ប្រជាពលរដ្ឋរងគ្រោះដោយសារជម្លោះដីធ្លីនៅស្រុកស្នួល ខេត្តក្រចេះ រាប់រយនាក់ តំណាងឲ្យពលរដ្ឋជាង ៤០០គ្រួសារ បានឡើងមកទីក្រុងភ្នំពេញ ហែក្បួនដាក់ញត្តិជូនស្ថានទូតបរទេសនានា ឲ្យជួយអន្តរាគមន៍ទៅក្រុមហ៊ុន ប៉ិញ ភឿក ២ (Benh Phoeurk) របស់វៀតណាម ឲ្យបញ្ឈប់សកម្មភាពប្រើគ្រឿងចក្ររំលោភលំនៅឋាន និងដីកសិកម្មរបស់ពួកគាត់។
តំណាងពលរដ្ឋរងគ្រោះ ឲ្យដឹងថា មានមន្ត្រីស្ថានទូតចំនួន៨ បានចេញមកទទួលញត្តិរបស់ពួកគាត់ ក្នុងនោះមានស្ថានទូតវៀតណាម មួយផង។ ការហែក្បួនយកញត្តិដាក់ជូនស្ថានទូតបរទេសនានា មិនមានអំពើហិង្សារបស់សមត្ថកិច្ចទៅលើប្រជាពលរដ្ឋ ដូចសមត្ថកិច្ចរដ្ឋាភិបាលធ្លាប់អនុវត្តកន្លងមកទេ។
ក្រុមប្រជាពលរដ្ឋនៅចំណុចពាមប៉ោអូបី ភូមិស្រែថ្មី ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ នៅព្រឹកថ្ងៃសុក្រ ទី១៦ ខែឧសភា ដើរហែក្បួនតាមផ្លូវដោយក្នុងដៃមានកាន់បដាផង នាំយកញត្តិដាក់ជូនស្ថានទូតបរទេសមួយចំនួនក្នុងរាជធានីភ្នំពេញ ដើម្បីស្នើឲ្យជួយអន្តរាគមន៍ទំនាស់ដីធ្លីជាមួយក្រុមហ៊ុន ប៉ិញ ភឿក ២ របស់វៀតណាម រំលោភយក។
បន្ទាប់ពីបានដាក់ញត្តិជូនស្ថានទូតមួយចំនួន ពលរដ្ឋរងគ្រោះដីធ្លីបានបានផ្តល់បទសម្ភាសន៍នៅមុខស្ថានទូតអូស្ត្រាលី ក្រោយមន្ត្រីទូតបានទទួលយកញត្តិថា ទំនាស់ដីធ្លីរវាងពលរដ្ឋជាង ៤០០គ្រួសារ ជាមួយក្រុមហ៊ុន ប៉ិញ ភឿក ២ បានកើតមាននៅដើមឆ្នាំ២០១៣។
តំណាងពលរដ្ឋរងគ្រោះដីធ្លី លោក ស្រុន ស្រៀក ឲ្យដឹងថា មកដល់ពេលនេះ ក្រុមហ៊ុន ប៉ិញ ភឿក ២ បានបន្តយកគ្រឿងចក្រឈូសឆាយដីលំនៅឋាន និងស្រែចម្ការរបស់ពួកគាត់មិនទាន់ឈប់ទេ៖ «បើបងប្អូនអ្នកសារព័ត៌មានមិនជឿ សូមអញ្ជើញទៅចំណុចពាមប៉ោអូបី ភូមិស្រែថ្មី ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ ទៅ។ ឥឡូវវាកំពុងឈូសឆាយក្រុមហ៊ុនយួន គឺប៉ិញ ភឿក ២។ ហើយខ្ញុំក៏សូមសំណូមពរដល់អភិបាលខេត្ត លោក ខាន់ ចំណាន ផងឲ្យគាត់បើកភ្នែកមានការឈូសឆាយមែនអត់ ហើយសម្ដេច ហ៊ុន សែន សូមអញ្ជើញមកយកខ្លួនឯងផង»។
