នៅព្រឹកថ្ងៃច័ន្ទ ទី៤ ខែមេសា សហគមន៍ទំនាស់ដីធ្លីចំនួន ១៣កន្លែងមកពីស្រុកជាច្រើន បានលើកគ្នាមកស្វែងរកជួបអភិបាលខេត្តសៀមរាប ដើម្បីឲ្យអាជ្ញាធរដោះស្រាយ និងបញ្ចប់បញ្ហាទំនាស់ដីធ្លីរបស់ពួកគេឲ្យបានឆាប់រហ័ស។
ការមកជួបអភិបាលខេត្តនេះ ដោយសារតែបញ្ហាទំនាស់ដីធ្លីរ៉ាំរ៉ៃរបស់គាត់ បានកើតមានចាប់តាំងពី ៤-៥ឆ្នាំមុន រហូតមកដល់ពេលនេះ ទំនាស់ដីធ្លីដែលកើតមានជាច្រើនកន្លែងក្នុងខេត្តសៀមរាប នៅតែបន្តអូសបន្លាយ បើទោះបីជាអាជ្ញាធរថ្នាក់ខេត្ត និងស្រុកជាច្រើន ធ្លាប់ប្រឹងប្រែងដោះស្រាយយ៉ាងណាក៏ដោយ។
ក្រុមប្រជាពលរដ្ឋដែលមកពីសហគមន៍ទំនាស់ដីធ្លីនៅតាមបណ្ដាស្រុកជាច្រើនរបស់ខេត្តសៀមរាប បានបង្ហាញពីបំណងថា ពួកគេចង់រស់នៅដោយសេរីភាព មិនខ្វល់ខ្វាយចំពោះការបាត់បង់ដីស្រែចម្ការ ព្រមទាំងកូនៗបោះបង់ចោលការសិក្សាដោយសារតែជាប់រវល់នឹងការតវ៉ារឿងទំនាស់ដីធ្លីតទៅទៀតទេ។
ក្រុមប្រជាពលរដ្ឋដែលមកពីសហគមន៍ទំនាស់ដីធ្លីចំនួន ១៣កន្លែងក្នុងស្រុកបន្ទាយស្រី ស្រុកវ៉ារិន ស្រុកប្រាសាទបាគង ស្រុកស្វាយលើ និងស្រុកជីក្រែង បានលើកគ្នាមកសាលាខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី៤ ខែមេសា ហើយជំរុញឲ្យអាជ្ញាធរខេត្ត ពន្លឿនការចេញប័ណ្ណកម្មសិទ្ធិដីធ្លីដល់ពួកគេឲ្យបានឆាប់រហ័ស។
តំណាងសហគមន៍ទំនាស់ដីធ្លីមកពីភូមិស្នាសង្គ្រាម ឃុំបល្ល័ង្ក នៃស្រុកប្រាសាទបាគង គឺលោកស្រី សៀន រី។ លោកស្រីមានប្រសាសន៍ថា រយៈពេល ៤ឆ្នាំហើយ រូបគាត់ និងអ្នកភូមិចំនួន ៤៤គ្រួសារ បានដើរប្ដឹងពីរឿងដីដែលប៉ះពាល់ដោយសារតែការសាងសង់មណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ និងប៉ះពាល់ជាមួយ លោក សៅ រ៉ានី ដែលជាមន្ត្រីមួយរូប ប៉ុន្តែរហូតមកដល់បច្ចុប្បន្ន លោកស្រីនៅតែភ័យព្រួយពីរឿងបាត់បង់ដីស្រែចម្ការ ដោយសារតែអាជ្ញាធរដោះស្រាយបានត្រឹមតែសន្យា ហើយមិនទាន់ផ្ដល់អ្វីឲ្យមានការកក់ក្ដៅ។
លោកស្រី សៀន រី ទាមទារឲ្យអាជ្ញាធរខេត្តសៀមរាប គួរតែប្រញាប់ចេញប័ណ្ណកម្មសិទ្ធិដីធ្លីមកឲ្យពួកគាត់ឲ្យបានឆាប់រហ័ស ដើម្បីបញ្ចប់បញ្ហាទំនាស់ដ៏រ៉ាំរ៉ៃនេះ៖ « ដូចខ្ញុំ អ៊ីចេះ កាលត្រាក់ទ័រ ឈូសដី ឆ្នាំ២០១២ - ២០១៤ រវល់តែ យកកូន មកកាក់ឃាត់ គឺកូនឈប់ទៅរៀនអស់។ ម៉្លោះហើយ ខ្ញុំចង់ បានសិទ្ធិ សេរីភាព គឺចង់ឲ្យកូនបានទៅសាលារៀន ឯប្រជាពលរដ្ឋក៏មានដីធ្វើកសិកម្ម »។
ចំណែកតំណាងសហគមន៍ទំនាស់ដីធ្លីឃុំរំចេក នៃស្រុកបន្ទាយស្រី លោកស្រី ទេស ជឿន មានប្រសាសន៍ថា ជាច្រើនឆ្នាំមកហើយ រូបគាត់ និងអ្នកភូមិចំនួន ៤៧គ្រួសារ បានកើតមានទំនាស់ដីធ្លីជាង ១៤០ហិកតារជាមួយក្រុមហ៊ុន លី អ៊ុំ អេង និងក្រុមហ៊ុន អ៊ុំ ឆាយ។ អ្នកភូមិបាត់បង់ដីធ្វើស្រែចម្ការសម្រាប់ចិញ្ចឹមជីវិតជាយូរមកហើយ ប៉ុន្តែនៅពេលដែលលើកគ្នាទៅជួបអភិបាលស្រុកបន្ទាយស្រី គឺបានត្រឹមតែសន្យាថានឹងដោះស្រាយដោយឲ្យរង់ចាំ៖ « សលាកបត្របណ្ដោះអាសន្នគាត់ថាមានហើយ ឲ្ យទុកៗទៅ ចាំថ្ងៃណាគាត់ចុះវាស់វែងឲ្យ គឺចេញប័ណ្ណរឹង »។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីសាលាខេត្តសៀមរាប ណាម្នាក់ដើម្បីចង់ដឹងពីការទាមទាររបស់ប្រជាពលរដ្ឋបានថាយ៉ាងណានៅឡើយ នៅថ្ងៃច័ន្ទ ទី៤ ខែមេសា។
អ្នកស៊ើបអង្កេតរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្តសៀមរាប លោក សួស ណារិន ឲ្យដឹងថា សហគមន៍ទំនាស់ដីធ្លីទាំង ១៣កន្លែង ដែលលើកគ្នាមកស្វែងរកជួបអាជ្ញាធរខេត្តសៀមរាប នេះ គឺខ្លះមានទំនាស់ជាមួយកងទាហាន ខ្លះមានទំនាស់ជាមួយអ្នកមានអំណាច ហើយពិបាកដោះស្រាយបំផុត។ លោក សួស ណារិន បញ្ជាក់ថា ការដែលប្រជាពលរដ្ឋនាំគ្នាឡើងមកទាមទារឲ្យអាជ្ញាធរខេត្តសៀមរាប ពន្លឿនការដោះស្រាយនេះ គឺជាសិទ្ធិសមស្រប ពីព្រោះលោកដឹងថា ការសន្យារបស់អាជ្ញាធរថានឹងដោះស្រាយនោះ វាច្រើនដងពេកទៅហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។