ពលរដ្ឋ​ស្រុក​រវៀង​ភ័យ​ខ្លាច​បាត់បង់​ដី​ស្រែ​ចម្ការ​ដោយ​ក្រុមហ៊ុន​ឈូស​ឆាយ​រំលោភ​យក

0:00 / 0:00

អ្នក​ភូមិ​បង្កន នៃ​ខេត្ត​ព្រះវិហារ ជាង ១០០​គ្រួសារ កំពុង​នាំ​គ្នា​ជ្រួល​ច្របល់​ខ្លាច​បាត់បង់​ដី​ស្រែ​ចម្ការ​របស់​ពួក​គេ និង​គ្មាន​អ្វី​ធ្វើ​កសិកម្ម​ចិញ្ចឹម​ជីវិត​ត​ទៅ​ទៀត។ ការ​ជ្រួល​ច្របល់​នេះ កើត​មាន​រយៈពេល​ជិត ២​សប្ដាហ៍​មក​ហើយ នៅ​ពេល​ដែល​គេ​ឃើញ​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច ភី.អិន.ធី (PNT) យក​គ្រឿងចក្រ​ជាច្រើន​ទៅ​ឈូស​រំលំ​ព្រៃ​ឈើ ដើម្បី​ពង្រីក​យក​ផ្ទៃដី​សម្បទាន ប៉ុន្តែ​អាជ្ញាធរ​ហាក់​មិន​អើពើ​ទៅ​លើ​ការ​ប៉ះពាល់​ដី​កម្មសិទ្ធិ​របស់​ប្រជាពលរដ្ឋ​មួយ​ចំនួន​កន្លង​មក។

ប្រជាពលរដ្ឋ​នៅ​ភូមិ​បង្កន អំពាវនាវ​ជា​ថ្មី​ម្ដង​ទៀត​ឲ្យ​អាជ្ញាធរ​ឃុំ​រៀបរយ និង​ស្រុក​រវៀង មាន​វិធានការ​ទប់ស្កាត់​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច ភី.អិន.ធី កុំ​ឲ្យ​ធ្វើ​សកម្មភាព​ឈូស​ឆាយ​ដី​ព្រៃ ហើយ​រំលោភ​ចូល​ដី​ស្រែ និង​ចម្ការ​របស់​ពួក​គេ។

តំណាង​សហគមន៍​ភូមិ​បង្កន គឺ​លោក ស៊ូ ថាល់។ លោក​មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ច័ន្ទ ទី​៩ ខែ​មករា ថា រយៈពេល​ជិត​កន្លះ​ខែ​ហើយ​ដែល​ក្រុមហ៊ុន ភី.អិន.ធី បាន​យក​គ្រឿងចក្រ​មក​ឈូស​រំលំ​ព្រៃ​ឈើ​ជិត​ភូមិ​របស់​គាត់ ថែម​ទាំង​រំលោភ​ចូល​ដី​ស្រែ​ចម្ការ​របស់​ប្រជាពលរដ្ឋ​មួយ​ចំនួន។ បុរស​ដដែល​បញ្ជាក់​ថា រូប​លោក និង​អ្នក​ភូមិ​ចំនួន ១០៦​គ្រួសារ កំពុង​រង​ការ​ប៉ះពាល់ ដោយសារ​ការ​ឈូស​ឆាយ​របស់​ក្រុមហ៊ុន​នេះ ក៏ប៉ុន្តែ​អាជ្ញាធរ​តាំង​ពី​ថ្នាក់​ភូមិ ឃុំ រហូត​ដល់​ស្រុក​រវៀង ហាក់​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ជួយ​ការពារ​ផល​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ទេ៖ « ខាង​ជើង ​ភូមិ​នេះ ក្រុមហ៊ុន​ឈូស​ប៉ះពាល់​លើ​ដី​របស់​ប្រជាពលរដ្ឋ​ច្រើន​ហិកតារ​ហើយ ប៉ុន្តែ​ មិន​ដឹង ​ជា​ទប់ស្កាត់​ យ៉ាង​ណា​ទេ ពីព្រោះ​ខ្ញុំ​ឃាត់​គេ​អត់​ឈ្នះ​ដែរ »