ខ្លឹមសារញត្តិមានផ្ដិតស្នាមមេដៃដាក់ជូនស្ថានទូតនានា ពលរដ្ឋរងគ្រោះបញ្ជាក់ថា ប្រជាពលរដ្ឋជាង ៤០០គ្រួសារ មានទំហំផ្ទៃដីសរុបជាង ២ពាន់ហិកតារ បានមកតាំងទីលំនៅពីឆ្នាំ២០០៨។ ហើយនៅឆ្នាំ២០១២ ពលរដ្ឋជិត ២០០គ្រួសារ បានទទួលចុងសន្លឹកពីក្រុមនិស្សិតស្ម័គ្រចិត្តចុះវាស់ដីផ្តល់ប្លង់កម្មសិទ្ធិ។ ប៉ុន្តែ នៅខែកក្កដា ឆ្នាំ២០១៣ ក្រុមហ៊ុន ប៉ិញ ភឿក ២ បានបន្តប្រើគ្រឿងចក្រឈូសឆាយលើផ្ទៃដីពលរដ្ឋអស់ប្រមាណ ៣០០ហិកតារ ហើយអាជ្ញាធរមិនបានជួយអន្តរាគមន៍ទេ។
ញត្តិពលរដ្ឋឃុំឃ្សឹម បញ្ជាក់ថា ចាប់ពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៤ ក្រុមហ៊ុន ប៉ិញ ភឿក ២ បានបន្តដាក់គ្រឿងចក្រឈូសឆាយលំនៅឋានពលរដ្ឋអស់ជាង ២៦០ខ្នង និងមានកម្លាំងសមត្ថកិច្ចចម្រុះរង់ចាំការពារ និងគំរាមកំហែងពលរដ្ឋថែមទៀត។
លោក ខាន់ ចំណាន អភិបាលរងខេត្តក្រចេះ ធ្លាប់បានបញ្ជាក់ថា ដីកំពុងមានជម្លោះនៅឃុំឃ្សឹម ជាដីព្រៃរបស់រដ្ឋ ហើយតាមច្បាប់ត្រូវដកហូតជាសម្បត្តិរដ្ឋវិញ។
ជម្លោះដីធ្លីនេះ កាលពីថ្ងៃទី៧ ខែឧសភា ក៏មានកិច្ចប្រជុំរកដំណោះស្រាយរវាងតំណាងពលរដ្ឋ និងមន្ត្រីថ្នាក់ដឹកនាំខេត្តក្រចេះ នៅសាលាស្រុកស្នួល ប៉ុន្តែពលរដ្ឋអះអាងថា មិនមានលទ្ធផលទេ ហើយពលរដ្ឋមិនអាចចូលទៅរស់នៅលើដីជម្លោះវិញបានដែរ។
ព្រះសង្ឃព្រះនាម ថាច់ ហាសំអាង បានជួយនាំយកញត្តិរបស់ពលរដ្ឋរងគ្រោះដីធ្លីនៅឃុំឃ្សឹម ដាក់ជូនស្ថានទូតនានា។ ព្រះអង្គមានជំនឿថា ស្ថានទូតបរទេសទាំងនោះមានដូចជា ស្ថានទូតសហរដ្ឋអាមេរិក អូស្ត្រាលី បារាំង និងសហគមន៍អឺរ៉ុប ជាដើម និងជួយអន្តរាគមន៍ទៅរដ្ឋាភិបាលកម្ពុជា យកដីពីក្រុមហ៊ុន ប៉ិញ ភឿក ២ ផ្តល់ជូនពលរដ្ឋរងគ្រោះបានបង្កបង្កើនផលវិញ៖ «ប្រជាពលរដ្ឋរងគ្រោះវេទនាយ៉ាងខ្លាំង ដោយសារតែការដុតបំផ្លាញការឈូសឆាយពីសំណាក់ក្រុមហ៊ុនយួន និងអាជ្ញាធរដែនដីនៅខេត្តក្រចេះ ហ្នឹងមកដុតបំផ្លាញ និងមកវ៉ៃប្រជាពលរដ្ឋរត់អាតាត់អាតាយ។ ឥឡូវពលរដ្ឋអត់មានផ្ទះសម្បែងរស់នៅទេ»។
