ពលរដ្ឋ​ស្រុក​កំពង់សៀម​តវ៉ា​ទាមទារ​ឲ្យ​មេ​ឃុំ​បកស្រាយ​រឿង​ឈូស​ឆាយ​ដី​សហគមន៍

0:00 / 0:00

ប្រជាពលរដ្ឋ​នៅ​ឃុំ​អូរស្វាយ ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម ប្រមាណ ៥០​នាក់ នាំ​គ្នា​ទៅ​តវ៉ា​នៅ​មុខ​សាលា​ឃុំ​នៅ​ព្រឹក​ថ្ងៃ​ទី​២១ តុលា ដើម្បី​ទាមទារ​ឲ្យ​មេ​ឃុំ​បកស្រាយ​ជុំវិញ​រឿង​ក្រុមហ៊ុន ចាប់​ផ្ដើម​ធ្វើ​សកម្មភាព​ឈូស​ឆាយ​ដី​សហគមន៍​អស់​ប្រមាណ ៣​ហិកតារ​ជាច្រើន​ថ្ងៃ​មក​ហើយ។ ពលរដ្ឋ​មួយ​ចំនួន បាន​បង្ហាញ​ការ​សង្ស័យ​ថា អាជ្ញាធរ​ឃុំ​អាច​លក់​ដី​សហគមន៍​នោះ​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន ទើប​ពួក​គេ​ហ៊ាន​ដាក់​គ្រឿងចក្រ​មក​ឈូស​ឆាយ​បែប​នេះ។

ក្រោយ​ពេល​ប្រជាពលរដ្ឋ​លើក​គ្នា​ទៅ​សាលា​ឃុំ​អូរស្វាយ សុំ​ឲ្យ​បំភ្លឺ​បញ្ហា​ដីធ្លី​នេះ អាជ្ញាធរ​ឃុំ​អះអាង​ថា ពួក​គេ​មិន​បាន​លក់​ដូរ​ដី​តំបន់​នោះ​ឡើយ ប៉ុន្តែ​ការ​ឈូស​ឆាយ​យ៉ាង​ណា គឺ​ដោយសារ​ខាង​ម្ចាស់​ដី​គេ​បាន​ស្នើសុំ​មក​អាជ្ញាធរ ដើម្បី​ឈូស​ឆាយ​ព្រៃ​នៅ​ក្បែរៗ​ដី​របស់​គេ​ឲ្យ​ស្អាត សម្រាប់​ទុក​ឲ្យ​ឃុំ​ប្រើប្រាស់​ទៅ​ថ្ងៃ​មុខ ម្យ៉ាង​ឲ្យ​ស្រឡះ​សម្រាប់​គម្រោង​បើក​កសិដ្ឋាន​ចិញ្ចឹម​សត្វ​នៅ​លើ​ផ្ទៃ​ដី​របស់​គេ​នៅ​ក្បែរ​នោះ​ផង។

មេ​ឃុំ​អូរស្វាយ លោក គុជ ស្រេង មាន​ប្រសាសន៍​ថា ខាង​លោក​មិន​បាន​លក់ ឬ​ក៏​ជួល​ដី​នោះ​ឡើយ ហើយ​ការ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ឈ្មោះ ណាត ឈូស​ឆាយ គឺ​បាន​សម្រេច​ពី​សំណាក់​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​ទាំងអស់ មិន​មែន​លោក​ជា​អ្នក​សម្រេច​តែ​ម្នាក់​ឯង​ទេ។ លោក​បញ្ជាក់​ទៀត​ថា បើ​ពលរដ្ឋ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​ឈូស​ឆាយ គឺ​អាជ្ញាធរ​នឹង​ឲ្យ​ម្ចាស់​គ្រឿងចក្រ​បញ្ឈប់​សកម្មភាព​នោះ​វិញ៖ «បើ​លក់​មាន​កិច្ចសន្យា​លក់ បើ​ប្លង់​នៅ​ខេត្ត​នៅ​ឡើយ ខ្ញុំ​មាន​សិទ្ធិ​មក​ពី​ណា»

