្នកភូមិធ្លាប់កាន់កាប់ដីនៅតំបន់នោះជាច្រើនឆ្នាំកន្លងមក៖ «ប្រតិបត្តិការឈូសឆាយហ្នឹង គេឈូសឆាយដោយមានកម្លាំងសមត្ថកិច្ច ប៉េអឹម ប៉ូលិសការពារហ្នឹង។ គាត់ទៅការពារដីគាត់ អត់ឲ្យគេឈូស គេចាប់គាត់។ ចៅហ្វាយស្រុកហ្នឹងថា ចាប់ពួកវាដាក់ខ្នោះ។ សង្កត់គ្នាបីទៅបួននាក់វ៉ៃគ្នា»។
ឆ្លើយតបរឿងនេះ អភិបាលស្រុកចិត្តបូរី លោក ហង្ស ចាន់ឌី ថ្លែងបញ្ជាក់ថា អាជ្ញាធរខែត្រ និងស្រុកបានចុះអនុវត្តមុខសញ្ញាទទួលបានដីសម្បទានសង្គមកិច្ចជូនពលរដ្ឋរស់នៅតាមច្រាំងទន្លេ និងពលរដ្ឋក្រីក្រ ៧១គ្រួសារ ផ្អែកតាមខ្លឹមសារលិខិតរបស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានប្រកាសតំបន់នោះជាតំបន់វិនិច្ឆ័យដីសម្បទានសង្គមកិច្ច។ លោករំឭកថា កាលពីឆ្នាំ២០១៤ អាជ្ញាធរស្រុកបានសិក្សាផលប៉ះពាល់ និងបានឆ្វៀលដីជាង ២០ហិកតារជូនពលរដ្ឋរងផលប៉ះពាល់ ១១គ្រួសារ ហើយពលរដ្ឋទាំងនោះក៏បានឯកភាពវិធានការនេះដែរ។
លោកបន្តថា ពលរដ្ឋដែលសមត្ថកិច្ចឃាត់ខ្លួន អាជ្ញាធរនឹងដោះលែងបន្ទាប់ពីធ្វើកិច្ចសន្យារួច៖ «ពួកអ្នកដែលកាងដីហ្នឹងកន្លងមកនៅពេលដែលយើងសិក្សាផលប៉ះពាល់ យើងឆ្វៀលឲ្យគាត់រួចហើយ។ យើងឆ្វៀលតាមរបៀបស្បែកខ្លាឲ្យគាត់រួចហើយ ហើយគាត់ក៏បានផ្ដិតមេដៃមិនពង្រីកយកដីរដ្ឋទៀតដែរ។ គាត់ទុកឲ្យរដ្ឋចាត់ចែង»។
កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦ អាជ្ញាធរស្រុកចិត្របុរី បានជូនដំណឹងឲ្យពលរដ្ឋជាមុខសញ្ញាទទួលបានដីសម្បទានសង្គមកិច្ច ៧១គ្រួសារ បច្ចុប្បន្នកំពុងរស់នៅតាមច្រាំងទន្លេនៅឃុំថ្មគ្រែ និងពលរដ្ឋក្រីក្រគ្មានដីរស់នៅពិតប្រាកដឲ្យចូលទៅរស់នៅលើដីដែលក្រសួងដែនដី នគរូបនីយកម្ម និងសំណង់បានប្រកាសជាតំបន់វិនិច្ឆ័យជាដីសម្បទានសង្គមកិច្ច។
អ្នកគ្រប់គ្រងបច្ចេកទេសការិយាល័យស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO)លោក អំ សំអាត យល់ថា ប្រសិនបើអាជ្ញាធរមិនទាន់បានដោះស្រាយជាមួយពលរដ្ឋ ហើយយកដីផ្ដល់ឲ្យអ្នកផ្សេងរហូតមានការចាប់ខ្លួន វាប៉ះពាល់ដល់សិទ្ធិសេរីភាពពលរដ្ឋធ្ងន់ធ្ងរ។ លោកថា អាជ្ញាធរគួរតែដោះស្រាយជម្លោះដីធ្លីនេះដោយយុត្តិធម៌ទាំងអស់គ្នាសិន មុនផ្ដល់ដីសម្បទានសង្គមកិច្ច ចៀសវាងបាតុភាពកើតឡើង៖ «ឧទាហរណ៍ថា ពេលនេះការដោះស្រាយដោយការបង្ខំឲ្យពលរដ្ឋប្រគល់ដីហ្នឹងដើម្បីជាដីសម្បទានសង្គមកិច្ច ពេលដែលតាំងទីលំនៅវាអាចមានភាពចម្រូងចម្រាសជាមួយពលរដ្ឋរងផលប៉ះពាល់ជាបន្តទៀតអត់ចប់។ យើងត្រូវតែធ្វើយើងណាដោះស្រាយឲ្យមានភាពយុត្តិធម៌ទាំងអស់គ្នាសិន»។
អាជ្ញាធរស្រុកចិត្របុរី ឲ្យដឹងទៀតថា ពលរដ្ឋចំនួន ៧១គ្រួសារ រស់នៅឃុំថ្មគ្រែ ស្រុកចិត្របូរី គឺជាមុខសញ្ញាទទួលបានដីសម្បទានសង្គមកិច្ចក្នុងមួយគ្រួសារទទួលបានដីទំហំក្បាល ១០ម៉ែត្រ ដល់ ១៥ម៉ែត្រ និងបណ្ដោយ ៣០ ទៅ ៤០ម៉ែត្រ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។