ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​ត្បូងឃ្មុំ​គ្រោង​ដាក់​ញត្តិ​ទៅ​ស្ថាប័ន​ធំៗ​នៅ​ភ្នំពេញ​បន្ទាប់​ពី​ចូល​ឆ្នាំ​រួច

ប្រជា​សហគមន៍​មាន​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​ត្បូងឃ្មុំ នឹង​ឡើង​ទៅ​ដាក់​ញត្តិ​នៅ​រាជធានី​ភ្នំពេញ នៅ​ក្រោយ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី។ ពលរដ្ឋ​បញ្ជាក់​ថា ដោយសារ​អាជ្ញាធរ​ខេត្ត នៅ​តែ​មិន​ទាន់​មាន​ដំណោះស្រាយ​នៅ​ឡើយ ទើប​បណ្ដាល​ឲ្យ​ពួក​គាត់ បង្ខំ​ចិត្ត​ត្រូវ​តែ​នាំ​គ្នា​ឡើង​សុំ​កិច្ច​អន្តរាគមន៍​ពី​ស្ថាប័ន​ជាតិ​ពាក់ព័ន្ធ​តែ​ម្ដង។

ប្រជា​សហគមន៍​នៅ​ឃុំ​ត្រពាំងព្រីង លោក សែម សាង ឲ្យ​ដឹង​ថា ពលរដ្ឋ​ជាច្រើន​សហគមន៍​ដែល​រងគ្រោះ​ដោយសារ​ការ​បាត់បង់​ព្រៃ​សហគមន៍​ជាង ៥​ពាន់​ហិកតារ នឹង​ទៅ​យក​ញត្តិ​ទៅ​ដាក់​ស្ថាប័ន​ជាតិ​ធំៗ រួម​មាន ស្ថាប័ន​រដ្ឋសភា ព្រឹទ្ធសភា ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី និង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ជាដើម។

លោក​បន្ត​ថា គោល​បំណង​ពលរដ្ឋ​ឡើង​ទៅ​សុំ​កិច្ច​អន្តរាគមន៍​ពី​ស្ថាប័ន​កំពូលៗ​របស់​ជាតិ គឺ​ចង់​ទាមទារ​ឲ្យ​រាជ​រដ្ឋាភិបាល រក្សា​ដី​សហគមន៍​ទាំង​នោះ​ជា​សម្បត្តិ​រួម​វិញ ព្រម​ទាំង​ដោះស្រាយ​ជម្លោះ​ដីធ្លី​របស់​ប្រជា​សហគមន៍​នៅ​តំបន់​ផ្សេងៗ​ទៀត៖ « ពាក្យ​បណ្ដឹង​ដែល​ដាក់​ទៅ​ទាំងអស់​ហ្នឹង ដូច​អត់​មាន​ ដោះស្រាយ​ ជូន​ពលរដ្ឋ​ផង មាន​តែ​ឃាត់​ប្រជាពលរដ្ឋ​ថែម ទុក​ឲ្យ​ក្រុមហ៊ុន​ចិន ចូល​ឈូស​ឆាយ»។

អភិបាល​រង​ខេត្ត​ត្បូងឃ្មុំ ទទួល​បន្ទុក​ដីធ្លី លោក ហាក់ សុខមករា យល់​ថា ការ​ដែល​ពលរដ្ឋ​ឡើង​ទៅ​សុំ​កិច្ច​អន្តរាគមន៍ គឺ​ជា​សិទ្ធិ​របស់​ពួក​គាត់ ប៉ុន្តែ​លោក​ថា ប្រសិន​បើ​ប្រជា​សហគមន៍​អត់ធ្មត់​ជាង​នេះ គឺ​ជា​ការ​ប្រសើរ ពីព្រោះ​អាជ្ញាធរ​ខេត្ត​កំពុង​ពិនិត្យ​លទ្ធភាព​ដោះស្រាយ​បញ្ហា​ទាំង​នោះ​ជា​ជំហានៗ។

មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ត្បូងឃ្មុំ មើល​ឃើញ​ថា មូលហេតុ​ជំរុញ​ឲ្យ​ពលរដ្ឋ​ឡើង​ទៅ​សុំ​កិច្ច​អន្តរាគមន៍​ពី​ថ្នាក់​ជាតិ គឺ​បង្ហាញ​ពី​អសមត្ថភាព​របស់​អាជ្ញាធរ​ខេត្ត ក្នុង​ការ​ដោះស្រាយ​បញ្ហា​ទាំង​នោះ ហើយ​វា​បណ្ដាល​ឲ្យ​ប៉ះពាល់​មុខ​មាត់​របស់​ខេត្ត​ទៀត​ផង។ លោក​បន្ត​ថា ដើម្បី​ជៀសវាង​មិន​ឲ្យ​ប៉ះពាល់​ដល់​មុខ​មាត់​របស់​ខេត្ត​ទាំង​មូល អាជ្ញាធរ​ត្រូវ​ដោះស្រាយ​បញ្ហា​ទាំង​នោះ​ជូន​ពលរដ្ឋ ជា​ជាង​ការ​ដោះសា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។