ពលរដ្ឋ​មាន​ទំនាស់​ដី​ជាមួយ​ទាហាន​នៅ​ខេត្ត​ត្បូងឃ្មុំ​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ក្រសួង​ពាក់ព័ន្ធ

0:00 / 0:00

ប្រជាពលរដ្ឋ​នៅ​ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ដែល​មាន​វិវាទ​ដីធ្លី​ជាមួយ​ទាហាន​កង​វិស្វកម្ម​តំបន់​ភូមិ​ភាគ​២ នាំ​គ្នា​ឡើង​ទៅ​ដាក់​ពាក្យ​បណ្ដឹង​នៅ​ក្រសួង​ការពារ និង​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ទី​៤ កុម្ភៈ។

ពលរដ្ឋ​ថា មូលហេតុ​ដែល​ពួក​គាត់​នាំ​គ្នា​ឡើង​ទៅ​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​ក្រសួង​សាមី ព្រោះ​តែ​អាជ្ញាធរ​មិន​បាន​ចូលរួម​ដោះស្រាយ​បញ្ហា​របស់​អ្នក​ភូមិ។ យ៉ាង​ណា អាជ្ញាធរ​មូលដ្ឋាន​ថា ពួក​គេ​បាន​ចូលរួម​ដោះស្រាយ​បញ្ហា​ពលរដ្ឋ​ជា​ប្រចាំ មិន​ដែល​ព្រងើយ​កន្តើយ​ឡើយ។

ពលរដ្ឋ​នៅ​ឃុំ​ស្រឡប់ រំពឹង​ថា អាជ្ញាធរ​ក្រសួង​ពាក់ព័ន្ធ នឹង​ជួយ​រក​ដំណោះស្រាយ​បញ្ចប់​ជម្លោះ​ដីធ្លី​រវាង​ពួក​គាត់ និង​ទាហាន​នៃ​កង​វិស្វកម្ម​តំបន់​ភូមិ​ភាគ​២ ដើម្បី​ផ្ដល់​ដី​ឲ្យ​ពួក​គាត់​បាន​អាស្រ័យ​ផល។ ការ​លើក​ឡើង​បែប​នេះ ធ្វើ​ឡើង​នៅ​ពេល​ដែល​ពលរដ្ឋ ៨​នាក់ តំណាង​ឲ្យ​អ្នក​ភូមិ ១០​គ្រួសារ​ដែល​មាន​ជម្លោះ​ដីធ្លី នាំ​គ្នា​ជិះ​រថយន្ត​ឈ្នួល​ឆ្ពោះ​ទៅ​រាជធានី​ភ្នំពេញ ដើម្បី​យក​ពាក្យ​បណ្ដឹង​ទៅ​ដាក់​នៅ​ស្ថាប័ន​ពាក់ព័ន្ធ ពិសេស​ទៅ​ក្រសួង​ការពារ​ជាតិ។

ពលរដ្ឋ​មួយ​រូប លោក យន់ សុភាព មាន​ប្រសាសន៍​ថា ដោយសារ​តែ​ពួក​គាត់​មិន​មាន​ជម្រើស​ផ្សេង​ទៀត​ឡើយ ក្រៅ​ពី​នាំ​គ្នា​ទៅ​រក​កិច្ច​អន្តរាគមន៍​ពី​ក្រសួង​ពាក់ព័ន្ធ គឺ​ចង់​ឲ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម ព្រម​ទាំង​ចង់​បាន​ដីធ្លី​របស់​ខ្លួន​ត្រឡប់​មក​វិញ៖ « ខាង​កងពល​អ្នក​ឲ្យ​នៅ។ នៅ​គឺ​នៅ​បណ្ដោះអាសន្ន​ទេ តែ​ក្រោយ​មក​គេ​ចែក​កូន​ចៅ​គេ »

ប្រជាពលរដ្ឋ ១០​គ្រួសារ​កំពុង​មាន​វិវាទ​ជាមួយ​បញ្ជាការ​កង​វិស្វកម្ម​តំបន់​ភូមិ​ភាគ​២ លើ​ដី​ទំហំ​ជាង ៣​ហិកតារ (៣,៨​ហិកតារ)។ ដី​នោះ ប្រជាពលរដ្ឋ​បាន​កាន់​កាប់​តាំង​ពី​ក្រោយ​សម័យ​ខ្មែរ​ក្រហម ប៉ុន្តែ​ក្រោយ​មក​ក៏​មាន​ក្រុម​ទាហាន​មក​សុំ​កន្លែង​តាំង​បន្ទាយ​បណ្ដោះអាសន្ន កាល​ពី​ឆ្នាំ​១៩៩៧។ ក្រោយ​ពេល​តាំង​បន្ទាយ​រួច ទាហាន​នៅ​ទីនោះ​ក៏​មាន​បំណង​ចង់​បាន​ដី​របស់​អ្នក​ស្រុក ពីព្រោះ​កាល​ពី​ពេល​ថ្មីៗ​នេះ ពួក​គេ​បាន​វាស់វែង​ដី​ពលរដ្ឋ​ចែក​គ្នា ហើយ​ថែម​ទាំង​ធ្វើ​ផ្ទះ​នៅ​ចំណុច​ដី​ជម្លោះ​ទៀត​ផង។