ដី​សហគមន៍​នៅ​ភូមិ​ព្រៃចក្រី ឃុំ​អូរស្វាយ មាន​ទំហំ​ប្រមាណ ១០​ហិកតារ ហើយ​ការ​ឈូស​ឆាយ គឺ​ប៉ះពាល់​លើ​ដី​សហគមន៍​ជាង ៣​ហិកតារ។ ពលរដ្ឋ​បារម្ភ​ថា ប្រសិន​បើ​ដី​នោះ​ត្រូវ​លក់ ឬ​ក៏​ជួល​ដី​ឲ្យ​បុគ្គល​ឯកជន នឹង​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​អ្នក​ភូមិ​ប្រមាណ ៣០០​គ្រួសារ។

ពលរដ្ឋ​មាន​វ័យ​ជាង ៧០​ឆ្នាំ​នៅ​ភូមិ​ព្រៃចក្រី លោក ទូច កៅ មាន​ប្រសាសន៍​ទាំង​កាយវិការ​ចង្អុល​ទៅ​ទំហំ​ដី​សហគមន៍​ថា អាច​មេ​ឃុំ​ឃុបឃិត​គ្នា​យក​ដី​សហគមន៍​ទៅ​ជួល ឬ​ក៏​លក់​ឲ្យ​ឯកជន​តែ​ម្តង ទើប​ស្ងាត់ៗ​ស្រាប់​តែ​ឃើញ​គ្រឿងចក្រ​ពីរ​គ្រឿង​ចូល​ទៅ​ឈូស​ឆាយ៖ «អត់​មាន​សួរ​ប្រជាជន​អី​សោះ​ថា​ឲ្យ​មាន​ឈូស​ឆាយ»

បន្ថែម​ពី​នេះ មេ​ភូមិ​ព្រៃចក្រី លោក ក្រូច ឆាន មាន​ប្រសាសន៍​ថា មុន​ពេល​គ្រឿងចក្រ​ឈូស​ឆាយ​លើ​ដី​សហគមន៍ មេ​ឃុំ​បាន​ហៅ​រូប​លោក​ទៅ​ពិភាក្សា​គ្នា។ ក្នុង​កិច្ច​ពិភាក្សា​នោះ គឺ​មេ​ឃុំ​បញ្ជាក់​ថា ដី​សហគមន៍​ត្រូវ​បាន​ជួល​ទៅ​ឲ្យ​ឯកជន​រយៈពេល ១០​ឆ្នាំ ប៉ុន្តែ​លោក​មិន​បាន​ដឹង​ថា​តម្លៃ​ប៉ុន្មាន​ឡើយ។ លោក​អះអាង​ទៀត​ថា កាល​ណោះ លោក​បាន​ជំទាស់​ជុំវិញ​ការ​សម្រេច​នេះ ដោយ​យល់​ឃើញ​ថា បើ​ជួល​ឲ្យ​ឯកជន នឹង​ប៉ះពាល់​ប្រយោជន៍​អ្នក​ភូមិ​ជាច្រើន ប៉ុន្តែ​ខាង​អាជ្ញាធរ​ឃុំ​បាន​សម្រេច​រួច​ទៅ​ហើយ ដូច​នេះ​ការ​ប្រឆាំង​របស់​លោក គឺ​គ្មាន​ប្រសិទ្ធភាព៖ «ដល់​គេ​មក​សួរ​ខ្ញុំ ខ្ញុំ​ថា​ដី​ហ្នឹង​មិន​អាច​ជួល​បាន​ទេ ព្រោះ​ប្រជាពលរដ្ឋ​ទាំងអស់​យក​គោ​មក​មើល​នៅ​ហ្នឹង​ទាំងអស់ ហើយ​មួយ​ទៀត អ្នក​ក្រក្រី​អី​គ្នា​មក​រក​ឧស​ទៅ​លក់​ដូរ​បាន»

