ពលរដ្ឋ​ក្រុង​បាត់ដំបង​តវ៉ា​ប្រឆាំង​នឹង​អាជ្ញាធរ​ចុះ​បោះ​បង្គោល​បែង​ចែក​ព្រំ​ដី

0:00 / 0:00

ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​នៅ​សង្កាត់​ព្រែកព្រះស្ដេច ក្រុង​បាត់ដំបង ប្រមាណ ៣០​នាក់ តំណាង​ឲ្យ​ពលរដ្ឋ​ជាង ៣០០​គ្រួសារ នៅ​ព្រឹក​ថ្ងៃ​ទី​២២ មិថុនា តវ៉ា​ប្រឆាំង​នឹង​អាជ្ញាធរ​ក្រុង​ដែល​បាន​ចុះ​វាស់វែង​បោះ​បង្គោល​ព្រំ​លើ​ដី​របស់​ពួក​គាត់ ដើម្បី​យក​ទៅ​បែង​ចែក​ឲ្យ​ពលរដ្ឋ​មក​ពី​តំបន់​ផ្សេង។

អ្នក​ភូមិ​ព្រួយ​បារម្ភ​ខ្លាច​អាជ្ញាធរ​មិន​បាន​បែង​ចែក​ដី​ទំនាស់​នោះ​ជូន​ពួក​គាត់។ ប៉ុន្តែ​អភិបាល​រង​ក្រុង​បាត់ដំបង បញ្ជាក់​ថា អាជ្ញាធរ​ចុះ​វាស់វែង​បោះ​បង្គោល​ព្រំ​ដី ដើម្បី​ងាយ​ស្រួល​ដល់​ការ​បែង​ចែក​ដី​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ឆាប់​រហ័ស។

ក្រុម​អ្នក​តវ៉ា​លើក​ឡើង​ថា មូលហេតុ​ដែល​ពួក​គាត់​ប្រតិកម្ម​នឹង​អាជ្ញាធរ​ចុះ​វាស់វែង​បោះ​បង្គោល​ព្រំ​ដី ដោយសារ​អាជ្ញាធរ​ពុំ​មាន​ឯកសារ​បង្ហាញ​ឈ្មោះ​របស់​ពួក​គាត់ ដែល​បាន​ទទួល​ដី​ទំនាស់​នោះ​ទេ។

តំណាង​អ្នក​តវ៉ា​ម្នាក់​រស់នៅ​ភូមិ​អូរខ្ជាយ សង្កាត់​ព្រែកព្រះស្ដេច លោកស្រី គីវ បុប្ផា ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​លើ​ដី​ទំនាស់​ភូមិ​អូរខ្ជាយ ថា អាជ្ញាធរ​វាស់វែង​បោះ​បង្គោល​ព្រំ​ដី​ទំហំ​ទទឹង ៤​ម៉ែត្រ​កន្លះ និង​បណ្ដោយ ១៦​ម៉ែត្រ​ក្នុង​មួយ​ឡូត៍ ហើយ​ចំ​លើ​ដី​របស់​លោកស្រី​ចំនួន ១៥​ឡូត៍ ដែល​បាន​កាន់​កាប់​តាំង​ពី​ឆ្នាំ​១៩៩២។ លោកស្រី​បញ្ជាក់​ថា អាជ្ញាធរ​វាស់​ដី​នេះ ទំនង​គម្រោង​បែង​ចែក​ទៅ​ឲ្យ​គ្រួសារ​យោធា​ដែល​មាន​ទ្រព្យ​សម្បត្តិ​មក​ពី​តំបន់​ផ្សេង ហើយ​ធ្វើ​ឲ្យ​ពួក​គាត់​មិន​បាន​ទទួល​ដី​នោះ៖ « ខ្ញុំ​ចង់​បាន ១០​ឡូត៍​ដូច​ដែល​បាន​ដាក់​សំណើ​សុំ​ទៅ​អាជ្ញាធរ​សង្កាត់ ប៉ុន្តែ​អត់​ឃើញ​ឈ្មោះ​ខ្ញុំ​ទេ។ ចំណែក​ឯ​អ្នក​អត់​ដី បែរ​ជា​មាន​ឈ្មោះ​ទទួល​ដី​ទៅ​វិញ។ តើ​មូលហេតុ​អ្វី​បាន​ជា​អាជ្ញាធរ​ធ្វើ​អ៊ីចឹង

ស្រដៀង​គ្នា​នេះ​ដែរ ពលរដ្ឋ​នៅ​ភូមិ​អូរខ្ជាយ ម្នាក់​ទៀត លោកស្រី ជ័យ ភាព ថ្លែង​ថា អាជ្ញាធរ​ចុះ​វាស់វែង​បោះ​បង្គោល​ព្រំ​ដី​តាម​អំពើ​ចិត្ត ដោយ​ពុំ​បាន​បង្ហាញ​ឈ្មោះ​គ្រួសារ​របស់​លោកស្រី ថា​នឹង​ទទួល​បាន​ដី​ប៉ុន្មាន​ឡូត៍​នោះ​ទេ។ លោកស្រី​អះអាង​ថា អាជ្ញាធរ​មិន​បង្ហាញ​ឯកសារ​ឈ្មោះ​ឲ្យ​ប្រជាពលរដ្ឋ​ដឹង គឺ​មាន​ចេតនា​អាក្រក់​លើ​ពួក​គាត់៖ « ខ្ញុំ​មិន​សុខ​ចិត្ត​ទេ។ ខ្ញុំ​មិន​ឲ្យ​ដី​របស់​ខ្ញុំ​ទេ។ សូម​ឲ្យ​សម្ដេច ហ៊ុន សែន ជួយ​ដោះស្រាយ​ឲ្យ​ផង ព្រោះ​អី​អាជ្ញាធរ​ចេះ​តែ​មក​វាស់​ដី​យក​ទៅ​ឲ្យ​អ្នក​ផ្សេង​តែ​រហូត »

