ពលរដ្ឋ​រស់នៅ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង​ក្រុង​ភ្នំពេញ​តវ៉ា​ឲ្យ​អាជ្ញាធរ​បង្ហាញ​ព័ត៌មាន​ពី​ការ​ធ្វើ​ផ្លូវ

0:00 / 0:00

ពលរដ្ឋ​រស់នៅ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង​ពី​ចំណុច​ស្ថានីយ​រថភ្លើង ទៅ​ដល់​ចំណុច​គីឡូម៉ែត្រ​លេខ​៦ ទាមទារ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ ផ្តល់​ព័ត៌មាន​អំពី​ការ​ធ្វើ​ផ្លូវ​ថ្នល់​នៅ​ពី​លើ​ផ្លូវ​រថភ្លើង​មួយ​ខ្សែ​នេះ។ សង្គម​ស៊ីវិល​យល់​ថា ការ​ព្រួយ​បារម្ភ​របស់​ពលរដ្ឋ​ជា​រឿង​ត្រឹមត្រូវ ព្រោះ​ពលរដ្ឋ​មាន​សិទ្ធិ​ទទួល​ព័ត៌មាន​ពី​គម្រោង​អភិវឌ្ឍន៍​អ្វី​មួយ​របស់​រដ្ឋាភិបាល។

បើ​ទោះ​ជា​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ពី​គម្រោង​ធ្វើ​ផ្លូវ​ថ្នល់​នៅ​លើ​ផ្លូវ​រថភ្លើង​នេះ​ជាង​បី​ខែ​មក​ហើយ​ក្តី ប៉ុន្តែ​ពលរដ្ឋ​ប្រឈម​ការ​ប៉ះពាល់​នៃ​ការ​ធ្វើ​ផ្លូវ​នេះ មិន​ទាន់​បាន​ទទួល​ព័ត៌មាន​ណា​មួយ​នៃ​ការ​អភិវឌ្ឍ​នេះ​នៅ​ឡើយ​ទេ។ ពួក​គេ​ចង់​ដឹង​ថា តើ​រដ្ឋាភិបាល​នឹង​ផ្តល់​សំណង ឬ​គោលការណ៍​យ៉ាង​ណា​ចំពោះ​ដី​ផ្ទះ​របស់​ពួក​គេ​ដែល​ប៉ះពាល់​នោះ។

នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​មិថុនា ពលរដ្ឋ​ប្រមាណ ៣០​នាក់ តំណាង​សហគមន៍​ដែល​ប្រឈម​ការ​ប៉ះពាល់ នាំ​គ្នា​ទៅ​ឈរ​តវ៉ា​មុខ​សាលា​ក្រុង​ភ្នំពេញ។ ជា​លទ្ធផល សាលា​ក្រុង​អនុញ្ញាត​ឲ្យ​តំណាង​ក្រុម​ពលរដ្ឋ ៥​រូប ស្តាប់​ការ​ពន្យល់​របស់​មន្ត្រី​សាលា​ក្រុង។

ពលរដ្ឋ​រស់នៅ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង​ទាមទារ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ ផ្តល់​ព័ត៌មាន​អំពី​ការ​ធ្វើ​ផ្លូវ​ថ្នល់​នៅ​ពី​លើ​ផ្លូវ​រថភ្លើង នៅ​ថ្ងៃ​ទី​២៣ ខែ​មិថុនា ឆ្នាំ​២០១៦។ Photo/Alexander Ledet
ពលរដ្ឋ​រស់នៅ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង​ទាមទារ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ ផ្តល់​ព័ត៌មាន​អំពី​ការ​ធ្វើ​ផ្លូវ​ថ្នល់​នៅ​ពី​លើ​ផ្លូវ​រថភ្លើង នៅ​ថ្ងៃ​ទី​២៣ ខែ​មិថុនា ឆ្នាំ​២០១៦។ Photo/Alexander Ledet (Photo/Alexander Ledet)

លោកស្រី មាស មុំ ពលរដ្ឋ​រស់នៅ​ភូមិ​២៣ សង្កាត់​បឹងកក់៣ ខណ្ឌ​ទួលគោក ដែល​បាន​ចូល​ស្តាប់​ការ​ពន្យល់​របស់​សាលា​ក្រុង​ភ្នំពេញ ប្រាប់​ថា ពលរដ្ឋ​មិន​ទទួល​ព័ត៌មាន​អ្វី​ពី​សាលា​ក្រុង​នៅ​ឡើយ​ទេ។ ពលរដ្ឋ​រូប​នេះ ស្នើ​ទៅ​សាលា​ក្រុង ឬ​ក្រសួង​សាធារណការ បើក​វេទិកា​សាធារណៈ​ពន្យល់​ប្រាប់​ពី​ការ​ធ្វើ​ផ្លូវ​នេះ៖ «ចំ​ឡើយ​ដដែល​អត់​មាន​វិជ្ជមាន​អី​ជូន​ពួក​យើង​ទេ ពួកគាត់​ថា ពេល​ណា​ដែល​ពួកគាត់​ត្រូវ​ការ ពួក​គាត់​នឹង​ចុះ​សិក្សា ថា​ត្រូវ​យក​ប៉ុន្មាន​ម៉ែត្រ មក​ប៉ុន្មាន​ពី​អ័ក្ស​ផ្លូវ​ទើប​គេ​បើក​វេទិកា»។

