ពលរដ្ឋ​រស់នៅ​អម​ផ្លូវ​រថភ្លើង​ក្រុង​ប៉ោយប៉ែត​តវ៉ា​លើក​ទី​៧៧​ទាមទារ​សំណង​សមរម្យ

0:00 / 0:00

ប្រជាពលរដ្ឋ​ប្រមាណ ១០​នាក់​រស់នៅ​អម​ផ្លូវ​រថភ្លើង​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ឧសភា បន្ត​ការ​តវ៉ា​សាជាថ្មី​នៅ​មុខ​សាលា​ក្រុង ដើម្បី​ដាក់​សម្ពាធ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ដោះស្រាយ​សំណង​ប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​រថភ្លើង​ជូន​ពួក​គាត់​ឲ្យ​បាន​ឆាប់។

នេះ​ជា​លើក​ទី​៧៧ ហើយ​ដែល​ពលរដ្ឋ​រស់នៅ​ក្រុង​ប៉ោយប៉ែត ទទូច​ឲ្យ​អាជ្ញាធរ​ក្រុង​ដោះស្រាយ​សំណង​ប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​រថភ្លើង​ជូន​ពួក​គាត់។

តំណាង​អ្នក​តវ៉ា លោក វន វ័ន្ត រស់នៅ​ភូមិ​ផ្សារកណ្ដាល សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៨ ឧសភា ថា មូលហេតុ​ដែល​ពួក​គាត់​តវ៉ា​ជា​ថ្មី ដោយសារ​អាជ្ញាធរ​ក្រុង និង​មន្ត្រី​ពាក់ព័ន្ធ មិន​ទាន់​ផ្ដល់​សំណង​ប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍​ជូន​ពួក​គាត់​នៅ​ឡើយ « ហើយ​គាត់​ចេះ​តែ​មក​លាប​ពណ៌​ប្រជាពលរដ្ឋ​ថា​បម្រើ​បក្ស​នេះ​បក្ស​នោះ ទន្ទ្រាន​ដី​រដ្ឋ​នៅ។ ពួក​ខ្ញុំ​មាន​ប័ណ្ណ​កាន់​កាប់​ដីធ្លី​ត្រឹមត្រូវ​ផង ចុះ​បើ​ពួក​ខ្ញុំ​គ្មាន​ឯកសារ​ក្នុង​ដៃ​វិញ មិន​ដឹង​ជា​អាជ្ញាធរ​ក្រុង​ធ្វើ​បាប​យ៉ាង​ណា។ ខ្ញុំ​ជា​ប្រជាពលរដ្ឋ ខ្ញុំ​ឈឺ​ចាប់​ណាស់ មិន​ចង់​ឲ្យ​អាជ្ញាធរ​ធ្វើ​បែប​នេះ​ដាក់​ពលរដ្ឋ​ទេ »

លោក​អះអាង​ថា ក្រុម​អ្នក​តវ៉ា​ប្រមាណ ១០​នាក់​តំណាង​ពលរដ្ឋ​ជាង ៣០​គ្រួសារ​ជា​ប្រជាពលរដ្ឋ​ក្រីក្រ គ្មាន​ប្រាក់​សម្រាប់​ទិញ​ដី​សង់​ទី​លំនៅឋាន​ថ្មី​នោះ​ទេ។

អាស៊ីសេរី ពុំ​អាច​ទាក់ទង​អភិបាល​រង​ក្រុង​ប៉ោយប៉ែត លោក ម៉ែន សុភ័ណ ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​២៨ ឧសភា។ ប៉ុន្តែ​កន្លង​ទៅ លោក ម៉ែន សុភ័ណ មាន​ប្រសាសន៍​ថា អាជ្ញាធរ​ក្រុង​ពុំ​មាន​សិទ្ធិ​អំណាច​ដោះស្រាយ​បញ្ហា​នេះ​ជូន​ពលរដ្ឋ​ទេ ព្រោះ​អាជ្ញាធរ​បាន​បញ្ជូន​បណ្ដឹង​របស់​ពលរដ្ឋ​ដាក់​ទៅ​អន្តរ​ក្រសួង ដើម្បី​ដោះស្រាយ​រួច​មក​ហើយ ប៉ុន្តែ​ខាង​អន្តរ​ក្រសួង​មិន​ទាន់​ឆ្លើយតប​ថា​នឹង​ដោះស្រាយ​យ៉ាង​ណា​នៅ​ឡើយ។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មាន​ប្រសាសន៍​ថា បើ​ទោះ​ជា​អាជ្ញាធរ​ក្រុង​បញ្ជូន​បណ្ដឹង​របស់​ពលរដ្ឋ​ដាក់​ទៅ​អន្តរ​ក្រសួង​យ៉ាង​នេះ​ក្ដី ក៏​ករណី​នេះ​ក៏​នៅ​តែ​ជា​តួនាទី​របស់​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត ត្រូវ​ដោះស្រាយ​ជូន​ពលរដ្ឋ​ដដែល ព្រោះ​ក្រុម​អ្នក​តវ៉ា​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​អាជ្ញាធរ​ក្រុង​មួយ​នេះ « អាជ្ញាធរ​អាច​ដោះស្រាយ​បាន ព្រោះ​ថា​អ្នក​ដែល​អង្គុយ​កៅអី​រដ្ឋ​មិន​ដែល​បោះបង់​ប្រជាពលរដ្ឋ​ទេ ព្រោះ​ពលរដ្ឋ​ជា​មនុស្ស​ក្នុង​សង្គម។ ដូច្នោះ អាជ្ញាធរ​ត្រូវ​រៀបចំ​ខ្លួន​ឲ្យ​បាន​ល្អ មុន​នឹង​ចូល​កាន់​តំណែង ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រជាពលរដ្ឋ​មាន​សេចក្ដី​សុខ មិន​មែន​អង្គុយ​កៅអី​រដ្ឋ​ប្រព្រឹត្ត​តែ​អំពើ​ពុក​រលួយ​នោះ​ទេ »

កន្លង​ទៅ ប៉ូលិស​នៃ​អធិការ​នគរបាល​ក្រុង​ប៉ោយប៉ែត បាន​បង្ខំ​ក្រុម​អ្នក​តវ៉ា​ឲ្យ​ផ្ដិត​ស្នាម​មេដៃ​ធ្វើ​កិច្ចសន្យា​ចំនួន ៣​លើក​មក​ហើយ ដើម្បី​ឲ្យ​ឈប់​តវ៉ា​នៅ​មុខ​សាលា​ក្រុង​បន្ត​ទៀត។ ក្រុម​អ្នក​តវ៉ា​ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​សំណង​ប៉ះពាល់​ពី​គម្រោង​សាងសង់​ផ្លូវ​រថភ្លើង​តាម​ផ្លូវ​ច្បាប់។ ក្រុម​អ្នក​តវ៉ា​បាន​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ដដែល បន្ទាប់​ពី​ពួក​គាត់​តវ៉ា​អស់​ជាង ១​ម៉ោង ដោយ​ពុំ​មាន​ដំណោះស្រាយ។ពលរដ្ឋ​អះអាង​ថា ប្រសិន​បើ​អាជ្ញាធរ​មិន​ដោះស្រាយ​សំណង​ជូន​ពួក​គាត់​សមរម្យ​ទេ ពួក​គាត់​នឹង​តវ៉ា​សាជាថ្មី​ទៀត​ក្នុង​ពេល​ឆាប់ៗ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។