ពលរដ្ឋ​រស់នៅ​អម​ផ្លូវ​រថភ្លើង​ក្រុង​ប៉ោយប៉ែត​តវ៉ា​លើក​ទី​៤៤​ទាមទារ​សំណង​ផល​ប៉ះពាល់

0:00 / 0:00

ប្រជាពលរដ្ឋ​ប្រមាណ​ជាង ១០​នាក់ តំណាង​ឲ្យ​ពលរដ្ឋ​ជាង ៥០​គ្រួសារ ដែល​រស់នៅ​អម​ផ្លូវ​រថភ្លើង​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃ​ទី​៦ កុម្ភៈ បន្ត​ការ​តវ៉ា​ជា​ថ្មី​ទៀត​នៅ​មុខ​សាលា​ក្រុង ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ដោះស្រាយ​សំណង​ប៉ះពាល់​ពី​គម្រោង​សាងសង់​ផ្លូវ​រថភ្លើង​ជូន​ពួក​គាត់។

នេះ​ជា​លើក​ទី​៤៤ ហើយ​ដែល​ពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត តវ៉ា​ទទូច​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​សំណង​ប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​រថភ្លើង​ជូន​ពួក​គាត់។

តំណាង​អ្នក​តវ៉ា​រស់នៅ​សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត លោក វន វ័ន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៦ កុម្ភៈ ថា ការ​តវ៉ា​លើក​ទី​៤៤ នេះ ក៏​មិន​ខុស​ពី​លើក​មុនៗ​ដែរ គឺ​អាជ្ញាធរ​ពុំ​បាន​ចេញ​ទៅ​ជួប​ដោះស្រាយ​ជាមួយ​ពួក​គាត់​នោះ​ឡើយ។ លោក​បន្ថែម​ថា អាជ្ញាធរ​គេច​យក​រួច​ខ្លួន ដោយ​មិន​គិត​ពី​ទុក្ខ​លំបាក​របស់​ពួក​គាត់​ដែល​ជា​ប្រជាពលរដ្ឋ​ក្រីក្រ រក​ព្រឹក​ខ្វះ​ល្ងាច​នោះ​ទេ។

លោក​អះអាង​ថា មូលហេតុ​ដែល​ពួក​គាត់​តវ៉ា ដោយសារ​ព្រួយ​បារម្ភ​ជា​ខ្លាំង​នៅ​ពេល​ដែល​អាជ្ញាធរ​សង់​ផ្លូវ​រថភ្លើង​ឆ្លង​កាត់​មុខ​ផ្ទះ ធ្វើ​ឲ្យ​ពួក​គាត់​គ្មាន​ផ្លូវ​ធ្វើ​ដំណើរ​ចេញ​ចូល​ក្នុង​ផ្ទះ ដែល​មិន​អាច​រស់នៅ​ទីនោះ​បន្ត​ទៀត​បាន៖ « អាជ្ញាធរ​មិន​គោរព​ គោល​នយោបាយ ​របស់​ធនាគារ​ អភិវឌ្ឍន៍​អាស៊ី អេ . ឌី . ប៊ី (ADB) ទេ។ អ៊ីចឹង​បាន​ជា​ពួក​ខ្ញុំ​មិន​សុខ​ចិត្ត ដោយសារ​តែ ​អត់​មាន​សុវត្ថិភាព នៅ​ពេល​ដែល រទេះ​ភ្លើង​ សង់​ហើយ ព្រោះ​អាជ្ញាធរ​សង់​ផ្លូវ​រថភ្លើង​ កាន់​តែ ​ខិត​កៀក​ មក​ដល់ ​មែនទែន​ហើយ »

ក្រុម​អ្នក​តវ៉ា ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​សំណង​ជូន​ពួក​គាត់​ទៅ​តាម​តម្លៃ​ដី​នៅ​លើ​ទីផ្សារ និង​ឲ្យ​បាន​ឆាប់​រហ័ស ដើម្បី​យក​ប្រាក់​ទៅ​ទិញ​ដី​សង់​ទីលំនៅ​ថ្មី​បាន​ទាន់​ពេលវេលា។

