ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ស្នើ​នាយក​រដ្ឋមន្ត្រី​ជួយ​ទប់ស្កាត់​ការ​រំលោភ​យក​ដី​បឹង​កង្កែប

0:00 / 0:00

មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ កំពុង​ព្រួយ​បារម្ភ​ចំពោះ​សកម្មភាព​ឃុបឃិត​រំលោភ​យក​ដី​នៅ​ជុំវិញ​បរិវេណ​បឹង​កង្កែប ដែល​ជា​បឹង​ធម្មជាតិ​សម្បូរ​ទៅ​ដោយ​ព្រៃ​កោងកាង​ជា​ជម្រក​ត្រី​សមុទ្រ​បន្ត​ពូជ។ ទីតាំង​បឹង​កង្កែប​ដែល​រង​ការ​រំលោភ​បំពាន​ធ្វើ​កម្មសិទ្ធិ​ពី​សំណាក់​បុគ្គល​មួយ​ចំនួន បាន​កើត​មាន​ជា​យូរ​ឆ្នាំ​មក​ហើយ ប៉ុន្តែ​អាជ្ញាធរ​ស្ថាប័ន​ពាក់ព័ន្ធ​ខេត្ត​ព្រះសីហនុ គ្មាន​សកម្មភាព​ទប់ស្កាត់​ទេ។

ប្រជាពលរដ្ឋ​រស់នៅ​ខេត្ត​ព្រះសីហនុ បាន​អំពាវនាវ​ដល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ជួយ​សង្គ្រោះ ឬ​ការពារ​ដី​ជុំវិញ​បរិវេណ​បឹង​កង្កែប ដែល​ត្រូវ​ឈ្មួញ​មាន​ទ្រព្យ និង​មន្ត្រី​កំពុង​មាន​តួនាទី​នៅ​ក្នុង​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ព្រម​ទាំង​កងទ័ព​ខ្លះ​នៃ​ស្ថាប័ន​កងទ័ព​ជើង​ទឹក​មូលដ្ឋាន​សមុទ្រ​រាម រំលោភ​យក​ធ្វើ​កម្មសិទ្ធិ។

បឹង​កង្កែប​ជា​បឹង​ធម្មជាតិ​សម្បូរ​ទៅ​ដោយ​ព្រៃ​កោងកាង​រាប់​រយ​ហិកតារ មាន​ទីតាំង​នៅ​ភូមិ​អុង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ឬ​នៅ​ជាប់​ចម្ការ​ដូង​ចេង​ហេង នា​ឆ្នេរ​សមុទ្រ​រាម។

ប្រជាពលរដ្ឋ​រស់នៅ​មូលដ្ឋាន​នេះ និង​ភ្ញៀវ​ទេសចរ​ដែល​ចូល​ទៅ​ដល់​ទីតាំង​នោះ បង្ហាញ​ការ​សោកស្ដាយ​ដែល​ព្រៃ​កោងកាង​ដុះ​នៅ​ជុំវិញ​បរិវេណ​បឹង​កង្កែប ត្រូវ​គេ​កាប់​ទន្ទ្រាន ឬ​ពុះ​ច្រៀក​ជា​ឡូៗ​ធ្វើ​កម្មសិទ្ធិ ដោយ​គ្មាន​អាជ្ញាធរ​ពី​ស្ថាប័ន​ណា​មួយ​ក្នុង​ខេត្ត​នេះ ចេញ​មុខ​ទប់ស្កាត់​ទេ។

