ពលរដ្ឋ​រស់នៅ​តំបន់​ក្បាល​ឆាយ​ខេត្ត​ព្រះសីហនុ​ស្នើ​លោក ហ៊ុន សែន ជួយ​អន្តរាគមន៍

0:00 / 0:00

ប្រជាពលរដ្ឋ​មួយ​ចំនួន​រស់នៅ​តំបន់​ក្បាល​ឆាយ​ក្នុង​បរិវេណ​ដី ៥៥​ហិកតារ​ដែល​ត្រូវ​អាជ្ញាធរ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ រុះរើ​ផ្ទះ​ចេញ​ពី​ទីតាំង​ចាស់ បង្ខំ​ឲ្យ​ផ្លាស់​ទៅ​រស់នៅ​ទីតាំង​ថ្មី បន្ត​ស្នើសុំ​កិច្ច​អន្តរាគមន៍​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ភរិយា ឲ្យ​ជួយ​អន្តរាគមន៍​ឲ្យ​ពួក​គេ​បាន​រស់នៅ​លើ​ទីតាំង​ដើម​វិញ។

អ្នក​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​ប្រចាំ​ខេត្ត​នេះ ក៏​ស្នើ​ដល់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ជួយ​ពិចារណា​ទៅ​លើ​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ដែល​នៅ​សេសសល់ ដើម្បី​ឈាន​ដល់​ដោះស្រាយ​ទំនាស់​ដីធ្លី​នៅ​តំបន់​នេះ​ដោយ​សន្តិវិធី ស្រប​តាម​គោល​នយោបាយ​របស់​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​បាន​ដាក់​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​អនុវត្ត។

​ប្រជាពលរដ្ឋ​មួយ​ចំនួន​រស់​នៅ​លើ​បរិវេណ​ដី ៥៥​ហិកតារ តំបន់​ក្បាលឆាយ មាន​ទីតាំង​ក្នុង​សង្កាត់​លេខ​១ ដែល​ផ្ទះសម្បែង​របស់​ពួកគាត់​ត្រូវ​អាជ្ញាធរ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ប្រើ​កម្លាំង​ប្រដាប់​អាវុធ និង​គ្រឿងចក្រ​ឈូស​កម្ទេច​រាប​ដល់​ដី កាល​ពី​ចុង​ឆ្នាំ​២០១៦ ដង្ហោយ​រក​កិច្ច​អន្តរាគមន៍​ពី​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​ស្នើ​ជួយ​ឲ្យ​ពួកគេ​បាន​សង់ផ្ទះ​រស់​នៅ​លើ​ទីតាំង​ដើម ដែល​ត្រូវ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ខេត្ត​នេះ បាន​ប្រើ​គ្រឿងចក្រ​ឈូស​កម្ទេច​ចោល ទាំង​គ្មាន​ការ​ឯកភាព ឬ​សំណង​សមរម្យ​ជាមុន។

ពលរដ្ឋ​មួយ​ចំនួន​ផ្ដល់​សម្ភាសន៍​ឲ្យ​អ្នក​យក​ព័ត៌មាន​អាស៊ីសេរី ដែល​បាន​ចុះ​យក​ព័ត៌មាន​ផ្ទាល់​ដល់​ទីតាំង​ដី​មាន​ទំនាស់​កាល​ពី​​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៤ ខែ​មករា ឆ្នាំ​២០១៧។ ពលរដ្ឋ​ទាំង​នោះ​បាន​លើកដៃ​សំពះ​ជាមួយ​សំឡេង​អួល​ដើម​ក បាន​ស្នើ​សុំ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ភរិយា គឺ​អ្នកស្រី ប៊ុន រ៉ានី ជួយ​ឲ្យ​ពួកគេ​បាន​សង់ផ្ទះ​នៅ​លើ​ដី​ធ្លាប់​រស់​នៅ​យូរ​ឆ្នាំ​ឡើង​វិញ។ ជាង​នេះ​ទៀត ក្រុម​ប្រជាពលរដ្ឋ​ដែល​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ចោទ​ថា បាន​មក​តាំងទី​លំនៅ​លើ​ដី​រដ្ឋ​ហាមឃាត់​អនាធិបតេយ្យ នា​បរិវេណ​ដី ៥៥​ហិកតារ នៅ​សង្កាត់​លេខ​១ នា​តំបន់​រក្សា​ប្រភព​ទឹក​ស្អាត​ក្បាលឆាយ ថ្លែង​ថា ទំហំ​ផ្ទៃដី​ដែល​រដ្ឋបាល​ខេត្ត​ត្រៀម​ផ្ដល់​ជូន​ពួកគេ គឺ​មាន​ទំហំ​តូច​ត្រឹម ៥​ម៉ែត្រ គុណ ២០​ម៉ែត្រ​ប៉ុណ្ណោះ ក្នុង ១​គ្រួសារៗ មិន​អាច​ឲ្យ​ពួកគាត់​សល់​ដី​ដាំ​បន្លែ ឬ​ដំណាំ​រួមផ្សំ​ចិញ្ចឹម​ជីវិត​បាន​ទេ។