ពលរដ្ឋ​មួយ​រូប​ទៀត លោកស្រី សៀង នួន និយាយ​ថា ដោយសារ​តែ​ពាក្យ​បណ្ដឹង​របស់​ប្រជាពលរដ្ឋ​ដាក់​ទៅ​អាជ្ញាធរ​បាត់​ដំណឹង​រហូត ទើប​នាំ​ឲ្យ​ពួក​គាត់​បង្ខំ​ចិត្ត​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​ក្រសួង​ការពារ​ជាតិ តែ​ម្តង៖ « គេ​អត់​ដោះស្រាយ​ឲ្យ ដាក់​គ្រប់​កន្លែង​ហើយ ដាក់​បាត់​ឈឹងៗ »

វិវាទ​ដីធ្លី​មួយ​នេះ​កើត​ឡើង​ខ្លាំង​នៅ​ឆ្នាំ​២០១៤ ក្រោយ​ពេល​ដី​តំបន់​នោះ​ឡើង​ថ្លៃ។

ទាក់ទង​បញ្ហា​នេះ មេ​ឃុំ​ស្រឡប់ លោក ស៊ាប សុជាតិ មាន​ប្រសាសន៍​ថា អាជ្ញាធរ​ឃុំ​បាន​បញ្ជូន​ឯកសារ​ពាក់ព័ន្ធ​ដែល​ប្រជាពលរដ្ឋ​ប្ដឹង​កន្លង​មក ទៅ​អាជ្ញាធរ​ស្រុក​បន្ត​ហើយ ប៉ុន្តែ​ការ​ដោះស្រាយ​យ៉ាង​ណា គឺ​អាស្រ័យ​លើ​អាជ្ញាធរ​ខេត្ត ឬ​ថ្នាក់​ជាតិ ព្រោះ​លោក​ថា ត្រឹម​អាជ្ញាធរ​ឃុំ​មិន​អាច​សម្រេច​បាន​ទេ។ លោក​បញ្ជាក់​ថា អាជ្ញាធរ​តែង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បញ្ហា​របស់​ប្រជាពលរដ្ឋ​ទាំង​នោះ​ជា​ប្រចាំ ព្រម​ទាំង​ធ្វើ​លិខិត​ស្នាម​តាម​សេចក្តី​ត្រូវ​ការ​របស់​ពួក​គាត់​ទៀត​ផង៖ « ខ្ញុំ​បាន​និយាយ​ប្រាប់​ហើយ បាន​ធ្វើ​អី​ឲ្យ​គាត់ បញ្ជូន​សំណុំ​រឿង​អី ខ្ញុំ​ថា​ខ្ញុំ​មិន​មាន​លទ្ធភាព​ដោះស្រាយ​បាន​ទេ »

វិទ្យុ​អាស៊ីសេរី នៅ​មិន​អាច​ទាក់ទង​ទៅ​មេ​បញ្ជាការ​កង​វិស្វកម្ម​តំបន់​ភូមិ​ភាគ​២ លោក នង សុផល បាន​ទេ​នៅ​ថ្ងៃ​ទី​៤ កុម្ភៈ។

តែ​យ៉ាង​ណា លោក​មេ​ឃុំ​ឲ្យ​ដឹង​ថា ក្រុម​ទាហាន​ទាំង​នោះ​នឹង​ប្រគល់​ដី​ជូន​ពលរដ្ឋ ប្រសិន​រាជ​រដ្ឋាភិបាល ឬ​ក្រសួង​ពាក់ព័ន្ធ អាច​រក​ដី​កន្លែង​ផ្សេង​ដើម្បី​ធ្វើ​បន្ទាយ​ជូន​ពួក​គេ​បាន។

ដោយឡែក​មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) ខេត្ត​កំពង់ចាម លោក ប៊ូ វីរៈ យល់​ថា ការ​ទាមទារ​របស់​ពលរដ្ឋ គឺ​ជា​សិទ្ធិ​សេរីភាព​របស់​ពួក​គេ ព្រោះ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ដីធ្លី​របស់​ខ្លួន​ឲ្យ​បាន​ជោគជ័យ ម្យ៉ាង​ដោយសារ​អាជ្ញាធរ​មូលដ្ឋាន​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ចូលរួម​ដោះស្រាយ​បញ្ហា​របស់​អ្នក​ភូមិ៖ « ព្រោះ​ថា​ថ្នាក់​ក្រោម​ដោះស្រាយ​មិន​ចេញ។ គាត់​មាន​តែ​ទៅ​លើៗ។ អ៊ីចឹង​ការ​តវ៉ា​របស់​ពលរដ្ឋ គឺ​វា​ស្រប​ទៅ​នឹង​សិទ្ធិ​មនុស្ស »

លោក​បន្ត​ថា ខាង​សង្គម​ស៊ីវិល នឹង​បន្ត​តាម​ដាន​ករណី​នេះ​បន្ថែម​ទៀត ថា​តើ​ការ​ដោះស្រាយ​បាន​លទ្ធផល ព្រម​ទាំង​មាន​យុត្តិធម៌​កម្រិត​ណា? លោក​ថា ប្រសិន​បើ​អាជ្ញាធរ​នៅ​តែ​មិន​ព្រម​ដោះស្រាយ​ជូន​ពលរដ្ឋ​ទាំង​នោះ​ឲ្យ​បាន​ចប់​សព្វគ្រប់​ទេ ផល​ប៉ះពាល់​នឹង​កើត​មាន​ចំពោះ​ពួក​គាត់ ដ្បិត​អ្នក​ភូមិ​ទាំង​នោះ​រស់នៅ​បាន គឺ​អាស្រ័យ​លើ​ដី​ធ្លី​របស់​ខ្លួន​ដែល​ធ្លាប់​មាន​ពី​មុន​មក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។