ពលរដ្ឋ​ភូមិ​អុង និង​មន្ត្រី​រាជការ​ចូល​និវត្តន៍​ខ្លះ​ចោទ​ថា កន្លង​មក​នេះ លោក​ឧកញ៉ា លឹម ហ៊ុយឡេង លោក​ឧត្ដមនាវីឯក អ៊ុក សីហា មេ​បញ្ជាការ​កងទ័ព​ជើង​ទឹក​មូលដ្ឋាន​សមុទ្រ​រាម និង​លោក នួន ប៊ុនថុល នាយក​ទីចាត់ការ​អន្តរ​វិស័យ​សាលា​ខេត្ត​ព្រះសីហនុ ជាដើម មាន​ជាប់​ពាក់ព័ន្ធ ឬ​មាន​ឈ្មោះ​ទន្ទ្រាន​កាន់​កាប់​ដី​ព្រៃ​កោងកាង​នៅ​ភូមិ​អុង ជុំវិញ​បរិវេណ​បឹង​កង្កែប​នេះ​ដែរ។ លោក អ៊ុក សីហា បាន​យក​ទីតាំង​ដី​ព្រៃ​កោងកាង​យក​ទៅ​ដាំ​ដូង និង​អ្នក​ជាប់​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត បាន​លក់​បន្ត និង​បុគ្គល​ខ្លះ​ទៀត បាន​ចាក់​ដី ឬ​បោះ​បង្គោល​ថ្ម​កំណត់​ទីតាំង​ដី​រៀងៗ​ខ្លួន ប៉ុន្តែ​មិន​ទាន់​មាន​ការ​ដាំដុះ​ទេ។

មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​លីកាដូ (LICADHO) ខេត្ត​ព្រះសីហនុ លោក ប៊ួន ណារិទ្ធិ ដែល​បាន​ចុះ​ពិនិត្យ​ផ្ទាល់​ដល់​ទីតាំង​ដី​ជុំវិញ​បរិវេណ​បឹង​កង្កែប ឲ្យ​ដឹង​ថា លោក​ឃើញ​មាន​សកម្មភាព​ទន្ទ្រាន​កាន់​កាប់​ដៃ​ព្រៃ​កោងកាង​សម្រាប់​ដំណាំ​ចម្ការ​ដូង​នៅ​លើ​ដី​នោះ​ជាក់ស្តែង។ លោក​សំណូមពរ​ដល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​បញ្ចេញ​កណ្ដាប់​ដៃ​ដែក ដើម្បី​សង្គ្រោះ​ព្រៃ​កោងកាង​ដែល​ដុះ​នៅ​ជុំវិញ​បឹង​កង្កែប ដែល​ជា​បឹង​ធម្មជាតិ​សម្រាប់​ជម្រក​ត្រី​សមុទ្រ​បន្ត​ពូជ​ឲ្យ​បាន​មក​សភាព​ដើម​វិញ។ ជាង​នេះ​ទៀត ក៏​ត្រូវ​វែក​មុខ​អ្នក​ឃុបឃិត​ប្រព្រឹត្ត​បទល្មើស​នេះ​យក​មក​ផ្ដន្ទាទោស ឬ​ដក​ឋានៈ​បុណ្យ​ស័ក្តិ​ដើម្បី​ជា​ការ​ព្រមាន៖ « បឹង​កង្កែប​នេះ​ជា​បឹង​ធម្មជាតិ ហើយ​មាន​ទឹក​សមុទ្រ​ជោរ​នាចៗ ដោយ​ត្រី​សមុទ្រ​គ្រប់​ប្រភេទ​បាន​មក​បន្ត​ពូជ​នៅ​ក្នុង​បឹង​នេះ ប៉ុន្តែ​នៅ​ពេល​មាន​បុគ្គល​មួយ​ចំនួន​បាន​ចាក់​ដី​រំលោភ​យក​ផ្ទៃ​បឹង​កង្កែប​ធ្វើ​កម្មសិទ្ធិ​រួច​មក នាំ​ឲ្យ​ផ្ទៃ​បឹង​ធម្មជាតិ​មួយ​នេះ​រួម​តូច ហើយ​យើង​ក៏​មិន​ដឹង​ថា​អ្នក​រំលោភ​យក​ផ្ទៃ​បឹង​កង្កែប​នេះ​មាន​ប័ណ្ណ​កម្មសិទ្ធិ ឬ​ធ្វើ​បែប​ម៉េច​ទើប​ទទួល​បាន​ប័ណ្ណ​គ្រប់គ្រង​ដី​សាធារណៈ​របស់​រដ្ឋ នៅ​ជុំវិញ​ដី​ចំណី​បឹង​នេះ​ទេ។ ប៉ុន្តែ​ជា​ធម្មតា ដី​បឹង​ធម្មជាតិ គឺ​ជា​ដី​សាធារណៈ​របស់​រដ្ឋ មិន​គួរ​មន្ត្រី​មាន​អំណាច ឬ​អ្នក​ជាប់​ពាក់ព័ន្ធ​មាន​មន្ត្រី​ក្រសួង ឬ​មន្ទីរ​សុរិយោដី​ជាដើម មិន​គួរ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដល់​បុគ្គល​មួយ​ចំនួន​មក​ចាក់​ដី​រំលោភ​យក​ផ្ទៃ​បឹង​កង្កែប ដែល​ជា​បឹង​ធម្មជាតិ​មាន​ដុះ​ព្រៃ​កោងកាង​ជម្រក​ត្រី​សមុទ្រ​ពង​កូន​អនាធិបតេយ្យ យក​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន​បែប​នេះ​ទេ »