​ក្រុម​ពលរដ្ឋ​អះអាង​ថា ទំហំ​ផ្ទៃដី​សម្រាប់​សង់​ផ្ទះ និង​ដី​កសិកម្ម​ដែល​ពួក​កាត់​បាន​សង់ផ្ទះ​រស់​នៅ​ក្នុង​បរិវេណ​ដី ៥៥​ហិកតារ ដែល​ត្រូវ​អាជ្ញាធរ​បណ្ដេញ​ចេញ​កាល​ពី​ពេល​ថ្មីៗ​នេះ មាន​ទំហំ​ធំ និង​មាន​ដាំ​រុក្ខជាតិ ឬ​ដំណាំ​ហូប​ផ្លែ​ជា​ច្រើន​ប្រភេទ​នៅ​លើ​ដី​នោះ៖ «ខ្ញុំ​តូច​ចិត្ត​ណាស់ ខ្ញុំ​ខំ​ទិញ​ដី និង​លក់​ផ្ទះសម្បែង​អស់ មក​ទិញ​ដី​នៅ​តំបន់​ក្បាលឆាយ​នេះ​សង់​ផ្ទះ និង​ដាំ​ដំណាំ​បាន​ផល​រួច​ហើយ ប៉ុន្តែ​ត្រូវ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ចុះ​មក​រុះរើ​ផ្ទះសម្បែង របស់ខ្ញុំ​ទាំង​យប់ បំផ្លាញ​ចោល​អស់​គ្នា​សល់​ទេ។ អាជ្ញាធរ​បាន​តម្រូវ​ឲ្យ​ខ្ញុំ​ទៅ​យក​ដី​នៅ​ទីតាំង​ផ្សេង​មាន​ទំហំ ៥​ម៉ែត្រ គុណ ២០​ម៉ែត្រ មិន​អាច​ឲ្យ​ចៅៗ​​ដើរ ឬ​រត់​លេង​បាន​ទេ»

ចំណែក​ពលរដ្ឋ​ខ្លះ​ទៀត​ដែល​ត្រូវ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ រុះរើ​ផ្ទះ​បំផ្លាញ​ចោល​ចេញ​ពី​បរិវេណ​ដី ៥៥​ហិកតារ​នេះ​ដែរ បាន​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​នេះ​ជួយ​ពន្លឿន​ការងារ​បែងចែក​ដី​សង់​ផ្ទះ​ជូន​ពួកគាត់ ដែល​ពួកគេ​យល់​ព្រម​ទៅ​រស់​នៅ​ទីតាំង​ថ្មី​តាម​ការ​សន្យា​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ឲ្យ​បាន​ឆាប់។ ពលរដ្ឋ​ចោទ​ថា បន្ទាប់ពី​ត្រូវ​អភិបាល​រង​ខេត្ត​ព្រះសីហនុ លោក ស្រ៊ុន ស្រ៊ន់ ដឹកនាំ​កម្លាំង​ប្រដាប់​អាវុធ​ចម្រុះ និង​គ្រឿងចក្រ​ឈូស​កម្ទេច​ផ្ទះ​សម្បែង​របស់​ពួកគេ​ជិត ២​ខែ​កន្លង​មក​នេះ អាជ្ញាធរ​មិន​ទាន់​ហៅ​ទៅ​យក​ចំណែក​ដី សង់​ផ្ទះ​ដែល​រដ្ឋបាល​ខេត្ត​នេះ​សន្យា​ចែក​ជូន​ពលរដ្ឋ ដែល​យល់​ព្រម​ផ្លាស់ប្ដូរ​ទីលំនៅ​ទៅ​កាន់​ទីតាំង​ថ្មី​នៅ​ឡើយ​ទេ។