អ្នក​នាំ​ពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន លោក នូ វឌ្ឍនៈ ឲ្យ​ដឹង​ថា ការ​ធ្វើ​ផ្លូវ​ជា​គម្រោង​របស់​សាលា​រាជធានី​ភ្នំពេញ ព័ត៌មាន​ផ្សេង​ទៀត​លោក​បដិសេធ​បំភ្លឺ។

វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​ពី​អ្នក​នាំ​ពាក្យ​សាលា​ក្រុង​ភ្នំពេញ លោក ជិន ប៊ុនធឿន បាន​ទេ​នៅ​ថ្ងៃ​ទី​២៣ ខែ​មិថុនា។

លោក ហ៊ុន សែន ឲ្យ​ដឹង​ក្នុង​ពិធី​សម្ពោធ​អគារ​រដ្ឋបាល​ថ្មី​របស់​សាលា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៥ ខែ​មេសា ថា រដ្ឋាភិបាល​នឹង​សាងសង់​ផ្លូវ​ក្រាល​កៅស៊ូ​មួយ​ខ្សែ​ដែល​លុប​លើ​ផ្លូវ​រថភ្លើង​ចេញ​ពី​ចំណុច​ស្ថានីយ​រថភ្លើង​នៅ​ភ្នំពេញ ទៅ​ដល់​គីឡូម៉ែត្រ​លេខ​៦ ដើម្បី​រំដោះ​ការ​កក​ស្ទះ​ចរាចរណ៍។

ប្រធាន​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​នៃ​ក្រុម​សម្ព័ន្ធ​អង្គការ​សង្គម​ស៊ីវិល លោក សួន ប៊ុនស័ក្តិ គាំទ្រ​ការ​ព្រួយ​បារម្ភ​របស់​ពលរដ្ឋ​នៅ​ពេល​នេះ។ លោក​ថា ប្រសិន​បើ​អាជ្ញាធរ​នៅ​តែ​មិន​ផ្តល់​ព័ត៌មាន​ពី​ការ​អភិវឌ្ឍ​នេះ​ឲ្យ​ពលរដ្ឋ​បាន​ដឹង គឺ​ជា​ការ​រំលោភ​សិទ្ធិ​ទទួល​បាន​ព័ត៌មាន៖ «ខ្ញុំ​ព្រួយ​បារម្ភ ហើយ​យល់​ថា នេះ​ជា​ចំណាត់​ការ​យឺត​យ៉ាវ​ឬ​ក៏​មិន​ត្រឹមត្រូវ​ឬ​ការ​អាច​ឈាន ដល់​ការ​រំលោភ​បំពាន​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​របស់​ពលរដ្ឋ »

តំណាង​ពលរដ្ឋ លោកស្រី មាស មុំ ឲ្យ​ដឹង​ថា ពលរដ្ឋ​ប្រឈម​ការ​ប៉ះពាល់​មាន​ចំនួន ៩​សហគមន៍។ លិខិត​ស្នើសុំ​របស់​ក្រុម​ពលរដ្ឋ បាន​ដកស្រង់​កិច្ច​ប្រជុំ​របស់​សាលា​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៤ ខែ​ឧសភា ថា ការ​ស្ថាបនា​ផ្លូវ​អម​សង​ខាង​ផ្លូវ​ដែក​ពី​ផ្លូវ​ជាតិ​លេខ​៥ រហូត​ដល់​ផ្លូវ R6 (បឹងកក់) មាន​ប្រវែង ៥៦២​គីឡូម៉ែត្រ ដែល​ត្រូវ​ស្ថាបនា ៧​ម៉ែត្រ​សង​ខាង​ផ្លូវ​រថភ្លើង។

លោក ហ៊ុន សែន ធ្លាប់​ប្រកាស​លុប​ចោល​គម្រោង​សង់​ផ្លូវ​ល្បឿន​លឿន​នៅ​លើ​បណ្តោយ​ផ្លូវ​រថភ្លើង​ចោល​ម្តង​ហើយ ព្រោះ​កាល​នោះ ពលរដ្ឋ​រង​ផល​ប៉ះពាល់​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​មាន​ការ​ផ្តល់​សំណង​សមរម្យ។ ដោយឡែក​ក្រុម​ពលរដ្ឋ​ដែល​ប្រឈម​ការ​ប៉ះពាល់​លើ​ផ្លូវ​រថភ្លើង​នៅ​ពេល​នេះ ថា​ពួក​គេ​នៅ​តែ​ស្វែងរក​អន្តរាគមន៍​ពី​ស្ថាប័ន​នានា ប្រសិន​បើ​មាន​ការ​បណ្ដេញ​ចេញ​ដូច​ពលរដ្ឋ​តំបន់​បឹងកក់ បុរីកីឡា ឬ​ថ្មគោល​នោះ៕

វីដេអូ៖ ពលរដ្ឋ​រស់​នៅ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង​ទាមទារ​ព័ត៌មាន​ពី​ការ​ធ្វើ​ផ្លូវ

ពលរដ្ឋ​រស់​នៅ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង​ទាមទារ​ព័ត៌មាន​ពី​ការ​ធ្វើ​ផ្លូវ ពលរដ្ឋ​រស់​នៅ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង​ទាមទារ​ព័ត៌មាន​ពី​ការ​ធ្វើ​ផ្លូវ

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។