Opens in new windowគម្រោងអភិវឌ្ឍន៍តំបន់មាត់ទន្លេផ្សារក្រោម ដែលសំដៅលើកកម្ពស់សោភ័ណភាព និងសណ្ដាប់ធ្នាប់សាធារណៈនៅក្រុងកំពង់ឆ្នាំង ចាប់ផ្ដើមអនុវត្តហើយ។ ស្របពេលគ្នានេះ ប្រជាពលរដ្ឋ និងអាជីវករមួយចំនួនដែលកំពុងរស់នៅ និងលក់ដូរក្នុងតំបន់អភិវឌ្ឍន៍ បារម្ភបាត់បង់ផ្ទះសម្បែង ឬផលប្រយោជន៍ផ្សេងៗ នៅគ្រាដែលពួកគាត់ទទួលបានព័ត៌មានតិចតួចនៅឡើយពីគម្រោងអភិវឌ្ឍន៍នេះ។
អាជ្ញាធរខេត្តកំពង់ឆ្នាំង ដឹកនាំសមត្ថកិច្ចចម្រុះចុះអន្តរាគមន៍ដំណើរការផ្លាស់ទីលំនៅ ឬផ្ទះបណ្ដែតទឹករបស់ជនជាតិវៀតណាម ដោយផ្អែកលើសេចក្ដីសម្រេចលេខ១៨៧ ចុះថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៥ របស់ក្រុមប្រឹក្សាខេត្ត ស្ដីពីការដាក់ឲ្យអនុវត្តផែនការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ សោភ័ណភាព និងអភិវឌ្ឍតំបន់មាត់ទន្លេផ្សារក្រោម ដោយប្រើរយៈពេល ៥ឆ្នាំ។
សកម្មភាពផ្លាស់ទីនេះ ជាផ្នែកមួយនៃការអនុវត្តគម្រោងទាំងមូល ដែលត្រូវរុះរើតូបលក់ដូរ និងផ្ទះសម្បែងរបស់ពលរដ្ឋនៅច្រាំងទន្លេទាំងអស់ ដើម្បីស្ថាបនាសួនច្បារ កន្លែងហាត់ប្រាណ និងវេទិកានៅអែបមាត់ទន្លេប្រវែងជិត ៣គីឡូម៉ែត្រ (២.៧១១គីឡូម៉ែត្រ) ចាប់ពីមុខវត្តលោកយាយទេព ដល់ស្ថានីយទឹកស្អាតអានកូ (ANCO) ប៉ុន្តែប្រជាពលរដ្ឋខ្លះបានដឹងពីគម្រោងនេះតាមរយៈការនិយាយតៗគ្នាប៉ុណ្ណោះ។
ជាអាជីវករបោះដុំត្រីឆ្អើរ កំពុងត្រួតពិនិត្យគុណភាពត្រីក្រោយពីឆ្អើររួចនៅក្រោយផ្ទះថ្មមួយល្វែង គឺអ្នកស្រី សួន តារាមុន្នី មានប្រសាសន៍ថា គ្រួសារគាត់បានចំណាយប្រាក់រាប់ម៉ឺនដុល្លារ ដើម្បីសង់ផ្ទះរស់នៅ និងធ្វើជាកន្លែងរកស៊ីតាំងពីឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ន។ អ្នកស្រីបារម្ភខ្លាចអាជ្ញាធរឲ្យគ្រួសារគាត់ចេញ ដោយមិនផ្ដល់សំណងសមរម្យ ហើយអ្នកស្រីកាន់តែខកចិត្តទៀត បើអាជ្ញាធរយកទីតាំងនោះទៅធ្វើអ្វីផ្សេងក្រៅពីអភិវឌ្ឍសួនច្បារ៖ «យើងមិនឲ្យគាត់អភិវឌ្ឍ គាត់ស្រឡាញ់ដីត្រង់ហ្នឹងហើយ យើងម៉េចធ្វើកើត! ព្រោះវាច្រើនជំនាន់ហើយត្រង់នេះនោះ ចៅហ្វាយខេត្តមកមួយត្រូវការមួយៗ ប៉ុន្តែមិនដឹងលោកអ្នកណាអាចកសាងបាន ប៉ុន្តែសំណូមពរធ្វើសួនច្បារពិតជាសួនច្បារ កុំឲ្យបានដីពីពលរដ្ឋ ហើយទៅធ្វើផ្ទះល្វែងដូចនៅកោះពេជ្រ អាហ្នឹងធ្ងន់ធ្ងរណាស់ អាហ្នឹងពុករលួយហើយ»។