លោក ប៊ួន ណារិទ្ធិ ក៏​ស្នើ​ឲ្យ​រដ្ឋាភិបាល ត្រូវ​កោះ​ហៅ​អ្នក​ជាប់​ពាក់ព័ន្ធ​ការ​ឃុបឃិត ឬ​ឈាន​ដល់​ការ​ចេញ​ប្លង់​កម្មសិទ្ធិ​ដីធ្លី ដី​ព្រៃ​កោងកាង​នៅ​ជុំវិញ​បរិវេណ​បឹង​កង្កែប ត្រូវ​តែ​ផ្ដន្ទាទោស ឬ​ឲ្យ​ឆ្លើយ​បំភ្លឺ​ចំពោះ​មុខ​ច្បាប់។

វិទ្យុ​អាស៊ីសេរី មិន​ទាន់​អាច​ទាក់ទង លោក អ៊ុក សីហា និង​លោក​ឧកញ៉ា លឹម ហ៊ុយឡេង ដើម្បី​បំភ្លឺ​ជុំវិញ​ការ​ចោទ​ថា​បំផ្លាញ​ព្រៃ​កោងកាង​នា​មូលដ្ឋាន​ភូមិ​អុង បាន​ទេ​នៅ​ថ្ងៃ​អង្គារ ទី​១ ខែ​មីនា។

ចំណែក​នាយក​ទីចាត់ការ​អន្តរ​វិស័យ​សាលា​ខេត្ត​ព្រះសីហនុ លោក នួន ប៊ុនថុល បាន​បដិសេធ​ថា មិន​បាន​ទន្ទ្រាន​កាន់​កាប់​ព្រៃ​កោងកាង​នៅ​ជុំវិញ​បរិវេណ​បឹង​កង្កែប ឬ​នៅ​ភូមិ​អុង ដូច​ការ​ចោទ​ទេ ប៉ុន្តែ​ទទួល​ស្គាល់​ថា ដី​ព្រៃ​កោងកាង​នៅ​តំបន់​នេះ ពិត​ជា​មាន​ឈ្មួញ​មាន​ទ្រព្យ​មាន​ងារ​ជា​ឧកញ៉ា និង​មន្ត្រី​មាន​អំណាច កំពុង​ធ្វើ​ការ​ទាំង​ក្នុង​ស្ថាប័ន​ស៊ីវិល និង​កង​កម្លាំង​ប្រដាប់​អាវុធ​មាន​ឈ្មោះ​កាន់​កាប់​ដី​នៅ​តំបន់​នោះ​ពិត​មែន៖ « ខ្ញុំ​មិន​បាន​រំលោភ​យក​ដី​ព្រៃ​កោងកាង​នៅ​ជុំវិញ​បរិវេណ​បឹង​កង្កែប នា​ភូមិ​អុង នោះ​ទេ។ អ្នក​ទន្ទ្រាន​កាន់​កាប់​នៅ​ជុំវិញ​បរិវេណ​ខ្លះ​នៃ​បឹង​កង្កែប​នេះ គឺ​មាន​ម្ចាស់​នៅ​រាជធានី​ភ្នំពេញ​ជាដើម។ ដី​នៅ​ព្រៃ​កោងកាង​នេះ ត្រូវ​បាន​គេ​ជីក​ដាំ​ដើម​ដូង ដោយ​មិន​បាន​កាយ​ដី​លុប​វិញ​ឡើយ ហើយ​និយាយ​ការ​ពិត​ខ្ញុំ​មិន​បាន​ជាប់​ពាក់ព័ន្ធ​ទេ »