ពលរដ្ឋ​អះអាង​ថា បន្ទាប់ពី​ត្រូវ​បាន​អាជ្ញាធរ​ចម្រុះ​ប្រដាប់​អាវុធ​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​ប្រើ​គ្រឿងចក្រ​ឈូស​កម្ទេច​ចោល​រាប​ដល់​ដី​កាល​ពី​ចុង​ឆ្នាំ​២០១៦ រហូត​មក​ដល់​ពេល​នេះ ពួកគេ​គ្មាន​ដី​សង់​ផ្ទះ​រស់​នៅ​នោះ​ទេ ហើយ​មាន​ពលរដ្ឋ​ខ្លះ​បាន​ដើរ​ផ្ញើ​ខ្លួន​ប្រាណ​រស់​នៅ​ជាមួយ​គេ​ឯង​ដូច​សត្វ​ខ្ទួយ​អ៊ីចឹង​ដែរ៖ «សម្ដេច​ដែល​បាន​ជួយ​ដោះដូរ​ដី​ឲ្យ​ប្រជាជន​សង់​ផ្ទះ​មាន​ទំហំ ៥ គុណ ២០​ម៉ែត្រ​ហ្នឹង រហូត​មក​ដល់​ពេល​នេះ ប្រជាពលរដ្ឋ​ពួក​ខ្ញុំ​មិន​ទាន់​ទទួល​បាន​ចំណែក​ដី​ដែល​រដ្ឋបាល​ខេត្ត​ព្រះសីហនុ សន្យា​ផ្ដល់​ជូន​នៅ​ឡើយ​ទេ គិត​មក​ដល់​ពេល​នេះ​មាន​រយៈពេល​ជិត ២​ខែ​ទៅ​ហើយ។ ស្នើ​សូម​សម្ដេច​ជួយ​អន្តរាគមន៍​ផ្ដល់​ដី ៥​គុណ ២០​ម៉ែត្រ ដែល​ពលរដ្ឋ​យល់​ព្រម​ដោះដូរ​ឲ្យ​បាន​ឆាប់ ព្រោះ​ពេល​នេះ​ពលរដ្ឋ​គ្មាន​ជម្រក​រស់​នៅ​នោះ​ទេ»

​មន្ត្រី​សង្គម​ស៊ីវិល​ឃ្លាំមើល​ការ​គោរព​សិទ្ធិមនុស្ស​មួយ​ចំនួន​នា​ខេត្ត​ព្រះសីហនុ បាន​ស្នើ​ដល់​រដ្ឋបាល​ខេត្ត​នេះ ត្រូវ​ស្វែង​រក​ដំណោះស្រាយ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ដែល​នៅ​សេសសល់ និង​ជួយ​ពន្លឿន​បែង​ចែក ចំណែក​ដី​សង់​លំនៅឋាន​ជូន​ប្រជាពលរដ្ឋ​ដែល​យល់​ព្រម​ចាកចេញ​ពី​ទីតាំង​រដ្ឋ​ហាម​ឃាត់​ក្នុង​បរិវេណ​ដី ៥៥​ហិកតារ​ឲ្យ​បាន​ឆាប់​ឲ្យ​ស្រប​តាម​ការ​សន្យា។

អ្នក​សម្របសម្រួល​អង្គការ​លីកាដូ (Licadho) ប្រចាំ​ខេត្ត​ព្រះសីហនុ លោក ប៊ួន ណារិទ្ធិ ដែល​បាន​ចុះ​អង្កេត​ផ្ទាល់​ដល់​ទី​តាំង​បរិវេណ​ដី ៥៥​ហិកតារ នា​សង្កាត់​លេខ​១ ដែល​រដ្ឋបាល​ខេត្ត​នេះ​ការពារ​រក្សា​ទុក​សម្រាប់​ប្រភព​ទឹក​ស្អាត​នៅ​តំបន់​ក្បាលឆាយ កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៤ ខែ​មករា។ លោក​ស្នើ​ឲ្យ​ថ្នាក់ដឹកនាំ​ខេត្ត​ព្រះសីហនុ និង​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​ជួយ​ពន្លឿន​សកម្មភាព​ចុះ​ចាប់​ឆ្នោត​បែងចែក​ចំណែក​ដី​សង់​លំនៅឋាន​ជូន​ពលរដ្ឋ ដែល​យល់​ព្រម​ប្ដូរ​ទីតាំង​រស់​នៅ​ទៅ​កាន់​ទីតាំង​ផ្សេង​ពី​បរិវេណ​ដី​រដ្ឋ​ហាមឃាត់​ទាំង ៥៥​ហិកតារ​នេះ​ឲ្យ​បាន​ឆាប់។ ជាង​នេះ​ទៀត រដ្ឋបាល​ខេត្ត​ព្រះសីហនុ គួរ​ពិចារណា​ទៅ​លើ​សំណូមពរ​ពលរដ្ឋ​ដែល​ស្នើ​សុំ​ទំហំ​ផ្ទៃដី​ចែក​ជូន​ពួកគាត់ ដែល​អាជ្ញាធរ​ត្រៀម​ផ្ដល់​ជូន​ក្នុង ១​គ្រួសារ មាន​ទំហំ ៥ គុណ ២០​ម៉ែត្រ ឲ្យ​មាន​ទំហំ​ផ្ទៃដី​ធំ​ជាង​នេះ​ដើម្បី​ឲ្យ​ពលរដ្ឋ​អាច​មាន​ទីធ្លា​ធំ​ទូលាយ ឬ​មាន​ដី​ដាំ​ដំណាំ​កសិកម្ម​រួម​ផ្សំ​ចិញ្ចឹម​ជីវិត​ជាដើម។