ក្រុមពលរដ្ឋអះអាងថា កិច្ចប្រជុំផ្សព្វផ្សាយផ្លូវការ ឬដាក់ផ្ទាំងប៉ាណូបង្ហាញពីគម្រោងអភិវឌ្ឍន៍នៅលើទីតាំងផ្ទាល់ក៏គ្មាន ដែលធ្វើឲ្យពលរដ្ឋខ្លះមិនយល់ ហើយនាំគ្នាភ័យខ្លាចចំពោះពាក្យថា "អភិវឌ្ឍន៍"។ បញ្ហានេះ ពលរដ្ឋចង់ឲ្យអាជ្ញាធរបិទផ្សាយពីគម្រោងអភិវឌ្ឍន៍ជាក់លាក់យ៉ាងតិចពី ៣ឆ្នាំទៅ ៥ឆ្នាំ ហើយគ្រប់ការដោះដូរ ឬផ្ដល់សំណង ត្រូវធ្វើឡើងដោយសន្តិវិធី និងគោរពតាមគោលការណ៍សិទ្ធិមនុស្ស។
ចំណែកអាជីវករលក់នំបញ្ចុក និងជាម្ចាស់ផ្ទះសង់នៅអែបមាត់ទន្លេផ្សារក្រោម គឺអ្នកស្រី កែ សុខ ថ្លែងថា រូបគាត់ និងពលរដ្ឋផ្សេងទៀត ខ្វល់ចិត្តដេកមិនលក់ ក្រោយពីដឹងរហិចរហៀងអំពីគម្រោងនេះចេញពីមាត់មួយទៅមាត់មួយ។ អ្នកស្រីរីករាយនឹងការអភិវឌ្ឍ ប៉ុន្តែស្នើឲ្យរដ្ឋាភិបាល ឬអាជ្ញាធរ ដោះស្រាយសំណងជូនពួកគាត់ទៅតាមតម្លៃទីផ្សារដី ឬផ្ទះនៅក្នុងក្រុងនាពេលបច្ចុប្បន្ន៖ «មិនទាន់មានចៅហ្វាយខេត្ត ឬក្រុង កោះហៅប្រជុំអត់ទាន់មានទេ អ៊ីចឹងពួកខ្ញុំចេះតែពិគ្រោះគ្នាថា យើងទៅខាងណា? អ្នករស់នៅកន្លែងនេះ សុទ្ធតែអ្នកមានមុខរបរតិចតួចចិញ្ចឹមជីវិត ហើយបើចេញពីនេះទៅ មិនទៅរកអីណា? ស្រែក៏អត់មានធ្វើនឹងគេដែរ ត្រីក៏អត់មានអីរកកើត»។

ឆ្លើយតបបញ្ហានេះ អភិបាលរងខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងាររៀបចំសណ្ដាប់ធ្នាប់ និងសោភ័ណភាពក្រុង គឺលោក ស៊ុន សុវណ្ណារិទ្ធិ បញ្ជាក់ថា អាជ្ញាធរមានគម្រោងកៀរគរអ្នកវិនិយោគសង់ផ្ទះ និងទីផ្សារចំនួនពីរកន្លែង ដែលឋិតនៅមិនឆ្ងាយប៉ុន្មានពីទីតាំងចាស់។ លោកថា ទីតាំងថ្មីមានភាពប្រសើរជាងកន្លែងចាស់ទាំងផ្ទះ និងទីផ្សារដោយមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់៖ «ផ្ទះធំៗនេះ គេនឹងដោះស្រាយទៅតាមផ្នែកនីមួយៗមានន័យថា ផ្ទះលើទឹកដោះស្រាយឲ្យផ្ទះលើទឹក គោលនយោបាយខុសៗគ្នា។ អាជីវករដោះស្រាយតាមរបៀបសង់ផ្សារ ហើយយើងអនុគ្រោះតម្លៃជួលសមរម្យរយៈពេលប៉ុន្មានអ៊ីចឹងទៅ រវាងអាជីវករ និងក្រុមហ៊ុន នឹងមានពិភាក្សាក្រុមការងារគេ»។
