ពលរដ្ឋជាង ៣០គ្រួសារតំណាងឲ្យពលរដ្ឋជាង ១០០គ្រួសាររស់នៅភូមិគីឡូម៉ែត្រលេខ៨ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ផ្ដិតមេដៃរកអន្តរាគមន៍ពីអង្គការមិនមែនរដ្ឋាភិបាល ករណីអាជ្ញាធរមូលដ្ឋានរៃអង្គាសប្រាក់ពួកគាត់ជាបន្តបន្ទាប់តាំងពីឆ្នាំ២០១៤ ដើម្បីរៀបចំឯកសារស្នើសុំដីសម្បទានសង្គមកិច្ចពីរដ្ឋាភិបាល តាមរយៈតំណាងក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច ម៉ុង ឫទ្ធី គ្រុប ប៉ុន្តែរហូតបច្ចុប្បន្ន អ្នកភូមិពុំទាន់មានពន្លឺពីគម្រោងផ្តល់ដីសម្បទានសង្គមកិច្ចនៅឡើយ។
ពលរដ្ឋជាង ១០០គ្រួសាររស់នៅសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង អំពាវនាវឲ្យអាជ្ញាធរខេត្ត និងស្ថាប័នពាក់ព័ន្ធ ជួយពន្លឿនការផ្តល់ដីសម្បទានសង្គមកិច្ចដល់ពលរដ្ឋក្រីក្រពុំមានដីធ្លីធ្វើលំនៅឋាន។ ការអំពាវនាវនេះ បន្ទាប់ពីពលរដ្ឋទាំងនេះ បានរៃអង្គាសប្រាក់ឲ្យអាជ្ញាធរមូលដ្ឋាន ដើម្បីជាថ្លៃសេវារៀបចំឯកសារស្នើសុំដីសម្បទានសង្គមកិច្ច ប៉ុន្តែមកទល់ពេលនេះ ពុំទាន់មានដីនៅឡើយ។
តំណាងពលរដ្ឋ លោក យុន រតនា និយាយថា តំណាងអាជ្ញាធរដុងក្រឡ ឬភូមិឧបសម្ពន្ធរិទ្ធីសែនជ័យ លោក សុខ គឹមសេន បានរៃអង្គាសប្រាក់ពីពលរដ្ឋកាលពីឆ្នាំ២០១៤ និងឆ្នាំ២០១៥ ចាប់ពី ២ម៉ឺនរៀលដល់ ៣ម៉ឺនរៀលក្នុងមួយគ្រួសារ ក្រោមហេតុផលរៀបចំឯកសារស្នើសុំដីសម្បទានសង្គមកិច្ច តាមរយៈតំណាងក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប តែរហូតបច្ចុប្បន្ន លោកពុំទាន់ទទួលដំណឹងស្ដីពីលទ្ធផលដីសម្បទានសង្គមកិច្ចនៅឡើយទេ។ លោកទាមទារឲ្យ លោក សុខ គឹមសេន បំភ្លឺពីករណីនេះឲ្យច្បាស់លាស់ ទាក់ទិនភាពមិនប្រក្រតីនៃការរៃអង្គាសប្រាក់នោះ៖ « មានឈ្មោះ សុំដី ប្រហែលជា ៣០ ទៅ ៤០គ្រួសារ។ គ្នាអត់ អត់មែនទេ អត់មានដីនៅ។ ដល់ពេល ចឹង ធ្វើសំណើតាមរយៈ មេភូមិ តាមរយៈប្រធានស្នាក់ការក្រុមហ៊ុនការដ្ឋាន ។ គេចុះរៃលុយគេធ្វើរៃមកពីរដង គ្នាក៏ឲ្យតាមហ្នឹងទៅ ប្រជាជនអត់ ចង់បានដី ។ ដល់ឥឡូវអត់បានអត់បានអីសោះ »។