ទាក់ទិន​បញ្ហា​នេះ អាជ្ញាធរ​ភូមិ​អុង និង​ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ទទួល​ស្គាល់​ថា ព្រៃ​កោងកាង​នា​មូលដ្ឋាន​នេះ ពិត​ជា​ត្រូវ​រង​ការ​បំផ្លាញ​ជា​បន្តបន្ទាប់ ហើយ​ឈ្មួញ និង​មន្ត្រី​រដ្ឋាភិបាល បាន​ជាប់​ពាក់ព័ន្ធ​សកម្មភាព​កាន់​កាប់​ដី​នៅ​ជុំវិញ​បរិវេណ​បឹង​កង្កែប​ពិត​មែន ប៉ុន្តែ​ករណី​នេះ អាជ្ញាធរ​ត្រឹម​ថ្នាក់​ភូមិ-ឃុំ​មិន​មាន​លទ្ធភាព​ទប់ស្កាត់​ទេ។

ចំណែក​ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា ឬ​ហៅ​កាត់​ថា ស៊ី.អ៊ិន.រ៉ូ (CNRO) សាខា​ខេត្ត​ព្រះសីហនុ លោក សុខ សុខុម ក៏​បាន​រិះគន់​ភាព​កម្សោយ​របស់​អាជ្ញាធរ​ស្ថាប័ន​ពាក់ព័ន្ធ​ខេត្ត​នេះ ដែល​មិន​មាន​សមត្ថភាព ឬ​លទ្ធភាព​ទប់ស្កាត់​បទល្មើស​ទន្ទ្រាន​កាន់​កាប់​ព្រៃ​កោងកាង​នា​មូលដ្ឋាន​ភូមិ​អុង ឲ្យ​បាន​គង់វង្ស។ លោក​ថា ដី​ព្រៃ​កោងកាង​នៅ​ជុំវិញ​ចំណី​មាត់​បឹង​កង្កែប អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ត្រូវ​តែ​ថែ​រក្សា​តំបន់​ព្រៃ​កោងកាង​ដែល​មាន​ស្រាប់​ឲ្យ​គង់វង្ស ប្រសើរ​ជាង​នាំ​គ្នា​ទៅ​អភិរក្ស ឬ​ដាំ​កូន​កោងកាង​បួន​ដប់​ម្ភៃ​ដើម​ក្នុង​មួយ​ឆ្នាំៗ ដោយ​ធ្វើ​ឲ្យ​តែ​ល្អ​មើល​នោះ​ទេ៖ « ចំណុច​បឹង​កង្កែប​នេះ​ស្ថិត​ក្នុង​ភូមិសាស្ត្រ​ឃុំ​រាម និង​ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ដែល​ជា​តំបន់​មួយ​សម្បូរ​ទៅ​ដោយ​ព្រៃ​កោងកាង ជា​ជម្រក​ត្រី​សមុទ្រ​បន្ត​ពូជ មាន​ក្ដាម បង្គា ខ្យង និង​ត្រី​សមុទ្រ ជាដើម ដើម្បី​បម្រើ​ដល់​ប្រយោជន៍​សង្គម​ជាតិ និង​ប្រយោជន៍​រួម​របស់​ប្រជាពលរដ្ឋ អាជ្ញាធរ​គ្រប់​ជំនាញ និង​គ្រប់​លំដាប់​ថ្នាក់​មូលដ្ឋាន គឺ​មាន​ភារកិច្ច​ការពារ ឬ​រាយការណ៍​អំពី​បទល្មើស​ផ្សេងៗ​ដាក់​ជូន​រាជ​រដ្ឋាភិបាល ដើម្បី​ការពារ​ទ្រព្យ​សម្បត្តិ​របស់​រដ្ឋ​ឲ្យ​បាន​គង់វង្ស​ទាំងអស់​គ្នា។ ដូច្នេះ មិន​គួរ​ទុក​ឲ្យ​មាន​បុគ្គល ឈ្មួញ និង​មន្ត្រី​ខ្លះ​ធ្វើ​សកម្មភាព​រំលោភ​កាន់​កាប់​ដី​បរិវេណ​បឹង​ធម្មជាតិ​បឹង​កង្កែប ដោយ​គ្មាន​ការ​ទប់ស្កាត់​នោះ​ទេ »