លោកបន្ថែមថា ចំពោះផ្ទះសម្បែងរបស់ពលរដ្ឋ នឹងដោះស្រាយផ្អែកលើច្បាប់អស្សាមិករណ៍ ហើយមានគណៈកម្មការវាយតម្លៃផលប៉ះពាល់ឯករាជ្យមួយទៀត ដើម្បីពិនិត្យមើលផលប៉ះពាល់ជាក់ស្ដែង។ ចំណែកតូបលក់ដូរនៅក្រោមដើមស្រល់ចំនួន ២០៣តូប ក៏នឹងត្រូវផ្លាស់ទៅកន្លែងថ្មីទៅតាមដំណាក់កាលនីមួយៗ ដោយផ្អែកលើផែនការច្បាស់លាស់របស់អាជ្ញាធរមានសមត្ថកិច្ច។
ច្បាប់អស្សាមិករណ៍ត្រង់ជំពូក១ មាត្រា២ បានធានាការដកសិទ្ធិស្របច្បាប់លើកម្មសិទ្ធិឯកជនដោយសមរម្យ និងយុត្តិធម៌។ ច្បាប់នេះ ក៏ធានាការទូទាត់សំណងជាមុនដោយសមរម្យ និងយុត្តិធម៌ ហើយបម្រើផលប្រយោជន៍សាធារណៈ និងផលប្រយោជន៍ជាតិ ដោយធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តសាធារណៈ។
មន្ត្រីសម្របសម្រួលនៃសមាគមអាដហុក (ADHOC) ខេត្តកំពង់ឆ្នាំង លោក សំ ច័ន្ទគា ថ្លែងគាំទ្រចំពោះគម្រោងអភិវឌ្ឍន៍នេះ ដោយបញ្ជាក់ថា សមាគមលោកធ្លាប់គាំទ្រគម្រោងនេះតាំងពីឆ្នាំ២០០០ ប៉ុន្តែបានស្នើឲ្យអាជ្ញាធរអនុវត្តគម្រោងដោយត្រឹមត្រូវ និងគោរពគោលការណ៍សិទ្ធិមនុស្ស។ លោកថា ជាច្រើនឆ្នាំមកហើយ អាជ្ញាធរខេត្តមានភាពញញើតញញើមក្នុងការអភិវឌ្ឍនៅតំបន់ដែលមានជនជាតិវៀតណាម រស់នៅ ដោយហេតុផលនយោបាយ៖ «ត្រូវតែធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋបាត់ការភ័យខ្លាចពាក្យថា "អភិវឌ្ឍន៍"។ នៅប្រទេសគេឮថាអភិវឌ្ឍ គេមានការសប្បាយ និងចូលរួម ប៉ុន្តែប្រជាពលរដ្ឋខ្មែរឮពាក្យថា រដ្ឋាភិបាលអភិវឌ្ឍ គឺពួកគាត់ទឹកភ្នែក។ លោក ជិន ជេដ្ឋា៖ បើតាមអនុសាសន៍របស់លោក តើធ្វើយ៉ាងម៉េចទៅដើម្បីឲ្យពលរដ្ឋបាត់ការភ័យខ្លាចនោះបាទ? គណៈកម្មការត្រូវតែប្រជុំ ហើយមានការសន្យាជាក់លាក់ កុំឲ្យដូចកន្លងមកសន្យាផ្សេង អនុវត្តផ្សិងនោះ»។
គម្រោងអភិវឌ្ឍន៍ដូចគ្នានេះ បានរាំងស្ទះក្នុងអាណត្តិរបស់គណៈអភិបាលខេត្តកំពង់ឆ្នាំង ជាច្រើននាក់ គឺចាប់តាំងពីឆ្នាំ១៩៩៩ ដោយគេសង្កេតឃើញថា តំបន់នេះមានភាពស្មុគស្មាញដោយផ្ទះបណ្ដែតជនជាតិវៀតណាម ព្រមទាំងលំនៅឋាន និងតូបលក់ដូររបស់ពលរដ្ឋខ្មែរនៅតាមច្រាំងទន្លេជាច្រើនខ្នង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