ឆ្លើយតបរឿងនេះ មេភូមិឧបសម្ពន្ធរិទ្ធីសែនជ័យ លោក សុខ គឹមសេន ទទួលស្គាល់ថា លោកបានរៃអង្គាសប្រាក់ពីអ្នកភូមិ ប៉ុន្តែអាជ្ញាធរបានយកប្រាក់ទាំងនោះជួលត្រាក់ទ័រឈូសឆាយធ្វើផ្លូវចូលតំបន់គម្រោងផ្តល់ដីសម្បទានសង្គមកិច្ច។ លោកអះអាងថា សំណើសុំដីសម្បទានសង្គមកិច្ចរបស់អាជ្ញាធរ តាមរយៈបុគ្គលិកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប មានបញ្ហារាំងស្ទះដំណើរការគម្រោងផ្តល់ដីសម្បទានសង្គមកិច្ចនោះ៖ « បញ្ជូនត្រឹមកសិដ្ឋាន កសិដ្ឋានក៏ មិនបាន បញ្ជូនទៅ។ យើងបាន ខកខានបញ្ហា ចែកទៅចឹង។ លុយចំនួន ពីរម៉ឺន យើងអត់មាន យកទៅ ណាទេ យើងយកធ្វើផ្លូវ ជួលអាត្រាក់គេ »។
វិទ្យុអាស៊ីសេរី មិនអាចរកប្រភពទាក់ទងប្រធានកសិដ្ឋាននៃក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ដើម្បីសុំការអធិប្បាយករណីនេះបានទេនៅថ្ងៃទី១៤ មីនា។
កាលពីឆ្នាំ២០១២ រដ្ឋាភិបាលសម្រេចផ្តល់ដីសម្បទានសង្គមកិច្ចជូនពលរដ្ឋជាង ៥០គ្រួសារ ទំហំដីទទឹង ២៥ម៉ែត្រ បណ្តោយ ៥០ម៉ែត្រក្នុងមួយគ្រួសារនៅភូមិគីឡូម៉ែត្រលេខ៨ សង្កាត់សាមគ្គី តាមសំណើរបស់ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប។ បន្ទាប់ពីក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ធ្លាប់ផ្សព្វផ្សាយឲ្យពលរដ្ឋដែលខ្វះខាតដីធ្វើលំនៅឋាន អាចដាក់ពាក្យស្នើសុំដីសម្បទានសង្គមកិច្ចមកអាជ្ញាធរមូលដ្ឋាន។
មន្ត្រីសម្របសម្រួលនៃសមាគមអាដហុក (ADHOC) ខេត្តស្ទឹងត្រែង លោក ហូរ សំអុល យល់ថា បើអាជ្ញាធរបានរៃអង្គាសប្រាក់ពលរដ្ឋដើម្បីដំណើរការរៀបចំឯកសារស្នើសុំដីសម្បទានសង្គមកិច្ច លទ្ធផលយ៉ាងណា អាជ្ញាធរត្រូវផ្តល់ដំណឹងមកពលរដ្ឋ ដើម្បីជៀសវាងកុំឲ្យពលរដ្ឋទន្ទឹមរង់ចាំលទ្ធផលស្ដីពីគម្រោងផ្តល់ដីសម្បទានសង្គមកិច្ចនោះ៖ « គាត់ មិនគួរ យកលុយ ពីប្រជាពលរដ្ឋទេ ក្នុងនាម គាត់អាជ្ញាធរ គាត់ គ្រាន់តែ ដើរស្រង់ឈ្មោះ ដូចគាត់ចុះ ធ្វើការ ជាមួយប្រជាពលរដ្ឋដែរ។ គាត់ស្រង់ ឈ្មោះ អ្នកណា ក្រីក្រពិតប្រាកដ អ៊ីចឹង ទៅ ដាក់ឈ្មោះសំណើសម្បទានសង្គមកិច្ចតាមលក្ខណៈរដ្ឋបាលទៅ »។
ចំណុចដុងក្រឡ ភូមិគីឡូម៉ែត្រលេខ៨ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ឆ្ងាយពីសាលាខេត្តស្ទឹងត្រែង ជាង ៤០គីឡូម៉ែត្រ។ ពលរដ្ឋរស់នៅទីនោះ ភាគច្រើនជាពលរដ្ឋចំណាកស្រុកមានចំនួន ២១១គ្រួសារ។ ចំណែកដីនៅតំបន់នោះ ភាគច្រើនជាដីសម្បទានសេដ្ឋកិច្ចដែលរដ្ឋាភិបាលវិនិយោគឲ្យក្រុមហ៊ុន ដូចជា ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប និងក្រុមហ៊ុន កែវ រិទ្ធី ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។