ប្រជាពលរដ្ឋប្រមាណ ១០០នាក់នៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២១ កុម្ភៈ នាំគ្នាតវ៉ានៅមុខសាលាខេត្តបន្ទាយមានជ័យ ស្នើសុំអន្តរាគមន៍បញ្ឈប់សកម្មភាពឈូសឆាយរំលោភលើដីពួកគាត់ពីសំណាក់មេបញ្ជាការយោធាខេត្ត។
តំណាងអ្នកភូមិម្នាក់ គឺលោក ណាន់ សាវន ថ្លែងថា មូលហេតុដែលពួកគេនាំគ្នាតវ៉ានេះ ដោយសារគ្រឿងចក្ររបស់ លោក ភ្លន់ តារា មេបញ្ជាការកងប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ ចំនួន ២គ្រឿង កាយដីធ្វើប្រឡាយទឹកលើដីរបស់ប្រជាពលរដ្ឋ ដែលឋិតនៅខាងក្រោយសាលាក្រុងសិរីសោភ័ណ ដោយពុំមានការឯកភាពពីអ្នកភូមិ៖ «តវ៉ាយកដីក្រោមអាង ដែលរដ្ឋចែកឲ្យប្រជាពលរដ្ឋជាកម្មសិទ្ធិតាំងពីឆ្នាំ១៩៧៩ មកម្ល៉េះ ព្រោះខាងទាហានគេយកគ្រឿងចក្រទៅចូកដីនោះ យកទៅលក់មួយឡានប្រមាណ ១០ម៉ឺនរៀល ធ្វើឲ្យក្រហេងក្រហូងខូចដីធ្វើអ្វីមិនកើត»។
វិទ្យុអាស៊ីសេរី ពុំអាចទាក់ទង លោក ភ្លន់ តារា មេបញ្ជាការសឹករងខេត្តបន្ទាយមានជ័យ ដើម្បីឆ្លើយតបជុំវិញបញ្ហានេះបានទេនៅថ្ងៃទី២១ កុម្ភៈ។
អ្នកភូមិឲ្យដឹងថា ផ្ទៃដីដែលគ្រឿងចក្រកាយធ្វើប្រឡាយទឹកនោះប្រមាណជាង ៥០ហិកតារ ជាដីរបស់ប្រជាពលរដ្ឋចំនួន ៨៥គ្រួសាររស់នៅតំបន់នោះ។
តែយ៉ាងណា ការតវ៉ានៅមុខសាលាខេត្តពុំទទួលបានលទ្ធផលទេ ហើយអ្នកភូមិបានលើកគ្នាទៅទប់ស្កាត់គ្រឿងចក្រឲ្យបញ្ឈប់សកម្មភាពដោយខ្លួនឯង ចំណែកគ្រឿងចក្រក៏បានដកថយពីដីនោះវិញ តែពុំមានបង្កហិង្សាដាក់គ្នាទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។