ឆ្លើយ​តប​នឹង​បញ្ហា​នេះ អភិបាល​រង​ក្រុង​បាត់ដំបង លោក ឌី ពៅ មាន​ប្រសាសន៍​ថា អាជ្ញាធរ​វាស់​ដី​ធ្វើ​ឡើង​ទៅ​តាម​គម្រោង​អភិវឌ្ឍន៍​របស់​ខេត្ត ដែល​មាន​បញ្ជី​ឈ្មោះ​របស់​ពលរដ្ឋ​សរុប​ចំនួន ៣៣៤​គ្រួសារ នៅ​ក្នុង​ភូមិ​ចំនួន​៣ គឺ​ភូមិ​អូរខ្ជាយ ភូមិ​១៣មករា និង​ភូមិ​ចម្ការឫស្សី សង្កាត់​ព្រែកព្រះស្ដេច ក្រុង​បាត់ដំបង។ លោក​អះអាង​ថា បន្ទាប់​ពី​បោះ​បង្គោល​ព្រំ​ដី​ហើយ អាជ្ញាធរ​នឹង​បែង​ចែក​ដី​ជូន​ប្រជាពលរដ្ឋ​ដែល​មាន​ក្នុង​បញ្ជី​ឈ្មោះ​ទាំងអស់៖ « អ៊ីចឹង​បន្ទាប់​ពី​ខ្ញុំ​ធ្វើ​ប្លុក​៥ ខ្ញុំ​ធ្វើ​ប្លុក​មួយ​រាង​ទៅ ដើម្បី​ចង់​ដឹង​អ្នក​ដែល​មាន​ដី​ក្នុង​សហគមន៍ អ្នក​ដែល​មាន​ដី​ឡូត៍​ខាង​ក្រៅ មាន​ប្រវត្តិ​ដាំ​ដុះ​នោះ ខ្ញុំ​ស្រង់​ព័ត៌មាន​ឲ្យ​ច្បាស់ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ។ ហើយ​បើ​បង​ប្អូន​ចេះ​តែ​មក​រារាំង​អ៊ីចឹង វា​ដោះ​អត់​ចេញ​ទេ។ ហើយ​ផល​លំបាក គឺ​ពួក​គាត់​អត់​មាន​សុវត្ថិភាព​ដីធ្លី​ទេ »

មន្ត្រី​ស៊ើប​អង្កេត​អង្គការ​លីកាដូ (LICADHO) ខេត្ត​បាត់ដំបង លោក ហេង សាយហុង បញ្ជាក់​ថា អាជ្ញាធរ​ក្រុង​បាត់ដំបង គួរ​តែ​ពិគ្រោះ​យោបល់​ជាមួយ​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​កាន់​កាប់​ដីធ្លី​នោះ​ឲ្យ​បាន​ច្បាស់លាស់ ដើម្បី​ឲ្យ​ពួក​គាត់​អស់​មន្ទិល​សង្ស័យ​លើ​ការងារ​នេះ៖ « ហើយ​ប្រាប់​អ្វី​ដែល​យើង​ធ្វើ​កុំ​លាក់​បាំង ថា​ឥឡូវ​បង​ប្អូន​ត្រូវ​បាន​ចំណែក​ប៉ុន្មាន ? កុំ​ឲ្យ​ចេះ​តែ​ដើរ​ធ្វើ​មុន​ទៅ ហើយ​គាត់​អត់​បាន​ទទួល​បាន​ព័ត៌មាន​នោះ ប្រជាពលរដ្ឋ​ព្រួយ​បារម្ភ​ជា​រឿង​ត្រឹមត្រូវ​ហើយ »

កាល​ពី​ដើម​ឡើយ ដី​ទំនាស់​នោះ​ជា​ដី​គម្រោង​សួន​សាធារណៈ​របស់​រដ្ឋ។ ក្រោយ​មក ប្រជាពលរដ្ឋ​ជាង ៣០០​គ្រួសារ បាន​ទៅ​រស់នៅ​កាន់​កាប់ និង​ដាំដុះ​ផល​ដំណាំ​នៅ​លើ​ដី​នោះ។ នៅ​ឆ្នាំ​២០១៣ អាជ្ញាធរ​ខេត្ត​បាត់ដំបង បាន​រៀបចំ​គម្រោង​អភិវឌ្ឍន៍​នៅ​តំបន់​នោះ ហើយ​បាន​វាស់​ធ្វើ​ជា​ដី​ឡូត៍​ដែល​ក្នុង​មួយ​ឡូត៍​ទទឹង ៤​ម៉ែត្រ​កន្លះ និង​បណ្ដោយ ១៦​ម៉ែត្រ​លើ​ផ្ទៃ​ដី​សរុប​ជាង ៦៤០​ឡូត៍ សម្រាប់​បែង​ចែក​ឲ្យ​ពលរដ្ឋ​ក្រីក្រ និង​អ្នក​ដែល​បាន​កាន់​កាប់​នៅ​លើ​ដី​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។