បន្ថែម​លើ​នេះ លោក ប៊ួន ណារិទ្ធិ ក៏​ស្នើ​ដល់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ បន្ទាប់ពី​ជម្លៀស​ពលរដ្ឋ​ឲ្យ​ចេញ​ពី​ទីតាំង​ដី ៥៥​ហិកតារ​រួច​ហើយ ឲ្យ​ដាំ​កូនឈើ​អភិរក្ស​ទីតាំង​នេះ​ឡើង​វិញ ដោយ​មិន​ត្រូវ​លក់​ដូរ​បន្ត ឬ​វិនិយោគ​ទៅ​ឲ្យ​ឈ្មួញ ដូច​ដែល​រដ្ឋបាល​ខេត្ត​នេះ​អាណត្តិ​មុនៗ ធ្លាប់​បាន​អនុវត្ត​កន្លង​មក​ទៀត​ទេ។ ជាង​នេះ​ទៀត រដ្ឋបាល​ខេត្ត​ព្រះសីហនុ ត្រូវ​ចៀសវាង​កុំ​ឲ្យ​ដូច​ពាក្យ​មួយ​ឃ្លា​ដែល​គេ​និយម​និយាយ​តៗ​គ្នា​ថា "ដេញ​អា​តូច​យក​ឲ្យ​អា​ធំ" ឲ្យ​សោះ៖ «សុំ​ឲ្យ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ត្រូវ​យក​ដី​ដែល​តម្រូវ​ឲ្យ​ពលរដ្ឋ​ចាក​ចេញ​ពី​បរិវេណ​ដី ៥៥​ហិកតារ មក​ដាំ​កូន​ឈើ​អភិរក្ស​តំបន់​នេះ​ឡើង​វិញ​ដើម្បី​បង្កើន​ជំនឿ​ជឿជាក់​ដល់​ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ ថា​ដី​ទីតាំង​នេះ ពិត​ជា​បាន​ដាក់​ចូល​ជា​ទ្រព្យសម្បត្តិ​រដ្ឋ​ពិត​ប្រាកដ​មែន។ ប៉ុន្តែ​ប្រសិនបើ​ដេញ​ប្រជាពលរដ្ឋ​ចេញ​ពី​ទីតាំង​ចាស់​ឲ្យ​ទៅ​យក​ដី​ទីតាំង​ថ្មី ហើយ​យក​ដី​តំបន់​នេះ យក​ទៅ​លក់​ឲ្យ​ចិន ឬ​យក​ចែក​គ្នា និង​យក​ទៅ​ធ្វើ​អ្វី​ផ្សេងៗ ដែល​មិន​បម្រើ​ដល់​ប្រយោជន៍​ជាតិ គឺ​នាំ​ឲ្យ​ប្រជាពលរដ្ឋ​កាន់​តែ​អស់​ជំនឿ​ទៅ​លើ​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល»

ឆ្លើយ​តប​បញ្ហា​នេះ អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន មាន​ប្រសាសន៍​ថា ដី​អនុក្រឹត្យ​លេខ​៧៦ ឬ​ដី​រដ្ឋ​រក្សា​ប្រភព​ទឹក​ស្អាត​នៅ​តំបន់​ក្បាលឆាយ នា​បរិវេណ​ដី ៥៥​ហិកតារ ក្នុង​សង្កាត់​លេខ​១ ដែល​រដ្ឋបាល​ខេត្ត​តម្រូវ​ឲ្យ​ពលរដ្ឋ​ដែល​ទៅ​សង់ផ្ទះ​រស់នៅ​អនាធិបតេយ្យ​លើ​ដី​រដ្ឋ​ហាមឃាត់​សម្រាប់​រក្សា​ប្រភព​ទឹក​ស្អាត​នេះ គឺ​រដ្ឋបាល​ខេត្ត​នឹង​យក​មក​ដាំ​កូន​ឈើ​ឡើង​វិញ​ទាំង​អស់។

