ពលរដ្ឋជាង ១០០នាក់មានជម្លោះដីធ្លីជាមួយភាគីក្រុមហ៊ុនលោកឧកញ៉ា ហេង ហ៊ុយ ក្រុមហ៊ុនស្ករអំពៅឈ្មោះ កោះកុង ស៊ូហ្គើ (Koh Kong Sugar) និងក្រុមហ៊ុនកោះកុង ផ្លេនថេសិន (Koh Kong Plantation) មកពីខេត្តកោះកុង នាំគ្នារៀបចំសន្និសីទកាសែតនៅក្នុងវត្តសាមគ្គីរង្សី ក្នុងក្រុងភ្នំពេញ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ដើម្បីតវ៉ាទាមទារដំណោះស្រាយ។ ពលរដ្ឋរងគ្រោះដីធ្លីបញ្ជាក់ថា ពួកគាត់នឹងបន្តតវ៉ារហូតដល់ស្លាប់នៅក្នុងទីក្រុងភ្នំពេញ បើគ្មានដំណោះស្រាយដីធ្លី។
ក្រុមអ្នកភូមិដែលរងគ្រោះដីធ្លីទាំងនេះ បានឡើងមកតវ៉ានៅភ្នំពេញជិតមួយសប្ដាហ៍ទៅហើយតាំងពីថ្ងៃទី២០ ខែធ្នូ មក ដើម្បីទាមទារឲ្យរដ្ឋសភា និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ជួយអន្តរាគមន៍ធ្វើយ៉ាងណាឲ្យពួកគេទទួលបានដីធ្លីមកអាស្រ័យផលឡើងវិញ នៅក្រោយពេលដែលក្រុមហ៊ុនបានឈូសឆាយរំលោភយក។
បច្ចុប្បន្ន ពួកគេកំពុងស្នាក់នៅក្នុងវត្តសាមគ្គីរង្សី ក្នុងរាជធានីភ្នំពេញ ដើម្បីរង់ចាំដំណោះស្រាយទាំងស្ថានភាពត្រដាបត្រដួសដាច់បាយដាច់ទឹក គ្មានកន្លែងសម្រាកត្រឹមត្រូវ ដែលបណ្ដាលឲ្យកូនតូចៗត្រូវមូសខាំ ហើយកំពុងមានជំងឺគ្រុនឈាមទៀតផង។
ពលរដ្ឋរងគ្រោះដីធ្លីម្នាក់ គឺលោកស្រី ខន ផុន រៀបរាប់ទាំងទឹកមុខក្រៀមក្រំលាយឡំទឹកភ្នែកថា ក្រុមប្រជាពលរដ្ឋបានប្ដេជ្ញាហើយថា មិនត្រឡប់ទៅស្រុកកំណើតវិញទេ ប្រសិនបើគ្មានដំណោះស្រាយ ព្រោះថា ទោះត្រឡប់ទៅផ្ទះវិញ ក៏គ្មានដីស្រែចម្ការ និងលំនៅឋានសម្រាប់ស្នាក់នៅ និងចិញ្ចឹមជីវិតឡើយ៖ « បើដោះស្រាយមិនបាន គឺខ្ញុំអត់ទៅវិញទេ ខ្ញុំនៅទីនេះ »។
ការលើកឡើងនេះ ធ្វើឡើងក្នុងសន្និសីទកាសែតក្នុងវត្តសាមគ្គីរង្សី នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ដោយមានប្រជាពលរដ្ឋមានជម្លោះដីធ្លីជាង ១០០នាក់ តំណាងឲ្យពលរដ្ឋសរុបចំនួន ១៦២គ្រួសារមកពីភូមិចំនួន៧ នៅក្នុងស្រុកចំនួនពីរ គឺស្រុកបុទុមសាគរ និងស្រុកស្រែអំបិល ខេត្តកោះកុង។ ពួកគេឈរនៅក្រោមកម្តៅថ្ងៃ ខ្លះកាន់ទង់ជាតិ និងទង់សាសនា ខ្លះទៀតលើកបដាសុំដោះស្រាយដីធ្លី និងខ្លះទៀត បង្ហាញរូបថតដែលក្រុមហ៊ុនឈូសឆាយកម្ទេចផ្ទះ ដំណាំ និងដីរបស់ពួកគាត់ និងអ្នកខ្លះទៀតកាន់រូបថតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងអ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន។