លោក សុខ សុខុម សំណូមពរ​ថា សកម្មភាព​ឃុបឃិត​ទន្ទ្រាន​កាន់​កាប់ ឬ​ពុះ​ច្រៀក​ដី​ព្រៃ​កោងកាង​នៅ​ជុំវិញ​ដី​ចំណី​បឹង​កង្កែប​នា​ភូមិ​អុង គួរ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​បទបញ្ជា​ទៅ​ក្រសួង​ពាក់ព័ន្ធ ឬ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ដើម្បី​ឈាន​ដល់​រឹប​អូស​ដី​ព្រៃ​កោងកាង ដែល​ត្រូវ​បុគ្គល​មួយ​ចំនួន​រំលោភ​យក​ធ្វើ​កម្មសិទ្ធិ មក​ដាក់​ជា​សម្បត្តិ​រដ្ឋ និង​អភិរក្ស​ព្រៃ​កោងកាង​នៅ​តំបន់​ភូមិ​អុង ឬ​បឹង​កង្កែប​នេះ​ឲ្យ​បាន​គង់វង្ស ទុក​សម្រាប់​ត្រី​សមុទ្រ​បន្ត​ពូជ​ដូច​ដើម​វិញ។

ទាក់ទិន​បញ្ហា​នេះ អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន មាន​ប្រសាសន៍​ថា លោក​បាន​ទទួល​ព័ត៌មាន​ពី​ការ​ទន្ទ្រាន​កាន់​កាប់​ដី​ព្រៃ​កោងកាង ឬ​ដី​ចំណី​មាត់​បឹង​កង្កែប​នៅ​ភូមិ​អុង ឃុំ​រាម នេះ​ហើយ ហើយ​បាន​កោះ​ហៅ លោក នួន ប៊ុនថុល នាយក​ទីចាត់ការ​អន្តរ​វិស័យ​សាលា​ខេត្ត​នេះ ឲ្យ​មក​បំភ្លឺ​រួច​ហើយ។ លោក​ថា នឹង​ចុះ​ពិនិត្យ​ជាក់ស្តែង​លើ​សកម្មភាព​ទន្ទ្រាន​កាន់​កាប់​ព្រៃ​កោងកាង​នា​មូលដ្ឋាន​នេះ​នៅ​ថ្ងៃ​ខាង​មុខ៖ « ខ្ញុំ​បាន​ទទួល​ព័ត៌មាន​នៃ​សកម្មភាព​បំផ្លាញ​ព្រៃ​កោងកាង​យក​ដី​ធ្វើ​កម្មសិទ្ធិ​នេះ​ដែរ ហើយ​ករណី​នេះ ខ្ញុំ​ក៏​បាន​អញ្ជើញ លោក នួន ប៊ុនថុល មក​សាកសួរ ប៉ុន្តែ​គាត់​ឆ្លើយ​ថា មិន​បាន​ជាប់​ពាក់ព័ន្ធ​ការ​រំលោភ​ដី​ព្រៃ​កោងកាង​នៅ​បឹង​កង្កែប​នេះ​ទេ ប៉ុន្តែ​លោក​ថា មាន​ករណី​កាយ​ប្រឡាយ​យក​ទឹក​សម្រាប់​ដាំ​ដើម​ដូង​នៅ​តំបន់​នោះ តែ​មិន​មែន​ជា​សកម្មភាព​ទន្ទ្រាន​កាន់​កាប់​ដី​ព្រៃ​កោងកាង​កើត​មាន​ថ្មីៗ​ទៀត​ទេ »