មេ​ភូមិ​ដដែល​ឲ្យ​ដឹង​ទៀត​ថា លោក​មិន​ពេញ​ចិត្ត​ឡើយ​ចំពោះ​ការ​ឈូស​ឆាយ​នោះ ពោល​គឺ​លោក និង​អ្នក​ភូមិ​ផ្សេង​ទៀត ចង់​ឲ្យ​រក្សា​ស្ថានភាព​ដើម​ឡើង​វិញ។

យ៉ាង​ណា ពលរដ្ឋ​យក​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ​ដី​តំបន់​នោះ លោក យន់ ណាត មាន​ប្រសាសន៍​ថា មិន​មាន​ការ​លក់​ដូរ ឬ​ក៏​ជួល​ដី​សហគមន៍​ភូមិ​ព្រៃចក្រី ឲ្យ​រូប​លោក​នោះ​ទេ ពោល គឺ​ឈូស​ឆាយ​លើ​ដី​របស់​លោក​ជិត ៤​ហិកតារ​ប៉ុណ្ណោះ។ ដោយឡែក​ការ​ឈូស​ឆាយ​ប៉ះពាល់​ដី​សហគមន៍​ជាប់​ដី​របស់​លោក ពីព្រោះ​លោក​គ្រោង​បើក​កសិដ្ឋាន​ចិញ្ចឹម​មាន់ ហើយ​ត្រូវ​ការ​ខ្យល់​ឱកាស​ចេញ​ចូល ទើប​លោក​ស្នើសុំ​មេ​ឃុំ​ដើម្បី​ឈូស​ឆាយ។ លោក​បញ្ជាក់​ថា ប្រសិន​បើ​ពលរដ្ឋ​មិន​ពេញ​ចិត្ត លោក​នឹង​បញ្ឈប់​សកម្មភាព​ឈូស​ឆាយ​លើ​ដី​សហគមន៍​បន្ថែម​ទៀត៖ «អត់​មាន​ទេ​បងៗ ដំបូង​ខ្ញុំ​សុំ​ទិញ​មែន​អត់​លក់ ខ្ញុំ​សុំ​ជួល​អត់​ជួល»

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ពលរដ្ឋ​មួយ​រូប​ទៀត លោក ផួង សារឿន អះអា​ថា ពលរដ្ឋ​មិន​ចង់​ឲ្យ​គេ​ឈូស​ឆាយ​ដី​សហគមន៍​ស្អាត​ទេ ព្រោះ​កាល​ណា​ស្អាត​ព្រៃ គឺ​ប៉ះពាល់​ដល់​អ្នក​ភូមិ ម្យ៉ាង​អាច​ឈាន​ទៅ​បាត់បង់​នៅ​ថ្ងៃ​ខាង​មុខ​មិន​ខាន។

ជាមួយ​គ្នា​នេះ មន្ត្រី​អង្កេត​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​កំពង់ចាម លោក មាន ព្រហ្មមុនី មើល​ឃើញ​ថា ករណី​នេះ​នៅ​មាន​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​ត្រូវ​ការ​ស៊ើប​អង្កេត​បន្ត​ទៀត។ លោក​ថា ប្រជាពលរដ្ឋ​ត្រូវ​បន្ត​តាម​ដាន ជៀសវាង​បាត់បង់​ទ្រព្យ​សម្បត្តិ​ផល​ប្រយោជន៍​រួម​របស់​ខ្លួន។ លើស​ពី​នេះ អាជ្ញាធរ​ឃុំ គប្បី​ពិភាក្សា​ជាមួយ​ពលរដ្ឋ​នូវ​រាល់​ការ​សម្រេច​ណា​ដែល​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​អ្នក​ភូមិ បើ​មិន​ដូច្នេះ​ទេ ប្រជាប្រិយភាព​របស់​អាជ្ញាធរ​ឃុំ ពិសេស​មេ​ឃុំ នឹង​ត្រូវ​បាត់បង់​នៅ​អាណត្តិ​ក្រោយៗ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។