ស្ត្រីរងគ្រោះដីធ្លីម្នាក់ទៀតដែលកំពុងបីកូនដែលមានជំងឺគ្រុនឈាម ហើយកំពុងព្យួរសេរ៉ូម ដេកលង់លក់លើភ្លៅម្តាយកំពុងស្រែកតវ៉ានោះ រៀបរាប់ថា ពួកគាត់ត្រូវរងគ្រោះផ្ទួនៗដោយពុំមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំប្រទេសឡើយ៖ « មកតវ៉ានេះ យើងនាំគ្នាចងការប្រាក់គេមកក្នុងម្នាក់ ២០ ទៅ ៣០ម៉ឺន ហើយយើងត្រូវហូប និងកូនឈឺទៀត។ ដូច្នេះអស់ហើយ ! ប៉ុន្តែយើងអត់មានជម្រើសអីផ្សេងទេ បើទៅផ្ទះវិញក៏អត់មានដីធ្វើ ហើយនៅតែពិបាកដដែល។ អ៊ីចឹងហើយបានតស៊ូនៅទីនេះ។ សូមឲ្យសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយដោះស្រាយផង។ ពួកខ្ញុំចង់បានដីពួកខ្ញុំមកធ្វើវិញ »។
ប្រជាពលរដ្ឋអះអាងថា ដីធ្លីពួកគេមានទាំងដីលំនៅឋាន និងដីចម្ការ ត្រូវក្រុមហ៊ុនលោកឧកញ៉ា ហេង ហ៊ុយ និងក្រុមហ៊ុនស្ករអំពៅឈ្មោះ កោះកុង ស៊ូហ្គើនិងក្រុមហ៊ុនកោះកុង ផ្លេនថេសិន បានឈូសឆាយរំលោភយកជាហូរហែចាប់តាំងពីឆ្នាំ២០០៦។
កាលពីថ្ងៃទី២០ ខែធ្នូ ប្រជាពលរដ្ឋទាំងនេះបានទៅស្វែងរកកិច្ចអន្តរាគមន៍ពីខាងរដ្ឋសភា និងក្រសួងបរិស្ថាន ដែរ ប៉ុន្តែពុំមានដំណោះស្រាយឡើយ ហើយបានបន្តដំណើរស្វែងរកដំណោះស្រាយនៅខាងមុខក្រសួងរៀបចំដែនដី ប៉ុន្តែពួកគេបានឮត្រឹមតែការសន្យាថា ខាងក្រសួងនឹងផ្តល់ដំណឹងជូនពលរដ្ឋវិញក្នុងរយៈពេល ៣ថ្ងៃខាងមុខទៀត បន្ទាប់ពីក្រសួងណាត់ជួបជជែកជាមួយក្រុមហ៊ុនទាំងពីរ។
អាស៊ីសេរី មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងរៀបចំដែនដី ទាំង ៣រូប គឺលោក សារុន ឬទ្ធា លោក សេង ឡូត និងលោក ជៀម សុផលមករា បានទេនៅថ្ងៃទី២៦ ខែធ្នូ ដោយមិនលើកទូរស័ព្ទ។
អ្នកសម្របសម្រួលនៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) ប្រចាំខេត្តកោះកុង លោក អ៊ិន គង់ជិត មានប្រសាសន៍ថា រដ្ឋាភិបាលគួរតែបង្ហាញឆន្ទៈពិតប្រាកដ ដើម្បីដោះស្រាយវិវាទដីធ្លីរ៉ាំរ៉ៃនេះឲ្យបានឆាប់ ព្រោះថាបើបន្តអូសបន្លាយទៀតនោះ នឹងបណ្ដាលឲ្យប៉ះពាល់កាន់តែធ្ងន់ធ្ងរដល់សិទ្ធិ និងជីវភាពប្រជាពលរដ្ឋកាន់តែធ្ងន់ធ្ងរ៖ « ពលរដ្ឋនឹងចេះតែរងគ្រោះបន្តទៀត ហើយពួកគាត់អស់សង្ឃឹម ហើយមិនមានអ្វីជាមុខរបរសម្រាប់ទ្រទ្រង់ជីវភាព »។
ប្រជាពលរដ្ឋបន្តថា បើស្ថាប័នពាក់ព័ន្ធព្រងើយកន្តើយក្នុងរឿងដីធ្លីពួកគាត់បន្តទៀតនោះ ពួកគាត់គ្មានជម្រើសអ្វីផ្សេងក្រៅតែពីនាំគ្នាទៅប្រមូលផ្តុំតវ៉ានៅមុខផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីផ្តល់ដំណោះស្រាយជូនពួកគាត់ឡើយ ទោះបីជាមានការរារាំង និងវាយធ្វើបាបយ៉ាងណាក្តី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។