ពលរដ្ឋ​១៣៥​គ្រួសារ​មាន​ទំនាស់​ដី​នៅ​ខេត្ត​បាត់ដំបង​ស្នើ​ឲ្យ​អាជ្ញាធរ​ពន្លឿន​ដំណោះស្រាយ

0:00 / 0:00

ប្រជាពលរដ្ឋ​ចំនួន ១៣៥​គ្រួសារ​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន សួន មាន​សម្បត្តិ នៅ​ស្រុក​សំពៅលូន ខេត្ត​បាត់ដំបង ស្នើ​ឲ្យ​អាជ្ញាធរ​ខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ ពន្លឿន​ដោះស្រាយ​ដីធ្លី​ជូន​ពួក​គាត់​ឲ្យ​បាន​ឆាប់​រហ័ស ដើម្បី​បាន​បង្កបង្កើនផល​នា​រដូវ​វស្សា។ ការ​ស្នើសុំ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​អ្នក​ភូមិ​ទន្ទឹង​រង់ចាំ​អាជ្ញាធរ​មូលដ្ឋាន​ដោះស្រាយ​ជាង ៥​ឆ្នាំ​ហើយ តែ​ពុំ​ទទួល​បាន​លទ្ធផល។

ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​នៅ​ស្រុក​សំពៅលូន លើក​ឡើង​ថា ការ​អូស​បន្លាយ​ពេល​ដោះស្រាយ បាន​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ពួក​គាត់​ជា​ខ្លាំង ពីព្រោះ​គ្មាន​ដី​សម្រាប់​ដាំ​ដុះ។

តំណាង​ពលរដ្ឋ​មាន​ទំនាស់​ដី រស់នៅ​ឃុំ​សេរីមានជ័យ ស្រុក​សំពៅលូន ខេត្ត​បាត់ដំបង លោក ឈន ឆាត ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៨ មិថុនា ថា ពួក​គាត់​ចំនួន ១៣៥​គ្រួសារ រស់នៅ​អាស្រ័យ​ផ្ទៃ​ដី​ដែល​មាន​ទំនាស់​ជាមួយ​ក្រុមហ៊ុន សួន មាន​សម្បត្តិ ចំនួន ៦០០​ហិកតារ ដែល​ដាំ​ដុះ​ដំណាំ​កសិកម្ម​សម្រាប់​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ។ ប៉ុន្តែ​លោក​អះអាង​ថា ចាប់​តាំង​ពី​មាន​ទំនាស់​ជាមួយ​ក្រុមហ៊ុន​នេះ​នៅ​ឆ្នាំ​២០១១ មក ជីវភាព​របស់​ពួក​គាត់​កាន់​តែ​យ៉ាប់​ទៅ​ជា​បន្តបន្ទាប់។ លោក​បន្ថែម​ថា កន្លង​ទៅ ពួក​គាត់​បាន​ដាក់​ពាក្យ​ប្ដឹង​តាំង​ពី​អាជ្ញាធរ​ថ្នាក់​មូលដ្ឋាន រហូត​ដល់​ថ្នាក់​ជាតិ ប៉ុន្តែ​ពុំ​មាន​ដំណោះស្រាយ​នៅ​ឡើយ៖ « ហើយ​ខ្ញុំ​ក៏​បាន​ជំរុញ​លោក​អភិបាល​ស្រុក​ដែរ សូម​ឲ្យ​ដោះស្រាយ​ដី​ជូន​ប្រជាពលរដ្ឋ​ឲ្យ​ទាន់​ក្នុង​រដូវ​ដាំ​ដុះ ដើម្បី​បាន​ប្រាក់​យក​ទៅ​សង​ជំពាក់​បំណុល​គេ »

ឆ្លើយ​តប​នឹង​បញ្ហា​នេះ មេ​ឃុំ​សេរីមានជ័យ លោក ស៊ាង អំ មាន​ប្រសាសន៍​ថា ករណី​ទំនាស់​ដីធ្លី​នេះ​ដោះស្រាយ​យឺតយ៉ាវ ដោយសារ​ប្រជាពលរដ្ឋ​មួយ​ចំនួន​រឹងរូស ហើយ​ចង់​បាន​ដី​ច្រើន ដោយ​មិន​ព្រម​ទទួល​យក​តាម​សំណើ​ដោះស្រាយ​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន​នោះ​ទេ៖ « មិន​មែន​ស្ទះ​មក​ពី​អាជ្ញាធរ​ទេ មក​ពី​ប្រជាពលរដ្ឋ​មួយ​ចំនួន។ និយាយ​ថា កុំ​ទៅ​ដាក់ វា​អត់​បាន​ប្រយោជន៍​អី​ទេ ចាំ​អញ​ទៅ​ទាមទារ​ថ្នាក់​ជាតិ ដើម្បី​ចេញ​ញត្តិ​ពី​ថ្នាក់​លើ​មក។ ដល់​អ៊ីចឹង​ទៅ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​យល់​ច្រឡំ »

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី មន្ត្រី​ស៊ើប​អង្កេត​អង្គការ​លីកាដូ (LICADHO) ខេត្ត​បាត់ដំបង លោក ហេង សាយហុង ដែល​បាន​ឃ្លាំ​មើល​រឿង​ទំនាស់​ដី​នេះ​រហូត​មក កត់​សម្គាល់​ថា បញ្ហា​នេះ​រាំង​ស្ទះ​ដោយសារ​អាជ្ញាធរ​មូលដ្ឋាន​ខ្វះ​ឆន្ទៈ​ក្នុង​ការ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ។ លោក​បញ្ជាក់​ថា ការ​អូស​បន្លាយ​ពេល​ដោះស្រាយ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​គ្មាន​ដី​ដាំ​ដុះ ហើយ​ជំរុញ​ឲ្យ​ពួក​គាត់​ធ្វើ​ចំណាក​ស្រុក​ទៅ​ក្រៅ​ប្រទេស​កាន់​តែ​ច្រើន៖ « អ៊ីចឹង​បាន​ថា​គួរ​យក​ចិត្ត​ទុក​ដាក់​ការងារ​នេះ​ឲ្យ​បាន​ឆាប់​ទៅ ពីព្រោះ​រឿង​ទំនាស់​នេះ​នៅ​សល់​តែ​បន្តិចបន្តួច​ទេ »

កាល​ពី​ឆ្នាំ​២០១១ ក្រុមហ៊ុន សួន មាន​សម្បត្តិ បាន​ចុះ​ទៅ​អភិវឌ្ឍ​ក្នុង​រូបភាព​ដាំ​ដំណាំ​កសិឧស្សាហកម្ម​នៅ​តំបន់​ដី​មាន​ទំនាស់ ហើយ​ប៉ះពាល់​លើ​ដី​របស់​ប្រជាពលរដ្ឋ​ប្រមាណ ៦០០​ហិកតារ នៅ​ស្រុក​សំពៅលូន ខេត្ត​បាត់ដំបង។ ចាប់​តាំង​ពី​ពេល​នោះ​មក ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​តវ៉ា​ជា​បន្តបន្ទាប់ ដើម្បី​ទាមទារ​យក​ដី​ទំនាស់​មក​ដាំ​ដុះ​ដោះស្រាយ​ជីវភាព​គ្រួសារ។

វិទ្យុ​អាស៊ីសេរី ពុំ​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន សួន មាន​សម្បត្តិ ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​២៨ មិថុនា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។