លោក យន្ត មីន សង្កត់ធ្ងន់​ថា បរិវេណ​ដី​ទាំង ៥៥​ហិកតារ​នេះ នឹង​មិន​ត្រូវ​លក់ដូរ ឬ​ដកហូត​ពី​ប្រជាពលរដ្ឋ​ដើម្បី​យក​ទៅ​ប្រគល់​ឲ្យ​ឈ្មួញ ឬ​បុគ្គល​ផ្សេង​ដូច​ពាក្យ​ចចាមអារ៉ាម​បាន​ផ្សព្វផ្សាយ​នៅ​ពេល​កន្លងទៅ​នោះ​ទេ៖ «មាន​គេ​បំផុស​ថា រដ្ឋបាល​ខេត្ត​ព្រះសីហនុ ដេញ​ពលរដ្ឋ​ចេញ​ពី​តំបន់​ក្បាលឆាយ​ក្នុង​បរិវេណ​ដី ៥៥​ហិកតារ គឺ​គេ​យក​ដី​ទាំង​អស់​ហ្នឹង​លក់​ឲ្យ​ក្រុមហ៊ុន​ចិន អស់​ហើយ ហើយ​នាំ​គ្នា​បំផុស​ឲ្យ​ពលរដ្ឋ​​ទៅ​ធ្វើ​បាតុកម្ម ទង្វើ​នេះ​នាំ​ឲ្យ​មាន​ទោស​ចំពោះ​ការ​ញុះញង់​នេះ»

​អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន បាន​ស្នើ​ដល់​ប្រជាពលរដ្ឋ​ដែល​សង់ផ្ទះ​រស់នៅ​លើ​ដី​អនុក្រឹត្យ​លេខ​៧៦ ដែល​រដ្ឋ​ហាមឃាត់​សម្រាប់​រក្សា​ប្រភព​ទឹក​ស្អាត​នៅ​តំបន់​ក្បាលឆាយ ឲ្យ​ទៅ​ចុះ​ឈ្មោះ​ដើម្បី​ចាប់​ឆ្នោត​ទទួល​យក​ចំណែក​ដី​សង់​ផ្ទះ មាន​ទំហំ ៥ គុណ ២០​ម៉ែត្រ មាន​ទីតាំង​នៅ​ជាប់​ដី​មាន​ទំនាស់​ដែល​រដ្ឋបាល​ខេត្ត​រៀបចំ​ជូន និង​មាន​ប្លង់​កម្មសិទ្ធិ​ស្រប​ច្បាប់។

ក្រុម​ប្រជាពលរដ្ឋ​មួយ​ចំនួន​អះអាង​ថា អាជ្ញាធរ​បាន​គំរាមកំហែង​ចាប់​ពួកគេ​ដាក់​គុក​ច្រវាក់​ទៅ​លើ​ពលរដ្ឋ​រូប​ណា​ហ៊ាន​ចេញ​មុខ​តវ៉ា និង​បាន​ប្រើ​គ្រឿងចក្រ​ឈូស​កម្ទេច​ផ្ទះ​ពួកគេ បង្ខំ​បណ្តេញ​ឲ្យ​ចេញ​ពី​ដីធ្លី​ធ្លាប់​រស់​នៅ​យូរ​ឆ្នាំ។

អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន បាន​បញ្ជាក់​ថា សកម្មភាព​របស់​អាជ្ញាធរ គឺ​ដើម្បី​ឈូស​ឆាយ​កំណត់​ព្រំ​ដី​សម្រាប់​រក្សា​ប្រភព​ទឹក​ស្អាត​នៅ​តំបន់​ក្បាលឆាយ​ឲ្យ​បាន​គង់វង្ស ព្រោះ​ទីតាំង​នេះ​ត្រូវ​រង​ការ​ទន្ទ្រាន​កាន់កាប់​ជា​បន្តបន្ទាប់ ហើយ​អាច​នឹង​ឈាន​ដល់​រលាយ​ហិនហោច បើ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ទប់ស្កាត់​មិន​បាន​ទាន់​ពេល​ទេ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។