ពលរដ្ឋ ៤៦គ្រួសារនៅឃុំផ្ទះរុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ស្រែកសុំអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីជំរុញឲ្យមន្ត្រីថ្នាក់ក្រោមជាតិ ពន្លឿនការដោះស្រាយរឿងដីធ្លីរបស់ពួកគាត់ដែលអូសបន្លាយជិត ៦ឆ្នាំជាមួយក្រុមហ៊ុន តូច ហៀវ។ ក្រុមពលរដ្ឋអះអាងថា ពួកគាត់កំពុងប្រឈមនឹងបញ្ហាជីវភាពបណ្ដាលមកពីបាត់បង់ដីបង្កបង្កើនផលកសិកម្ម។
អ្នកភូមិជ្រៃក្រឹម នៃឃុំផ្ទះរុង ចំនួន ២៣នាក់ក្នុងចំណោម ៤៦គ្រួសារ បានប្រមូលផ្ដុំគ្នានៅក្រោមផ្ទះតំណាងរបស់ខ្លួន ដើម្បីបង្ហាញពីទុក្ខកង្វល់ប្រាប់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី១ ខែមីនា។ ដីចម្ការជាង ១០០ហិកតារ (១០១.៥១៥ហិកតារ) ដែលពលរដ្ឋចោទថា ក្រុមហ៊ុនរំលោភយកនោះ កំពុងដាំដំឡូងមី និងផ្នែកខ្លះ ត្រូវក្រុមហ៊ុនជួលទៅឲ្យកសិករផ្សេងដាំដំឡូង ខណៈពួកគាត់មានតែដីផ្ទះ និងដីកសិកម្មតិចតួច។
តំណាងពលរដ្ឋម្នាក់ គឺលោក ជិន ខ្លី មានប្រសាសន៍ថា អ្នកភូមិបានចូលកាន់កាប់ និងអាស្រ័យផលជាបន្តបន្ទាប់លើដីនេះតាំងពីឆ្នាំ១៩៩៦ ប៉ុន្តែមកដល់ឆ្នាំ២០០០ ជម្លោះបានកើតឡើងរវាងពលរដ្ឋជាច្រើនគ្រួសារជាមួយក្រុមហ៊ុន តូច ហៀវ។ ក្រោយមកទៀត គឺនៅឆ្នាំ២០១២ កម្លាំងសមត្ថកិច្ចចម្រុះ បានចុះរុះរើ និងកាត់ជើងសសរផ្ទះរបស់អ្នកភូមិជាច្រើនខ្នង ដោយចោទថារស់នៅលើដីរដ្ឋ៖ « ដំណោះស្រាយគាត់ ( អភិបាលខេត្ត និងអាជ្ញាធរខេត្ត ) ថាដោះ ប៉ុន្តែមិនឃើញដោះណាលោកគ្រូ។ លោក ជិន ជេដ្ឋា៖ បច្ចុប្បន្ន អត់មានធ្វើដំឡូងអ៊ីចឹងរកស៊ីអី ? អត់ ...! ប្រជាពលរដ្ឋមានតែស៊ីឈ្នួលកាប់ដំឡូងឲ្យគេរង់ចាំការដោះស្រាយ »។
វិទ្យុអាស៊ីសេរី មិនអាចរកប្រភពទាក់ទងតំណាងក្រុមហ៊ុន តូច ហៀវ ដើម្បីឆ្លើយតបនឹងការចោទប្រកាន់នេះបានទេ នៅថ្ងៃទី១ ខែមីនា។
អភិបាលរងខេត្តពោធិ៍សាត់ លោក អ៊ឹង គឹមលាង បញ្ជាក់ថា គណៈកម្មការស្រុកភ្នំក្រវាញ និងស្រុកបាកាន កំពុងធ្វើការងារនេះបន្ថែមទៀតជូនលោក ប៉ុន្តែថ្មីៗនេះលោកបានចុះដោះស្រាយជាមួយពលរដ្ឋដោយបានឯកភាពគ្នាលើគោលការណ៍រួមមួយ៖ « ចុះទៅប្រជុំលើកដៃជាមួយខ្ញុំ ថតរូបជាមួយ និងធ្វើកំណត់ហេតុជាមួយខ្ញុំហើយ គាត់ថាមិនទាន់ទទួលបានដំណោះស្រាយ ខ្ញុំមិនដឹងថាគាត់យល់ថាម៉េចទេ »។
លោក អ៊ឹង គឹមលាង មិនបង្ហាញពីគោលការណ៍រួមក្នុងការដោះស្រាយជម្លោះនេះទេ ហើយទំហំដីជាក់ស្ដែងរបស់ភាគីក្រុមហ៊ុន និងពលរដ្ឋមានប៉ុន្មាននោះ ក៏មិនទាន់ដឹងដែរ ប៉ុន្តែលោកថានឹងស្រូតដោះស្រាយបញ្ចប់។
មន្ត្រីសម្របសម្រួលនៃសមាគមអាដហុក (ADHOC) ខេត្តពោធិ៍សាត់ លោក ភួង សុធា ថ្លែងថា អាជ្ញាធរជំនាញពាក់ព័ន្ធ តំណាងរាស្ត្រ និងក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជា ក្នុងខេត្តពោធិ៍សាត់ ផង បានសន្យាថានឹងដោះស្រាយរឿងនេះជូនពលរដ្ឋឲ្យឆាប់ចប់ ប៉ុន្តែអស់រយៈពេលជាច្រើនឆ្នាំហើយ នៅមិនទាន់ដោះស្រាយចេញទៀត៖ « ក្រុមជំនាញខាងរដ្ឋបាលដែនដី ឬគណៈកម្មការសុរិយោដី ត្រូវចុះវាស់ដីរបស់ប្រជាពលរដ្ឋ ហើយសិក្សាពីចំនួនពលរដ្ឋ ហើយបែងចែកផ្ទៃដីទាំងអស់ហ្នឹងឲ្យទៅពលរដ្ឋ។ បញ្ហាទាំងអស់ នឹងចប់ជាស្ថាពរជាមិនខានទេ ព្រោះដីនៅច្រើនណាស់ »។
តំណាង និងក្រុមពលរដ្ឋដែលភាគច្រើនមកពីតាមបណ្ដាខេត្តផ្សេងៗ ឲ្យដឹងថា អ្នកភូមិបានផ្អាកការដាំដំឡូង និងផលដំណាំឯទៀតទាំងស្រុងលើដីគ្មានប្លង់កម្មសិទ្ធិរបស់ខ្លួនអស់រយៈពេលជាង ៣ឆ្នាំហើយ ក្រោយពីអភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន សន្យាថានឹងផ្ដល់ដីជំនួសដីដែលបានបាត់បង់ទៅភាគីក្រុមហ៊ុននោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។