អាស៊ីសេរី មិន​អាច​ទាក់ទង​អភិបាល​រង​ក្រុង​ប៉ោយប៉ែត ទទួល​បន្ទុក​ដោះស្រាយ​វិវាទ លោក ម៉ែន សុភ័ណ ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​៦ កុម្ភៈ ដោយ​ទូរស័ព្ទ​របស់​លោក​នៅ​ពេល​ព្រឹក មាន​អ្នក​ទទួល​ជំនួស​ប្រាប់​ថា លោក​ជាប់​រវល់​ប្រជុំ ចំណែក​នៅ​ពេល​រសៀល ពុំ​មាន​អ្នក​ទទួល។ ប៉ុន្តែ​កន្លង​ទៅ លោក ម៉ែន សុភ័ណ ធ្លាប់​អះអាង​ថា អាជ្ញាធរ​ក្រុង​មិន​អាច​ដោះស្រាយ​សំណង​ជូន​ក្រុម​អ្នក​តវ៉ា​បាន​ទេ ដោយសារ​ពួក​គាត់​រស់នៅ​មិន​ស្ថិត​ក្នុង​គម្រោង​ដែល​ត្រូវ​ដោះស្រាយ។

មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​បន្ទាយមានជ័យ លោក ភុន ឈិន មាន​ប្រសាសន៍​ថា ក្រុម​អ្នក​តវ៉ា​ទាំងអស់​នោះ​រង​ផល​ប៉ះពាល់​ពី​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​រថភ្លើង ដែល​អាជ្ញាធរ​ត្រូវ​ដោះស្រាយ​សំណង​ជូន​ពួក​គាត់។ លោក​សង្កត់​ធ្ងន់​ថា បញ្ហា​នេះ​ប្រសិន​បើ​អាជ្ញាធរ​ក្រុង​មិន​ដោះស្រាយ​ទេ ពលរដ្ឋ​ត្រូវ​ដាក់​ពាក្យ​ប្ដឹង​ទៅ​ស្ថាប័ន​ផ្សេង​ទៀត ដូចជា​ធនាគារ​អភិវឌ្ឍន៍​អាស៊ី អេ.ឌី.ប៊ី (ADB) និង​គណៈកម្មការ​អន្តរ​ក្រសួង ដើម្បី​ស្នើសុំ​ឲ្យ​ដោះស្រាយ​បន្ត៖ « យើង​គិត​ថា​អ្វី​ដែល​អាជ្ញាធរ​ធ្វើ​ជា​មិន​ដឹង​មិន​ឮ​កន្លង​មក​នេះ ដោយសារ​ប្រហែល​មក​ពី​អាជ្ញាធរ​គិត​ថា​ការ​តវ៉ា​របស់​ពួក​គាត់​ដដែលៗ។ ពេល​អ៊ីចឹង​បាន​ជា​គេ​មិន​ចាប់​អារម្មណ៍ ហើយ​ កន្លង​មក គេ​ចេះ​តែ​ព្យាយាម​លើក​ហេតុផល​ថា គេ​បាន​ដោះស្រាយ​រួច​រាល់​ហើយ ចំពោះ​អ្នក​ដែល​ នៅ​សល់ ​បន្ត​ទាមទារ គឺ​ពួក​គាត់​មិន​ព្រម​ទទួល​យក​សំណង និង​អ្នក​ដែល​មក​រស់នៅ​ថ្មី »

ប្រជាពលរដ្ឋ​បាន​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ បន្ទាប់​ពី​តវ៉ា​នៅ​មុខ​សាលា​ក្រុង​ប្រមាណ ១​ម៉ោង​កន្លះ ពុំ​មាន​ដំណោះស្រាយ។ ក្រុម​អ្នក​តវ៉ា​អះអាង​ថា ប្រសិន​បើ​អាជ្ញាធរ​មិន​ដោះស្រាយ​សំណង​ជូន​ពួក​គាត់​ដែល​អាច​ទទួល​យក​បាន​ទេ ពួក​គាត់​នឹង​តវ៉ា​សាជាថ្មី​ទៀត​ក្នុង​ពេល​ឆាប់ៗ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។