ថ្មីៗ​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​រិះគន់​ជា​សាធារណៈ​ដល់​រដ្ឋមន្ត្រី​ចំនួន ២​រូប គឺ​លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ថា​ស្ពឹក​ស្រពន់ ឬ​មិន​សកម្ម​ក្នុង​ការងារ។ សារ​ព្រមាន​នេះ​កើត​ឡើង​បន្ទាប់​ពី​រដ្ឋាភិបាល បាន​បើក​យុទ្ធនាការ​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​នៅ​ទូទាំង​ប្រទេស និង​មាន​សកម្មភាព​រថយន្ត​ដឹក​ទំនិញ​ធំៗ​ដឹក​លើស​ទម្ងន់ បំផ្លាញ​ស្ពាន​អ្នក​លឿង ដែល​ជា​អំណោយ​របស់​រដ្ឋាភិបាល​ជប៉ុន រួច​មក។ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​១ ខែ​មីនា លោក​ក៏​បាន​ផ្ញើ​សារ​ទៅ​ដល់​ថ្នាក់​ដឹក​នាំ​នៅ​តាម​ក្រសួង ឬ​មន្ទីរ​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​ចូលរួម​ដោះស្រាយ​បណ្ដឹង​ផ្សេងៗ​របស់​ប្រជាពលរដ្ឋ​ដែល​ដាក់​ប្ដឹង​មាន​វត្ថុ​តាង ឬ​មាន​សាក្សី​ច្បាស់លាស់ ដើម្បី​ផ្តល់​យុត្តិធម៌​ជូន​ភាគី​ពាក់ព័ន្ធ​ឲ្យ​បាន​ត្រឹមត្រូវ។ ជាង​នេះ​ទៀត លោក ហ៊ុន សែន ក៏​បាន​ពញ្ញាក់​អារម្មណ៍​ដល់​មន្ត្រី​មួយ​ចំនួន ឲ្យ​ឈប់​ប្រព្រឹត្ត ឬ​ចូលរួម​ធ្វើ​អំពើ​អាក្រក់ និង​ត្រូវ​ឈប់​ការពារ​ជន​ខិលខូច​ត​ទៅ​ទៀត ក្នុង​ន័យ​ចូលរួម​កសាង​សង្គម​ជាតិ​ឲ្យ​កាន់​តែ​រីក​ចម្រើន​ទៅ​មុខ ជាពិសេស​ដើម្បី​លើក​កម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ ឈាន​ដល់​ទប់ស្កាត់ និង​លុប​បំបាត់​អំពើ​ពុក​រលួយ និង​ផ្តល់​នូវ​យុត្តិធម៌​សង្គម​ឲ្យ​មាន​យុត្តិធម៌​សម្រាប់​ទាំងអស់​គ្នា។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ សង្គម​ស៊ីវិល និង​ពលរដ្ឋ​ខេត្ត​ព្រះសីហនុ រង់ចាំ​មើល​ចំណាត់​ការ​របស់​ប្រមុខ​រដ្ឋាភិបាល ក្នុង​ករណី​ជន​មាន​អំណាច​រំលោភ​យក​ដី​បឹង​កង្កែប​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន​នៅ​ពេល​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។