ចំណែកមន្ត្រីនៅតាមស្ថានទូតនានាដែលចេញមកទទួលយកញត្តិពីពលរដ្ឋរងគ្រោះដីធ្លី នៅឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ បានសន្យាថា យកញត្តិពលរដ្ឋដាក់ជូនថ្នាក់ដឹកនាំស្ថានទូតរៀងៗខ្លួន ប៉ុន្តែត្រង់មានដំណោះស្រាយបែបណានោះ មិនទាន់មានចម្លើយទេ។
មន្ត្រីស្ថានទូតអូស្ត្រាលី មិនបង្ហាញឈ្មោះម្នាក់ក្នុងចំណោមមន្ត្រីស្ថានទូតផ្សេងទៀតដែលចេញមកទទួលយកញត្តិរបស់ប្រជាពលរដ្ឋ បានសន្យាថា នឹងយកកង្វល់ពលរដ្ឋឃុំឃ្សឹម ដាក់ជូនថ្នាក់ដឹកនាំពិនិត្យ៖ «ខ្ញុំអត់មានអ្វីបន្ថែមទេ គ្រាន់តែថា អ្វីដែលយកមកខ្ញុំនឹងទទួលយកប្រគល់ជូនថ្នាក់លើបន្តទៀត»។
ជាការកត់សម្គាល់ សកម្មភាពដើរហែតាមផ្លូវសាធារណៈ ដាក់ញត្តិជូនស្ថានទូតនានារបស់ពលរដ្ឋរងគ្រោះដីធ្លីមកពីខេត្តក្រចេះ នាព្រឹកថ្ងៃសុក្រ ទី១៦ ខែឧសភា មិនមានការរារាំង ឬវាយបង្ក្រាបដោយហិង្សាពីសំណាក់សមត្ថកិច្ចចម្រុះរដ្ឋាភិបាល ដូចធ្លាប់អនុវត្តប៉ុន្មានខែចុងក្រោយនេះទេ។ ចំណែកប៉ូលិសចរាចរណ៍ ក៏បានជួយសម្រួលសណ្ដាប់ធ្នាប់ជូនថែមទៀត។
នៅទីបំផុត ក្រុមប្រជាពលរដ្ឋបានដាក់ញត្តិមានភ្ជាប់ស្នាមមេដៃ ដាក់ជូនស្ថានទូតសហរដ្ឋអាមេរិក បារាំង អង់គ្លេស អូស្ត្រាលី ជប៉ុន អាល្លឺម៉ង់ សហភាពអឺរ៉ុប និងស្ថានទូតវៀតណាម ដោយជោគជ័យ នៅម៉ោង ១១ព្រឹកថ្ងៃសុក្រ ទី១៦ ខែឧសភា។
កាលពីថ្ងៃច័ន្ទ ទី១២ ខែឧសភា ក្រុមប្រជាពលរដ្ឋក៏បានដាក់ញត្តិទៅកាន់ស្ថាប័នមួយចំនួន ដើម្បីជួយអន្តរាគមន៍ រួមមាន ស្ថាប័នព្រឹទ្ធសភា ខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រសួងរៀបចំដែនដី និងក្រសួងមហាផ្ទៃ ជាដើម។ ប៉ុន្តែ ក្រុមប្រជាពលរដ្ឋអះអាងថា មិនមានអ្នកចេញមុខជួយដោះស្រាយទេ មកដល់ថ្ងៃសុក្រ ទី១៦ ខែឧសភា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។