កាល​ពី​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០១៦ អ្នក​ភូមិ​បង្កន នៃ​ឃុំ​រៀបរយ ធ្លាប់​បាន​ទប់ស្កាត់​សកម្មភាព​ឈូស​ឆាយ​ដី​របស់​ក្រុមហ៊ុន​ម្ដង​មក​ហើយ ព្រម​ទាំង​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ឃុំ​រៀបរយ និង​ស្រុក​រវៀង មាន​វិធានការ​ដោះស្រាយ​ការ​ប៉ះពាល់​មក​លើ​ពួក​គេ ក៏ប៉ុន្តែ​អាជ្ញាធរ​មិន​ទាន់​បាន​ឆ្លើយតប​អ្វី​នៅ​ឡើយ​ទេ។

អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​ជុំវិញ​រឿង​នេះ​ពី​អភិបាល​ស្រុក​រវៀង លោក ឯ សារ៉ូ បាន​ថា​យ៉ាង​ណា​នៅ​ឡើយ នៅ​ថ្ងៃ​ទី​៩ ខែ​មករា ដោយសារ​តែ​លោក​មិន​ទទួល​ទូរស័ព្ទ​ដើម្បី​សន្ទនា។

ចំណែក​មេ​ឃុំ​រៀបរយ លោក ឈុន មាស បាន​បដិសេធ​ថា ក្រុមហ៊ុន ភី.អិន.ធី មិន​បាន​ឈូស​រំលោភ​យក​ដី​ស្រែ​ចម្ការ​ដូច​ប្រជាពលរដ្ឋ​ចោទ​ប្រកាន់​នោះ​ទេ។ លោក​មេ​ឃុំ​រៀបរយ បញ្ជាក់​ថា តាំង​តែ​ពី​ក្រុមហ៊ុន​មាន​វត្តមាន​នៅ​ទឹកដី​ឃុំ​រៀបរយ ក្នុង​ឆ្នាំ​២០១៤ មក គឺ​អាជ្ញាធរ​ខេត្ត​ព្រះវិហារ អាជ្ញាធរ​ស្រុក​រវៀង និង​មន្ត្រី​សុរិយោដី បាន​ចុះ​ទៅ​ពិនិត្យ ព្រម​ទាំង​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​សហការ​ចុះ​ទៅ​ចង្អុល​ក្បាល​ដី​របស់​ខ្លួន បើ​មាន​ការ​ប៉ះពាល់​ដី​កម្មសិទ្ធិ សូម​ឲ្យ​ប្រាប់​ទៅ​អាជ្ញាធរ ក៏ប៉ុន្តែ​មិន​មាន​ប្រជាពលរដ្ឋ​ណា​ទៅ​ចង្អុល​បង្ហាញ​ទេ។ លោក​មេ​ឃុំ​រៀបរយ អំពាវនាវ​ម្ដង​ទៀត ប្រសិន​បើ​ប្រជាពលរដ្ឋ​ណា​មាន​ដីធ្លី​ប៉ះពាល់​ដោយសារ​ការ​ឈូស​ឆាយ​នោះ គឺ​សូម​ប្រាប់​ទៅ​មេ​ភូមិ និង​អាជ្ញាធរ​ឃុំ៖ « បើ​សិន​ជា ​ក្រុមហ៊ុន​ មាន​ការ ​ប៉ះពាល់​ ដីធ្លី​របស់ ​ប្រជាពលរដ្ឋ​ ណា​មួយ សូម​ឲ្យ​មក​ទំនាក់ទំនង​ជាមួយ​មេ​ភូមិ មន្ត្រី​ឃុំ ដើម្បី​ ចុះ​ទៅ ពិនិត្យ​មើល និង​ដោះស្រាយ​ជូន »

អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ព្រះវិហារ លោក ឡោ ចាន់ យល់​ថា បញ្ហា​ទំនាស់​ដីធ្លី​រវាង​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​ស្រុក​រវៀង ជាច្រើន​កន្លែង ចាប់​ផ្ដើម​កម្រើក​ឡើង​វិញ​ហើយ​បន្ទាប់​ពី​ស្ងប់ស្ងាត់​តែ​មួយ​រយៈពេល​ខ្លី។

លោក ឡោ ចាន់ ឲ្យ​ដឹង​ថា រយៈពេល​ជាង ២​សប្ដាហ៍​កន្លង​មក គឺ​លោក​បាន​ទទួល​ព័ត៌មាន​ស្ដីពី​បញ្ហា​ទំនាស់​ដីធ្លី​កើត​មាន​ជា​បន្តបន្ទាប់​នៅ​ក្នុង​ស្រុក​រៀង ដូចជា​នៅ​ភូមិ​បង្កើនផល នៅ​ភូមិ​បង្កន ឃុំ​រៀបរយ និង​នៅ​តំបន់​អូរ​តា​លោក នៃ​ឃុំ​រមទម ស្រុក​រវៀង ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។